ពូទីននឹងធ្វើទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូង!

លោកពូទីននឹងធ្វើទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូង ក្រោយបើកការឈ្លានពានលើអ៊ុយក្រែន


ទូរទស្សន៍រដ្ឋរុស្ស៊ីបានរាយការណ៍កាលពីចុងសប្តាហ៍មុនថា លោកវ្ល៉ាឌីមៀ ពូទីន នឹងចេញពីប្រទេសកំណើត ទៅធ្វើទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងរបស់លោក បើរាប់ពីថ្ងៃដែលលោកបានបញ្ជាឱ្យលើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែនមក។ ប្រភពព័ត៌មានឱ្យដឹងថា លោកនឹងទៅទស្សនកិច្ចប្រទេស ដែលជាអតីតរដ្ឋរបស់សហភាពសូវៀតចំនួនពីរនៅតំបន់អាស៊ីកណ្តាល ក្នុងសប្តាហ៍នេះហើយ រួមមានប្រទេស តាជីគីស្ថាន និងទួមិននីស្ថាន។
លោកពូទីននឹងធ្វើទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូង ក្រោយបើកការឈ្លានពានលើអ៊ុយក្រែន

នៅ​ចំពោះ​មុខ សោកនាដកម្ម​សង្គ្រាម​ដែល​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាត់បង់​ជីវិត រាប់​លាន​នាក់​ភៀសខ្លួន និង​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​ពី​លោក​ខាង​លិ​ខ បុរស​ខ្លាំង​ពូ​ទី​ន បាន​ផ្តើម​រិ​ត​ចំណង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​នយោបាយ​កាន់​រឹង​មាំ​ជាមួយ​មហាអំណាច​ផ្សេង​ទៀត​ដូច​ជា ចិន ឥណ្ឌា និង​ចុង​ក្រោយ​នេះ ជាមួយ​អ៊ី​រ៉​ង់​។

មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ វិមាន​ក្រឹម​ឡាំង​កំពុង​សំឡឹង​ឃើញ​ប្រទេស​តូច​ៗ ផ្សេង​ទៀត​ពិសេស​ប្រទេស​ដែល​ធ្លាប់​ជា​អតីត​សហភាព​សូ​វៀត ដែល​ភាគច្រើន​ស្ថិត​ក្នុង​តំបន់​អាស៊ី​កណ្តាល​។

អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​វិមាន​ក្រឹម​ឡាំង ប្រាប់​ទូរទស្សន៍​រដ្ឋ​រុ​ស្ស៊ី​ថា លោកពូ​ទី​ន​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស តាជី​គី​ស្ថាន និង​ទួ​មិន​នី​ស្ថាន​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ បន្ទាប់​មក ទើប​លោកពូ​ទី​ន​ទទួល​ជួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី Joko Widodo សម្រាប់​កិច្ច​ពិភាក្សា​នៅ​ទីក្រុង​មូ​ស្គូ​។

លោកពូ​ទី​ន​ក៏​មាន​គម្រោង​ទៅ​ទស្សនា​ទីក្រុង ក្រូ​ដូ​(Grodno) នៃ​ប្រទេស​បេឡា​រុស​ផង​ដែរ នៅ​ថ្ងៃ​ទី​៣០​ខែមិថុនា និង​ថ្ងៃ​ទី​០១​ខែកក្កដា​ខាង​មុខ ដើម្បី​ចូលរួម​ក្នុង​វេទិកា​មួយ ជាមួយ​ប្រធានាធិបតី​បេឡា​រុស​លោក លូ​កាស​ឆេ​ន​កូ​។

គួរ​រំឭក​ថា ដំណើរ​ទស្សនកិច្ច​ចុង​ក្រោយ​របស់​លោកពូ​ទី​ន​ទៅ​ក្រៅប្រទេស គឺជា​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​កាលពីដើម​ខែកុម្ភៈ ពោល​គឺ​នៅ​តែ​ប៉ុន្មាន​ស​ប្តា​ហ៍​ប៉ុណ្ណោះ ដែល​រុ​ស្ស៊ី​ផ្តើម​លើកទ័ព​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​។ កាលនោះ​លោកពូ​ទី​ន និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជី​ន​ពីង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ គ្មាន​ដែន​កំណត់​ថ្មី​មួយ​ផង​ដែរ​។

បើ​ក្រឡេក​មក​មើល​សង្គ្រាម​អ៊ុយ​ក្រែ​ន​វិញ ចូល​ដល់​ខែ​ទី​៥​នៃ​សង្គ្រាម អ៊ុយ​ក្រែ​ន​បាត់បង់​ក្រុង​សំខាន់​នៅ​ដុន​បាស ខណៈ​ក្រុង​ផ្សេង​ទៀត​កំពុង​គ្រោះថ្នាក់

គិត​មក​ដល់​ចុងខែ​មិថុនា​នេះ សង្គ្រាម​រវាង​រុ​ស្ស៊ី នឹង​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូល​ដល់​ខែ​ទី​៥​ទៅ​ហើយ​។ ស្ថានការណ៍​សង្គ្រាម​នៅ​ក្នុង​តំបន់​ដុន​បាស ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ជា​សមរភូមិ​ក្តៅ​គគុក​ជាងគេ ដែល​រុ​ស្ស៊ី​កាលពី​ចុង​ស​ប្តា​ហ៍​មុន ទើបតែ​វាយ​បែក និង​គ្រប់គ្រង​បាន​ទាំងស្រុង ក្រុង​យុទ្ធសាស្ត្រ​មួយ​របស់​អ៊ុយ​ក្រែ​ន និង​កំពុង​បន្ត​រុលទៅមុខ ដើម្បី​វាយ​យក​ក្រុង​ក្បែរ​នោះ​បន្ថែម​ទៀត​។

បន្ទាប់​ពី​វាយ​បាន​ក្រុង សៀវ​វី​រ៉ូ​ដូ​ណេ​ក កាលពី​ចុង​ស​ប្តា​ហ៍​មុន កងកម្លាំង​រុ​ស្ស៊ី​កំពុង​បន្ត​ប្រយុទ្ធ ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​យុទ្ធសាស្ត្រ​មួយទៀត​របស់​ពួក​គេ គឺ​ការ​កាន់កាប់​ក្រុង​ក្បែរ​នោះ​ឈ្មោះ​ថា លី​ស៊ី​ចាន់​(Lysychansk) ដែល​ជាទី​ក្រុង​សំខាន់​ចុង​ក្រោយ​បន្ត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ៊ុយ​ក្រែ​ន នៅ​ខេត្ត លូក​ហាន់​(Luhansk) នៃ​តំបន់​ដុន​បាស​។

ទីភ្នាក់ងារសារព័ត៌មាន Tass របស់​រុ​ស្ស៊ី បាន​រាយការណ៍​ថា កងកម្លាំង​របស់​ទីក្រុង​មូ​ស្គូ​បាន​ព្យាយាម​វាយ​ចូល​ទៅ​ក្នុង​ទីក្រុង Lysychansk ពី​ទិស​ដៅ​ចំនួន​ប្រាំ​។ ដោយឡែក​ភាគី អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា កងកម្លាំង​រុ​ស្ស៊ី​កំពុង​ប្រើ​កាំភ្លើង​ធំ ដើម្បី​ផ្លោង​កាត់​ផ្តាច់​ទីក្រុង Lysychansk ពី​ទឹកដី​ភាគ​ខាងត្បូង ប៉ុន្តែ​មិន​បាន​និយាយ​អំពី​ការ​ចូល​មក​ក្នុង​ទីក្រុង​ពី​ប្រាំ​ទិស​នោះ​ទេ​។ ស្រ​ពេល​ភ្លើងសង្គ្រាម​កំពុង​វិ​វត្ត​កាន់តែ​ឆេះ​សន្ធោសន្ធៅ​ឡើង​នោះ ប្រទេស ជា​សម្ព័ន្ធមិត្ត​អ៊ុយ​ក្រែ​ន រួម​ទាំង​សហភាព​អឺរ៉ុប អា​មេ​រិ​ក និង​អង្គការ​ណា​តូ​ក៏​កំពុង​ស្វះស្វែង​ក​ផ្ដល់​ជំនួយ​បន្ថែម​ទៅ​ដល់​រុ​ស្ស៊ី​ពិសេស​សព្វាវុធ​ទំនើប​ៗ ហើយ​ប្រទេស​លោក​ខាងលិច​ទាំងនេះ ក៏​មិន​ភ្លេច​ដែរ ចំពោះ​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​រុ​ស្ស៊ី ដោយ​ក្នុង​នោះ ក៏​មានការ​ហាមឃាត់​ការ​នាំ​ចូល​មាស​ពី​រុ​ស្ស៊ី​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកចូ បៃដិន ប្រាប់ក្រុមប្រទេស G7 ឱ្យ “នៅរួមរស់ជាមួយគ្នា” ដើម្បីទប់ទល់នឹងរុស្សី និងរាំងខ្ទប់ឥទ្ធិពលចិន

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនថា "យើងត្រូវនៅរួមរស់ជាមួយគ្នា" ដើម្បីប្រឆាំងនឹងរុស្ស៊ី ខណៈដ…

ការដ្ឋានសំណង់នៃគម្រោងដឹស្តា មេរាហ្កាដិន ផ្លូវ50ម៉ែត្រ លេចរូបរាងកាន់តែមានភាពទាក់ទាញ

ព័ត៌មាន
គម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏លេចធ្លោមួយរបស់បុរី ប៉េង ហួត គឺដឹស្តា មេរាហ្កាដិន ត្រូវបានគេមើលឃើញថាជាគម្រោងដ៏ឈានមុខគេមួយនៅតាមបណ្ដោយផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ