តម្លៃប្រេងអាមេរិក

តម្លៃប្រេងរបស់អាមេរិក ធ្លាក់ដល់ដកក្រោមសូន្យ ដោយសារគ្មានកន្លែងស្តុកទុក


ទីផ្សារប្រេងអាមេរិក ត្រូវបានពិភពលោកស្គាល់ថា ជាទីផ្សារដែលកំពុងរីកដុះដាលខ្លាំងក្នុងប្រវត្តិសាស្ត្រ ក៏ប៉ុន្តែនៅពេលនេះ អាមេរិក ក៏កំពុងជួបប្រទះនូវ ប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតបំផុត សម្រាប់តម្លៃប្រេង គឺធ្លាក់រហូតដល់ អវិជ្ជមាន ដក ក្រោមសូន្យឯណោះ ពោលគឺ ត្រូវការចំណាយប្រាក់ ដើម្បីឲ្យគេ ដឹកប្រេងដែលលើសចំណុះ ចេញពីប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន កាលពីពេលថ្មីៗនេះ។
តម្លៃប្រេងរបស់អាមេរិក ធ្លាក់ដល់ដកក្រោមសូន្យ ដោយសារគ្មានកន្លែងស្តុកទុក (រូបភាព www.mining.com)
ដោយ

តម្រូវការ​ប្រើប្រាស់​ប្រេង ទូ​ទាំង​សកលលោក បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​វិបត្តិ​មេរោគ​កូ​វី​ដ​១៩ ហើយ​ការ​ផ្គត់ផ្គង់​ប្រេង ក៏​មានការ​ថមថយ​ចុះ​ដូច​គ្នា​ដែរ ក៏​ប៉ុន្តែ​វា​ថយ​ចុះ​ក្នុង​ល្បឿន​យឺត ដែល​ធ្វើ​ឲ្យ ប្រេង ដែល​បូម​រួច មិន​មាន​កន្លែង​ស្តុក​ទុក​គ្រប់គ្រាន់​នោះ​ឡើយ ជា​ហេតុ​បណ្តាល​ឲ្យ តម្លៃ​ប្រេង​ធ្លាក់​ចុះ​ដល់ ដក​ក្រោម​សូន្យ ជា​លើក​ដំបូង​បង្អស់​។

ផល​ប៉ះពាល់​នេះ បាន​បង្ខំ​ឲ្យ​មានការ​គណនា និង​វិភាគ​ឡើង​វិញ សម្រាប់​វិស័យ​ប្រេង ហើយ​ក្នុង​នោះ មាន​ក្រុមហ៊ុន​ផលិត​ប្រេង​ជា​ច្រើន បាន​លុប​ចោល​នូវ គម្រោង​ខួង​យក​ប្រេង ហើយ​ខ្លះ​ទៀត ក៏​សម្រេច​បញ្ឈប់​ដំណើរការ ការ​ខួងអណ្តូង​ប្រេង​ដែល​មាន​ស្រាប់​ទៀត​ផង​។

បើ​តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ IEA បាន​គូសបញ្ជាក់​ថា ប្រជាជន​ច្រើន​ជាង ៣​ពាន់​លាន​នាក់ ទូ​ទាំង​សកលលោក កំពុង​រស់នៅ​ក្នុង​ការ​ចាក់សោរ​បិទ​ទីក្រុង ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន បាន​ផ្អាក​ជើងហោះហើរ សូ​ម្បី​តែ​រោងចក្រ​ជា​ច្រើន ក៏​បិទទ្វារ ដែល​ធ្វើ​ឲ្យ តម្រូវការ​ប្រើប្រាស់ អាច​នឹង​ថយ​ចុះ​ប្រមាណ ៩,៣​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ សម្រាប់​ឆ្នាំ ២០២០​។

អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង OPEC និង​សម្ព័ន្ធមិត្ត រួម​ជាមួយ​ប្រទេស​រុ​ស្ស៊ី បាន​សម្រេច​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ជាង ១០​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ ចាប់ផ្តើម​ពី ខែឧសភា តទៅ ដើម្បី​ជួយ​ស្រោចស្រង់​ដល់​តម្លៃ​ប្រេង​ឡើង​វិញ ដែល​ជម្រុញ​ឲ្យ​អា​មេ​រិ​ក និង​ប្រទេស​ផលិត​ប្រេង​ដទៃ​ទៀត សម្រេច​កាត់​បន្ថយ​ផលិតកម្ម​ដូច​គ្នា​ដែរ​។

តម្លៃ​ប្រេង​អា​មេ​រិ​ក ធ្លាក់​ចុះ​រហូត​ដល់ ដក​៣៧​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​បារ៉ែល កាលពី​ថ្ងៃ​ទី ២០ ខែមេសា គឺជា​បញ្ហា​ដ៏​ធំ​មួយ ពីព្រោះ អ្នក​ដែល​បាន​ចុះ​កុងត្រា​ទិញ​ប្រេង​សម្រាប់​ខែឧសភា ត្រូវ​តែ​ដឹក​ជញ្ជូន​ប្រេង​ជា​ច្រើន​លាន​បារ៉ែល នៅ​ពេល​ដែល​កុងត្រា​ផុតកំណត់ ក៏​ប៉ុន្តែ គ្មាន​អ្នក​ណា​ចង់បាន ប្រេង​ឆៅ​ទាំង​អស់នោះ ក្នុង​ខែឧសភា​នោះ​ទេ ព្រោះ​គ្មាន​កន្លែង​ស្តុក​ទុក​ប្រេង ហើយ​ថ្លៃ​ឈ្នួល​ស្តុក​ទុក​ប្រេង ក៏​កើនឡើង​ខ្លាំង​ថែម​ទៀត​។

កាលពី​ថ្ងៃ​ទី ២១ ខែមេសា ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ថា នឹង​ជួយ​ស្រោចស្រង់​ដល់ វិស័យ​ប្រេង និង​ថាមពល​អា​មេ​រិ​ក មិន​ឲ្យ​មានការ​ក្ស័យធន និង​បាត់បង់​ការងារ​ជា​ច្រើន​នោះ​ទេ ដោយ​រដ្ឋាភិបាល​អា​មេ​រិ​ក នឹង​បង្កើត​កញ្ចប់​មូលនិធិ សម្រាប់​ជួយ​ដល់​ក្រុមហ៊ុន​ប្រេង និង​ហ្គា​ស ក្នុង​រយៈពេល​វែង ក៏​ប៉ុន្តែ​គ្មាន​ព័ត៌មាន​លម្អិត​ត្រូវ​បាន​បង្ហាញ​នោះ​ទេ​។

អ្នកវិភាគ​មក​ពី​ក្រុមហ៊ុន Goldman Sachs បាន​គូសបញ្ជាក់​ថា ម្ចាស់​កុងត្រា​ទិញ​ប្រេង​សម្រាប់​ខែឧសភា ពិតជា​ធ្លាប់​បាន​បង្ហាញ​ឆន្ទៈ ក្នុង​ការ​បង់ប្រាក់ ជួល​ឲ្យ​នរណា​ម្នាក់ ជួយ​ពួក​គេ​ចេញពី ដំណាក់កាល​ដ៏​លំបាក​នេះ ព្រោះ​គេ​មិន​ចង់​ទទួល ប្រេង​ឆៅ នៅ​ក្នុង​ខែឧសភា​នោះ​ឡើយ​។

អ្នកវិភាគ​មក​ពី ក្រុមហ៊ុន Mizuho បាន​មាន​ប្រសាសន៍​ដែរ​ថា តម្លៃ​ប្រេង​ឆៅ​របស់​អា​មេ​រិ​ក អាច​នឹង​ធ្លាក់​ដល់ ដក ១០០​ដុល្លារ នៅ​ក្នុង​ខែឧសភា ពីព្រោះ ជាក់ស្តែង បញ្ហា​ប្រេង​ឆៅ គឺ​ពិបាក​ទុកដាក់ ងាយ​នឹង​បង្កហេតុ បំពុល​ដល់​បរិស្ថាន ហើយ​គ្មាន​ប្រយោជន៍​នោះ​ទេ បើសិនជា​គ្មាន រោងចក្រ​ចម្រាញ់​ប្រេង​។

គិត​ត្រឹម​ថ្ងៃ​ទី ២៥ ខែមេសា តម្លៃ​ប្រេង​ឆៅ​របស់ អា​មេ​រិ​ក West Texas Intermediate បាន​កើនឡើង​មក​វិញ មក​នៅ​ត្រឹម ១៧,១៨​ដុល្លារ ក្នុង​មួយ​បារ៉ែល ខណៈ តម្លៃ​ទីផ្សារ​ប្រេង​ឆៅ Brent របស់​អង់គ្លេស បាន​ចុះ​បន្តិច​វិញ​មក​នៅ​ត្រឹម ២១,៨ ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

ជា​ចុង​ក្រោយ អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ថាមពល​អន្តរជាតិ សុទ្ធតែ​រំពឹង​ថា តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​សកលលោក នឹង​ហក់​ឡើង​វិញ​នៅ​ពេល​ដែល វិបត្តិ​កូ​វី​ដ​១៩ ត្រូវ​បាន​ដោះស្រាយ ពីព្រោះ​តម្រូវការ​ប្រើប្រាស់​ប្រេង នឹង​កើនឡើង​វិញ ខណៈ​ដែរ ការ​ផ្គត់ផ្គង់​ប្រេង​នៅ​មាន​កម្រិត​ទាប ពុំ​អាច​ឆ្លើយ​តប​ទៅ​នឹង តម្រូវការ​បាន​ភ្លាម​ៗ​នោះ​ទេ ដោយសារ​តែ​រោងចក្រ​ចម្រាញ់​ប្រេង​ជា​ច្រើន បាន​ប្រកាស​ក្ស័យធន​អំឡុង​ពេល​មាន​វិបត្តិ​នេះ ហើយ​ខ្លះ​ទៀត ជួប​ប្រទះ​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដែល​ត្រូវការ​ពេលវេលា ដើម្បី​ត្រលប់​មក​រក​សភាព​ដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងសាងសង់ទំនប់វារីអគ្គិសនីធំៗ នៅតំបន់អាស៊ីអាគ្នេយ៍ផ្អាកដំណើរការ ដោយសារមេរោគកូវីដ១៩

ព័ត៌មាន
គម្រោងសាងសង់ទំនប់វារីអគ្គិសនី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមបណ្តោយទន្លេមេគង្គ និងដៃទន្លេ ដែលកំពុងតែបន្តសាងសង់ ហើយខ្លះទៀតគ្រោងនឹងសាងសង់នោ…

អ្នកផលិតឱសថកម្ពុជា៖ ការផលិតឱសថនៅកម្ពុជាវាជាឱកាស លាយឡំនឹងបញ្ហាប្រឈមខ្វះវត្ថុធាតុដើម!

ព័ត៌មាន
អ្នកផលិតឱសថនៅកម្ពុជាបានឲ្យដឹងថា ឧស្សាហកម្មផលិតឱសថនៅក្នុងស្រុកចាប់ផ្តើមទទួលរងផលអវិជ្ជមាន ពីការរីករាលដាលនៃមេរោគកូវីដ១៩ជាបណ្តើរៗហើយ។ ឧស្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ