អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដឹកនាំព្រឹត្តិការណ៍បរិច្ចាគឈាម ដើម្បីឆ្លើយតប ដល់អ្នកជំងឺជាច្រើននាក់កំពុងមានតម្រូវការឈាម និងការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងចូលរួមលើកកម្ពស់វិស័យសុខាភិបាល ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ក្តីស្រលាញ់ ឆ្នាំ២០២២»


ការបរិច្ចាគឈាមជារៀងរាល់ថ្ងៃជួយសង្គ្រោះជីវិតរបស់មនុស្សជាច្រើននៅទូទាំងពិភពលោក ខណៈការបរិច្ចាគឈាមល្អសម្រាប់សុខភាពរបស់អ្នកបរិច្ចាគដូចជា៖ កាត់បន្ថយជំងឺមហារីកនានា កាត់បន្ថយភាពតានតឹងក្នុងចិត្ត និងកូលេស្តេរ៉ុល កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល ។ល។
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដឹកនាំព្រឹត្តិការណ៍ «ផ្ដល់ឈាម ផ្ដល់ក្តីស្រលាញ់ ឆ្នាំ២០២២»

ជាពិសេស គឺជួយដល់​អ្នក​ជំងឺដែល​ត្រូវការឈាមជាបន្ទាន់ផងដែរ។ វា​ជា​ការ​សំខាន់​ណាស់​ដែល​ការ​បរិច្ចាគ​ឈាម​ត្រូវធ្វើ​ឡើង​តែ​នៅ​ក្នុង​មន្ទីរពេទ្យ ឬ ​គ្លីនិក ឬ​ធនាគារ​ឈាម និង​មាន​វត្តមាន​របស់​អ្នកជំនាញ​វេជ្ជសាស្ត្រ ស្របពេលដែលអ្នក​បរិច្ចាគ​ឈាម​ត្រូវ​ធានា​ថា ពួក​គេ​មាន​សុខភាព​ល្អ​ដើម្បី​ជៀសវាង​បញ្ហា​សុខភាព​ណាមួយ​ដល់​អ្នក​ដែល​ត្រូវការ​ឈាមនោះ។ ការបរិច្ចាគឈាមមិនត្រឹមជួយដល់អ្នកជំងឺដែលត្រូវការឈាមប៉ុណ្ណោះទេ បន្តែក៏បង្ហាញពីទឹកចិត្តករុណារបស់បងប្អូនស្ម័គ្រចិត្តផ្ដល់ឈាម ដែលនេះគឺជាកិច្ចការសង្គមមួយដែលមនុស្សគ្រប់គ្នាអាចចូលរួមបាន។ ម្យ៉ាងវិញទៀតក៏បង្ហាញពីស្មារតីសាមគ្គី និងវប្បធម៌ចែករំលែកជួយគ្នាក្នុងគ្រាលំបាកផងដែរ។ ​​

ដោយមានអ្នកជំងឺជាច្រើននាក់កំពុងមានតម្រូវការឈាម ដែលក្នុងមួយនាទីត្រូវការឈាមពីចន្លោះពី ៥ប្លោក ឡើងនោះ និងជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងចូលរួមលើកកម្ពស់វិស័យសុខាភិបាល នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាច្បារអំពៅ (JCI) ដើម្បីរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមសង្គ្រោះជីវិត ក្នុងអគារសាលសន្និបាត ឬសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំ ភីអេច ហ្រ្គេនហល ស្ថិតក្នុងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ក្នុងគោលបំណងដើម្បីប្រមូលឈាមបម្រុងទុកជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល ដើម្បីយកទៅប្រើប្រាស់ទៅតាមតម្រូវការជាក់ស្ដែង ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាមរបស់អ្នកជំងឺ ដែលកំពុងសង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា។

លោក អ៊ុក វីឡា នាយកធនធានមនុស្ស និងជាតំណាងក្រុមហ៊ុន ប៉េង ហួត​ គ្រុប បានលើកឡើងថា៖ « សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងនូវទឹកចិត្ត និងស្មារតីចូលរួមកិច្ចការមនុស្សធម៌របស់បងប្អូន ក្នុងព្រឹត្តិការណ៍បរិច្ចាគឈាមនេះ។ ពិតណាស់ការបរិច្ចាគឈាមរបស់បងប្អូនក្នុងថ្ងៃនេះ គឺជាការជួយសង្រ្គោះជីវិតអ្នកជំងឺម្នាក់ ដែលកំពុងសង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យ ឱ្យរស់រានមានជីវិតបន្តទៀត ស្របពេលដែលតាមមន្ទីរពេទ្យត្រូវការប្រើប្រាស់ឈាមផ្ដល់ឱ្យអ្នកជំងឺពីចន្លោះ ២៥០ ទៅ ៣០០ប្លោក ក្នុងមួយថ្ងៃ។ ផ្អែកតាមកាសិក្សាស្រាវជ្រាវ តម្រូវការឈាមក្នុងមួយឆ្នាំៗគឺមានការខ្វះខាតច្រើនប្រមាណជាង ២៧% ដែលនេះជាតួរលេខមួយ ដែលបង្ហាញពីក្ដីព្រួយបារម្ភមួយនៃការខ្វះខាតឈាមជាច្រើន ដើម្បីឆ្លើយតបទៅការផ្ដល់ឈាមជូនអ្នកជំងឺដែលមានតម្រូវការឈាម។

លោកបានបន្តទៀតថា ទន្ទឹមនេះផងដែរ យើងខ្ញុំជាថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់សូមសម្ដែងនូវអំណរគុណ និងកោតសរសើរដល់ទឹងចិត្តសប្បុរសធម៌ របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលគិតគូរ និងដឹកនាំបុគ្គលិក និងបងប្អូនឱ្យចូលរួមចំណែកក្នុងការងារមនុស្សធម៌ដ៏ថ្លៃថ្លាមួយនេះ។ ជាចុងក្រោយនេះ យើងខ្ញុំសង្ឃឹម និងជឿជាក់លើស្មារតីចូលរួមរបស់បងប្អូនសម្រាប់ការងារមនុស្សធម៌ក្នុងការផ្ដល់ឈាមនាឱកាសក្រោយៗទៀតជាមួយគ្នា ដើម្បីបន្តជួយសង្រ្គោះជីវិតអ្នកជំងឺជាច្រើនទៀត។ » ​

ជាមួយគ្នានេះដែរ លោក លីសុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏បានបញ្ជាក់ផងដែរថា៖ «​ ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសជនទាំងអស់គ្នា ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ រួមចំណែកជួយសង្រ្គោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។ ពិតណាស់ថា យុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្តីស្រលាញ់” នាថ្ងៃនេះ គឺជាប្រធានបទដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ ២គឺ

ទី១៖ បង្កើត ទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឱ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា ។

ទី២៖ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។ ល។ »

លោកបានសង្កត់ធ្ងន់ថា៖ « ជាការឆ្លើយតបទៅនឹងសំនួរមហាជនជាច្រើន ទាក់ទងនឹងការបរិច្ចាគឈាមនេះ តើមានផលប៉ះពាល់ដល់សុខភាពដែរឬទេ? ខ្ញុំបាទសូមបញ្ជាក់ថា ការបរិច្ចាគឈាមនេះ គឺមិនមានការប៉ះពាល់ដល់សុខភាពនោះទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស រហូតមកដល់ពេលនេះមិនទាន់មានរោងចក្រណាផលិតឈាមបានទេ។ សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាមបែរជាហួសពេល។ ទន្ទឹមគ្នានោះផងដែរ លោកបានជម្រាបជូនពីស្ថានភាពតម្រូវការឈាម ក្នុងឆ្នាំ២០២១ កន្លងមក នៅរៀងរាល់ ៦នាទីម្តង យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺ។ តម្រូវការឈាមប្រចាំថ្ងៃ សរុបប្រមាណជាង ២០០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១០ម៉ឺនប្លោក/១ឆ្នាំ ដែលលើសពីឆ្នាំមុនៗជាង ២០% ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានគ្របដណ្ដប់ជាង ៧០% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាមតាមរយៈសប្បុរសជនដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្តឆ្លើយតបបានប្រហែលជាង ១០% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០% នៃតម្រូវការនេះ បើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក។

ជាចុងក្រោយ លោកបានអំពាវនាវដល់សប្បុរសជនទាំងឡាយ សូមចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក្នុងការផ្គត់ផ្គង់ និងបរិច្ចាគឈាមដោយមិនគិតកម្រៃ និងស្ម័គ្រចិត្តឱ្យបានកាន់តែច្រើន បន្ថែមទៀត ដើម្បីជួយដល់អ្នកជំងឺ និងជនរងគ្រោះដែលត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា។ »

សូមបញ្ជាក់ផងដែរ៖ ព្រឹត្តិការណ៍បរិច្ចាគឈាមក្នុងថ្ងៃនេះ គឺទទួលបានចំនួនសរុបប្រមាណជាង ១០៥ប្លោក ដែលនេះគឺជាលទ្ធផលថ្មីជាបន្តបន្ទាប់ទៀតនៃការងារទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលកន្លងមកបានចូលរួមក្នុងការងារមនុសប្បុរសធម៌ជាច្រើនរួមមាន៖ ការងារបរិស្ថាន អប់រំ សង្គម វប្បធម៌ សុខុមាលភាព ក្នុងនោះមានជាការចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ បរិច្ចាគថវិកាទិញវ៉ាក់សាំង និងផ្ដល់ជាទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បរិច្ចាគថវិកាសាងសង់មន្ទីរពេទ្យ កាល់ម៉ែត ចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម។ល ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់អាមេរិកថា ប្រទេសចិនពិតជាមិនបានផ្តល់ជំនួយគាំទ្រយោធាដល់រុស្ស៊ីមែន ប៉ុន្ដែក្រុមហ៊ុនក្នុងស្រុកចិនបានគាំទ្រ

ព័ត៌មាន
ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកមិនបានរកឃើញថា ប្រទេសចិនគេចវេសព…

ពិធីសម្ពោធ បើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការ បុរីខេមរភូមិ គំរោងទី២ និងពិធីចាប់រង្វាន់ រថយន្តសេរីទំនើប Mazda ចំនួន២គ្រឿង ជូនអតិថិជន

ព័ត៌មាន
បន្ទាប់ពីទទួលបានភាពជោគជ័យដ៏អស្ចារ្យ សំរាប់គំរោងទី១ នៃបុរីខេមរភូមិ ឥឡូវនេះក្រុមហ៊ុន ម៉ូណាចឈី លេនដ៍ អេន អីនវេសមិន (Monarchy land…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ