វិនិយោគ

ឧកញ៉ា សៀ ឫទ្ធី ចាប់​ដៃគូ​​ជាមួយ​រុស្ស៊ី ផលិត​និង​ដំឡើង​​ឡាន​​​កាំម៉ាស់​នៅ​កម្ពុជា


លោក​ឧកញ៉ា សៀ ឫទី្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ដែល​ជា​ពាណិជ្ជករ​ដ៏​លេច​ធ្លោ​មួយ​រូប​នៅ​កម្ពុជា បាន​សម្រេច​ចិត្ត​ជ្រើសរើស​និង​ចាប់​ដៃ​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុន​មក​ពី​ប្រទេស​រុស្ស៊ី ដែល​មាន​ឈ្មោះ​ថា កាំម៉ាស់ (KAMAZ)។ នេះ​គឺ​ជា​ការ​ចាប់​ដៃគូ​វិនិយោគ​ដំបូង​គេ​មិន​ធ្លាប់​មាន​របស់​លោក​ឧកញ៉ា សៀ ឫទ្ធី ជាមួយ​នឹង​វិនិយោគិន​មក​ពី​ប្រទេស​រុស្ស៊ី។
ឧកញ៉ា សៀ ឫទ្ធី (រូប​ខាង​ឆ្វេង) ពាណិជ្ជករ​ដ៏​លេចធ្លោ​នៅ​កម្ពុជា ចាប់​ដៃគូ​ជាមួយ​អ្នក​វិនិយោគ​រុស្ស៊ី​ ដើម្បី​ផលិត​និង​ដំឡើង​រថយន្ត​ម៉ាក កាំម៉ាស់ នៅស្រុក​ខ្មែរ។ រូបភាព៖ ហេង ភារម្យ
ដោយ

នៅក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន កាំម៉ាស់ (KAMAZ) មក​​ពី​​រុស្ស៊ី ក្នុង​​ទីក្រុង​​ភ្នំពេញ នៅ​មុខ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ដែល​ជា​សាក្សី ភាគី​ទាំង​ពីរ កម្ពុជា​និង​រុស្ស៊ី សុទ្ធ​តែ​បាន​បង្ហាញ​ពី​ឆន្ទៈ​មុះមុត​និង​ទំនុកចិត្ត​ក្នុង​ការ​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​គ្នា​ដើម្បី​សម្រេច​ក្នុង​ការ​ឈាន​ទៅ​រក​ការ​ផលិត​និង​ដំឡើង​រថយន្ត​ម៉ាក​ធុន​ធ្ងន់ កំាម៉ាស់ នៅ​ក្នុង​រយៈពេល ២ ទៅ ៣​ឆ្នាំ​ខាង​មុខ​នេះ ឬ​ ក៏​ឆាប់ៗនេះ។ 

ការ​សម្រេច​បែប​នេះ​ត្រូវ​បាន​លោក​ឧកញ៉ា សៀ ឫទ្ធី បាន​​អះអាង​ថា ដោយសារ​តែ​មើល​ឃើញ​ពី​តម្រូវការ​ទីផ្សារ​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​កម្ពុជា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កាន់​តែ​មាន​សកម្មភាព​ដឹក​​ជញ្ជូន​យ៉ាង​មមាញឹក​ ពោល​គឺ​វិស័យ​ដឹក​ជញ្ជូន និង​ឡូជីស្ទីក នៅ​កម្ពុជា កំពុង​តែ​មាន​សញ្ញា​កើន​ឡើង​យ៉ាង​ខ្លាំង ខណៈ​ដែល​ការ​តភ្ជាប់​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​តំបន់​អាស៊ាន​សព្វថ្ងៃ​កាន់​តែ​បើក​ទូលាយ។

រថយន្ត​ធុនធ្ងន់​ម៉ាក កាំម៉ាស់ (KAMAZ) របស់​រុស្ស៊ី។ (រូបភាព៖ Vitaly Kuzmin/Wikipedia)

លោក​ឧកញ៉ា​បាន​មើល​ឃើញ​ថា ទីផ្សារ​ដឹក​ជញ្ជូន​និង​ឡូជីស្ទីក​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន មិន​តូច​ទៀត​ទេ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​ការ​អភិវឌ្ឍ​ទៅ​មុខ​ឥត​ឈប់​ឈរ។ 

ដោយ​ផ្អែក​ទៅ​លើកត្តា​ទាំង​អស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន កាំម៉ាស់ ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រភេទ​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ហ៊ាន​មក​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​យើង​នៅ​កម្ពុជា។

លោក ត្រូនីន អាតធឹម តំណាង​ផ្នែក​លក់​ប្រចាំ​នៅ​តំបន់​អាស៊ី បាន​លើក​ឡើង​ថា ដោយសារ​តែ​ក្រុមហ៊ុន​យើង​មាន​ការ​ជឿជាក់​ទៅ​លើ​ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប និង​មើល​ឃើញ​ពី​ទីផ្សារ​រថយន្ត​ប្រភេទ​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​មាន​ការ​អភិវឌ្ឍ​ខ្លាំង។

លោក ត្រូនីន បាន​និយាយ​ប្រាប់ ខេមបូណូមីស បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​យ៉ាង​ដូច្នេះ​ថា យើង​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​នៅ​កម្ពុជា ចំណេញ​ពេល​វេលា និង​តម្លៃ ដែល​កន្លង​មក​ប្រើប្រាស់​តែ​រថយន្ត​ចាស់ៗ ងាក​ខូចៗ។ 

ដូច្នេះ យើង​នឹង​នាំចូល​រថយន្ត ម៉ាក កាំម៉ាស់ ថ្មីៗ ដើម្បី​បំពេញ​តម្រូវការ​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ហើយ​យើង​នឹង​បើក​រោងចក្រ​ផលិត និង​ដំឡើង​​ឡាន កាំម៉ាស់ នៅ​កម្ពុជា​តែម្តង។

លោក ត្រូនីន បន្ត​​ថា ក្រុមហ៊ុន​ធ្លាប់​បើក​រោងចក្រ​ផលិត​និង​ដំឡើង​រថយន្ត កាំម៉ាស់ នៅ​ក្នុង​ប្រទេស​វៀតណាម​ដែរ ប៉ុន្តែ ត្រូវ​បាន​បិទ​ទៅ​វិញ​នៅ​ក្នុង​ឆ្នាំ​២០១១ ដោយ​លោក​បាន​លើក​ហេតុផល​ថា ដោយសារ​តែ​ឆ្នាំ​នោះ​ សេដ្ឋកិច្ច​ប្រទេស​វៀតណាម​មិន​សូវ​អំណោយ​ល្អ។ ដោយ​ងាក​មក​ប្រទេស​កម្ពុជា​វិញ បើ​សិន​ជា​ភាគី​ទាំង​ពីរ កម្ពុជា​និង​រុស្ស៊ី ចាប់​ដៃគូ​ដំណើរ​ល្អ​នោះ លោក​រំពឹង​ថា ក្រុមហ៊ុន​អាច​នឹង​ឈាន​ទៅ​រក​ការ​បើក​រោងចក្រ​​ផលិត​នៅ​ទីនេះ​តែ​ម្តង។ ហើយ​ក្លាយ​ទៅ​ជា​រោងចក្រ​ផលិត​និង​ដំឡើង​រថយន្ត កាំម៉ាស់​ទី១ នៅ​អាស៊ាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បង់ក្លាដេស ស្រីលង្កា សម្រុក​ទៅ​ទិញ​អង្ករ​ថៃ តែ​មិន​មក​កម្ពុជា!

ព័ត៌មាន
ប្រទេស​បង់ក្លាដេស​ដែល​កំពុងរងគ្រោះ​ដោយសារ​ទឹក​ជំនន់ កំពុង​ស្ថិត​ក្នុង​ការចរចា​ជាមួយ​ប្រទេស​ថៃ​ក្បែង​ខាង​កម្ពុជា ដើម្បីទិញ​អង្ករ​ជាបន្ទា…

រឿង​ពោត​ធ្លាក់​ថ្លៃ... ថវិកា​៣០លានដុល្លារនឹងត្រូវបញ្ចេញដើម្បី​ជួយសង្គ្រោះ

ព័ត៌មាន
បន្ទាប់​ពី​ទីផ្សារ​​ម្រេច​និង​ដំឡូងមី​បាន​និង​កំពុង​បន្ត​ធ្លាក់​​ថ្លៃ ឥឡូវ​នេះ កសិករ​ជា​អ្នក​ដាំ​ពោត​ក៏​កំពុង​តែ​រង​ទុក្ខ​មិន​ចាញ់​អ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ