នយោបាយ​កម្ពុជា

អង្គការ​ខុមហ្រ្វែល​សង្កេត​ឃើញ​ថា ប្រសិទ្ធភាព​សភា​ឯកបក្ស​មាន​ការ​ធ្លាក់ចុះ


អង្គការ ខុមហ្រ្វែល បាន​ចេញ​ការសង្កេត​មួយ​របស់​ខ្លួន នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ថា ប្រសិទ្ធភាព​សភា​ឯកបក្ស​មាន​ការធ្លាក់ចុះ​ដោយសារ​មិន​ឃើញ​មាន​ការចេញ​លិខិត​អន្តរាគមន៍​របស់​តំណាងរាស្រ្ត និង​មិន​ឃើញ​មាន​តំណាងរាស្រ្ត​និយាយ​ពី​ភាព​អសកម្ម​ក្នុង​ការដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ ជាដើម នោះទេ បើប្រៀបធៀប​នឹង​សភា​ដែល​ធ្លាប់​មាន​ពហុបក្ស។
តំណាងរាស្ត្រ​ថតរូបអនុស្សាវរីយ៍ជាមួយព្រះមហាក្សត្រ ក្នុង​ឱកាស​បើក​សម័យ​ប្រជុំ​ពេញ​អង្គនៃរដ្ឋ​សភា។ រូបថត​ឯកសារ
ដោយ

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ ខុមហ្រ្វែល បាន​និយាយ​ដូច្នេះ​ថា “ខុមហ្រ្វែល បាន​សង្កេត​ឃើញ​ថា សកម្មភាព​នៃ​ការចុះ​មូលដ្ឋាន​របស់​អ្នក​តំណាងរាស្រ្ត​ក្នុង​គោលបំណង​ដើម្បី​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ ពង្រឹង​ផ្ទៃក្នុង​គណបក្ស អម​ដំណើរ​ថ្នាក់​ដឹកនាំ គឺ​ផុសផុល លើកលែងតែ​សកម្មភាព​ក្នុង​គោល​បំណង​ចុះ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា ជាពិសេស ទំនាស់​ដីធ្លី ជូន​ប្រជាពលរដ្ឋ មិន​ត្រូវ​បាន​សងេ្កត​ឃើញ​មាន​តំណាងរាស្រ្ត​ខ្នះខ្នែង ឬ​យក​ចិត្ត​ទុកដាក់​ជួយ​ដោះស្រាយ​នោះទេ។“

សេចក្តី​ប្រកាសព័ត៌មាន​ដដែល បាន​បន្ត​ថា “អ្វី​ដែល​ខុមហ្រ្វែល​បាន​សង្កេតឃើញ​ក្នុង​សម័យ​ប្រជុំ​តំណាងរាស្រ្ត បាន​ឡើង​បញ្ចេញ​មតិ​ក្នុង​ការអនុម័ត​ច្បាប់​នានា​ ភាគច្រើន​បំផុត ក្នុង​សម័យ​ប្រជុំ​ទាំងនោះ មិន​សូវ​មាន​ឃើញ​តំណាងរាស្រ្ត​ណា​ម្នាក់​ជំទាស់ រិះគន់ ឬ​សួរ​ដេញដោល​ដោយ​ស៊ី​ជម្រៅ​ឡើយ ផ្ទុយ​មក​វិញ គឺ​មាន​តែ​ការកោត​សរសើរ និង​គាំទ្រ​ដល់​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។”

ខុមហ្វ្រែល បាន​និយាយ​ថា គណៈកម្មការ​ជំនាញ​បាន​កោះហៅ​សមាជិក​រដ្ឋាភិបាល នៅ​ក្នុង​ឆ្នាំ​ទីមួយ មាន​តែ​ម្តង​គត់ គឺ​ការកោះហៅ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​មក​សាកសួរ។

 លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាននិយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០​នេះ ថា​ ការ​សង្កេត​របស់​អង្គការ ខុមហ្រ្វែល គឺ​មាន​ការខ្វះខាត និង​មិន​ត្រឹមត្រូវ​ទេ។

លោក ឡេង ប៉េងឡុង បាន​និយាយ​តាម​ទូរស័ព្ទ​ដូច្នេះ​ថា “សកម្មភាព​គ្រាន់តែ​យើង​រាយ​រ៉ាប់​មក វា​១៥០​ទំព័រ អីនោះ មិនមែន​តិច​ទេ ដូច្នេះហើយ​ វាច្រើន​ណាស់ ហើយ​ឱ្យ​តែមាន​ឧប្បត្តិហេតុ ឬ​អ្វី​មួយ​ដែល​ប៉ះពាល់​ដល់​ប្រជាជន គឺ​ថា មាន​មុខ​តំណាងរាស្រ្ត​នៅ​កន្លែង​នោះ​ហើយ បាក់​ផ្ទះ​ក្តី ខ្យល់​ព្យុះ​អីក្តី ហើយ​មាន​ការខ្វះខាត​អី គឺ​ថា​គាត់​ចុះ​ទៅ​ជួយ។”

លោក ឡេង ប៉េងឡុង បាន​ទទួល​ស្គាល់​ថា មាន​ការកោះហៅ​មន្រ្តី​រដ្ឋាភិបាល​មក​សាកសួរ​តែ​ម្តង​មែន ក៏​ប៉ុន្តែ បាន​អះអាង​ថា កាលនៅ​មាន​គណបក្ស​ប្រឆាំង ក៏មិន​ដែល​ឃើញ​កោះហៅ​ច្រើន​ជាង​ប៉ុន្មាន​ដែរ។

លោក ឡេង ប៉េងឡុង បាន​និយាយ​ថា “មិនខុស​គ្នា​ប៉ុន្មានទេ ប្រហែលៗ​គ្នា​ហ្នឹង ហើយ​ហ្នឹង​ជា​បុព្វសិទ្ធិ​របស់​តំណាង​រាស្រ្ត​ទេ ខ្ញុំ​មិន​អាច​ឆ្លើយ​ជំនួស​គាត់​ទេ​ ប្រហែល​ជា​គាត់​ថា បញ្ហា​ដែល​មាន គាត់​សុខ​ចិត្ត​ទៅ​ដោះស្រាយ​ផ្ទាល់ៗ​ហ្មង៕”




អត្ថបទបន្ទាប់


ធនាគារជាតិទុកពេល៣ខែ ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រមូលក្រដាសប្រាក់ ១$, ២$ និង ៥$ ដើម្បីដឹកចេញទៅក្រៅប្រទេស

ព័ត៌មាន
ធនាគារជាតិបានសម្រេចទុកពេលឲ្យ ៣ខែ ពោលចាប់ពីថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ ទៅដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បី…

ធនាគារ និងមីក្រូហិរញ្ញវត្ថុ៖សូមពលរដ្ឋរក្សាភាពស្ងៀមស្ងាត់បន្តចាយប្រាក់ដុល្លារតូចៗជាធម្មតា កុំព្រួយបារម្ភ!

ព័ត៌មាន
ក្រុមអ្នកជំនួញនៅក្នុងគ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋទំាងអស់កុំមានការព្រួយបារម្ភ និងភ័យខ្លាចចំពោះការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ