ដឹកនាំយោធាមីយ៉ាន់ម៉ាប្រកាសបិទផ្លូវចរចា

ដឹកនាំយោធាមីយ៉ាន់ម៉ាប្រកាសបិទផ្លូវចរចា និងសច្ចាតាមកំទេចក្រុមប្រឆាំងឲ្យអស់


មេដឹកនាំកំពូលនៃរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយមីន អ៊ុងឡាំង បាននិយាយច្បាស់ៗ ថា យោធាមីយ៉ាន់ម៉ានឹងមិនធ្វើការចរចាជាមួយក្រុមប្រឆាំងឡើយ ហើយស្បថសច្ចាថា នឹងតាមកំទេចក្រុមដែលប្រឆាំងនឹងរបបយោធាឲ្យអស់។ ការលើកឡើងចំៗបែបនេះ ធ្វើឡើងអំឡុងព្យុះហយាត្រានៃថ្ងៃទិវាកងទ័ពមីយ៉ាន់ម៉ា ដែលរៀបចំធ្វើឡើងនៅទីក្រុងណៃពិដោរ កាលពីថ្ងៃអាទិត្យទី២៧ មីនា។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
មីយ៉ាន់ម៉ា

ថ្ងៃអាទិត្យ​ទី​២៧ មីនា គឺជា​ថ្ងៃ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​បើក​ការ​បង្ក្រាប​ដ៏​ហិង្សា​ជា​លើក​ដំបូង​ទៅ​លើ​ជន​ស៊ី​វិល ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែកុម្ភៈ​ឆ្នាំ​មុន​។ 

ដោយ​បង្ហាញ​វត្តមាន​ក្នុង​ក្បួន​ដង្ហែ​នៃ​ទិវា​កងទ័ព​ប្រចាំឆ្នាំ អម​មក​ជាមួយនឹង​ការ​បង្អួត​សាច់ដុំ​សព្វាវុធ​យ៉ាង​គគ្រឹកគគ្រេង ដូច​ជា រថក្រោះ កាំជ្រួច​ដែល​បំពាក់​លើ​រថយន្ត កាំភ្លើង​ធំ និង​កងទ័ព​ជិះ​នៅ​លើ​ខ្នង​សេះ​ផង​នោះ លោក មីន អ៊ុ​ង​ឡាំង បាន​ថ្លែង​នៅ​ចំពោះ​មុខ​កងទ័ព​ដែល​ប្រមូលផ្តុំ​ប្រហែល ៨​ពាន់​នាក់​ថា យោធា​មី​យ៉ា​ន់​ម៉ា​នឹង​មិន​ចុះចាញ់​ឡើយ​។  

មួយ​ឆ្នាំ​ក្រោយ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ី​វិល​របស់​លោកស្រី អ៊ុយ​សាន ស៊ូ​ជី ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​វឹកវរ និង​ជម្លោះ​ប្រដាប់​អាវុធ មេដឹកនាំ​របប​សឹក លោក មីន អ៊ុ​ង​ឡាំង នៅ​តែ​បង្ហាញ​ជំហរ​រឹងរូស និង​មិន​បាន​បង្ហាញ​ឥរិយាបថ​ទន់ភ្លន់ ក្នុង​បំណង​ទម្លាយ​ភាព​ជាប់​គាំង​ឡើយ​។ លោក​បាន​ប្រកាស​បិទផ្លូវ​ចរចា​ជាមួយ​ក្រុមប្រឆាំង និង​បាន​ស្បថសច្ចា​ថា នឹង​តាម​ប្រមាញ់ បោសសម្អាត​ក្រុមប្រឆាំង​ឲ្យ​ដល់ទី​បំផុត​។ 

គេ​នៅ​ចាំ​បាន​នៅ​ក្នុង​ថ្ងៃ​ទិវា​កងទ័ព​ដដែល​នេះ​កាលពី​ឆ្នាំ​មុន គឺជា​ថ្ងៃ​ដែល​យោធា​ភូមា បាន​បើក​ការ​បង្ក្រាប​ដ៏​ហិង្សា​ជាទី​បំផុត​ទៅ​លើ​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​។ ថ្ងៃ​ដ៏​បង្ហូរឈាម​នេះ បាន​សម្លាប់​បាតុករ​យ៉ាង​ហោច​ណាស់ ១៦៣​នាក់ ក្នុង​ពេល​តែ​មួយ​ថ្ងៃ ខណៈ​រាប់រយ​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់ខ្លួន និង​រង​របួស ខ្លះ​ទៀត​បាន​បាត់​ខ្លួន​មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​ដំណឹង​នៅឡើយ​។ សកម្មភាព​នេះ​បាន​បង្ក​ឱ្យ​មានការ​ថ្កោលទោស និង​ទណ្ឌកម្ម​ធ្លាក់​មក​ជា​បន្តបន្ទាប់ ពី​សហគមន៍​អន្តរជាតិ​។ 

សហរដ្ឋអាមេរិក និង​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​មួយ​ចំនួន​ទៀត ប្រឆាំង​នឹង​របប​សឹក​មី​យ៉ា​ន់​ម៉ា​។ វិធានការ​ថ្មី​ទាំងនេះ ធ្លាក់​មក​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន បាន​ប្រកាស​សន្និដ្ឋាន​ថា យោធា​មី​យ៉ា​ន់​ម៉ា បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិភាគតិច​មូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​។

គួរ​កត់​សម្គាល់ថា អ្នកជំនាញ​បាន​ព្រមាន​ពី​លទ្ធភាព​ដែល​របប​សឹក បាន​ឆ្លៀតឱកាស​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ជាប់ដៃ រឿង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដើម្បី​បង្កើន​ការ​វាយប្រហារ​ទៅ​លើ​ក្រុមប្រឆាំង​។  

សូម​ជម្រាប​ថា បើ​តាម​តួលេខ​របស់​អង្គការសហប្រជាជាតិ ប្រជាជន​ស៊ី​វិល​ភូមា ជាង ១.៧០០​នាក់ ត្រូវ​បាន​សម្លាប់​និង​ជាង ១​ម៉ឺន​៣​ពាន់​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់ខ្លួន ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​កាលពី​ខែកុម្ភៈ​ឆ្នាំ​មុន​មក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរសខ្លាំងកូរ៉េខាងជើងប្រកាសថា នឹងបន្តអភិវឌ្ឍ «សមត្ថភាពវាយប្រហារដ៏ខ្លាំងក្លារបស់ខ្លួន»

ព័ត៌មាន
ទើបតែបានបាញ់បង្អួតមីស៊ីលឆ្លងទ្វីបដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនរួចមិនទាន់បានប៉ុន្មានថ្ងៃផង នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ មេដឹកនាំកំពូលរបស់កូ…

ប្រទេសចិនបានប្រកាសពីការបិទខ្ទប់ទីក្រុងសៀងហៃ ដោយសារកូវីដ១៩ផ្ទុះរាលដាលខ្លាំង

ព័ត៌មាន
ប្រទេសចិនបានប្រកាសពីការបិទខ្ទប់ទីក្រុងសៀងហៃ ដែលជាទីក្រុងធំបំផុតមួយរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនៃកូវីដ ១៩ ជាងពីរឆ្នាំមកន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ