នាយករដ្ឋមន្ត្រី​បើក​យុទ្ធនាការ​វះកាត់​មន្ត្រីអាក្រក់?

នាយក​រដ្ឋមន្រ្តី៖ ចាប់​ពី​ថ្ងៃ​នេះ​ទៅ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ចុះ​ចាប់​ត្រង់ៗ​ក្នុង​ការ​វះកាត់​មន្រ្តី​អាក្រក់


នាយក​រដ្ឋមន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ ទី២៩ ខែ​កក្កដា ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​​នៅ​ក្នុង​ប្រទេស នឹង​ចុះ​ចាប់​ត្រង់ៗ​តែ​ម្តង ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​ដើម្បី​វះកាត់​មន្រ្តី​អាក្រក់​ដោយ​ប្រើប្រាស់​អភិក្រម​ទី៥។
នាយក​រដ្ឋមន្រ្តី សម្ដេច​ តេជោ ហ៊ុន សែន មានប្រសាសន៍​នៅថ្ងៃ​ទី២៩ កក្កដា ២០១៩ ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ចុះ​ចាប់​ត្រង់ៗ​ក្នុង​ការ​វះកាត់​មន្រ្តី​អាក្រក់។ រូបភាព៖ ទំព័រ​ហ្វេសប៊ុក នាយករដ្ឋមន្ត្រី
ដោយ

ថ្លែង​នៅឯ​ការដ្ឋាន​សាងសង់​ពហុកីឡដ្ឋាន​ជាតិ ក្នុង​ខណ្ឌ​ជ្រោយចង្វារ សម្តេច ហ៊ុន សែន បាន​បង្ហាញ​នូវ​ព័ត៌មាន​លម្អិត​អំពី​ការ​ចាប់​ខ្លួន​មន្រ្តី​សុរិយោ​ដី​ខេត្ត​ពោធិ៍សាត់ ចំនួន ៣នាក់ កាល​ពី​សប្តាហ៍​មុន ដែល​បាន​ទាមទារ​លុយ​ចំនួន​១០​ម៉ឺន​ដុល្លារ​ពី​មន្រ្តី​បង្កប់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ជា​ថ្នូរ​នឹង​ច្បាប់​សាងសង់។

សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍​ដូច្នេះ​ថា ៖ «ចាប់​ពី​ថ្ងៃ​នេះ​ទៅ បញ្ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចាប់​យក​ត្រង់ៗ​តែម្ដង។»

សម្តេច ហ៊ុន សែន បាន​បន្ត​ថា មន្រ្តី​ទាំង​បី​នាក់​នោះ បាន​ទារ​លុយ​ចំនួន​៥​ម៉ឺន​ដុល្លារ ពី​រោងចក្រ​ជាថ្នូរ​នឹង​ច្បាប់​សាងសង់ គឺ​ជា​រោងចក្រ​ដែល​សម្តេច​គ្រោង​នឹង​ទៅ​ធ្វើ​ពិធី​បើក ដូច្នេះ​ហើយ សម្តេច​បាន​បញ្ជា​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បើក​ការ​ស៊ើប​អង្កេត។

យោងតាម​សម្តេច ហ៊ុន សែន នៅ​ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជូន​មន្រ្តី​ខ្លួន​ទៅ​ស៊ើប​ដោយ​ក្លែងបន្លំ​ជា​ម្ចាស់​ក្រុមហ៊ុន អ្នក​ទាំង​នោះ​បានដំឡើង​ការ​ទាមទារ​របស់​ខ្លួន ពី ៥​ម៉ឺន​ដុល្លារ​ទៅ ១០​ម៉ឺន​ដុល្លារ។

សម្តេច ហ៊ុន សែន បាន​អះអាង​ដូច្នេះ​ថា ៖ «ដល់​គេ​សុំ​សាងសង់ វា​ទារ​លុយ​គេ​ ដំបូង ត្រឹមតែ ៥​ម៉ឺន​ទេ វា​យឺតការ​អាហ្នឹង។ ដល់​ក្រោយ​មក ខ្ញុំ​ធ្វើការ​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឱម យិនទៀង ដើម្បី​ស្រាវជ្រាវ។ គេ​ឲ្យ​មន្រ្តី​ចូល​ទៅ​ក្លែងបន្លំ​ធ្វើ​ជា​អ្នក​ម្ចាស់​ក្រុមហ៊ុន អា​នោះ​វា​ឡើង​ថ្លៃ​មួយ​ជា​ពីរ ពី ៥​ម៉ឺន ទៅ ១០ម៉ឺន [ដុល្លារ]។»

មន្រ្តី​សុរិយោ​ដី​ទាំង​នោះ បាន​ទារ​ឲ្យ​កក់ ៥​ម៉ឺន​ដុល្លារ​មុន ហើយ​ភ្នាក់ងារ​ស៊ើប​អង្កេត​នោះ ដែល​បង្កប់​ជា​ម្ចាស់​ក្រុមហ៊ុន ក៏​ព្រម​បង់​ប្រាក់​កក់​ ហើយ​ក៏​បាន​ធ្វើការ​ចាប់​ខ្លួន​តែ​ម្តង​មក។ នេះ​បើ​យោង​តាម សម្តេច ហ៊ុន សែន។

សម្តេច ហ៊ុន សែន មានប្រសាសន៍​ដូច្នេះ​ថា ៖ «កក់​រួច​ហើយ យក​មក​បណ្តោយ។ ថ្ងៃ​ក្រោយ ឲ្យ​រាង អភិក្រម​ទី៥ ត្រូវ​បាន​អនុវត្ត អត់​មាន​លើក​លែង។»

សម្តេច ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ មិន​ត្រឹមតែ​ដក​តំណែង​អ្នក​ទាំង​នេះ​ទេ តែ​គឺ​ត្រូវ​ពិនិត្យ​លើ​ការ​ដក​ហូត​ទ្រព្យ​សម្បតិ ផងដែរ។

លោក វឌ្ឍនា សារពង្ស ឬ​ដែល​គេ​ស្គាល់​ច្រើន​ថា​ជា លោក វិល្លាម និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក បាន​បញ្ចេញ​ទស្សនៈ​នៅ​លើ​ហ្វេសប៊ុក​គាត់ ថា រីករាយ​ចំពោះ​យន្តការ​នេះ ហើយ​ថា ការ​បោស​សម្អាត​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​បាន​លើស​លុប ចំណេញ​ជាង​មាន EBA រាប់​រយ​ដង។

លោក វឌ្ឍនា សារពង្ស បាន​សរសេរ​ដូច្នេះ​ថា ៖ «បច្ចុប្បន្ន ពលរដ្ឋ​រស់​មិន​បាន​សុខ​ទេ ដោយសារ​ពួក​ទុច្ចរិត​ជ្រក​ក្រោម​ផ្លាក​ជា​មន្ត្រី​កំពុង​ពើង​ទ្រូង​យ៉ាង​សម្បើម​ក្នុង​ការ​ប្រើប្រាស់​មុខងារ​របស់​ខ្លួន​ដែល​ត្រូវ​បម្រើ​សេវា​សាធារណៈ​ទៅ​បំផ្លិច​បំផ្លាញ​សង្គម​ដើម្បី​បម្រើ​មហិច្ឆតា​ខ្លួន​ឯង»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន ស្នើអ្នកឧកញ៉ា លី យ៉ុងផាត់ «ឲ្យផ្ដល់ដី ធ្វើផ្លូវបន្ថែម ក្នុង​តំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ»

ព័ត៌មាន
សម្តេច ហ៊ុន សែន បានស្នើដល់អ្នកកឧកញ៉ា លី យ៉ុងផាត់ ដែលជាអ្នកអភិវឌ្ឍនៅតំបន់ទីក្រុងរណបលី យ៉ុងផាត់ ត្រូវផ្ដល់ដី សម្រាប់រាជរដ្ឋាភិបាលយកមកអភិ…

កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃ តម្លៃ១០លានដុល្លារ នៅខេត្តតាកែវ ត្រូវបាន CDC អនុម័ត

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC កាលពីពេលថ្មីៗនេះ បានអនុម័តគម្រោងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃ ដែលមានតម្លៃវិនិយោគប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ