តើហេតុអ្វីបានជាប្រធានអង្គការណាតូមកទស្សនកិច្ចនៅកូរ៉េខាងត្បូង និងប្រទេសជប៉ុន?

ប្រមុខអង្គការណាតូទស្សនកិច្ចនៅជប៉ុន និងកូរ៉េខាងត្បូង ខណៈកូរ៉េខាងជើងថា ជាការអុជអាលនាំភ្លើងសង្គ្រាមសម្រាប់តំបន់អាស៊ី


អគ្គលេខាធិការអង្គការសម្ព័ន្ធយោធាណាតូ លោក ជេន ស្តូលេនបឺក(Jens Stoltenberg) បានចាប់ផ្តើមទស្សនកិច្ចមកកាន់តំបន់អាស៊ី ដោយលោកបានមកដល់ទឹកដីប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យទី២៩មករា មុនបន្តដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃចន្ទទី៣០។ ទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅអាស៊ីបូព៌ាទាំងពីរ ក្នុងការពួតដៃគ្នាគាំទ្រអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី និងក៏ដូចជា ប្រឈមមុខជាមួយនឹងការរះត្រដែងឡើងរបស់ប្រទេសចិនក្នុងតំបន់ផងដែរ។
ប្រមុខអង្គការណាតូទស្សនកិច្ចនៅជប៉ុន និងកូរ៉េខាងត្បូង ខណៈកូរ៉េខាងជើងថា ជាការអុជអាលនាំភ្លើងសង្គ្រាមសម្រាប់តំបន់អាស៊ី

ទោះយ៉ាងណា ទស្សនកិច្ចនេះត្រូវបានប្រទេសកូរ៉េខាងជើង ចេញមុខថ្កោលទោសយ៉ាងខ្លាំង ដោយចោទថា អង្គការណាតូចង់បង្កើតសង្គ្រាមត្រជាក់ថ្មីនៅក្នុងតំបន់អាស៊ី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

នៅឯរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង លោក Stoltenberg បានជួបជាមួយរដ្ឋមន្ត្រីការបរទេសលោក Park Jin និងជួបជាមួយប្រធានាធិបតី Yoon Suk-yeol ក៏ដូចជារដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lee Jong-Supផងដែរ។ ប្រធានអង្គការសម្ព័ន្ធយោធារូបនេះបានប្រាប់រដ្ឋមន្ត្រីការបរទេសកូរ៉េនៅក្នុងសុន្ទរកថាមួយថា ណាតូកំពុងសង្ស័យថា កូរ៉េខាងជើងកំពុងផ្តល់ជំនួយផ្នែកយោធាដល់រុស្ស៊ី ដើម្បីបន្តធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ ដោយឡែក លោក ស្តូលេនបឺក ក៏បានអំពាវនាវឱ្យក្រុងសេអ៊ូល បង្កើនការផ្តល់ជំនួយសម្រាប់អ៊ុយក្រែន ពិសេសនោះ គឺជំនួយផ្នែកយោធាតែម្តង។

ជាការឆ្លើយតប លោក ផាក ជីន រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានលើកឡើងវិញថា៖ ដោយសារបញ្ហាប្រឈមសកលដែលមិនធ្លាប់មាននាពេលបច្ចុប្បន្ននេះ ទីក្រុងសេអ៊ូលជឿថា ការសាមគ្គីគ្នាក្នុងចំណោមប្រទេសដែលប្រកាន់យកគុណតម្លៃស្នូល គឺសេរីភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់។

គួរជម្រាបថាប្រធានអង្គការណាតូ បានបន្តហោះហើរទៅកាន់ទីក្រុងតូក្យូនៅថ្ងៃចន្ទទី៣០ ក្រោយទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងមួយថ្ងៃ។ ក្នុងនោះ លោកត្រូវបានគេឱ្យដឹងថា នឹងត្រូវជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងមន្ត្រីជប៉ុនផ្សេងទៀតផងដែរ។

កូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗរួចមកហើយក្នុងការផ្គត់ផ្គង់រថក្រោះ យន្តហោះចម្បាំង និងសព្វាវុធរាប់រយគ្រឿងដល់ប្រទេសប៉ូឡូញជាសមាជិកណាតូចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយថាច្បាប់របស់ប្រទេសគឺបង្កភាពលំបាកក្នុងការផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែនដោយផ្ទាល់។ ទោះយ៉ាងណា លោក Stoltenberg បានធ្វើការគូសបញ្ជាក់ថា ប្រទេសដូចជាអាល្លឺម៉ង់ ស៊ុយអែត និងន័រវែស មានគោលនយោបាយស្រដៀងគ្នានឹងកូរ៉េខាងត្បូងដែរ ប៉ុន្តែពួកគេបានផ្លាស់ប្តូរគោលនយោបាយទាំងនោះហើយនាពេលថ្មីៗនេះ។

មែនទែនទៅ ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការសម្ព័ន្ធយោធាណាតូនេះ កើតឡើងបន្ទាប់ពីការចូលរួមដែលមិនធ្លាប់មានពីមុនមករបស់មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុននៅឯកិច្ចប្រជុំកំពូលរបស់ណាតូក្នុងទីក្រុងម៉ាឌ្រីដក្នុងខែមិថុនា ឆ្នាំ២០២២ ជាពេលដែលសម្ព័ន្ធយោធានេះបានចាត់ទុករួមគ្នាថា «ប្រទេសចិន គឺបញ្ហាចម្បងចំពោះសន្តិសុខអឺរ៉ុប-អាត្លង់ទិក»។

បើយោងតាមលោក Neil Thomas អ្នកវិភាគជាន់ខ្ពស់សម្រាប់ប្រទេសចិន និងអាស៊ីបូព៌ានៃក្រុមហ៊ុន Eurasia Group មានទស្សនៈលើកឡើងថា ភាពជាដៃគូដែលកំពុងកើនឡើងរវាងណាតូ និងកូរ៉េខាងត្បូង ហើយនិងប្រទេសជប៉ុនបានឆ្លុះបញ្ចាំងពី ការព្រួយបារម្ភរួមអំពីមហិច្ឆតារបស់ចិនក្នុងការប្រែខ្លួនក្លាយទៅជាមហាអំណាចអនុត្តរភាពតំបន់តាមរយៈការកសាងកម្លាំងយោធា និងឥទ្ធិពលសេដ្ឋកិច្ចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកបានបន្ថែមថា វិធានការថ្មីដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការសន្ទនាផ្សេងៗអាចរួមបញ្ចូលដែនសន្តិសុខ ដែលមិនធ្លាប់មានពីមុនដូចជា សន្តិសុខតាមលំហអ៊ីនធឺណិត និងការបង្ខិតបង្ខំសេដ្ឋកិច្ចជាដើម។

ជាមួយគ្នានេះ នៅក្នុងអត្ថបទមួយដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) លោក Kim Tong-myong អ្នកស្រាវជ្រាវនៃអង្គការកូរ៉េខាងជើងស្តីពីការសិក្សានយោបាយអន្តរជាតិបានធ្វើការថ្កោលទោសចំៗថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការណាតូមកកាន់អាស៊ីបូព៌ានេះ ហាក់ដូចជាមានគោលបំណងញុះញង់ និងត្រៀមបង្កើតសម្ព័ន្ធភាពណាតូក្នុងតំបន់អាស៊ីតែម្តង។ លោក Kim បាបន្តថាការធ្វើដំណើរមកទៅកាន់កូរ៉េខាងត្បូង និងជប៉ុននេះ គឺជាដំណើរឆ្ពោះទៅរកការប្រឈមមុខដាក់គ្នា និងសង្រ្គាម ក៏ដូចជានាំយកនូវពពកខ្មៅខ្មួលខ្មាញ់នៃសង្គ្រាមត្រជាក់ថ្មីមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕




អត្ថបទបន្ទាប់


តើការចុះចេញពីតំណែងរបស់ប្រធានាធិបតីវៀតណាមថ្មីៗនេះ អាចនឹងប៉ះពាល់ដល់បរិយាកាសធុរកិច្ចក្នុងស្រុកដែរ ឬទេ?

ព័ត៌មាន
ក្រោយពេលដែលប្រទេសវៀតណាម បើកការប្រឆាំងនឹងអំពើពុករលួយទ្រង់ទ្រាយធំ ដោយបានឈានទៅដល់ការរុះរើតំណែងប្រធានាធិបតីនោះ កាលពីសប្តាហ៍មុន បញ្ហាដ៏ក្ដ…

តើសង្គ្រាមនៅអ៊ុយក្រែនកំពុងជំរុញឱ្យពិភពលោកប្រើប្រាស់ថាមពលស្អាតច្រើនជាងមុន ឬយ៉ាងណា?

ព័ត៌មាន
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងដាក់បន្ទុកទៅលើតម្រូវការថាមពលសម្រាប់រយៈពេលវែង ហើយនឹងទៅជំរុញការផ្លាស់ប្តូរពិភពលោក ឆ្ពោះទៅរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ