សិទ្ធិ​មនុស្ស - មីក្រូ​ហិរញ្ញ​វត្ថុ

លីកាដូ និង​សមាគម​ធាង​ត្នោត ច្រាន​ចោល​ការ​អញ្ជើញ​ប្រជុំ​លើក​ទីពីរ​ស្តីពី​របាយការណ៍​មីក្រូ​ហិរញ្ញវត្ថុ


អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត នៅសប្ដាហ៍នេះ បាន​ច្រានចោល​ការ​អញ្ជើញ​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​ប្រជុំ​ជា​លើក​ទីពីរ ដើម្បី​ឆ្លើយ​ការពារ​របាយការណ៍​របស់​ខ្លួន ស្ដីពី​មីក្រូ​ហិរញ្ញវត្ថុ​និង​ផល​ប៉ះពាល់​នៅ​កម្ពុជា។
ស្លាកទីស្នាក់ការ​អង្គការ លីកាដូ នៅទីក្រុងភ្នំពេញ
ដោយ

របាយការណ៍​រួម​របស់​អង្គការ លីកាដូ និង​សមាគម ធាងត្នោត ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃពុធ ទី​៧ ខែសីហា បាន​រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​ចំនួន ២,៣៨២​លាន​នាក់ បាន​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ចំនួន​ជាង ៨​ពាន់​លាន​ដុល្លារ ហើយ​ការ​សិក្សា​នេះ បាន​ធ្វើ​នៅ​ក្នុង​ឃុំ​ចំនួន១០ ក្នុង​ខេត្ត​ចំនួន ៤ រួមទាំង រាជធានី​​ភ្នំពេញ ផងដែរ។

របាយការណ៍​នោះ បាន​បង្ហាញ​ថា កម្រិត​បំណុល​របស់​ពលរដ្ឋ​ខ្មែរ​បាន​កើន​ឡើង​កាន់តែ​ខ្លាំង​ឡើងៗ ដែល​នេះ​អាច​បណ្តាល​ឲ្យ​កើត​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន រួមមាន ការ​លក់​ដី​ដោយ​បង្ខំ​ចិត្ត ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ ការ​ធ្វើ​ចំណាក​ស្រុក​ដោយសារ​បំណុល។

បន្ទាប់​ពី​របាយការណ៍​នេះ​ចេញ​ផ្សាយ, អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​អញ្ជើញ​​អង្គការ​ទាំងពីរ​នេះ ទៅ​ប្រជុំ​ជា​លក្ខណៈ​«កិច្ច​ពិភាក្សា​ចង្អៀត» មួយ​លើក​រួច​ហើយ កាលពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ដែល​មាន​រយៈ​ពេល​២​ម៉ោង​ និង​៣០​នាទី។ 

បន្ទាប់ពី​ទទួល​បាន​ការ​អញ្ជើញ​ដើម្បី​ប្រជុំ​ជា​លក្ខណៈ​«កិច្ច​ពិភាក្សា​ចង្អៀត»​លើក​ទីពីរ អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត បាន​និយាយ​ក្នុង​លិខិត​ទៅ​កាន់​អ្នក​នាំពាក្យ​រដ្ឋាភិបាល គឺ​លោក ផៃ ស៊ីផាន ថា ពួកគាត់​មិន​មាន​អ្វី​បន្ថែម​ពី​លើ​កិច្ច​ប្រជុំ​លើក​ទី១​ទេ ដូច្នេះ​មិន​អាច​មក​ប្រជុំ​ម្តង​ទៀត​ តាម​ការ​អញ្ជើញ​បាន​នោះ​ទេ។

គង់ សុជាតិ ប្រធាន​គ្រប់គ្រង​រដ្ឋបាល អង្គការ លីកាដូ បាន​សរសេរ​ក្នុង​លិខិត​ដូច្នេះ​ថា «គណៈ​គ្រប់គ្រង​មិន​មាន​អ្វី​ដែល​ត្រូវ​បកស្រាយ​និង​ពន្យល់​បន្ថែម​លើស​ពី​នេះ​ទៀត​ទេ។»

គង់ សុជាតិ បាន​សរសេរ​បន្ត​ថា «អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ គណៈ​គ្រប់គ្រង​អង្គការ លីកាដូ សូម​អភ័យទោស និង​អធ្យាស្រ័យ​ទុក​ជាមុន ដោយ​គណ:​គ្រប់គ្រង​នឹង​មិន​បាន​ទៅ​ចូលរួម​ប្រជុំ​តាម​កាល​បរិច្ឆេទ​ខាង​លើ​ទេ។»

លិខិត​របស់​សមាគម ធាងត្នោត ក៏​មាន​អត្ថន័យ​ដូចគ្នា​ជាមួយ​នឹង​លិខិត​របស់​​លីកាដូ ដែរ។

នៅក្នុង​ប្រធាន​បទ​ផ្សេងទៀត លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ តម្លាភាព​កម្ពុជា ក៏​មិន​បាន​ចូលរួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់ លោក ផៃ ស៊ីផាន ផងដែរ ដោយសារ​ជាប់​បេសកកម្ម​នៅ​អឺរ៉ុប។

អ្នក​នាំពាក្យ​រដ្ឋាភិបាល បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា មាន​ការ​សោកស្តាយ​និង​ខកចិត្ត​ចំពោះ​ការ​ច្រាន​ចោល​នេះ ហើយ​ចោទ​អង្គការ​ទាំង​នេះ ថា​ គ្មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​របាយការណ៍​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមិទ្ធផល​សម្រេច​បាន​របស់​​រដ្ឋាភិបាល។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ក៏​ចោទ​ផង​ដែរ​ថា ព័ត៌មាន​ក្នុង​របាយការណ៍​មិនមាន​​ភាព​សុចរិត​និង​ជា​ព័ត៌មាន​ប្រឌិត ដែល​អាច​ជា​បំណង​របស់​បរទេស​មួយ​ចំនួន ដែល​ចង់​វាយ​ប្រហារ​មកលើ​ភាព​សុខ​ក្សេមក្សាន្ត​របស់​ប្រជាជន​កម្ពុជា៕




អត្ថបទបន្ទាប់


ទូត​​អាមេរិក​ថ្មី និយាយ​ថា «ជួប​គ្នា​ឆាប់ៗ», ប្តេជ្ញា​គាំទ្រ​ឯករាជ្យ​និង​ប្រជាធិបតេយ្យ​រឹងមាំ​នៅ​កម្ពុជា

ព័ត៌មាន
លោក​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​​កម្ពុជា គឺ​លោក W.Patrick Murphy ដែល​គ្រោង​នឹង​មក​ដល់​ប្រទេស​កម្ពុជាក្នុង​ពេល​ឆាប់ៗ​…

ទំនាក់ទំនងកម្ពុជា និង អាមេរិក លើវិស័យថាមពលឃ្លាតឆ្ងាយដាច់ដូចជើងមេឃ

ព័ត៌មាន
បើនិយាយពីទំនងរវាងប្រទេសកម្ពុជា និង សហរដ្ឋអាមេរិក ទៅលើការវិនិយោគនៅក្នុងវិស័យថាមពលប្រេងឥន្ធនៈកម្ពុជា ហាក់បីដូចជានៅឆ្ងាយដាច់ពីគ្នាដូចជើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ