វិស័យឡូជីស្ឌិក​កម្ពុជា

តើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ កំពុង​វិវត្តដល់ណាហើយ?


រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដែលជាគំនិតផ្តួចផ្តើមបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ ឈានដល់ដំណាក់កាលនៃការពិនិត្យសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍរួចហើយ ហើយមកដល់ពេលនេះ សម្រាប់គម្រោងនេះ រដ្ឋាភិបាលកម្ពុជាក៏កំពុងតែពន្លឿនថែមទៀតនូវ ការងារពិនិត្យដើម្បីបញ្ចប់ ឈានទៅរកការចុះហត្ថលេខានៃកិច្ចព្រមព្រៀង ជាមួយដៃគូអភិវឌ្ឍន៍តាមការគ្រោងទុក។
ការដឹកជញ្ជូនទំនិញតាមកំពង់ផែនៅកម្ពុជា (រូបភាព៖ http://www.pas.gov.kh)
ដោយ

ថ្លែងនៅក្នុង​កិច្ច​ប្រជុំ​ពិនិត្យ និងអនុម័ត​លើសេចក្ដី​ព្រាង​ចុងក្រោយ នៃ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​​ នៃគម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ ជាមួយ​លោក Alex Sanford អ្នក​ប្រឹក្សាយោបល់​ផ្នែកច្បាប់​អន្តរជាតិ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពីចម្ងាយ​កាលពី​ថ្ងៃទី២១ ខែធ្នូ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន​​បាន​​គូស​បញ្ជាក់ថា តាមរយៈ​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្ដុភារកម្ម​ភ្នំពេញ​នឹង​លើកស្ទួយ​វិស័យ​ដឹកជញ្ជូន​ឱ្យកាន់តែ​មាន​ប្រសិទ្ធភាព និងមា​នលក្ខណៈ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់ និង​សកលលោក​ទាំង​តម្លៃ និង​សេវាកម្ម និង​ជា​កម្លាំង​ចលករ​ជួយជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យកាន់តែ​រីកចម្រើន​ និង​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០។

ជុំវិញនឹង​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភារកម្ម​ភ្នំពេញ​នេះ ត្រូវបាន​អ្នកជំនាញ​នៅក្នុង​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​បង្ហាញ​ពីការគាំទ្រ និងបាន​អះអាងថា​ វត្តមាន​នៃ​ការបង្កើត​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​នឹងធ្វើឲ្យ​វិស័យ​ដឹកជញ្ជូន​នៅកម្ពុជា​មាន​ការអភិវឌ្ឍ​កើនឡើង​ថែមមួយ​កម្រិត​ទៀត​នៅឆ្នាំ​ខាងមុខ។

លោក ស៊ិន ចន្ធី ប្រធាន​​សមាគម​​ភស្តុភារកម្ម​​កម្ពុជា​​ថ្លែងថា ក្រុមហ៊ុន​​វិស័យ​ឯកជន​​ពិតជា​គាំទ្រ និងចង់​ឲ្យ​គម្រោង​​អភិវឌ្ឍន៍​​មជ្ឈមណ្ឌល​ភ័ស្តុភាកម្មភ្នំពេញ​ចេញឲ្យ​បានកាន់​តែឆាប់​កាន់​តែល្អ ស្របទៅ​នឹងសន្ទុះ​នៃការ​រីកចម្រើន​វិស័យ​ដឹកជញ្ជូន​ក្នុង​បរិការណ៍​បច្ចុប្បន្ន ក៏ដូចជា​នៅអំឡុង​ពេល​ក្រោយ​ពីជំងឺ​កូវីដ ១៩ ត្រូវបាន​បញ្ចប់ទៅវិញ ដោយគិតថា​វិស័យ​ដឹកជញ្ជូន​នឹងមាន​សកម្មភាព​ស្ទុះខ្លាំង​ជាងមុន។

លោក ស៊ិន ចន្ធី បន្តថា តាមរយៈ គម្រោងនេះ វាពិត​ជាសំខាន់​និងចាំបាច់​ក្នុងការ​ជួយ​សម្រួល​ដល់ការងារ​ដឹកជញ្ជូន​ទំនិញ​កាន់តែ​ងាយស្រួល និងឆាប់​រហ័ស​ ដោយសារតែ​មជ្ឈមណ្ឌលនេះ ជាកន្លែង​ប្រមូល​ផ្តុំ​ទាំង​សេវាកម្ម​ក្រុមហ៊ុន និងការ​បំពេញ​បែប​បទ​រដ្ឋបាល​ផ្សេងៗ​ត្រូវស្ថិត​នៅនឹង​កន្លែងតែមួយ។

សូមជម្រាបថា មជ្ឈមណ្ឌល​ភស្តុភារកម្ម​ភ្នំពេញ​ដែលគ្រោង​នឹង​បង្កើត​ឡើងនេះ លាតសន្ធឹង​លើផ្ទៃ​ដីជិត​ ១០០ហិកតា​ ដែលជា​ទីតាំង​យុទ្ធសាស្ដ្រ​មួយ​តភ្ជាប់​ទៅកាន់​កំពង់​ផែសមុទ្រ​ទឹកជ្រៅ​ក្នុងខេត្ត​ព្រះសីហនុ និងផ្លូវ​ដែក​ភាគខាងជើង​ដែលចេញ​ពីរាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ក្រុង​ប៉ោយប៉ែត​ព្រំដែនប្រទេសថៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កញ្ចប់ជាង១ទ្រីលានដុល្លារ ត្រូវបានគណៈរដ្ឋមន្ត្រីជប៉ុនអនុម័ត សម្រាប់ឆ្នាំសារពើពន្ធ ២០២១

ព័ត៌មាន
គណៈរដ្ឋមន្ត្រីជប៉ុន នៅថ្ងៃចន្ទ ទី២១ ខែធ្នូ បានអនុម័តលើសេចក្ដីព្រាងកញ្ចប់ថវិកាចំនួន ជាង១ទ្រីលានដុល្លារអាមេរិក សម្រាប់សារពើពន្ធឆ្នាំ២០២១ ខណៈ…

ធនាគារពិភពលោក ព្រមានពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ថៃ ក្រោយពីមានការផ្ទុះឡើងនូវរលកឆ្លងថ្មី

ព័ត៌មាន
ធនាគារពិភពលោក បានព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅត្រីមាសចុងក្រោយនេះ អាចនឹងធ្លាក់ចុះខ្លាំងដូចទៅនឹង ត្រីមាសទី២កន្លងមក បើសិនជារាជរដ្ឋាភិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ