ទីផ្សារអចលនទ្រព្យ​ក្រុងព្រះសីហនុ

អ្នកខ្ចីប្រាក់ទៅសាងសង់អគារជួល ផ្ទះជួលក្នុងក្រុងព្រះសីហនុ អាចនឹងជួបវិបត្តិអ្វីខ្លះ ក្រោយពីការចាកចេញយ៉ាងគំហុករបស់ជនជាតិចិន?


សាធារណជន​ជាច្រើនបានលើកឡើងជាសំណួរថា តើការចាកចេញរបស់ជនជាតិយ៉ាងគំហុកពីខេត្តព្រះសីហនុ អាចនឹងធ្វើឲ្យប៉ះពាល់អ្វីខ្លះ ដល់អ្នកដែលខ្ចីលុយពីធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅទិញអចលនទ្រព្យ និង វិនិយោគសាងសង់អគារ ជួល ផ្ទះជួល និង អាជីវកម្មផ្សេងៗទៀតនៅក្នុងខេត្តព្រះសីហនុ?
បន្ទប់ជួល​មួយកន្លែនៅក្នុង​ខេត្តព្រះសីហនុ​ប្រកាស​ដាក់ជួល (រូបភាព៖ ពីហ្វេសប៊ុក)

ជុំវិញទៅនឹងការ​ព្រួយបារម្ភ និងឆ្លើយតប​ទៅនឹងសំណួរ​ខាងលើនេះ ត្រូវបានអ្នក​ជំនាញ​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានអះអាងថា រហូតមកដល់​ពេលនេះ មិនទាន់មាន​សញ្ញាណាមួយ​ដែលធ្វើឲ្យ ប៉ះពាល់ដល់​ការផ្តល់​កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា នោះឡើយ។

ពិសេសជាងនេះ​ទៅទៀត ក៏មិនទាន់ទទួល​បានដំណឹង​ដែលធ្វើឲ្យប៉ះពាល់​ដល់ អ្នកខ្ចីលុយ​ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​នោះដែរ បើទោះបីជាមាន ការចាកចេញ​យ៉ាងគំហុក​របស់ជនជាតិ​ចិន ដែលបាន​និងកំពុង​គំរាមកំហែង​ដល់អ្នកខ្ចី​ប្រាក់ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីធ្វើជាដើមទុន​ក្នុងការ​ប្រកបរបរ​អាជីវកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និង ផ្ទះជួល អគារផ្សេងៗ​ស្ថិតនៅ​ក្នុង ខេត្តព្រះសីហនុ និង តំបន់ជាប់​ព្រំដែន ប៉ោយប៉ែត បាវិត និង ព្រំដែនជ្រៃ​ធំ​ជាដើម។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានប្រាប់អ្នកសាព័ត៌មាន នៅក្នុងសិក្ខាសាលា ស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ច​ជនបទ តាមរយៈវិស័យ​មីក្រូហិរញ្ញវត្ថុថា រហូតមកដល់ពេលនេះ លោកពុំទាន់​ទទួលបានព័ត៌មាន ឬជាការ​បារម្ភណាមួយ​ពីសមាជិក​នៅឡើយទេ។

លោកថា ក្នុងកាលៈទេសៈដែលជនជាតិចិន​បានចាកចេញ​ពីកម្ពុជា​នេះសម្រាប់​វិស័យមីក្រូហិរញ្ញវត្ថុ​គឺមិនមាន​ផលប៉ះពាល់ឡើយ ព្រោះរាល់កម្ចីភាគច្រើន​ដែលផ្តល់​ទៅអតិថិជន​គឺកម្ចីខ្នាតតូច​មានតម្លៃទឹកប្រាក់​ចន្លោះពី ១ម៉ឺនដុល្លារ ទៅ ៥ម៉ឺនដុល្លារ​អាមេរិក​ក្នុងមួយ​ឥណទាន។

នៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ការសងត្រឡប់​សម្រាប់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គឺនៅតែមាន​ភាពល្អប្រសើរ ចំណែកឥណទាន​ដែលមិនល្អ​មិនមានការផ្លាស់ប្តូរ​ឡើយស្ថិត​ក្នុងអត្រា ០,២ភាគរយ គឺជាតួលេខមួយ​ល្អសម្រាប់​វិស័យហិរញ្ញវត្ថុ។

តាមការបញ្ជាក់ពីប្រធាន​ក្រុមប្រឹក្សា​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ដដែលរូបនេះបានបង្ហាញថា ចំនួនអ្នកខ្ចីប្រាក់ពី​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ប្រមាណ ១,២លាននាក់ គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ និងបើគិតជា​ទឹកប្រាក់​ប្រមាណ ៦ពាន់លានដុល្លារ ដែលភាគច្រើន​ពួកគាត់យកទៅប្រើប្រាស់​នៅក្នុងវិស័យ​កសិកម្ម ពាណិជ្ជកម្ម សេវាកម្ម និងវិស័យសំណង់។

លោកគា បូរាណបន្ថែមថា បច្ចុប្បន្នចំនួនប្រជាជន​ដែលទទួល​បានកម្ចី​នៅទីជនបទ​មានចំនួន​ច្រើនលើស​លុប និងប្រាក់សន្សំ​ក៏ដូចគ្នាដែរ ប៉ុន្តែបើនិយាយ​ពីទំហំប្រាក់កម្ចី នៅក្នុង​រាជធានីភ្នំពេញ​គឺមានទំហំច្រើនជាង ដោយសារតែភាគច្រើន​នៃអ្នកខ្ចី​នៅទីប្រជុំជន​ត្រូវការកម្ចីខ្នាត​ធំ​សម្រាប់​ប្រកបរបរអាជីវកម្ម។

បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​បានធ្វើប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជាប្រមាណ ៩០ភាគរយ នៃចំនួន​ភូមិសរុប ដែលអាចនិយាយ​បានថា សល់តិចតួច​ត្រឹម ១០ភាគរយ​ប៉ុណ្ណោះ ដែលមិនទាន់​បានទៅដល់។ 

លោក សុខ វឿន សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជាបានលើកឡើង​ថា វិស័យមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា គឺមានភាពរីកចម្រើន និងរឹងមាំ​ប្រមាណ ២០ឆ្នាំមកហើយ ហើយភាពរឹងមាំនេះ ក៏ដោយសារតែ កត្តាស្ថិរភាព​នយោបាយ ស្ថិរភាពសេដ្ឋកិច្ច អត្រា​អតិថរណាទាប និងអត្រាប្តូរ​ប្រាក់​រក្សាលំនឹងល្អ បើធៀបនឹង​ប្រទេសជិតខាង គឺកម្ពុជាល្អបំផុត។

លោកបន្តថា ភាពជោគជ័យមួយទៀត គឺពាក់ព័ន្ធ​នឹងផ្លូវច្បាប់មួយចំនួន​គឺកម្ពុជា​យើងធ្វើ​បានល្អ ចំណែកការ​ទទួលខុស​ត្រូវ​របស់ពលរដ្ឋ​អ្នកខ្ចីវិញ​ក៏មានឆន្ទៈក្នុងការសង​ទាន់ពេល ខណៈកត្តាធម្មជាតិ​ក៏បានផ្តល់ អំណោយផល​ល្អផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម​​ព្យាយាម​​ទាក់ទាញ​ចិន សហការ​គ្នា​ផលិត​និង​នាំ​ចេញ​តែ​និង​កាហ្វេ

ព័ត៌មាន
ប្រទេស​វៀតណាម​ព្យាយាម​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ប្រទេស​ចិន​បន្ថែម​ទៀត ជាពិសេស លើ​ការ​ផលិត​និង​នាំចេញ​តែ​និង​កាហ្វ…

ប្រធានក្រុមហ៊ុន THAI Airways ច្រានចោលព័ត៌មានថា ក្រុមហ៊ុនប្រឈមនឹងការបិទទ្វារ

ព័ត៌មាន
ប្រធានក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ថៃគឺ THAI Airways បានចេញមុខបកស្រាយជុំវិញ វិបត្តិក្រុមហ៊ុន ក្រោយពីមានបណ្តាញសារព័ត៌មានជាច្រើន បានចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ