សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន

ការឈ្លានពានចូលអ៊ុយក្រែន៖ រុស្ស៊ី​ផ្ដើម​​បាញ់​ទៅលើ​ទីតាំងយោធា​របស់អ៊ុយក្រែន


ប្រភព​ពី​សារព័ត៌មាន The Guardian ផ្សាយនៅមុននេះបន្តិចថា កងទ័ព​រុស្ស៊ី​បាន​បើកការវាយប្រហារ​យោធា​ទៅលើ​ប្រទេស​អ៊ុយក្រែន​ហើយ តាមបញ្ជារបស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែល​បាន​ប្រកាស​ថា រុស្ស៊ីនឹងបើក​ប្រតិបត្តិការ​យោធា​ពិសេស ខណៈដែល​មេដឹកនាំពិភព​លោក​បាន​ព្រមាន​ថា​ វានឹងរាលដាលទៅជាសង្គ្រាមធំបំផុត​នៅអឺរ៉ុប​ដែល​មិនធ្លាប់មានចាប់តាំងពីឆ្នាំ​១៩៤៥មក ។
ការផ្ទុះ​មួយ​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​រដ្ឋធានី Kyiv របស់​អ៊ុយក្រែន នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ រូបភាព៖ ខុទ្ទកាល័យ​ប្រធានាធិបតី អ៊ុយក្រែន
ដោយ

របាយការណ៍​ព័ត៌មាន​បាន​ផ្សាយថា រុស្ស៊ីហាក់កំពុងផ្ដោត​ការវាយប្រហារ​ទៅលើ​ហេដ្ឋារចនា​សម្ព័ន្ធ​យោធា​របស់​អ៊ុយក្រែន ដោយ​មាន​សេចក្ដីរាយការណ៍​ពី​ការផ្ទុះគ្រាប់​នៅតាម​ព្រលាន​យន្តហោះ ទីបញ្ជាការយោធា និង​ឃ្លាំង​យោធានៅក្នុងប្រទេសអ៊ុយក្រែន ។ 

នៅវេលាម៉ោងប្រហែល ៥ព្រឹក​ (ម៉ោងនៅអ៊ុយក្រែន) ក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីលោក ពូទីន ថ្លែង​សុន្ទរកថា​ខ្លី​មួយ​ដែល​ផ្សាយតាមទូរទស្សន៍រុស្ស៊ី គេ​បាន​ឮ​សំឡេងផ្ទុះគ្រាប់​នៅក្បែរទីក្រុងសំខាន់ៗ​របស់​អ៊ុយក្រែន រួមទាំងទីក្រុង គីវ ផងដែរ ។ 

ក្រសួងមហាផ្ទៃ​អ៊ុយក្រែន​ បានរាយការណ៍ថា ប្រទេសរបស់​លោក​កំពុងរងការវាយប្រហារ​ដោយ​មីស៊ីលបាលីស្ទិកនិង​មីស៊ីល​ប្រដេញ ដោយ​មើលទៅ យោធារុស្ស៊ី​ហាក់​ផ្ដោត​ការវាយប្រហារទៅលើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្បែរ​ក្រុងសំខាន់ៗ រួមមាន ក្រុង គីវ, Kharkiv, Mariupol និង Dnipro ។ 

ស្របពេលជាមួយគ្នានេះដែរ សារព័ត៌មាន​អង់គ្លេស ប៊ីប៊ីស៊ី បាន​ដក​ស្រង់​ប្រសាសន៍របស់​ប្រធានាធិបតី​អ៊ុយក្រែន ដែល​និយាយ​ថា អ៊ុយក្រែន​នឹងប្រយុទ្ធដើម្បី​ការពារខ្លួន​ដោយ​ខ្លួនឯង ។ 

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បាន​ព្រមានថា រុស្ស៊ីអាច​នឹ​ង​បញ្ឆេះ​សង្គ្រាមដ៏ធំមួយ​នៅអឺរ៉ុប និងបាន​អំពាវនាវ​ដល់​ប្រជាជន​រុស្ស៊ី​ឱ្យ​ប្រឆាំងជំទាស់​នឹង​សង្គ្រាម​នេះ ។ លោក​បាន​និយាយថា រុស្ស៊ីមានទាហាន​ជិត ២សែននាក់​ និង​យានចម្បាំង​រាប់ពាន់​គ្រឿង​នៅ​លើ​ព្រំដែន​របស់​អ៊ុយក្រែន ។ 

ថ្លែង​ជាភាសា​រុស្ស៊ី លោក​ ហ្សេឡិនស្គី បាន​អំពាវនាវ​ដល់​ពលរដ្ឋ​រុស្ស៊ី​ឱ្យ​ជំទាស់​នឹង​សង្គ្រាម ដោយ​និយាយ​ថា ប្រជាជន​រុស្ស៊ីកំពុង​ត្រូវបានគេ​កុហក​អំពី​បញ្ហា​នៅអ៊ុយក្រែន ។ លោក​និយាយថា «តើអ្នក​ណា​អាច​បញ្ឈប់​សង្គ្រាមនេះបាន ? គឺប្រជាជន ។ ប្រជាជន​គឺ​ស្ថិតក្នុងចំណោម​អ្នក​ទាំងអស់គ្នា​នេះ​ហើយ» ។ 

គួរបញ្ជាក់ថា សេចក្ដី​រាយការណ៍ព័ត៌មាន​បាន​ផ្សាយថា លោក​ប្រធានាធិបតី​អ៊ុយក្រែនបាន​ខិតខំ​ស្វះស្វែង​ជួយ​ចរចា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប៉ុន្តែ ការខិតខំនេះ​ត្រូវ​បរាជ័យ​ដោយសារតែគ្មាន​ការ​ឆ្លើយតប​ពី​លោក ពូទីន ៕




អត្ថបទបន្ទាប់


ទីបំផុតរុស្សីប្រកាសបើកប្រតិបត្តិការយោធាជាផ្លូវការនៅភាគខាងកើតអ៊ុយក្រែនហើយ ខណៈUNបើកកិច្ចប្រជុំបន្ទាន់

ព័ត៌មាន
នៅព្រឹកព្រលឹមស្រាងៗត្រូវនឹងម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ទី២៤កុម្ភៈ ម៉ោងនៅទីក្រុងម៉ូស្កូ។ប្រធានាធិបតីរុស្សីលោក វ្ល៉ាឌីមៀរ ពូទីន បានចេញមកថ្លែងសារដ…

តម្លៃប្រេងឆៅពិភពលោកហក់ឡើងក្រឺតដល់ ១០០ដុល្លារក្នុងមួយធុងបារ៉ែល ក្រោយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែផ្ដើមឡើង

ព័ត៌មាន
តម្លៃប្រេងឆៅពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានតាំងពីឆ្នាំ២០១៤មក ដោយតម្លៃប្រេងមួយធុងបារ៉ែលបានកើនឡើង១០០ដុល្លារអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ