ល្បែងស៊ីសង​តាមអនឡាញ

ល្បែងភ្នាល់អនឡាញនៅកម្ពុជា៖ អាជ្ញាធរចិនបង្កកប្រាក់ជិត១៦ លានដុល្លារ និងចាប់ខ្លួនជនសង្ស័យ ៣៦នាក់


កាលពីពេលថ្មីៗនេះ យ៉ាងហោចណាស់មានមនុស្ស៣៦នាក់ត្រូវបាន ត្រូវបានអាជ្ញាធរចិន ក្រោមកិច្ចសហការជាមួយនឹងអាជ្ញាធរកម្ពុជាចាប់ខ្លួន និងទឹកប្រាក់ក្នុងមូលនិធិប្រមាណ ១១០ លានយ័ន ឬស្មើនឹងប្រមាណជិត១៦ លានដុល្លារអាមេរិកត្រូវបានបង្កក ក្នុងករណីបង្ក្រាបល្បែងស៊ីសងតាមអនឡាញ បន្ទាប់ពីមានការស៊ើបអង្កេតអស់រយៈពេលជាយូរខែ។ នេះបើតាមសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មានចិន CCTV។
ចិន កំពុងជំរុញការកម្ចាត់បនល្បែងអនឡាញ ដោយអះអាងថា វាធ្វើឲ្យមានលំហូរសាច់ប្រាក់ចេញពីប្រទេស (រូបភាព៖ https://www.scmp.com)
ដោយ

បើតាម​ប្រភព័ត៌មាន​ចិន​ដដែលនេះ បាន​ឲ្យដឹងថា​ករណីនេះ ត្រូវបាន​បើការ​ស្រាវជ្រាវ​តាំងពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨ មកម្ល៉េះ។

ក្រុមជនសង្ស័យ​ជនជាតិចិន​ទាំងនោះ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ Wechat ដើម្បី​ទាក់ទាញ ជនជាតិ​ចិន​ដូចគ្នា ឲ្យ​ចូលលេងល្បែង​ស៊ីសង តាម​អនឡាញ នៅក្នុង​គេហទំព័រ​ដែលមាន​មូលដ្ឋាន​នៅក្រៅប្រទេសចិន។

នៅក្នុងដំណើរការ​ស៊ើបអង្កេត​ករណី​ឆ្នាំ២០១៨  ក្រុម​ជន​សង្ស័យ​ទាក់ទង​នឹង​ការបើកបន​ល្បែង​ស៊ីសង​តាមអនឡាញ​​ ដែល​មានមូលដ្ឋាន​នៅកម្ពុជា​ ត្រូវបាន​ស្ថិត​ក្នុងការ​តាមដាន​យ៉ាងជាប់លាប់​ពីសំណាក់​ប៉ូលីស​ក្រុង​​ចុងឈីង។ 

លោក ហ្សាំង ហៅស៊ីន មន្ត្រីប៉ូលីសម្នាក់​នៃក្រុមស៊ើបអង្កេត​ក្នុងករណីនេះ បាន​និយាយថា «យើង​បាន​តាមដាន និងរកឃើញថា ក្រុមជនសង្ស័យ​ គឺជា​ភ្នាក់ងារ​នៅក្នុងប្រទេសចិន សម្រាប់​ការ​បើក​ឲ្យមាន​ការភ្នាល់​តាម​គេហៈទំព័រ​នៅក្រៅប្រទេស ឈ្មោះ Dafa។ បន្ទាប់ពីមានការ​ស៊ើបអង្កេត​អស់រយៈពេល​យ៉ាងយូរ យើងរកឃើញថា គេហទំព័រ​ល្បែងស៊ីសង​ Dafa នេះ គឺមានមូលដ្ឋាន​នៅកម្ពុជា»។

ប៉ូលីសចិន រកឃើញថា មាន​ភ្នាក់ងារ​ខុសច្បាប់​ ជិត​១ពាន់ភ្នាក់ងារ នៅក្នុងប្រទេសចិន កំពុង​ធ្វើការ​អូសទាញ​មនុស្ស​នៅក្នុង​ប្រទេសចិន​ឲ្យ​លេង​ល្បែង​តាមអនឡាញនេះ។

បើតាម​ការ​សន្និដ្ឋាន​របស់ប៉ូលីស ក្នុងក្រុង​ចុងឈីង តាម​រយៈ​ចំនួន​ភ្នាក់ងារ​ជិត​១ពាន់នាក់ គេអាច​ប៉ាន់ស្មានថា ចំនួន​អ្នកលេងល្បែងស៊ីសង​អាចនឹងមាន​ដល់ទៅ ១០ម៉ឺននាក់ឯណោះ។ 

នៅឆ្នាំ២០១៩ ប៉ូលីសចិន បាន​សហការជាមួយនឹង​ប៉ូលីស​កម្ពុជា​ បាន​បើកការស៊ើបអង្កេត​​នៅក្រុងព្រះសីហនុ ហើយនៅថ្ងៃទី ៣១ កក្កដា ឆ្នាំ២០១៩ ដោយមានការ​ចូលរួមជួយ​​ពី​កម្លាំងប៉ូលីសកម្ពុជា ប៉ូលីសចិន បាន​ បិទបញ្ចប់​ករណីនេះ និងបានចាប់ខ្លួន​ជនសង្ស័យ​មួយចំនួន មានទាំងនៅ​កម្ពុជា និងប្រទេសចិនផងដែរ។

បើតាមការអះអាង​ពីមន្ត្រីប៉ូលីសចិន បាន​ឲ្យដឹងថា តាមការស៊ើបអង្កេត​តាំងពីខែមករា ឆ្នាំ២០១៨ គណនី​ដែលបាន​លេងល្បែងស៊ីសង​តាមអនឡាញនេះ មានទឹកប្រាក់សរុប​កើនដល់ ១០០ ពាន់លាន​យ័ន ឬស្មើនឹង​ជាង ១៤ ពាន់លាន​ដុល្លារអាមេរិក។

សូមបញ្ជាក់ដែរថា ប្រទេសកម្ពុជា ក៏ទើបតែ​បញ្ចប់​ និងលែង​ផ្ដល់អាជ្ញាបណ្ណ​បន្ត ដល់​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​អនឡាញនេះផងដែរ ពោលគឺបានបិទបញ្ចប់​លែង​ឲ្យមាន​អាជីវកម្មនេះ​ ​ចាប់តាំងពីម៉ោង ០០ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩មក។ 

សម្តេច តេជោ ហ៊ុន សែន ក៏ធ្លាប់​បានបញ្ជាក់​ចុងក្រោយទាក់ទង​នឹងការបិទអាជីវកម្ម​ល្បែងភ្នាល់​អនឡាញនេះ នៅក្នុងឱកាស​សម្ដេចអញ្ជើញ​បើកពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត​កាល​ពីពេលថ្មីៗនេះថា បើសិនសេដ្ឋកិច្ចកម្ពុជា​ត្រូវរស់ ដោយសារតែពឹងតែ​លើអាជីវកម្ម​ល្បែងភ្នាល់​អនឡាញនេះ នោះ កម្ពុជានឹងក្លាយជា​ជនរងគ្រោះទាក់ទង​នឹងបញ្ហាសន្ដិសុខជាតិ និងក្លាយជាកន្លែង​សម្រាប់ការលាងលុយកខ្វក់ និងភារវៈកម្ម ហើយសេដ្ឋកិច្ចកម្ពុជា​ក៏នឹងជាសេដ្ឋកិច្ច​ពពុះសាប៊ូ ងាយផ្ទុះបែក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្ម៖ ការនាំចូលមាន់រស់ បានថយចុះពី៤,៤ម៉ឺនក្បាល មកនៅ១,៧ម៉ឺនក្បាល ក្នុងមួយថ្ងៃ

ព័ត៌មាន
ការនាំចូលមាន់រស់ពីបរទេស បច្ចុប្បន្នបានថយចុះពី៤,៤ពាន់ក្បាលក្នុងមួយថ្ងៃ មកនៅត្រឹម១,៧ម៉ឺនក្បាលក្នុងមួយវិញ បន្ទាប់ពីក្រសួងកសិកម្មបានកាត់បន្ថយ…

ចិនប្រមូលទិញសាច់ជ្រូក ផ្គត់ផ្គង់បុណ្យចូលឆ្នាំចិនដោយសង្ឃឹមថាខ្វះខាត

ព័ត៌មាន
តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងអាចរក្សាបាននូវស្ថេរភាពថ្លៃ នាឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ បន្ទាប់ពីតម្លៃសាច់ជ្រូកជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ