ចរាចរណ៍សាច់ប្រាក់​

ធនាគារជាតិ ចេញមុខបកស្រាយរឿង រិះគន់ការប្រើប្រាស់ ក្រដាសប្រាក់យ័នចិន ក្នុងទីផ្សារកម្ពុជា


ធនាគាជាតិនៃកម្ពុជាបានចេញមុខបកស្រាយ ដើម្បីបញ្ចប់មន្ទិលសង្ស័យពីការប្រើប្រាស់សាច់ប្រាក់យ័នចិនទៅដល់សាធារណៈជន ដែលបានធ្វើការរិះគន់កន្លងមកនេះថា រដ្ឋាភិបាលគាំទ្រការប្រើប្រាស់ប្រាក់យ័ននៅក្នុងទីផ្សារ។ ធនាគារជាតិចាត់ទុកថា នេះជាការភាន់ច្រឡំទាំងស្រុង ដែលធាតុពិតនោះ ធនាគារជាតិមិនមានជំហរគាំទ្រការប្រើប្រាស់ប្រាក់យ័ននៅក្នុងទីផ្សារនោះឡើយ តែអ្វីដែលធនាគារជាតិ គាំទ្រនោះ គឺអនុញ្ញាតឲ្យមានការទូទាត់ជាប្រាក់យ័នតាមប្រព័ន្ធធនាគារតែប៉ុណ្ណោះ។
ក្រដាសប្រាក់​យ័ន​របស់ចិន (https://www.domain.com.au/)
ដោយ

ការប្រកាស​បកស្រាយភ្លាមៗរបស់​ធនាគារជាតិនេះ ធ្វើឡើងបន្ទាប់​ពីមានការរិះគន់ ក៏ដូចជា ភាន់ច្រឡំ​ពីសំណាក់​ប្រជាពលរដ្ឋ​មួយចំនួន​ពាន់ព័ន្ធ​នឹងរឿងប្រើប្រាស់​ប្រាក់យ័ន​នៅលើទីផ្សារ​កម្ពុជា និងមានព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បានធ្វើការ​ចេញផ្សាយ​ជាសាធារណៈ ​ក្រោយពីក្រសួ​ងទេសចរណ៍ និងធនាគារ​ចិនបាន​ចុះអនុស្សរណៈ នៃការយោគយល់​គ្នា​នាពេលថ្មីៗនេះ ក្នុងគោលដៅ​សម្រួលការ​បង្កើតការ​ទូទាត់តាម​ប្រព័ន្ធ​អនឡាញ ឬឌីជីថល​ដូចជា Union Pay WeChat Pay និង Alipay សម្រាប់​សណ្ឋាគារ ភោជនីយដ្ឋាន និងទីភ្នាក់ងារ​ទេសចរណ៍​ផ្សេងៗ តែប៉ុណ្ណោះ។

លោកជំទាវ ជា សេរី អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​បានបកស្រាយ​ថា ជំហររបស់ ធនាគារ​ជាតិ​គឺគាំទ្រ ឲ្យមានការ​ទូទាត់​ទំនិញ​ជាប្រាក់យ័ន តាមប្រព័ន្ធ​អនឡាញ​តែប៉ុណ្ណោះ  ដោយនឹង​ធ្វើការប្រតិបត្តិការ​ទូទាត់​ជាមួយ​ប្រព័ន្ធ Union Pay WeChat Pay និង Alipay ក្នុងក្រប​ខណ្ឌការ​ទូទាត់តាម​ប្រព័ន្ធ​ធនាគារ ពោលគឺមិនសំដៅ​ការទូទាត់​ជាសាច់ប្រាក់​នោះឡើយ ហើយធនាគារ​ដែលអាច​សម្រួល​ប្រមូល​ទិញ ឬលក់​ប្រាក់យ័នបាន គឺមានតែ​ធនាគារ​ចិន និងធនាគារ​អាស៊ីបីស៊ី​ប៉ុណ្ណោះ។

លោកជំទាវ ជា សេរី បានគូស​បញ្ជាក់ថា ជំហររបស់​រដ្ឋាភិបាលទាំងពីរ​មិនបាន​អនុញ្ញាតឲ្យ​មានការប្រើប្រាស់​ប្រាក់យ័ន​ក្នុងទីផ្សារ​ឡើយ អ្វីដែលយើងបានអនុញ្ញាតនោះ​គឺធ្វើឡើងតែ​តាមស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុងប្រព័ន្ធ​ធនាគារ​ប៉ុណ្ណោះ ដែលបច្ចុប្បន្ន​មានធនាគារ​ចំនួន​១៥ ដែលមាន​ប្រតិបត្តិការ​ជាប្រាក់​យ័ន និងប្រមាណ១២ ធនាគារ​ផ្សេងទៀត​ទៅថ្ងៃមុខ​ក៏មាន​បំណង​ប្រតិបត្តិការ​ទូទាត់ប្រាក់​យ័ន​ផងដែរ ដោយពួកគេមើល​ឃើញពីឱកាស​ថា លុយយ័ន​នឹងរីកចម្រើន ហើយអាច​ទាក់ទាញ​វិនិយោគិន និងភ្ញៀវទេសចរ​ចិន។

​ការអនុញ្ញាត​ឲ្យមានការប្រើប្រាស់​ប្រាក់យ័ន​សម្រាប់ការទូទាត់​ សម្រាប់​ពាណិជ្ជកម្ម​ឆ្លងព្រំដែន​កម្ពុជា-ចិន ក៏មិនមាន​ន័យថា ជាការជំរុញ​ឲ្យមានការ​ទូទាត់ជា​ប្រាក់យ័ន​នៅក្នុងការ​លក់ដូររាយ​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​នោះទេ។ វាគឺសម្រាប់តែ​ក្រុមហ៊ុន​កម្ពុជា និងក្រុមហ៊ុន​ចិនដែល​ធ្វើពាណិជ្ជកម្ម​ជាមួយគ្នា អាចធ្វើការ​ទូទាត់​ពាណិជ្ជកម្ម ដោយប្រើប្រាស់​ប្រាក់​យន់ ឬប្រាក់រៀល​ដោយផ្ទាល់​តាម​ប្រព័ន្ធធនាគារ។

លោកជំទាវអះអាងទៀតថា ការតម្រូវ​ឲ្យប្រតិបត្តិករ​ទូទាត់​ប្រាក់យ័ន​តាមប្រព័ន្ធ​អេឡិចត្រូនិក​នេះមិនបាន​ធ្វើឲ្យប៉ះពាល់ដល់​ចរាចរណ៍​ប្រាក់រៀល​នោះឡើយ ពោលគឺវាធ្វើឲ្យ​មានភាពងាយ​ស្រួលក្នុងការ​គ្រប់គ្រង​លំហូរ​សាច់ប្រាក់ ជាងការទូទាត់​ជាក្រដាស​ប្រាក់ផ្ទាល់ទៅ​វិញ។ និងប្រយោជន៍​មួយទៀត គឺធ្វើឲ្យទំហំ​នៃការចាយវាយ​ប្រាក់យ័ន​កាន់តែច្រើន​ជាងមុន​នៅក្នុង​ប្រព័ន្ធធនាគារ។

បើតាមរបាយការណ៍​ធនាគារជាតិ​នៃកម្ពុជា បង្ហាញថា ទុនបម្រុង​នៅក្នុង​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ​នៅកម្ពុជា​កើនដល់ជាង ១០ពាន់លានដុល្លារ ហើយការគរពូន​នៃទុន​បម្រុងនេះ មួយផ្នែកបាន​មកពីប្រតិបត្តិការ​អត្រាប្តូប្រាក់​នៃអ្នក​វិនិយោគ និងអត្រា​ការប្រាក់​របស់​អ្នកវិនិយោគ ខណៈ​២៥ឆ្នាំមុន ទុនបម្រុងនេះ មានត្រឹមតែ​៤០០លាន​ដុល្លារ​ប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ប្រាក់យ័​នទើបតែគេទទួល​ស្គាល់ជា​អន្តរជាតិ ដោយគេយកជា​ខ្នាតតម្លៃ​ទូទាត់ពាណិជ្ជកម្ម​អន្តរជាតិ និងទុនបម្រុង​អន្តរជាតិ។ តាមការ​អង្កេត​ស្រាវ​ជ្រាវ​របស់ធនាគារជាតិ​ការទូតទាត់​ប្រាក់យ័ន​នៅក្នុង​ពាណិជ្ជកម្ម​ប្រមាណ ២ភាគរយ និងការទូទាត់​ពាណិជ្ជកម្ម​ជាប្រាក់ដុល្លារ​ជាង ៩០ភាគរយ។

ស្របតាម​រដ្ឋាភិបាលចិន​បានអនុញ្ញាតឲ្យ​ប្រជាជន​របស់ខ្លួន​ធ្វើ​ដំណើរ​កម្សាន្ដ​ចេញក្រៅ​ប្រទេស ដូច្នេះ ថ្មីៗនេះ ភ្ញៀវចិន​បានសម្រុក​ចេញក្រៅ​ប្រទេសច្រើ​នរួមទាំងកម្ពុជា ដែលមានទេសចរ​ចិនឈរ​លំដាប់លេខ​មួយ ធៀបនឹងបណ្តាប្រទេស​ផ្សេងៗទៀត នេះបើតាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍ ដែលកាលពី​ឆ្នាំ២០១៨ កន្លងមកភ្ញៀវទេសចរចិន​មកកម្ពុជា​បានកើនជាង ២លាននាក់។

លោកជំទាវ ជា សិរី បានបញ្ជក់​ទៀតថា កម្ពុជា ជាផ្នែកមួយ ដែលទទួល​បានបច្ច័យ​ល្អពីរដ្ឋាភិបាលចិន និងសំខាន់​ជាងនេះទៀត គឺកម្ពុជាមាន​ទំនាក់ទំនង​ល្អជាមួយ​ចិនតែម្តង។ លោកជំទាវ បន្តថា ការវិនិយោគ​ឧបករណ៍​ហិរញ្ញវត្ថុ​នៅប្រទេសចិន គឺចំណេញ​ជាងទីផ្សារ​ប្រទេស​ផ្សេងៗ។

យ៉ាងណាតាមការបញ្ជាក់​របស់​ធនាគារជាតិ ការប្រើប្រាស់​ប្រាក់រៀល​ដ្បិត​តែមិនលឿន វាបាន​បោះជំហាន​ទៅមុខ ដូចកាល​ពីឆ្នាំ២០១៧ កន្លងមករដ្ឋាភិបាល​កម្ពុជា​តាមរយៈធនាគារជាតិ​ និងធនាគារ​កណ្តាល​ចិនបាន​ព្រមព្រៀង​គ្នាអាចឲ្យប្រាក់​រៀល​កម្ពុជា មានការទិញដូរ​បាននៅទី​ក្រុងណាន​នីងខេត្តគ័ង​ស៊ី​ប្រទេសចិន ដែលកាលពីឆ្នាំ​ទៅ ទំហំប្រាក់​រៀល មានប្រមាណ ១៨ ប៊ីលានរៀល និងក្នុងរយៈ​ពេល ២០ឆ្នាំចុងក្រោយនេះ ប្រាក់រៀល​មានកំណើន ១៦ភាគរយ ក្នុងនោះ សម្រាប់​ប្រតិបត្តិការ​ផ្តល់កម្ចី​ជាប្រាក់រៀល​សម្រាប់ធនាគារ​ពាណិជ្ជ ខ្ចីប្រាក់រៀលពី​ធនាគារ​ជាតិ កំពុង​រីកចម្រើនខ្លាំង ដែលធ្វើតម្រូវឲ្យ​ការប្រាក់រៀល​ បច្ចុប្បន្នកើន​លើស ៣ ដងឯណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិនិយោទុន​បរទេស សម្រុកទៅវិនិយោគនៅវៀតណាម ក្នុងតម្លៃ ១៤ពាន់លានដុល្លារ ៤ខែដំបូងឆ្នាំនេះ

ព័ត៌មាន
គិតត្រឹមតែរយៈពេល ៤ខែដំបូង ដើមឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម ទទួលបានការវិនិយោគពីក្រៅប្រទេស កើនឡើងខ្ពស់រហូតដល់ជាង ១៤ពាន់លានដុល្លារអាមេរិក…

ឆ្នាំ ២០១៨ ពលករខ្មែរចំណាកស្រុក បានផ្ញើប្រាក់មកគ្រួសារ ជាង ២.៣០០ លានដុល្លារ

ព័ត៌មាន
ប៉ុន្មានឆ្នាំចុងក្រោយរលកសញ្ញានៃការចាកចេញរបស់ពលករកម្ពុជា ទៅធ្វើការនៅក្រៅប្រទេសនៅតែបន្តការកើនឡើងដដែល បើទោះបីជាតម្លៃប្រាក់ឈ្នួលកម្លាំងពលកម្មក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ