គ្រោះធម្មជាតិ

អភិបាល​ខេត្ត​កំពង់ចាម៖ ការបាក់​ច្រាំង​ទន្លេ​ឈាន​ដល់​ចំណុច"​បន្ទាត់​ក្រហម"​ដែល​ត្រូវ​តែ​​ដោះស្រាយ


លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០នេះ ថា​ ការបាក់ច្រាំង​ទន្លេ​មេគង្គ​នៅ​ខេត្ត​របស់​លោក គឺ​បាន​ឈាន​ដល់​ចំណុច​"បន្ទាត់​ក្រហម"ហើយ ដែល​ត្រូវ​ឲ្យ​មាន​ការដោះស្រាយ​ដើម្បី​កុំ​ឲ្យ​មាន​ការបន្ត​ខូចខាត​លំនៅដ្ឋាន ដី​ស្រែ​ចម្ការ និង​ប្រព័ន្ធ​គមនាគមន៍។
ទិដ្ឋភាព​នៃ​ច្រាំងទន្លេ​នៅក្នុង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម។ រូបភាពឯកសារ AKP

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក អ៊ុន ចាន់ដា បានអះអាងថា ប្រជាពលរដ្ឋនៅក្នុង ៦ស្រុក-ក្រុង នៅ​តាម​ដងទន្លេ ប្រឈមនឹង​ការបាត់បង់​និង​ខូចខាត​លំនៅដ្ឋាន ដីស្រែ​ចម្ការ ប្រព័ន្ធ​ផ្លូវ​គមនាគមន៍ វត្ត​អារ៉ាម ព្រះវិហារ សាលារៀន និង​សួន​ច្បារ​សាធារណៈ ដោយសារតែ​ការ​បាក់​ច្រាំង​ទន្លេ។

លោក អ៊ុន ចាន់ដា បាន​និយាយ​ដូច្នេះ​ថា ៖ “យប់ឡើង​ដេក​ស្តាប់​តែ​ច្រាំង​បាក់​ទេ​ពួកគាត់។ យើង​បាន​ទៅ​ជួប​គាត់ គាត់​បាន​និយាយ​អំពី​បញ្ហា​ទុក្ខ​លំបាក​របស់​គាត់ យើង​​ស្តាប់​ទៅ គឺ​ពិត​ជា​មាន​ការសោកស្តាយ​ចំពោះ​ការបាត់បង់​នូវ​ផ្ទះ​សម្បែង ដីធ្លី​បង្ក​បង្កើន​ផល ដូចជា ប្រព័ន្ធ​ផ្លូវ ដែល​បង្ក​ឡើង​ដោយ​គ្រោះ​បាក់​ច្រាំង​ទន្លេ។

លោក អ៊ុន ចាន់ដា បាន​និយាយ​បន្ត​ថា “ចំណុច​នេះ ខ្ញុំ​សូម​បញ្ជាក់​ថា យើង​ដល់​បន្ទាត់​ក្រហម​ដែល​ត្រូវ​នាំ​គ្នា​ដោះស្រាយហើយ។”

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា (រូបទីពីរ ពីខាងស្ដាំ) ចុះពិនិត្យមើល​ស្ថានភាព​នៃ​ការបាក់ច្រាំងទន្លេនៅក្នុង​ខេត្ត។ រូបភាពឯកសារ ហ្វេសប៊ុក។

លោក​អភិបាល​ខេត្ត​រូប​នេះ​បាន​បន្ត​ថា ការបាក់​ច្រាំង​នេះ​មិនមែន​កើត​ឡើង​​ទើប​តែ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ ប៉ុន្តែ បើ​យោង​តាម​ចម្រៀង​មួយ​បទ​របស់​លោក​ ស៊ីន ស៊ីសាមុត គឺ​ថា បាក់ច្រាំង​មាន​តាំង​ពី​ជំនាន់​នោះ​មក​ម្ល៉េះ។

ការបាក់ច្រាំងនេះ​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​រំកិល​ផ្ទះ​ឡើង​អស់​ដី​ត្រូវ​រំកិល​ហើយ ខណៈ​ដែល​វត្ត​អារ៉ាម​កន្លែង​ខ្លះ ត្រូវ​រើ​បី​ដង។ នេះ​បើ​យោង​តាម លោក អ៊ុន ចាន់ដា។

លោក អ៊ុន ចាន់ដា បាន​និយាយ​ថា​ ច្រាំង​ទន្លេ​ប្រវែង​ប្រមាណ ១៩​គីឡូម៉ែត្រ ប្រឈម​នឹង​ការបាក់ច្រាំង​ ហើយ​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ គឺ​មាន​តែ​ធ្វើ​ការទប់​កុំ​ឲ្យ​មាន​ការបាក់​ទៀត រួមមាន ការប្រើ​បាវ​ខ្សាច់​និង​ការប្រើ​បេតុង​ចាក់​ទប់​កន្លែង​សំខាន់ៗ ដែល​ត្រូវ​ចំណាយ​ថវិកា​ច្រើន។

លោក អ៊ុន ចាន់ដា បាន​និយាយ​ថា តាម​លទ្ធភាព​របស់​ខេត្ត អាជ្ញាធរ​ដោះស្រាយ​បាន​រង្វង់​តែ ១​គីឡូម៉ែត្រ​ទេ កន្លង​មក៕




អត្ថបទបន្ទាប់


ចំណូលរមណីដ្ឋានអង្គរធ្លាក់ចុះ ៦៧% មកនៅត្រឹម ១៨លានដុល្លារប៉ុណ្ណោះ នៅពាក់កណ្ដាលឆ្នាំ២០២០

ព័ត៌មាន
សេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ចំណូលពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរនៅ៦ខែដើមឆ្នាំ២០២០នេះ សម្រេចបានក្នុងទំហំទឹកប្រាក់១៨…

ការស្រាវជ្រាវ៖ ឆ្នាំ ២០២០នេះ តម្រូវការជើងហោះហើរអន្តរជាតិ នឹងធ្លាក់ចុះរហូតដល់ទៅ ៨០%

ព័ត៌មាន
នៅក្នុងឆ្នាំ ២០២០នេះ តម្រូវការប្រើប្រាស់ជើងហោះហើរអន្តរជាតិ អាចនឹងធ្លាក់ចុះរហូតដល់ទៅ ៨០% ពោលគឺមានការប្រើប្រាស់ជើងហោះហើរ ត្រឹមតែ ៣១១លានជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ