វិស័យការងារវៀតណាម

សំណើកាត់បន្ថយម៉ោងការងារនៅវៀតណាម ត្រូវបានវិស័យឯកជនថា នឹងបង្កបញ្ហា ច្រើនជាងដំណោះស្រាយ


ក្រុមហ៊ុនក្នុងវិស័យឯកជនជាច្រើន មិនយល់ស្របទៅនឹងសំណើ កាត់បន្ថយម៉ោងធ្វើការងារ ពីចំនួន៤៨ ម៉ោង មកនៅ៤៤ម៉ោងក្នុងមួយសប្ដាហ៍នោះទេ ហើយក្រុមហ៊ុនទាំងនោះ អះអាងថា ការផ្លាស់ប្ដូរម៉ោងការងារនេះ វានឹងបង្កើតនូវបញ្ហាកាន់តែច្រើនជាងមុន និងមិនមែនជាការដោះស្រាយបញ្ហាសម្រាប់ស្ថានភាពបច្ចុប្បន្ននោះឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Express របស់វៀតណាម។
វៀតណាម នាំចេញស្បែកជើង ប្រមាណ ១ពាន់លានគូ ក្នុងមួយឆ្នាំៗ ពិសេសទៅអឺរ៉ុប (https://en.vietnamplus.vn)
ដោយ

នៅក្នុង​កិច្ចប្រជុំ​មួយ​ដែល​បាន​ធ្វើឡើង​នៅ​រដ្ឋធានី​ហាណូយ កាលពី​ដើមសប្ដាហ៍នេះ ស្ដីអំពី​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់ការងារ ក្រុម​ការងារ​តំណាង​ឲ្យ​អាជីវកម្ម​ជាច្រើន​បាន​បង្ហាញ​ពីក្ដី​បារម្ភ​របស់ពួកគេ​អំពី​សំណើ​កាត់បន្ថយ​ម៉ោង​ធ្វើការងារ​សម្រាប់​កម្មករ​ដោយកាត់ចោល ៤ម៉ោង ពោលគឺ​ពីម៉ោង​៤៨ម៉ោង ឲ្យ​មកនៅត្រឹមតែ​៤៤​ម៉ោងប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍។ ​

ការ​បង្ហាញ​ពី​ការ​មិនយល់ស្រប​របស់​ក្រុមហ៊ុន​ឯកជន​ទាំងនេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​កម្មករចំនួន ៨១ ភាគរយ នៃចំនួនកម្មករ​ដែលត្រូវបាន​ស្ទង់មតិ កាលពីពេល​ថ្មីៗនេះ បានបោះឆ្នោត​ឲ្យមានការកាត់​បន្ថយម៉ោងការងារ​ពី ៤៨ ម៉ោង មកនៅត្រឹម​៤៤ម៉ោងក្នុង​មួយសប្ដាហ៍។ នេះបើយោងតាម​ការស្រង់មតិរបស់​ សហព័ន្ធការងារទូទៅ​វៀតណាម។

លោកស្រី ផាន ធី ថាញ់​ សៀន អនុប្រធាន​សមាគម​ស្បែក ស្បែកជើង និង​កាបូប​ដៃវៀតណាម បាន​និយាយថា ឧស្សាហកម្ម​ផលិតផលិត​ស្បែក ស្បែកជើង និងកាបូប បច្ចុប្បន្ននេះ កំពុង​មាន​កម្មករធ្វើការ​ប្រមាណ ១លាន ៥សែននាក់ ហើយវា​ពិតជា​មានការលំបាក​ណាស់​ក្នុងការ​ជ្រើសរើស​កម្មករ​ថ្មី​ឲ្យមក​ធ្វើការ។ 

មានន័យថា ប្រសិនបើ​ម៉ោងធ្វើការងារ បច្ចុប្បន្ននេះ ត្រូវបាន​កាត់បន្ថយ នោះក្រុមហ៊ុន​​នៅក្នុងវិស័យនេះ នឹងត្រូវ​ជួល​កម្មករថ្មីៗ​បន្ថែមទៀត ហើយប្រសិនបើ​ពួកគេ​មិនអាចជួលបានទេ ពួកគេ​នឹង​ត្រូវ​វិនិយោគ​បន្ថែម ទៅលើ​ឧបករណ៍សម្ភារ និងគ្រឿង​ម៉ាស៊ីន ដើម្បី​ធានា​ ចំនួន​នៃ​ការ​ផលិត​ ផលិតផល​បាន​គ្រប់គ្រាន់​តាមតម្រូវការ។ ប៉ុន្ដែ ការធ្វើបែបនេះ ក្រុមហ៊ុន នឹងទទួល​រង​នូវ​ការចំណាយថ្លៃដើម​ផលិតកម្ម​កាន់តែខ្ពស់​ជាងមុន។

បើតាម​ការគណនារបស់​សមាគម​ ស្បែក ស្បែកជើង និង​កាបូប​ដៃវៀតណាម​បាន​ឲ្យដឹងថា ការបន្ថយ​ម៉ោង​ការងារ​មកនៅ​ត្រឹម​៤៤ម៉ោង​ក្នុងមួយសប្ដាហ៍នេះ ក្រុមហ៊ុន​ផលិត​ស្បែកជើង​នឹង​ត្រូវ​បន្ថែម​កម្លាំង​ពលកម្ម​ថ្មី ប្រមាណ​១០%ទៀត ដែលវា​ជារឿង​លំបាកមួយ​ក្នុងការ​រកបុគ្គលិក​មកធ្វើការ។

ការស្វែងរកបុគ្គលិក​ថ្មីសម្រាប់ផ្នែក​ស្បែកជើងនិងស្បែក​បានក្លាយ​ជាបញ្ហា​ជាយូរមកហើយ។ តាមធម្មតា ដែលរោងចក្រ​ផលិតស្បែកជើង និងកាបូប​នៅវៀតណាម ឥលូវនេះ កំពុងប្រើកម្មករ​ជាច្រើន​ដែលមានវ័យ​ប្រមាណ​ ៥០ ឆ្នាំ។

លោកស្រី​ត្រាន់ ធី ឡាន អាញ ប្រធាន​ការិយាល័យ​សម្រាប់​សកម្មភាពនិយោជក ដែលស្ថិត​នៅក្រោម​សភាពាណិជ្ជកម្ម និងឧស្សាហកម្ម​វៀតណាម បាន​លើកឡើងថា ប្រទេស​ភាគច្រើន​ដែលមាន​ម៉ោង​ធ្វើការងារពី​៤០ ទៅ៤៤ ម៉ោងក្នុងមួយសប្ដាហ៍ គឺជាប្រទេស​អភិវឌ្ឍន៍។ 

នៅក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​ស្ថិតនៅក្នុង​ការប្រកួតប្រជែង​ខ្លាំងក្លា​ជាមួយ​វៀតណាម មានដូចជា​ថៃ ឥណ្ឌា បង់ក្លាដេស ម៉ាឡេស៊ី និងហ្វីលីពីន និងឡាវ​ គឺមានម៉ោង​ធ្វើការងារ ៤៨ម៉ោង ក្នុងមួយសប្ដាហ៍​ដូចៗគ្នា។

តាមការស្ទង់មតិ របស់ ការិយាល័យ​សម្រាប់​សកម្មភាពនិយោជក ដែលបាន​សិក្សាលើ​ប្រជាជាតិ​ចំនួន ១៨ ក្នុងនោះ រួមមាន ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ចំនួន១០ និងអាស៊ីផងដែរ ដែលមាន​លក្ខខណ្ឌ​សេដ្ឋកិច្ច និង​សង្គម​ស្រដៀងគ្នា នឹងប្រទេសវៀតណាម បាន​រកឃើញថា មាន​ប្រជាជាតិ​ចំនួន ៦ មានម៉ោង​ធ្វើការងារ តិចជាង​៤៨ម៉ោង​ក្នុងមួយសប្ដាហ៍ និងប្រជាជាតិ​១១ផ្សេងទៀត ធ្វើការងារ ៤៨ម៉ោង និង​ប្រទេសកូរ៉េ​ខាងត្បូង មាន​៥២ម៉ោង ក្នុងមួយសប្ដាហ៍។

បើតាម​អ្នកជំនាញ បានលើកឡើងថា ថ្វីដ្បិតតែ​ច្បាប់ការងារ​បច្ចុប្បន្ន​មានម៉ោងធ្វើការងារ ៤៨ម៉ោង ក្នុងមួយសប្ដាហ៍​ក៏ពិតមែន ក៏នៅមានក្រុមហ៊ុន​ជាច្រើនបានស្នើ​ឲ្យបុគ្គលិក​របស់ពួកគេ​ធ្វើការងារ​ថែមម៉ោង ដើម្បី​អាច​បំពេញ​តម្រូវការទីផ្សារ​។ 

ដូច្នេះហើយ បើ​ពេលវេលា​ធ្វើការ ត្រូវបានកាត់បន្ថយ​មែន នោះអាជីវកម្ម នឹងមិនអាច​ផ្គត់ផ្គង់​ផលិតផល​បានគ្រប់តាម​តម្រូវការរបស់អ្នកបញ្ជាទិញបានទេ ដែលវា​នឹងធ្វើឲ្យប៉ះពាល់ដល់​កេរ្ដិ៍ឈ្មោះ និងយីហោ​របស់ពួកគេ ហើយផលិតផល​នាំចេញ​នឹងត្រូវរងផល​ប៉ះពាល់​ជាក់ជាមិនខាន។

តំណាង​សភាពាណិជ្ជកម្ម​​និង​ឧស្សាហកម្ម​ជប៉ុន នៅវៀតណាម បាន​លើកឡើងថា ប្រទេស​នៅជុំវិញ​វៀតណាម បាន​អនុញ្ញាត​ឲ្យ​កម្មករ​ធ្វើការងារ​ថែមម៉ោង​៦០០ ម៉ោង​ក្នុងមួយឆ្នាំ ជប៉ុន អនុញ្ញាត​ឲ្យមាន ៧០០ ម៉ោង និងម៉ាឡេស៊ី គឺមិនមាន​កំណត់​នោះឡើយ។ ប៉ុន្ដែ វៀតណាម បានកំណត់​ម៉ោងធ្វើការ​ថែមម៉ោង​តិចជាង​៣០០ ម៉ោង​ក្នុងមួយឆ្នាំ។

គួរជម្រាបថា តាមការស្ទង់មតិ របស់​សហព័ន្ធការងារ ទូទៅវៀតណាម បាន​ឲ្យដឹងថា កម្មករវៀតណាម គឺស្ថិតនៅក្នុង​ចំណោម​កម្មករដែលធ្វើការងារ​ច្រើនម៉ោង​បំផុត នៅក្នុងពិភពលោក និងមាន​ចំនួនថ្ងៃឈប់​សម្រាក​តិចថ្ងៃ​បំផុត​ក្នុងចំណោម​ប្រទេសជិតខាង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន កំពុងជំរុញការកម្ចាត់បនល្បែងអនឡាញ ដោយអះអាងថា វាធ្វើឲ្យមានលំហូរសាច់ប្រាក់ចេញពីប្រទេស

ព័ត៌មាន
រដ្ឋាភិបាលចិន បាននិងកំពុងអនុវត្តវិធានការក្ដៅ ចំពោះបនល្បែងឌីជីថល ឬគេហៅថាកាស៊ីណូអនឡាញ ដែលវាអនុញ្ញាតឲ្យជនជាតិចិន អាចលេងល្បែងភ្នាល់ ដោយម…

គយកម្ពុជា​និយាយ​ថា សំរាម​ផ្លាស្ទិក​រាប់​ពាន់​តោន​ត្រូវ​បាន​ដឹក​ត្រលប់​ទៅ​ប្រទេស​ដើម​វិញ​អស់​ហើយ

ព័ត៌មាន
អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែ​កញ្ញា ថា ក្រុមហ៊ុន​ដែល​នាំចូល​សំរាម​ផ្លាស្ទិក​រាប់​ពាន់​តោន ពី​សហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ