កូវីដ១៩-អចលនទ្រព្យ-កម្ពុជា

ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ចាប់​ផ្តើម​រងផល​ប៉ះពាល់​រង្គោះ​រង្គើ ដោយសា​រ​មេរោគ​កូវីដ១៩


ក្រុម​អ្នក​ជំនាញ​និង​ជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​អះអាង​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​ចាប់​ផ្តើម​ទទួល​រងផល​ប៉ះពាល់​ដោយសារ​ឥទ្ធិពល​មេរោគ​កូវីដ១៩ ជា​បណ្តើរៗ​ហើយ ដោយ​ក្នុង​នោះ សកម្មភាព​នៃ​ការ​ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា គឺ​មាន​សភាព​ស្ងប់ស្ងាត់​ជាខ្លាំង ពិសេស​ចរន្ត​នៃ​ការស្វែងរក​អចលនទ្រព្យ​ពី​វិនិយោគិន​បរទេស​មាន​ការថមថយ​យ៉ាង​ខ្លាំង ខណៈ​ចរន្ត​នៃ​ការទិញ​ដូរ​អចលនទ្រព្យ​ពី​សំណាក់​វិនយោគិន​ក្នុង​ស្រុក​នៅតែ​បន្ត​មាន ក្នុង​បរិមាណ​តិចតួច​ជាងមុន។
គម្រោងអគារ​ធំមួយ នៅ​រាជធានី​ភ្នំពេញ ដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់មិនទាន់រួចរាល់។ រូបភាព៖ ហេង ភារម្យ
ដោយ

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ចាស់​វស្សា​ជាង​គេ​មួយ នៅ​កម្ពុជា បាន​ធ្វើការ​កត់​សម្គាល់​ឃើញ​ថា ដោយសារតែ​បញ្ហា​នៃ​ការរីក​រាល​ដាល​ឆ្លង​នៃ​វីរុស​កូវីដ​១៩ នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​សកម្មភាព​ទិញដូរ​អចលនទ្រព្យ​បច្ចុប្បន្ន ហាក់បី​ដូចជា​មាន​ការថមថយ​កម្លាំង​ចុះ ជាង​ពេល​ធម្មតា​ដែល​មិនទាន់​មាន​វិបត្តិ​កូវីដ១៩ កើត​ឡើង និង ចលនា​នៃ​ការទិញលក់​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច។

ឧកញ៉ា ចេង ខេង បន្តថា នៅ​ពេល​នេះ ទាំង​អ្នក​លក់ និង​អ្នក​ទិញ​សុទ្ធតែ​ប្រយ័ត្ន​ការពារ​ជំងឺ​រៀងៗ​ខ្លួន បាន​ន័យ​ថា យើង​មិន​ហ៊ាន​ទៅ​ជួប​គេ គេ​ក៏​មិន​ហ៊ាន​មក​ជួប​យើង​ដែរ។

ប៉ុន្តែ យ៉ាងណា​ក៏​ដោយ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អចលនទ្រព្យ​កម្ពុជា រូបនេះ នៅ​តែ​អះអាង​ថា ស្ងប់ស្ងាត់​មិន​មាន​ន័យ​ថា គ្មាន​សកម្មភាព​ទិញ​លក់ ឬ​ដោះដូរ​ដីធ្លី ផ្ទះ​សម្បែង​នោះទេ ពោល​គឺ​នៅតែ​មាន ហើយ​នេះ​ជា​ឱកាស​ល្អ​សម្រាប់​អ្នកទិញ ដែល​ពួកគេ​មាន​ការ​សម្រេច​ចិត្ត​ទិញ​លឿន​ជាង នៅពេល​ដែល​ទីផ្សារ​អចលនទ្រព្យ​កើន​ឡើង​ល្អ​ទៅទៀត។

មិនខុស​ពី​ឧកញ៉ា ចេង ខេង ទេ លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​គូស​បញ្ជាក់​ថា មេរោគ​កូវីដ​១៩ កំពុង​ជះ​ឥទ្ធិពល​កាន់តែ​ខ្លាំង​ឡើងៗ​​ហើយ ​មក​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដែល​គិត​មក​ដល់​ពេល​នេះ ចរន្ត​ទិញ​ពី​ទីផ្សារ​អន្តរជាតិ គឺ​មាន​សភាព​ស្ងប់ស្ងាត់​ខ្លាំង ប៉ុន្តែ ចរន្ត​ទិញ​របស់​វិនិយោគិន​ក្នុង​ស្រុក​នៅ​បន្ត​ទិញ​ដូរ​ជា​ហូរហែ ដែល​ពួកគាត់​គិត​ថា នេះ​នៅតែ​ជា​ឱកាស​សម្រាប់​ការវិនិយោគ។

លោក​បញ្ជាក់​ថា ចរន្ត​នៃ​ការទិញ​ដូរ​អចលនទ្រព្យ​មាន​ការថយចុះ​ក៏​ពិតមែន​ ក្នុង​ពេល​នេះ តែយ៉ាងណា លក្ខខណ្ឌ​សម្រាប់​ការទូទាត់​ហាក់មាន​ភាព​ល្អ​ប្រសើរ​ ដោយ​អ្នក​ទិញ​អាច​ចរចា​ចំពោះ​ការសង​ប្រាក់​មាន​រយៈពេល​វែង បាន​ពី ៨ខែ ទៅ ១ឆ្នាំ។

លោក​បន្ត​ថា ក្នុង​អំឡុង​ពេល​នេះ អ្នក​មាន​ប្រាក់​ក្នុង​ដៃ​ជា​ឱកាស​ល្អ​ហើយ ប៉ុន្តែ យ៉ាងណា ឥទ្ធិពល​កូវីដ​១៩​នេះ ទើបតែ​ចាប់​ផ្តើម​ទេ ដូច្នេះ ក្នុងរយៈដ៏ខ្លី​ខាង​មុខ វិស័យ​នេះ​វាអាច​នឹង​បន្ត​ធ្លាក់​កាន់​តែ​ខ្លាំង ទាំង​សកម្មភាព​ទិញ​ដូរ ក៏ដូចជា សកម្មភាព​អភិវឌ្ឍន៍។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា តម្រូវការ​ទិញ​ដូរ​អចលនទ្រព្យ​ដែល​ថា នៅ​មាន​តម្រូវការ​ខ្លះៗ​នោះ គឺ​មាន​តែ​នៅ​រាជ​ធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​សក្តានុពល​តែ​ប៉ុណ្ណោះ ប៉ុន្តែ ចំពោះ​អចលនទ្រព្យ​ដែល​ស្ថិត​នៅទីតាំង​ឆ្ងាយៗ គឺ​មិន​មាន​ការទិញដូរ​ទៀត​ឡើយ នៅ​ពេលនេះ។

ប៉ុន្តែ​ទោះជាយ៉ាងណា បើតាម​លោក ច្រឹក សុខនីម វិស័យ​អចលនទ្រព្យ​ពេលនេះ​មិន​អាច​និយាយ​ថា មិន​ដំណើរការ​សកម្មភាព​ទាំង​ស្រុង​នោះ​ទេ ពោល​គឺ​នៅមាន​សកម្មភាព​ខ្លះៗ តែ​ក្នុង​ល្បឿន​មួយ​យឺត និង​ជា​ឱកាស​សម្រាប់​អ្នក​មាន​សាច់ប្រាក់​ក្នុង​ដៃ​ដើម្បី​វិនិយោគ​ទទួល​បាន​ផល​ចំណេញ​ បន្ទាប់ពី​ស្ថានភាព​ត្រូវ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។

លោក ច្រឹក សុខនីម បញ្ជាក់​ថា មក​ដល់​ពេល​នេះ តម្លៃ​អចលនទ្រព្យ​នៅតែ​រក្សា​តម្លៃ​ដដែល ទាំង​នៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​សក្តានុពល និង​ចំពោះ​ការ​អភិវឌ្ឍ​វិញ​សម្រាប់​គម្រោង​ថ្មីៗ គឺ​មិនសូវ​ឃើញ​មាន​ទៀត​ឡើយ ប៉ុន្តែ អ្វី​ដែល​យើង​មើល​ឃើញ គឺ​សកម្មភាព​សាងសង់​ ដែល​មាន​ភាគច្រើន ជា​គម្រោង​មិន​ទាន់​បាន​បញ្ចប់​ពី​មុន​ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រឹក្សាអឺរ៉ុប អនុម័តចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម ចំពេល Covid-19 បន្តរីករាលដាល

ព័ត៌មាន
នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២០ ក្រុមប្រឹក្សាអឺរ៉ុប បានសម្រេចអនុម័តចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុបវៀតណាមហើយ បើទោះបីជា …

ថៃ​បន្ត​ផ្អាក​ការនាំចេញ​ស៊ុត​ពេញ​មួយ​ខែ​មេសា ដើម្បី​ទុក​ផ្គត់ផ្គង់ក្នុងស្រុក

ព័ត៌មាន
ប្រទេស​ថៃ​នឹង​​ផ្អាក​ការនាំចេញ​ស៊ុត​ទៅ​ក្រៅ​ប្រទេស ពេញ​មួយ​ខែ​មេសា ដើម្បី​រក្សា​ទុក​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក ដែល​កំពុង​មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ