
អ្នកនាំពាក្យក្រសួងការបរទេសរុស្សីបាននិយាយាថា ការគម្រាមកំហែង និងទណ្ឌកម្មនានាជាការដាក់សម្ពាធលើរបបសឹកយោធាភូមា មិនបានជួយឲ្យស្ថានការណ៍ធូរស្រាលនោះទេ។ ផ្ទុយទៅវិញ សម្ពាធនឹងអាចវិវដ្ដទៅជាគ្រោះថ្នាក់យ៉ាងខ្លាំងដល់ប្រទេសភូមាទាំងមូល ពោលគឺសង្គ្រាមស៊ីវិលនឹងអាចកើតឡើងរវាងជាតិសាសន៍មួយនេះ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃវិមានក្រឹមឡាំងដូចនេះ ធ្វើឡើងនៅបន្ទាប់ពីសហគមន៍អន្តរជាតិ ពិសេសលោកខាងលិច បានដាក់សម្ពាធលើរបបយោធាជាបន្តបន្ទាប់ តាមគ្រប់រូបភាពថែមទាំងការដាក់សម្ពាធឲ្យក្រុមហ៊ុន បរទេសឈប់ធ្វើការរកស៊ីនៅភូមាថែមទៀត។
យ៉ាណាក៏ដោយចុះអស់ពេលជាង ២ខែមកហើយ យោធាភូមាមិនបានបង្ហាញពីសញ្ញាណាមួយក្នុងន័យសម្រួលស្ថានការណ៍នៃវិបត្តិនយោបាយក្នុងប្រទេសខ្លួននោះទេ ទោះបីជាសម្ពាធអន្តរជាតិបន្តធ្លាក់មកយ៉ាងណាក៏ដោយចុះ។ ផ្ទុយទៅវិញ ការបាញ់បង្ក្រាបពីយោធាលើបាតុករ នៅតែបន្តកើតឡើងរៀងតរាល់ថ្ងៃ។
សូមបញ្ជាក់ថា កាលពីចុងខែមីនាកន្លងទៅ ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការភូមា ក៏ធ្លាប់បានព្រមានពីលទ្ធភាពដែលអាចឈានទៅរកសង្គ្រាមស៊ីវិលនៅភូមាដូចគ្នាដែរ ហើយបានទទូចឲ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការឆ្លើយតបវិបត្តិនៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះឲ្យបានឆាប់រហ័ស៕
© 2021 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។