រថយន្ដអគ្គិសនី Tesla

មន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា «មិនមានក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk ចុះបញ្ជីនៅកម្ពុជាទេ!»


មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងប្រាប់សារព័ត៌មានខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា មិនមានឈ្មោះក្រុមហ៊ុន Tesla របស់មហាសេដ្ឋីលោក Elon Musk បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជានោះទេ។
មន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា «មិនមាន ក្រុមហ៊ុន Tesla របស់លោក Elon Musk ចុះបញ្ជីនៅកម្ពុជាទេ!» (រូបភាព៖ Financial Times)
ដោយ

ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​យ៉ាងដូច្នេះ គឺបន្ទាប់ពីមាន​ការចុះផ្សាយ​​ និងចែកចាយ​ជាបន្តបន្ទាប់​នៅលើ​បណ្ដាញសង្គម​ហ្វេសប៊ុក ដោយថា​ក្រុមហ៊ុន Tesla របស់អាមេរិក​បាន​ចូលមកវិនិយោគ​រកស៊ីនៅកម្ពុជា។

តាមការ​ចែកចាយ​តៗគ្នា​របស់​អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏មាន​​ភ្ជាប់​ជាមួយនឹង​រូបភាព​អគារ​តាំងបង្ហាញ​លក់រថយន្ដ​មួយកន្លែង ដែលមាន​ដាក់ឈ្មោះធំៗថា Tesla ដែលធ្វើឲ្យ​ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម​យល់ថា គឺជារបស់​ក្រុមហ៊ុន Tesla អាមេរិក ដែលបានចូលរកស៊ី​នៅក្នុងទីផ្សារកម្ពុជា។

ទាក់ទងនឹងរឿងនេះ ឯកឧត្ដម ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានអះអាងប្រាប់ខេមបូណូមីសកាល​ពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ នេះថា លោកបានឲ្យ​ក្រុមការងារ​ឆែកមើល​រួចហើយ ប៉ុន្ដែ គ្មាន​ឈ្មោះ​ក្រុមហ៊ុន Tesla របស់​មហាសេដ្ឋីអាមេរិក Elon Musk បាន​ចុះបញ្ជី​នៅក្នុង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជានោះទេ។​

កាលពី​ប្រហែល​១​ខែ​កន្លង​ទៅ​នេះ មានការ​ភ្ញាក់ផ្អើល​​ពី​សាធារណៈជន និងអ្នកសារព័ត៌មាន ដោយសារតែឃើញមាន​អគារ​ក្រុមហ៊ុន​មួយមាន​ទីតាំង​នៅតាមបណ្តោយ​មហាវិថី​សហព័ន្ធ ដោយដាក់ឈ្មោះថា Tesla (ថេសឡា) ដែលដូច​ទៅនឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គីសនី​របស់​អាមេរិក Tesla (ថេសឡា) របស់​លោក​មហាសេដ្ឋី Elon Muskដែរ។

ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ បានប្រាប់​ខេមបូណូមីស​តាមប្រព័ន្ធតេឡេក្រាមថា មានក្រុមហ៊ុនឈ្មោះ Tesla ដែលបាន​ចុះបញ្ជី​​នៅក្រសួង​ពាណិជ្ជកម្មដែរ ប៉ុន្ដែមិនមែន​ជា​ក្រុមហ៊ុន​សាខា​របស់​ Tesla របស់​លោក​ Elon Musk នោះទេ។

ឯកឧត្តម ស៊ាង ថៃ បញ្ជាក់ទៀតថា ៖«ខ្ញុំបានឲ្យមន្រ្តីជំនាញ គេសិក្សាស្រាវជ្រាវ ឃើញថា មានក្រុមហ៊ុន ដែលមាន​ចុះឈ្មោះ ដាក់ថា Tesla Industries មួយ និងមួយទៀតគឺ ឈ្មោះ Tesla Engineering and Construction ហើយក្រុមហ៊ុន​ហ្នឹង​មិនមែន​ជាក្រុមហ៊ុន​របស់ លោក​ ELON MUSK ទេ ព្រោះថា​ក្រុមហ៊ុន Tesla ដែលបាន​ចុះបញ្ជីនោះ ទីតាំង​អាស័យដ្ឋាន​របស់គេ ដាក់ថានៅ​មហាវិថីព្រះមុនីវង្ស ចំណែក ក្រុមហ៊ុន Tesla ដែលប្រទះឃើញនោះ គឺនៅផ្លូវសហព័ន្ធរុស្សី ដូចនេះ បើសិន ក្រុមហ៊ុន​ទាំង២នេះ ជាក្រុមហ៊ុន​តែមួយ ត្រូវតែ​មកសុំ​[ចុះ]​បញ្ជី​ទៀត ព្រោះទីស្នាក់[ការ]​ខុសគ្នា »។

អគារតាំងបង្ហាញលក់រថយន្ដ ដែលមានដាក់ឈ្មោះ Tesla នៅរាជធានីភ្នំពេញ តាមបណ្ដោយសហព័ន្ធរុស្ស៊ីដែលមានការ​ចែកចាយតៗគ្នា​តាមហ្វេសប៊ុក

ខេមបូណូមីស បាន​ទាក់ទងនឹងទៅ​កាន់ទំព័រ​ហ្វេសប៊ុក ដែលមានឈ្មោះថា Tesla Cambodia ដែរ ហើយ​អ្នកដែល​គ្រប់គ្រងទំព័រហ្វេសប៊ុក​នេះ បាន​ឆ្លើយតប​តាមរយៈសារ Messenger ថា «ខ្ញុំមិនមែន​ជាម្ចាស់​ក្រុមហ៊ុនទេ សូមរង់ចាំមើល​ពេល​បើកសម្ពោធផ្លូវការទៅ»។

ខេមបូណូមីស ក៏បាន​ផ្ញើអ៊ីម៉ែល​ទៅកាន់​ក្រុមហ៊ុន Tesla នៅប្រចាំអូស្ត្រាលី និងតំបន់អាស៊ីដែរ ប៉ុន្ដែ មិនទាន់ទទួលបាន​ការឆ្លើយតប​អ្វីនោះទេ។

សូមជម្រាបថា Tesla គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ល្បីល្បាញ​មួយ​នៅ​លើ​ពិភពលោក​ ជារបស់​កំពូល​មហា​សេដ្ឋី Elon Musk ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ផ្លូវការ Tesla មាន​សាខានៅតាមប្រទេសប្រមាណ​ជិត ៤០​ប្រទេស​ ហើយ​ក្នុង​នោះ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន​វិញ គឺ​មាន​តែ​សឹ​ង្ហ​បុរី​តែ​មួយ​គត់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំថ្មី ពន្ធថ្មី ក្រុមហ៊ុន Ford បញ្ចុះតម្លៃរហូតដល់ $4,000!!!

ព័ត៌មាន
ដោយយោងតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជ…

សហព័ន្ធស្រូវអង្ករគ្រោងចុះបញ្ជីអង្ករពីរប្រភេទជាម៉ាកសមូហភាព

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងចុះបញ្ជីអង្ករម៉ាកសែនក្រអូប និងដំណើបស្បៃមង្គល ក្នុងបញ្ជីម៉ាកសមូហភាព ដើម្បីជួយពង្រឹងគុណភាព និងបង្កើនការផលិតលើអង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ