ទំនាក់ទំនង​កម្ពុជា-អាមេរិក

ទូត​​អាមេរិក​ថ្មី និយាយ​ថា «ជួប​គ្នា​ឆាប់ៗ», ប្តេជ្ញា​គាំទ្រ​ឯករាជ្យ​និង​ប្រជាធិបតេយ្យ​រឹងមាំ​នៅ​កម្ពុជា


លោក​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​​កម្ពុជា គឺ​លោក W.Patrick Murphy ដែល​គ្រោង​នឹង​មក​ដល់​ប្រទេស​កម្ពុជាក្នុង​ពេល​ឆាប់ៗ​នេះ បាន​និយាយ​ក្នុង​សារ​វីដេអូ​ខ្លី​កាល​ពី​ថ្ងៃ​សុក្រ ទី១៣ ខែ​កញ្ញា ថា លោក​បាន​ប្តេជ្ញា​ចិត្ត​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ និង​គាំទ្រ​ដល់​កម្ពុជា​មួយ​ដែល​មាន​ឯករាជ្យ​និង​ប្រជាធិបតេយ្យ​រឹងមាំ​ល្អ​និង​ប្រកប​ដោយ​វិបុលភាព។
ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​លោក W. Patrick Murphy (នៅក្នុងរូបនេះ) ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា។
ដោយ

នៅ​ក្នុង​វីដេអូ​ដែល​មាន​រយ:ពេល​១​នាទី​៥០វិនាទី ហើយ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា លោក W.Patrick Murphy បាន​និយាយ​ទាំង​ភាសា​ខ្មែរ​និង​អង់គ្លេស​ផង​ថា លោក​មាន​«កិត្តិយស» ដែល​បាន​ត្រូវ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី។

លោក W.Patrick Murphy បាន​និយាយ​ដូច្នេះ​ថា «កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា រួមមាន ការ​អភិវឌ្ឍ ពាណិជ្ជកម្ម សុខភាព​សាធារណៈ ការអនុវត្ត​ច្បាប់ ការ​អភិរក្ស​វប្បធម៌ និង​ការ​ផ្លាស់ប្តូរ​គ្នា​រវាង​ប្រជាជន​និង​ប្រជាជន។»

លោក W.Patrick Murphy បាន​និយាយ​បន្ត​ដូច្នេះ​ថា «ខ្ញុំ​ប្តេជ្ញាចិត្ត​ជួយ​ប្រទេស​យើង​ទាំងពីរ​ពង្រឹង​ចំណង​មិត្តភាព​ទាំង​នេះ និង​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​មួយ ដែល​មាន​ឯករាជ្យ​និង​ប្រជាធិបតេយ្យ ប្រកប​ដោយភាព​រឹងមាំ​ល្អ និង​វិបុល​ភាព។»

លោក W.Patrick Murphy បាន​បញ្ចប់​សារ​របស់​លោក​ជាមួយ​នឹង​ពាក្យ​ជា​ភាសា​ខ្មែរ​ថា «ជួប​គ្នា​ឆាប់ៗ​នេះ។»

ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី២ ខែ​សីហា បាន​អនុម័ត​បេក្ខភាព​លោក W. Patrick Murphy ឲ្យ​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ខ្លួន ប្រចាំ​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​អវត្តមាន​អ្នក​ការទូត​ជា​ច្រើន​ខែ​មក។

មុន​ការងារ​ជា​ឯកអគ្គរដ្ឋទូត, លោក W. Patrick Murphy គឺ​ជា​ឧការីរង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ហើយ​ក៏​ធ្លាប់​ធ្វើការ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាងកក និង​ប្រទេស​មីយ៉ាន់ម៉ា ផងដែរ។

ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក ហាក់​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោយពី​ទីក្រុង​វ៉ាស៊ីនតោន បាន​រិះគន់​ការបោះឆ្នោត​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៨ ថា មិន​សេរី​និង​យុត្តិធម៌ នៅ​ក្នុង​ចំណោម​ការរិះគន់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​នយោបាយ​ផ្សេងៗ​ទៀត៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Google ព្រមបង់​ការ​ផាកពិន័យ និងបង់ពន្ធ​ ជាង ១ពាន់លានដុល្លារ នៅបារាំង

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google បានយល់ព្រម នឹងបង់ប្រាក់ពិន័យ និងបង់ពន្ធ ក្នុងតម្លៃជាទឹកប្រាក់ជិត ១,១ ពាន់លានដុល្លារអាមេរិក …

លីកាដូ និង​សមាគម​ធាង​ត្នោត ច្រាន​ចោល​ការ​អញ្ជើញ​ប្រជុំ​លើក​ទីពីរ​ស្តីពី​របាយការណ៍​មីក្រូ​ហិរញ្ញវត្ថុ

ព័ត៌មាន
អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត នៅសប្ដាហ៍នេះ បាន​ច្រានចោល​ការ​អញ្ជើញ​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​ប្រជុំ​ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ