សិទ្ធិមនុស្ស-កម្ពុជា-នយោបាយ

លោក កឹម សុខា៖ បើ​មនុស្ស​គ្រប់​រូប​មិន​ត្រូវ​បាន​គេ​រំលោភ​បំពាន សង្គម​នឹង​មាន​ស្ថិរភាព


លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ ទី១០ ខែ​ធ្នូ​នេះ ថា សង្គម​មួយ​មាន​ស្ថិរភាព​ទៅ​បាន លុះត្រា​តែ​មនុស្ស​គ្រប់​រូប​ក្នុង​សង្គម​នោះ ទទួល​បាន​នូវ​យុត្តិធម៌ ពោល​គឺ​មាន​សិទ្ធិ​សេរីភាព​និង​មិន​ត្រូវ​បាន​គេ​រំលោភ​បំពាន។
លោក កឹម សុខា ប្រធាននៃ​អតីត​គណបក្ស​សង្គ្រោះជាតិ។ រូបភាព​ឯកសារ ដោយ ហេង ភារម្យ
ដោយ

លោក កឹម សុខា ដែល​បច្ចុប្បន្ន​កំពុង​រង​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ​ពី​បទ​ក្បត់ជាតិ អស់​រយៈពេល​ជាង​ ២​ឆ្នាំ​មក​ហើយ​នោះ បាន​និយាយ​ថា លោក​បាន​ចំណាយ​ពេល​វេលា​ជាង​ពីរ​ទសវត្សរ៍​មក បូជា​សេចក្តី​សុខ​ផ្ទាល់​ខ្លួន​និង​កម្លាំង​កាយ​និង​ចិត្ត ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ។

ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ លើក​ទី​៧១​នេះ លោក កឹម សុខា បាន​និយាយ​តាម​រយៈ​ហ្វេសប៊ុក យ៉ាង​ដូច្នេះ​ថា ”ការ​រំលោភ​សិទ្ធិ​មនុស្ស នាំ​មក​នូវ​ភាព​អយុត្តិធម៌​ ​បង្ក​ការ​ឈឺ​ចាប់ បណ្តាល​ឲ្យ​មាន​ការ​រើ​បម្រាស ហើយ​អាច​នាំ​មក​នូវ​អស្ថិរ​ភាព​សង្គម ដែល​ជា​កត្តា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព។”

លោក កឹម សុខា បាន​បន្ត​ថា “ការ​ការពារ​សិទ្ធិ​មនុស្ស គឺ​ជា​ការ​ចាំបាច់​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មនុស្ស​ត្រូវ​បង្ខំ​ចិត្ត​ជ្រើសរើស​យក​ការ​ប្រឆាំង​នឹង​ការ​គៀបសង្កត់ រំលោភ​បំពាន​ណា​មួយ ដោយ​ពឹង​ផ្អែក​លើ​ការ​រើ​បម្រាស​បះ​បោរ។”

សំណុំ​រឿង​របស់​​លោក កឹម សុខា នឹង​ធ្វើ​ការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ​២០២០ ខាង​មុខ​នេះ ខណៈ​ដែល​សហគមន៍​អឺរ៉ុប​បាន​ចាប់​ផ្តើម​ដំណើរការ​នីតិ​វិធី​ផ្អាក​ជា​បណ្តោះ​អាសន្ន នូវ​កម្មវិធី​អនុគ្រោះពន្ធ EBA បន្ទាប់ពី​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស នៅ​កម្ពុជា។

ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ដែរ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស នៅថ្ងៃ​អង្គារ ទី១០ ខែ​ធ្នូនេះ​ បាន​អំពាវនាវ​ដល់​កម្ពុជា​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក កឹម សុខា។

លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស (Human Rights Watch) បាន​មាន​ប្រសាសន៍​ថា “ករណី​ប្រឆាំង​នឹង​លោក កឹម សុខា តែងតែ​ជា​លេស​គួរ​ឱ្យ​សង្ស័យ​ដើម្បី​វាយ​ប្រហារ​គណបក្ស​នយោបាយ​ប្រឆាំង។”

លោក Phil Robertson បាន​បន្ត​ថា “លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ចាំបាច់​ត្រូវ​បង្ហាញ​ដល់​សហគមន៍​អឺរ៉ុប​ថា លោក​បាន​ត្រៀម​ខ្លួន​យ៉ាង​ពិត​ប្រាកដ​ដើម្បី​បញ្ចប់​យុទ្ធនាការ​របស់​លោក​ក្នុង​ការ​គាប​សង្កត់​នយោបាយ​របស់​សំឡេង​ប្រឆាំង”៕




អត្ថបទបន្ទាប់


តំបន់សេដ្ឋកិច្ចពិសេសជាប់ព្រំដែនថៃ រំពឹងទាក់ទាញក្រុមហ៊ុនថ្មីៗ ពីប្រទេសថៃ ខណៈការចំណាយថ្លៃផលិតនៅថៃកំពុងកើនខ្ពស់

ព័ត៌មាន
ប្រតិបត្តិករ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីពេលថ្មីៗនេះ បានបើកនូវសួនឧស្សាហកម្មថ្មីមួយទៀត នៅជាប់ព្រំដែនប្រទេសថៃ និងរំពឹងថា អាចទាក់ទាញរ…

សួនទឹកកម្សាន្តធំជាងគេបង្អស់មិនធ្លាប់មាននៅកម្ពុជា នឹងបើកជាផ្លូវការនៅដើមខែមេសា ឆ្នាំ២០២០

ព័ត៌មាន
សួនទឹកកម្សាន្តដែលមានឈ្មោះថា ហ្គាឌិន ស៊ីធី វ័តធើផាក ដែលជាសួនទឹកកម្សាន្ដធំជាងគេមួយនៅអាស៊ាននឹងបើកសម្ពោធដំណើរការនៅដើមខែមេសា ឆ្នាំ ២០២០ខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ