Advertisement
Advertisement
Advertisement
ការប្រកួតប្រជែង​ទីផ្សារ កក់​សេវាធ្វើដំណើរ​តាម​អនឡាញ!

ការប្រកួតប្រជែងសេវា កក់សេវាធ្វើដំណើរតាមអនឡាញ កំពុងដើរដល់ដំណាក់កាលស្លាប់រស់?


រយៈពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ អាជីវកម្មផ្ដល់សេវាកក់សេវាធ្វើដំណើរតាមអនឡាញ ដែលគេហៅថា Ride-Hailing Apps កំពុងមានសន្ទុះកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងការរីកចម្រើននេះ ការប្រកួតប្រជែងក្នុងវិស័យនេះ ក៏កំពុងកើនកម្ដៅកាន់តែខ្លាំងឡើងៗ ខណៈដែលអ្នកជំនាញ បានមើលឃើញថា ការប្រកួតប្រជែងសេវាកក់សេវាធ្វើដំណើរតាមអនឡាញកំពុងដើរដល់ដំណាក់កាលស្លាប់រស់ហើយ។
ការប្រកួតប្រជែងសេវាកក់ សេវាធ្វើដំណើរតាមអនឡាញកំពុងដើរដល់ដំណាក់កាលស្លាប់រស់?
Advertisement

ហេតុអ្វី​បានជា​ក្រុមហ៊ុន កក់សេវា​ធ្វើដំណើរ​តាមអនឡាញ កើនឡើងច្រើន?

បើអ្នកធ្វើដំណើរ​តាមដងផ្លូវ​នៅរាជធានីភ្នំពេញ អ្នកនឹងបាន​ឃើញ​នូវ​ម៉ូតូកង់បី​ឬគេនិយម​ហៅថា កង់បីឥណ្ឌាជាច្រើន ឬមួយចំនួន​ជារថយន្ដ បាន​បំពាក់​នូវ​កម្មវិធី​ App ទូរស័ព្ទដៃស្មាតហ្វូន​ ដែលអនុញ្ញាត​ឲ្យអ្នក​ធ្វើដំណើរ​អាច​កក់​សេវា​ធ្វើដំណើរ​តាម​អនឡាញ​បានយ៉ាងងាយ​ស្រួល និងឆាប់រហ័ស ដោយមិនចាំបាច់​ឈរបោយដៃ​ហៅទៀតនោះទេ។

ដោយស្នើសុំ​មិនបញ្ចេញឈ្មោះ ក្រុមអ្នកជំនាញ​ក្នុងវិស័យ​សេវាកក់​សេវា​ធ្វើដំណើរ​តាមអនឡាញ បាន​បញ្ជាក់​ប្រាប់​ខេមបូណូមីសថា អាជីវកម្ម​​កក់សេវា​ធ្វើដំណើរ​តាមអនឡាញ Ride Hailing Apps នៅកម្ពុជា មានការ​រីកដុះដាល​ខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេ ដោយ​គិតមកទល់​បច្ចុប្បន្ន ក្រុមហ៊ុន ​ដែលបាន​ផ្ដល់សេវា​នេះ នៅកម្ពុជា មាន​មិនក្រោម ២០​ ក្រុមហ៊ុននោះឡើយ។ ទន្ទឹម​នឹង​ការរីកដុះឡើង​ដូចផ្សិតនេះ ក៏មាន​ក្រុមហ៊ុន​ខ្លះ​ត្រូវបានរោយរាយ​ទៅវិញជាបណ្ដើរៗ​ផងដែរ។

មាន​ហេតុផល មួយចំនួន ដែល​ជំរុញ​ឲ្យ​អាជីវកម្ម​កក់សេវា​ធ្វើដំណើរ​តាមអនឡាញ មានសន្ទុះកើនឡើង​ខ្លាំង។ ទី១ ដោយសារតែ​ វាជាទម្លាប់​របស់​អ្នករកស៊ី​នៅកម្ពុជាទៅហើយ ដែលតែងនិយម​ធ្វើការ​រកស៊ី​តាម​គ្នា។ មួយវិញទៀតនោះ គឺ​អាជីវកម្មនេះ ងាយក្នុងការ​ចាប់ផ្ដើម​ សូម្បី​និស្សិត​សាកលវិទ្យាល័យ​ក៏អាច​មានសមត្ថភាព​ផលិត App នេះបានដែរ ក៏ប៉ុន្ដែ ចំណុចសំខាន់​នៅ​ត្រង់ថា អ្វីជាយុទ្ធសាស្ត្រ និងចំណុចខ្លាំង ដែល​អាចប្រជែង និងអាច​រស់បាន ឬមិនបាន​នៅលើ​ទីផ្សារ នោះ​ទើប​ជាកត្តា​ស្លាប់រស់។

គេសង្កេតឃើញថា ក្នុងចំណោម​ក្រុមហ៊ុន​ផ្ដល់សេវា​កក់សេវា​ធ្វើដំណើរ តាមអនឡាញ​ទាំងអស់​នៅកម្ពុជា ក្រុមហ៊ុន​ដែលមាន​ឥទ្ធិពល ​គ្របដណ្ដប់​ទីផ្សារ​ខ្លាំង​ជាងគេនោះ គឺក្រុមហ៊ុន Grab ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​ខ្នាតយក្ស​មួយ​ក្នុងតំបន់។  ដោយសារតែ​ឥទ្ធិពល​ប្រកួតប្រជែង​​មាន​ក្រុមហ៊ុន​ក្នុងស្រុកជា​ច្រើន កំពុង​រស់​ទាំងលំបាក​ក្នុងការប្រកួតប្រជែង​ទីផ្សារ​ដ៏ក្ដៅគគុកជាមួយ​ក្រុមហ៊ុន​យក្ស​ពីបរទេស​មួយនេះ​ផងដែរ។ 

ម៉ូតូកង់បី ដែលមាន​ប្រើប្រាស់​សេវា​កក់សេវា​ធ្វើដំណើរ​របស់ក្រុមហ៊ុន Grabផង និង PassApp ផង (រូបភាព៖ ហេង​ ភារម្យ)

ក្រុមអ្នកជំនាញ បានបញ្ជាក់ថា សមរភូមិ​នៃ​សេវា​កក់​សេវា​ធ្វើដំណើរ​តាម​អនឡាញ បាន​ចាប់ផ្ដើមឡើងកម្ដៅ​កាន់តែខ្លាំងឡើងៗ បន្ទាប់ពី​ក្រុមហ៊ុន​យក្ស​ដែលមាន​មូលដ្ឋាន​ពី​សិង្ហបុរី គឺ Grab បានបន្ដ​ធ្វើការ​បញ្ចុះ​តម្លៃ​សម្រាប់​ការ​ធ្វើដំណើរ​កាន់តែទាប​ជាបន្ដបន្ទាប់ ធ្វើឲ្យ​ក្រុមហ៊ុនក្នុងស្រុក​ផ្ដល់សេវា​ដូចគ្នា​ដូចជា PassApp និង WeGo ជាដើម មិនអាច​ទប់ទល់​នឹង​ការប្រជែង​តម្លៃនេះបាន។ មិនអាច​ប្រជែង​បាន ក៏ដោយសារតែ​ក្រុមហ៊ុន​ក្នុងស្រុក​ទាំងនោះ មានការចំណាយ​ថ្លៃដើម​ខ្ពស់ តាមរយៈ​ការទិញ​នូវ​កម្មវិធី Platform ពីបរទេស​មកប្រើ។ ការទិញ Platform ពីប្រទេស​ បេឡារុស មកប្រើប្រាស់នេះ ត្រូវបានអ្នកជំនាញ​អះអាងថា គឺដូចទៅនឹង​​ការទិញសិទ្ធិ​អាជីវកម្ម​ Franchise របស់គេ​មកប្រើដែរ ពោលគឺ​ត្រូវការ​បង់ថ្លៃ​សេវា​ជាប្រចាំ​ទៅឲ្យក្រុមហ៊ុន​ម្ចាស់ដើម Platform នោះ។ 

Advertisement

មិនយូរទេ បើសិនជា​ស្ថានភាព​ប្រកួតប្រជែង​ទីផ្សារ​នៅតែ​បន្ដ​បែបនេះ ក្រុមហ៊ុន​ផ្ដល់សេវា​កក់សេវា​ធ្វើដំណើរ​តាម​អនឡាញ​ក្នុងស្រុកទាំងអស់ នឹងប្រឈម​មុខ​នឹង​ការ​ដួលបាត់មុខពី​ទីផ្សារ​ម្ដងមួយៗ​ជាក់ជា​មិនខានឡើយ។ នេះបើតាម​ការបញ្ជាក់ពីក្រុមអ្នកជំនាញ។

តើ​ក្រុមហ៊ុន​ក្នុងស្រុក​ត្រូវត្រៀមខ្លួនបែបណា​ដើម្បី​ទប់ទល់​នឹងការប្រកួតប្រជែងនេះ?

ស្របពេលដែល​វិស័យ​កក់សេវា​ធ្វើដំណើរ​តាមអនឡាញ​កំពុង​មានវិសាលភាព​កាន់តែធំឡើងៗ​នៅទូទាំង​ពិភពលោក គេសង្កេតឃើញថា ប្រទេស​នីមួយៗ បាន​ខិតខំ​ពង្រឹង​ និងលើកស្ទួយ​នូវ​សមត្ថភាព​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​តំណាង​ឲ្យ​សេវាកក់សេវា​ធ្វើដំណើរ​តាមអនឡាញ​សម្រាប់​ប្រទេស​របស់ខ្លួន។

តួយ៉ាង នៅប្រទេស​ឥណ្ឌូនេស៊ី មាន ក្រុមហ៊ុន GoJek, នៅវៀតណាម មាន FastGo នៅចិន មាន​ Didi នៅជប៉ុន មានក្រុមហ៊ុន Japan Taxi ដោយក្រុមហ៊ុន​ទាំងនោះ សុទ្ធតែ​បានឈរជើង​រឹង​មាំក្នុងស្រុក បើទោះបី​មានការចូល​មកប្រជែង​ទីផ្សារ​ពីសំណាក់​ក្រុមហ៊ុន​យក្សៗ​ពីក្រៅ​ដូចជា Grab និង Uber ក៏ដោយ។ 

ការប្រកួតប្រជែងសេវាកក់ សេវាធ្វើដំណើរតាមអនឡាញកំពុងដើរដល់ដំណាក់កាលស្លាប់រស់?

បើតាម​អ្នកជំនាញ បានអះអាង ប្រាប់ខេមបូណូមីសថា ហេតុផល ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​ផ្ដល់សេវា​កក់ធ្វើដំណើរ​តាមអនឡាញ​ក្នុងស្រុក​នៃប្រទេស​ខាងលើទាំងអស់​នោះ អាចឈរជើងរឹង​មាំ​ក្នុងទីផ្សារ​ក្នុងស្រុក​របស់ខ្លួន គឺដោយសារតែ​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ផ្ដល់សេវា​ដូចគ្នានេះ មាន​ភាពសាមគ្គីគ្នា ​ ជាចរន្ដ​ គាំទ្រ​កិច្ច​សហការជា​ធ្លុងមួយ ក្នុងការ​ប្រើប្រាស់​ Platform តែមួយ ដែលបង្កើតឡើង​នៅក្នុងស្រុក ដោយមិន​ចាំបាច់​ទិញពីបរទេស។ និងកត្តា​មួយផ្សេងទៀតនោះ គឺក្រុមហ៊ុន​ក្នុងស្រុកទាំងនោះ មានការគាំទ្រ​ និងការគាំពារ​ពីនិយ័តករ ដែលជា​រដ្ឋាភិបាល​ ពិសេសចំពោះ​ការប្រជែង​ទីផ្សារ។

អ្នកជំនាញ បាន​គូសបញ្ជាក់ដែរថា ការប្រកួតប្រជែង​លើ​តម្លៃ ពិតណាស់​វា​ផ្ដល់ប្រយោជន៍​សម្រាប់​អ្នកប្រើប្រាស់ រយៈពេល​ខ្លី ប៉ុន្ដែ សម្រាប់រយៈពេលវែង ប្រសិនបើ​ការប្រកួតប្រជែងនោះ ធ្វើឡើង​ដើម្បី​តែការ​វាយសង្គ្រប់​យកទីផ្សារយកតែឯង​ផ្ដួលដៃគូ​ជុំវិញខ្លួន វាមិនមែនជារឿងល្អនោះទេ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមឈរលំដាប់ទី ៨ ជាកំពូលប្រទេសទាក់ទាញការវិនិយោគពីក្រៅប្រទេសខ្លាំងជាងគេ

ព័ត៌មាន
ប្រទេសវៀតណាម ត្រូវបានគេចាត់ថ្នាក់ថា ជាកំពូលប្រទេសទី៨ នៃកំពូលប្រទេសទាំង២៩ ដែលបានទាក់ទាញការវិនិយោគពីក្រៅប្រទេសច្រើនជាងគេ។នេះបើតាមរបា...

វៀតណាម​ផ្សាយ​បណ្ដាញ 5G លើក​ដំបូង​បង្អស់​ ចេញពីទីក្រុង​ហូជីមិញ

ព័ត៌មាន
ក្រុមហ៊ុន​ទូរគមនាគមន៍​ធំបំផុត​របស់​វៀតណាម គឺ​ក្រុមហ៊ុន Viettel បាន​ធ្វើការផ្សាយ​បណ្ដាញ 5G លើក​ដំបូង​បង្អស់​របស់​ខ្លួន នៅថ្ងៃសៅរ៍ ទ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ