ចរាចរណ៍​ទំនិញ​តាមកំពង់ផែ

ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែភ្នំពេញរកចំណូលបានជាង ៧,៦ លានដុល្លារ


នៅក្នុងត្រីមាសទី១ ឆ្នាំនេះ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកប្រាក់ចំណូលបានជាង ៧,៦លានដុល្លារអាមេរិក និងមានបរិមាណកុងតឺន័រឆ្លងកាត់ជាង ៧ម៉ឺនTEUs ហើយលទ្ធផលនេះ អាចសម្រេចទៅបាន ដោយសារតែទំនិញដែលបញ្ជាទិញរួច នៅតែបន្តសកម្មភាពជាធម្មតា ពុំទាន់ទទួលរង ផលប៉ះពាល់ពីមេរោគកូវីដ-១៩នោះទេ។ ក្នុងនោះ ការនាំចេញទំនិញដូចជា ផ្នែកវាយនភណ្ឌ និងអង្ករទៅក្រៅប្រទេស នៅតែដំណើរការជាធម្មតា។នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តក្រុងភ្នំពេញ។
ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែភ្នំពេញរកចំណូលបានជាង ៧,៦ លានដុល្លារ (រូបភាព៖ Wikipedia)

ទោះយ៉ាងណាក៏ដោយ សម្រាប់ខែមេសា និងឧសភានេះ កំពង់ផែស្វយ័តក្រុងភ្នំពេញ​ មិនរំពឹងថា នឹងមានកំណើន​​ដូចត្រីមាសទី ១នោះឡើយ ពោលគឺ អាចនឹងធ្លាក់ចុះប្រមាណ ២០ ទៅ ៣០% ដោយសារតែ ការធ្លាក់ចុះ​ជាប្រក្រតីនៃ បរិមាណកុង​តឺន័រ​ឆ្លងកាត់ និងផលប៉ះពាល់​ពីមេរោគកូវីដ-១៩។

លើសពីនេះ ផលអវិជ្ជមាននៃ មេរោគកូវីដ១៩ គឺបាន​ប៉ះពាល់ដល់ សកម្មភាព​អាជីវកម្ម និងប្រតិបត្តិការ​របស់កំពង់ ផែនការ​និងគម្រោង​អភិវឌ្ឍន៍ និងប៉ះពាល់​ដល់ចរន្ត​សាច់ប្រាក់​ថែមទៀតផង តែយ៉ាងណា​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​របស់ កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ នៅតែបន្ត​អនុវត្ត​ដដែល​ដូចជា គម្រោង​ពង្រីក​ចំណតផែ LM17 ជំហានទី ៣ នៅខេត្តកណ្តាល ដើម្បីទទួល​បានសមត្ថភាព ៥០ម៉ឺន TEUs ក្នុងមួយឆ្នាំ។

ឯកឧត្តម ហ៊ឺ បាវី បន្តថា សកម្មភាព​ទំនិញ​ឆ្លងកាត់ អាចនឹងចាប់ផ្តើម​ដំណើរការ​ឡើងវិញ នៅក្នុង​ខែមិថុនា​ខាងមុខនេះ ដោយអ្នក​បញ្ជាទិញ ចាប់ផ្តើម​ទទួល​ទំនិញ​ឡើងវិញ។

ដោយឡែក បើយើងក្រឡេក​ទៅមើល ប្រភេទទំនិញ​ដែលមាន​សន្ទុះកើន​ឡើង​ច្រើន កាលពី​ត្រីមាសទី ១ យើងឃើញថា ផ្នែកវាយនភ័ណ្ឌ​មានកំណើន​នាំចេញ​ដល់ទៅ ៨៣% និងអង្ករ មានជាង ៩% បើយើង​ធៀប​​នឹង​ត្រីមាសទី១ កាលពីឆ្នាំ ២០១៩កន្លងទៅ។

រីឯ ទំនិញដែលមាន​សន្ទុះនាំចូល កើនឡើង​ជាងគេនោះគឺ គ្រឿងសំណង់ មានកំណើន​នាំចូលជាង ៤៣% ខណៈការនាំចូល​វត្ថុធាតុដើម​វាយនភ័ណ្ឌ ក្នុងរយៈពេល ៣ខែនេះ មានកំណើន​ជាង ១០%។

អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ បានចាត់ទុក​វិបត្តិ​មេរោគកូវីដ-១៩ ជាមេរៀនដ៏​សំខាន់​មួយ ដែលយើងត្រូវ​ត្រៀមខ្លួន​ជាប់ជានិច្ច ហើយវាជា​ឱកាស​សម្រាប់​ការពង្រឹងខ្លួន ពង្រីកសេវាកម្ម អាជីវកម្ម​ផ្សេងទៀត ជាប្រភពចំណូល​បន្ថែមលើ ប្រភពចំណូល​ចម្បង​របស់ កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ ហើយក្រោយ​វិបត្តិកូវីដ-១៩បញ្ចប់ទៅ នោះដំណើរការ​សេដ្ឋកិច្ច នឹងចាប់ផ្តើម​ឡើងវិញ ហើយកំណើន​សេដ្ឋកិច្ច អាចនឹងមាន​សន្ទុះខ្លាំង​ជាងមុន​ទៅទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញរបស់ប្រទេសចិន កើនឡើង ៨% គួរឲ្យភ្ញាក់ផ្អើលក្នុងខែមេសា

ព័ត៌មាន
នៅពេលដែលមានការផ្ទុះឡើងនូវ មេរោគកូវីដ-១៩ តម្រូវការប្រើប្រាស់ទូទាំងសកលលោក មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសារតែវិធានការនានា ត្រូវបា…

ការនាំចេញផលិតផលសម្លៀកបំពាក់វៀតណាមធ្លាក់ចុះជាង ២០% ក្នុងខែមេសា

ព័ត៌មាន
វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់វៀតណាម ធ្វើមិនបានល្អនោះទេ នៅក្នុង ខែមេសា កន្លងទៅនេះ ដោយការនាំចេញផលិតផលបានធ្លាក់ចុះជាង ២០% មកនៅត្រឹម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ