ពន្ធចំណេញលើមូលធន

ក្រុមអ្នកជំនាញអចលនទ្រព្យ សាទរចំពោះការសម្រេចពន្យារពេលអនុវត្តយកពន្ធចំណេញមូលធន


ក្រុមអ្នកជំនាញ និងអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា បានសាទរចំពោះ ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដែលបានអនុគ្រោះឲ្យមានការពន្យារពេលអនុវត្តការយកពន្ធចំណេញមូលធន ២០% លើការលក់អចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២១ខាងមុខនេះ។
សំណង់អាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

ក្រុមអ្នកជំនាញ​អចលនទ្រព្យ​អះអាងថា ការសម្រេច​ពន្យារពេល​យកពន្ធ​ចំណេញ​មូលធន​នាពេលនេះ វាគឺជា​ការគិតគូរ​យ៉ាង​យកចិត្ត​ទុកដាក់​​ពីសំណាក់​រាជរដ្ឋាភិបាល ចំពោះ​វិស័យ​ឯកជន ពិសេស​អ្នករកស៊ី នៅក្នុង​វិស័យ​អចលនទ្រព្យ ក៏ដូចជា​ជួយ​ធ្វើ​ឲ្យ​វិស័យនេះ អាចនឹង​នៅតែមាន​កំណើន​នៅអំឡុងពេល​វិបត្តិ​កូវីដ-១៩នេះផងដែរ។

បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ  បាន​ឲ្យដឹងថា រាជរដ្ឋាភិបាល បាន​សម្រេច​ឲ្យពន្យារកាលបរិច្ឆេទ​កំណត់​ការដាក់​ឲ្យ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធននេះ រយៈពេល ១ឆ្នាំទៀត រហូតដល់​ដំណាច់​ឆ្នាំ២០២១ គឺក្នុងគោលបំណង ទុកពេល​វេលា​គ្រប់គ្រាន់ ដល់អ្នកជាប់ពន្ធ និងសាធារណជន​ទាំងអស់ ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែច្បាស់ នូវបទប្បញ្ញត្តិ​ស្ដីពីពន្ធលើ​ចំណេញ​មូលធននេះ។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងថា កន្លងមក ខាងវិស័យឯកជន រួមមាន​សមាគម​ភ្នាក់ងារ​អ្នកវាយតម្លៃ​អចលនវត្ថុកម្ពុជា, សមាគមលំនៅដ្ឋានកម្ពុជា និងសមាគម​អ្នកសាងសង់​ជាដើម បាន​ជួប​ជាមួយនឹង​តំណាង​រាជរដ្ឋាភិបាល ដើម្បី​លើកឡើង​ពីទុក្ខលំបាក និង​ធ្វើយ៉ាងណា​ឲ្យរដ្ឋ​ជួយ​ពន្យារ​អនុវត្ត​ពន្ធចំណេញ​មូលធននេះសិន។ ហើយនៅទីបំផុត រាជរដ្ឋាភិបាល​ពិតជាបាន​ទទួលយក​ការសំណូមពរ​របស់​វិស័យឯកជន ដែលវាគឺ ជាការ​បង្ហាញ​នូវការ​យកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះវិស័យឯកជន ក្នុងពេល​ដែលស្ថានភាព​សេដ្ឋកិច្ច​កំពុង​ជួបបញ្ហា​ដោយសារតែ​វិបត្តិ​កូវីដ-១៩។ លោកបន្ថែមទៀតថា ការពន្យារពេល​នៃការ​យកពន្ធ​ចំណេញ​មូលធន​នេះ វាក៏នឹង​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​នៅកម្ពុជា អាចនឹង​រក្សា​បានកំណើន​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

ជាមួយគ្នានេះ លោក គីម ហ៊ាង ដែលជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Real Estate ក៏បាន​សាទរ​ចំពោះ​ការពន្យារពេល​យកពន្ធ​ចំណេញ​មូលធន​២០%នេះដែរ ដោយលោកបាន​លើកឡើងថា ការពន្យារពេល​១ឆ្នាំនេះ គឺជាពេលវេលា​មួយសមរម្យ​មួយ​ហើយ បើទោះបីជា​កន្លងមក ខាង​វិស័យឯកជន​ស្នើ​ចង់​បាន​ឲ្យ​មានការពន្យារពេល​ដល់ទៅ​២ឆ្នាំក៏ដោយ។ ការសម្រេច​ពន្យារពេល​យកពន្ធ​ចំណេញ​មូលធននេះ វាគឺជាការ​យល់ទុក្ខធុរៈ​របស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន ដែលបច្ចុប្បន្ន កំពុង​តែប្រឈម​នឹង​បញ្ហា​ទឹកជំនន់ផង និងបញ្ហាកូវីដ-១៩ផង។

បើតាម​ក្រុមអ្នកជំនាញ នៅពេល​មានការអនុវត្ត​យកពន្ធ​ចំណេញមូលធននេះ អ្វីដែលទីផ្សារ​ត្រូវប្រឈមនោះ​ គឺកត្តា​តម្លៃ ដោយសារតែ​អ្នកលក់​អចលនវត្ថុ នឹង​ប្រឹងដំឡើងថ្លៃ​កាន់តែខ្ពស់ ដើម្បីអាច​ចំណេញ​បាន​ច្រើន​ក្រោយពី​ត្រូវបង់​ពន្ធ។ 

តាម​ការពន្យល់​របស់​មន្ត្រី​ជាន់ខ្ពស់នៃអគ្គនាយកដ្ឋាន​ពន្ធដារ ពន្ធលើ​ចំណេញមូលធននេះ គឺនឹង​មាន​អនុវត្ត​លើការ​លក់​អចលនវត្ថុ ដោយអចលនវត្ថុ ដែលលក់បាន ត្រូវដកយក ផលចំណេញ​ពីការលក់ មកកាន់​ពន្ធ ២០% ឬក៏​ត្រូវ​យក​តម្លៃ ២០% នៃតម្លៃ​លក់​អចលនវត្ថុ​នោះ មកគិតពន្ធ ២០%។ ឧទាហរណ៍ ស្រួលយល់ គឺថា បើអ្នកលក់ផ្ទះ១ខ្នង​បាន​ក្នុងតម្លៃ ១លាន​ដុល្លារ នោះ នឹងត្រូវ​យក​តម្លៃ ២០% នៃតម្លៃផ្ទះនោះ មកគិតពន្ធ ២០% ដូច្នេះ បើអ្នកលក់ផ្ទះនោះ បាន​ក្នុងតម្លៃ១លានដុល្លារ នោះ​អ្នកនឹងត្រូវបង់​ពន្ធ​ចំណេញ​មូលធននេះ ៤ម៉ឺនដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Smart Axiata ទទួល​បាន​ទឹកប្រាក់​បរិច្ចាគ​ ៤​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​អ្នករងគ្រោះ​ទឹក​ជំនន់​នៅ​បន្ទាយមានជ័យ​និងបាត់ដំបង

ព័ត៌មាន
បន្ទាប់ពីការប្រកាសអំពីមូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata កាលពីសប្ដាហ៍មុន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ​២០២០ ក្រុមហ៊ុន Smart A…

តម្លៃទុនវិនិយោគវិស័យសំណង់សម្រេចបានជិត ៦ពាន់លានដុល្លារ នៅ៩ខែ ឆ្នាំ២០២០

ព័ត៌មាន
ទិន្នន័យសំណង់បង្ហាញថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២០នេះ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្តល់លិខិតអនុញ្ញាតសាងសង់ប្រមាណជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ