ទីផ្សារអង្ករនៅអាស៊ី

ហ្វីលីពីនចង់ងាកចេញពីថៃ និង វៀតណាម ទៅរកទិញអង្ករពីឥណ្ឌាទៅវិញ


ហ្វីលីពីន ជាប្រទេសមួយក្នុងចំណោមកំពូលប្រទេសនាំចូលអង្ករធំៗក្នុងពិភពលោក អាចនឹងងាកចេញពីការទិញអង្ករនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាវៀតណាម និងថៃ ដោយស្វែងរកទិញអង្ករពីប្រទេសឥណ្ឌាវិញ ដោយសារតែតម្លៃអង្ករឥណ្ឌា ថោកជាងតម្លៃអង្ករវៀតណាម ថៃ កម្ពុជា និង មីយ៉ាន់ម៉ា ជាដើម។ នេះបើតាមការរាយការណ៍ដោយ ភ្នាក់ងារព័ត៌មាន Reuters។
ហ្វីលីពីនចង់ងាកចេញពីថៃ និង វៀតណាម ទៅរកទិញអង្ករពីឥណ្ឌាទៅវិញ
ដោយ

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ហ្វី​លី​ពី​ន លោក ខា​ឡូ​ស ដូ​មីន​ហ្គេ​ស (Carlos Dominguez) បាន​លើក​ឡើង​ថា ហ្វី​លី​ពី​ន​កំពុង​រក​មើល​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំ​ចូល​អង្ករ ដើម្បី​រក្សា​តម្លៃ​អង្ករ​ឲ្យ​នៅ​សមរម្យ​។ បើ​តាម​មន្ត្រីជាន់ខ្ពស់​របស់​ហ្វី​លី​ពី​នរូ​ប​នេះ ប្រទេស​ឥណ្ឌា ដែល​ជា​អ្នក​នាំ​ចេញ​អង្ករ​ដ៏​ធំ​ជាងគេ​របស់​ពិភពលោក​នោះ អាច​នឹង​ក្លាយជា​ជម្រើស​របស់​ហ្វី​លី​ពី​ន​ក្នុង​ការ​បញ្ជា​ទិញ​អង្ករ ដោយសារ​តែ​តម្លៃ​អង្ករ​ឥណ្ឌា​មាន​ទាប​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ដែល​ហ្វី​លី​ពី​ន​ធ្លាប់​បាន​ទិញ កន្លង​មក​។

មែនទែន​ទៅ ប្រទេស​ហ្វី​លី​ពី​ន តាំងពី​ដើម​មក​គឺ​មានការ​នាំ​ចូល​អង្ករ​ភាគច្រើន​បំផុត ពី​ប្រទេស​វៀតណាម ហើយ​ជា​រឿយ​ៗ ក៏​បាន​ទិញ​អង្ករ​ពី​ប្រទេស​ថៃ​ដែរ ប៉ុន្ដែ សម្រាប់​ការ​បញ្ជា​ទិញ​អង្ករ​ពី​ឥណ្ឌា គឺ​មាន​តិចតួច​ណាស់​។

ដើម្បី​ស្វែងរក​ការ​ធ្វើ​ពិពិធ​កម្ម និង ការ​គ្រប់គ្រង​អតិផរណា​លើ​ស្បៀងអាហារ កន្លង​មក ប្រទេស​ហ្វី​លី​ពី​ន​បាន​ដាក់​ចេញ​នូវ​ការ​កាត់​បន្ថយ​ពន្ធគយ​លើ​មុខទំនិញ​អង្ករ​នាំ​ចូល​ពី​បណ្ដា​ប្រទេស​អាស៊ាន​ផង​ដែរ​។ ជាមួយ​គ្នា​នេះ បញ្ហា​ប្រែប្រួល​អាកាសធាតុ ដែល​អាច​នឹង​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ផលិតកម្ម​ស្រូវ​អង្ករ ប្រទេស​ហ្វី​លី​ពី​ន ក៏​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​មានការ​កាត់​បន្ថយពន្ធ​នាំ​ចូល​អង្ករ​ផង​ដែរ ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា កុំ​ឲ្យ​តម្លៃ​អង្ករ​លក់​នៅ​ក្នុង​ទីផ្សារ​ឡើងថ្លៃ​ខ្ពស់​ពេក ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​។

ក្រោយ​ពី​មានការ​បញ្ចុះ​ពន្ធគយ​លើ​មុខទំនិញ​អង្ករ​នាំ​ចូល​ពី​រដ្ឋាភិបាល​ហ្វី​លី​ពី​ន គេ​សង្កេត​ឃើញ​ថា ក្នុង​ខែឧសភា​ឆ្នាំ​២០២១ ការ​ចំណាយ​លើ​ការ​នាំ​ចូល​អង្ករ​ពី​វៀតណាម​បាន​ថយ​ចុះ​ជិត​១៣% មក​នៅ​តម្លៃ​ប្រមាណ​ជាង​៤០៤​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​តោន ធៀប​នឹង​តម្លៃ​កាលពី​ខែឧសភា​ឆ្នាំ​មុន​។

បើ​ទោះបីជា​មានការ​បន្ថយ​ពន្ធគយ តម្លៃ​អង្ករ​ពី​វៀតណាម​នាំ​ចូល​ហ្វី​លី​ពី​ន​មាន​តម្លៃ​ទាប​ជាង​មុន​ក៏​ដោយ​ចុះ ប៉ុន្ដែ ហ្វី​លី​ពី​ន នៅ​តែ​បន្ដ​ស្វែងរក​ទីផ្សារ​ទិញ​អង្ករ​បន្ថែម ដែល​អាច​មាន​តម្លៃ​ថោក​ជាង​នេះ​ទៀត ហើយ​ឥណ្ឌា​គឺជា​ទីផ្សារ​សក្ដានុពល​មួយ ដែល​ហ្វី​លី​ពី​ន​មិន​អាច​មើល​រំលង​នោះ​ឡើយ​។

ជុំវិញ​ទៅ​នឹង​តម្លៃ​ទីផ្សារ​អង្ករ​នេះ​ដែរ បើ​មើលទៅ​ទីផ្សារ​អង្ករ​វៀតណាម គឺ​កំពុង​តែ​បារម្ភ​ខ្លាំង​ពី​ការ​បាត់បង់​ភាព​ប្រកួតប្រជែង​របស់​ខ្លួន​លើ​ទីផ្សារ​ពិភពលោក ដ្បិតថា​តម្លៃ​អង្ករ​វៀតណាម​កំពុង​មាន​តម្លៃ​ថ្លៃ​ជាង​គូប្រជែង ដូច​ជា​អង្ករ​របស់​ប្រទេស​ថៃ និង ឥណ្ឌា​ជាដើម​។

ឈ្មួញ​អង្ករ​វៀតណាម បាន​គូស​បញ្ជាប់​ប្រាប់​សារព័ត៌មាន VN Express ថ្មី​ៗ​នេះ​ថា អ្នកបញ្ជា​ទិញ​អង្ករ​កំពុង​មានការ​ផ្លាស់​ប្ដូរ​ការ​ផ្គត់ផ្គង់​ទៅ​រក​ប្រទេស​ថៃ និង ឥណ្ឌា​វិញ​ម្ដង ដោយសារ​តែ​តម្លៃ​អង្ករ​ប្រទេស​ទាំង​ពីរ​នេះ គឺ​ថោក​ជាង​អង្ករ​វៀតណាម​។

អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ​បាន​អះអាង​ថា តម្លៃ​អង្ករ​ពិភពលោក​កំពុង​មានការ​ឡើងថ្លៃ​ក៏​ដោយសារ​តែ​តម្លៃ​ប្រេងឥន្ធនៈ​កំពុង​ឡើងថ្លៃ ហើយ​ការ​ដឹក​ជញ្ជូន​ក៏​មានការ​លំបាក​និង​ឡើងថ្លៃ​ខ្លាំង គួប​ផ្សំ​នឹង​បញ្ហា​កង្វះខាត​ទូ​កុងតឺន័រ​ដើម្បី​ដឹក​អង្ករ​នាំ​ចេញ​។ បញ្ហា​ដឹក​ជញ្ជូន​ឡើងថ្លៃ​នេះ ក៏​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ច្រើន រួម​ទាំង​កម្ពុជា​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃស្បៀងអាហារលើពិភពលោកហក់ឡើងខ្លាំងមិនធ្លាប់មាន ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ

ព័ត៌មាន
តម្លៃស្បៀងអាហារនៅទូទាំងពិភពលោកបានហក់ឡើងខ្ពស់ខ្លាំងមែនទែន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសនៅ១ឆ្នាំចុងក្រោយនេះតែម្ដង ដោយវាបានហក់ឡើងដល់ទៅ…

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទាមទារឲ្យចិនសងថ្លៃខូចខាត ចំនួន១០ទ្រីលានដុល្លារ

ព័ត៌មាន
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះ បានបង្ហាញមុខថ្លែងជាសាធារណៈលើកដំបូង ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែមក។ ការបង្ហាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ