សហគ្រិនភាព

"មីក្រហម" ត្រៀម​រួចស្រេច​ដើម្បី​ប្រជែង​នឹង​អាហារ​​បរទេស​ក្នុង​វិស័យ​ភោជនីយដ្ឋាន​និង​ហាង​កាហ្វេ​


ខណៈ​ដែល​ភោជនីយដ្ឋាន​និង​កាហ្វេ​ក្នុង​ស្រុក​ក្ដី ឬ​ Franchise ក្ដី កំពុង​តែ​ពេញ​និយម​ក្នុងការ​នាំ​ចូល​អាហារ​យីហោ​បរទេស​មក​ក្នុង​ទីផ្សារ​ភោជនីយដ្ឋាន​និង​កាហ្វេ​នៅ​កម្ពុជា សហគ្រិន​ខ្មែរ​វ័យ​ក្មេង​មួយ​រូប បែរ​ជា​គិត​បញ្ច្រាស​និន្នាការ​នេះ​ទៅវិញ។ សម សក្កដា ក្នុង​វ័យ​ជាង​៣០​ឆ្នាំ​បន្តិច បាន​ច្នៃប្រឌិត​អាហារ​ពិសេស​មួយ​មុខ ឈ្មោះថា "មីក្រហម" ដើម្បី​ប្រជែង​ជាមួយ​នឹង​អាហារ​ម៉ាក​យីហោ​នាំ​ចូល​ពី​បរទេស។
មីក្រហម ដែល​ជា​គំនិត​ច្នៃ​ប្រឌិត​របស់​ហាង​កាហ្វេ K.E. Cafe របស់​សហគ្រិន​ខ្មែរ​វ័យ​ក្មេង​ លោក សម សក្កដា។
ដោយ

លោក សំ សក្ដា គឺ​ជា​សហគ្រិន​ចូល​ចិត្ត​ធ្វើ ជាង​និយាយ។ បច្ចុប្បន្ន ជា​អ្នកគ្រប់គ្រង​និង​ស្ថាបនិករបស់​ហាង​កាហ្វេ Khmer Enterprise (K.E) នៅ​រាជធានី​ភ្នំពេញ​ សហគ្រិន​វ័យ​ ៣៣ឆ្នាំ​​រូបនេះ ​មាន​​ផលិតផល ​ក្នុង​ស្រុក​ពិសេស​ម្យ៉ាង ដែល​ហាង​កាហ្វេ​រាប់​ពាន់​ទៀត​មិនមាន​ដូច។ នោះ​គឺ​មី​ក្រហម ដែល​ជា​គំនិត​ច្នៃប្រឌិត​និង​បង្កើត​ដោយ​ខ្មែរ​ផ្ទាល់។ វា​គឺ​ជា​មោទនភាព​ដ៏​កម្រ។ 

មី​ក្រហម​ធ្វើ​ចេញ​ពី​ម្សៅ​ស្រូវ​សាឡី ផ្សំ​ជាមួយ​នឹង​ទឹក​ចម្រាញ់​ចេញ​ពី​មើម​ឆៃថាវ​ក្រហម ដែល​សំបូរ​ដោយ​វីតាមីន​ច្រើន​មុខ។ ស្រប​ពេល​ដែល​ភោជនីយដ្ឋាន​និង​ហាង​កាហ្វេ​ជា​ច្រើន​នាំចូល ​ផលិតផល​វេច​ខ្ចប់​ស្រាប់​ពី​ប្រទេស​ក្រៅ មី​ក្រហម នៅ K.E Cafe បាន​និង​កំពុង​ក្លាយ​ជា​ជម្រើស​ដ៏​ប្រសើរ​ដល់​អតិថិជន។

ចុងភៅ​កំពុង​ធ្វើ​សរសៃ​មី​ក្រហម នៅ​ហាង​កាហ្វេ K.E. Cafe។

ជា​គោល​គំនិត​របស់​​លោក សំ សក្ដា ​មីក្រហម គឺ​តំណាង​ឲ្យ​ផលិតផល​​ក្នុងស្រុក ការច្នៃ​បង្កើត​ដោយ​ខ្លួន​ឯង​មិន​ចម្លង​ពីគេ និង​ការគិត​គូរ​ដល់​សុខភាព​អ្នក​បរិភោគ​ជាចម្បង។ 

លោក សំ សក្ដា ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​សហគ្រិនភាព​មក​ពី​បរទេស ថ្លែងប្រាប់​ ខេមបូណូមីស ដូច្នេះថា៖ «ទម្រាំ​បាន​ចេញ​ជា​មី​ក្រហម​មួយ​ចាន យើង​ត្រូវ​ចំណាយ​ទាំង​កម្លាំង​កាយ​ ចិត្ត និង​ប្រាជ្ញា មិន​រាប់​ទាំង​ថវិកា ដែល​វិនិយោគ​លើ​គ្រឿង​ផ្សំ​និង​របស់​ដើម​ដែល​មាន​ក្នុង​ស្រុក​ដែល​អាច​រក​បាន​​ផងទេ។»​

បើ​ទោះ​ជា​ការ​ផលិត​ដោយ​ខ្លួន​ឯង​លំបាក​ជាង​ទិញ​មី​កញ្ចប់​ស្រាប់ ប្រើ​ថ្លៃ​ដើម​ច្រើន​ជាង​ផលិតផល​ពី​បរទេស​ក្ដី សហគ្រិនវ័យ​ក្មេង សម សក្កដា ជឿជាក់ថា វា​ជា​ចក្ខុ​វិស័យ​ដ៏​វែង​ឆ្ងាយ ដើម្បី​អប់រំ​អតិថិជន​អំពី​ការ​ទទួល​ទាន​អាហារ​ផលិត​ក្នុង​ស្រុក​​ដែល​មាន​គុណភាព​ផង និង​បង្ហាញ​នូវ​ជំហរ​ដ៏​មាំ​ថា ភាព​ច្នៃ​ប្រឌិត​របស់​សហគ្រិន​ក្នុង​ស្រុក​ គឺ​​មាន​​ និង​អាច​ទៅ​មុខ​បាន ផង។ 

សរសៃ​មី​ក្រហម ផលិត​ដោយ​ផ្ទាល់​ដោយ​ចុងភៅជំនាញ​របស់​ហាង​កាហ្វេ K.E. Cafe។

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ លោក សក្ដា ក៏​បាន​ក្រឡេក​មើល​ និង​កោត​សរសើរ​សហគ្រិន​ខ្មែរ​លេច​ធ្លោ​មួយ​ចំនួន ដែល​បាន​និង​កំពុង​ដើរ​លើ​វិថី​នេះ​រួច​ហើយ។ ខណៈ​ដែល​​សហគ្រិន​ដែល​លោក​បាន​ស្ញប់​ស្ញែង​ផ្ទាល់​បាន​ បោះបង់​ផ្លូវ​នេះ​ចោល ក៏​មាន​សហគ្រិន​ផ្សេង​ទៀត​​កំពុង​ព្យាយាម​ខិតខំ​ពុះពារ​គ្រប់​បែប​យ៉ាង ដើម្បី​រក្សា​នូវ​ផលិតផល​និង​ផ្លាក​សញ្ញា​ដែល​បង្កើត​ឡើង​ក្នុង​ស្រុក ឲ្យ​កាន់​តែ​ទទួល​បាន​ការ​គោរព​និង​វិវឌ្ឍ​ទៅ​មុខ​ផងដែរ បើ​ទោះ​បី​ជា​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ផលិត​ផល​ដែល​ពាក់​ផ្លាក​សញ្ញា​អន្តរជាតិ​ល្បីៗ​ក៏​ដោយ។ 

ជាមួយ​នឹង​អាហារ មីក្រហម ដែល​ផ្តោត​លើ​គុណភាព​សម្រាប់​សុខភាព​អ្នក​បរិភាគ ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ជា​អតិបរមា គោលដៅ​យូរ​អង្វែង​ទៅ​ទៀត គឺ​លោក សំ សក្ដា ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ថា សហគ្រិន​ក្នុង​ស្រុក​អាច​ផលិត​អាហារ​ដូចជា មី​ក្រហម ដែល​អាច​ក្លាយ​ជា​ផលិតផល​ពាក់​ផ្លាក​សញ្ញា​កម្ពុជា ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​មហាជន​ទូទៅ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្រ្តី​រាជការ​សាទរ​ការ​ដំឡើង​បៀវត្សរ៍​​ឆ្នាំ​២០១៨ តែ​ស្នើ​ឲ្យ​ទប់​ស្កាត់​ទំនិញ​ឡើង​ថ្លៃ

ព័ត៌មាន
រដ្ឋាភិបាល​បាន​អនុម័ត​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៨ មាន​ចំនួន ២៣.៤២៨.២៩៨​លាន​រៀល។ ហើយនៅ​ឆ្នាំ​២០១៨​នេះ មន្រ្តី​រាជការ​នឹង​ត្រូវ​បាន…

បបរ​ចិញ្ចើម​ផ្លូវ​ចូល​សង្កាត់​ទឹកថ្លា មនុស្ស​ប្រជ្រៀត​គ្នា​ចូល​ហូប ព្រោះ​ឆ្ងាញ់​និង​តម្លៃ​ទាប

ព័ត៌មាន
នៅ​តាម​ផ្លូវ​តូច​មួយ​ចូល​ទៅ​សាលា​សង្កាត់​ទឹកថ្លា មាន​អ្នក​លក់​ដូរ​ជា​ច្រើន ដូចជា អ្នក​លក់​បង្អែម សាច់​អាំង ម្ហូប​អាហារ បន្លែ​ផ្លែ​ឈើ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ