គ្រីមៀត្រូវបានវាយប្រហារដោយដ្រូន!

រុស្ស៊ីប្រកាសអាសន្នឲ្យកងទ័ពប្រុងជើងការខ្ពស់ ក្រោយដែនដីគ្រីមៀ ត្រូវបានវាយប្រហារដោយយន្តហោះដ្រូន


ឧបទ្វីបគ្រីមៀដែលជាដែនដីរបស់អ៊ុយក្រែននៅមុនឆ្នាំ ២០១៤ តែក្រោយមកត្រូវបានកាន់កាប់ដោយរុស្ស៊ីនោះ ត្រូវបានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលគេសង្ស័យថាអាចជាដ្រូនរបស់អ៊ុយក្រែន។ នេះបើតាមការអះអាងរបស់អាជ្ញាធរក្នុងតំបន់គ្រីមៀ កាលពីថ្ងៃទី ២២ វិច្ឆិកា។ ភ្លាមៗ ក្រោយការវាយប្រហារនេះ កងទ័ពកងទ័ពជើងទឹកម៉ូស្គូនៅគ្រីមៀត្រូវបានប្រកាសឱ្យប្រុងជើងការក្នុងគ្រាអាសន្នខ្ពស់ ដើម្បីទប់ទល់នឹងការវាយប្រហារដែលអាចកើតមានជាបន្ដទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
រុស្ស៊ីប្រកាសអាសន្នឲ្យកងទ័ពប្រុងជើងការខ្ពស់ ក្រោយដែនដីគ្រីមៀ ត្រូវបានវាយប្រហារដោយយន្តហោះដ្រូន

អភិបាលនៃតំបន់រដ្ឋបាលសេវ៉ាស្តូពូល (Sevastopol) នៅឧបទ្វីបគ្រីមៀ លោកមីស៊ីល រ៉ាហ្សវ៉ូហ្សាយេវ (Mikhail Razvozhayev) បាននិយាយនៅលើសារថេលេក្រាមថា គ្រីមៀត្រូវបានវាយប្រហារដោយយន្តហោះដ្រូន ហើយកងកម្លាំងការពារដែនអាកាសរបស់ខ្លួនកំពុងស៊ើបអង្កេតលើរឿងនេះ។ លោក មីស៊ីល បានឱ្យដឹងទៀតថា យន្តហោះដ្រូនពីរគ្រឿងត្រូវបានបាញ់ទម្លាក់ ហើយក៏មិនមាន​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលណាមួយត្រូវបានខូចខាតទេ​ ប៉ុន្ដែ អាជ្ញាធរ​បាន​អំពាវនាវឱ្យប្រជាជន «រក្សាភាពស្ងប់ស្ងាត់»។

ទីក្រុងមូស្គូបានដាក់បញ្ចូលឧបទ្វីបគ្រីមៀជាដែនដីរបស់ខ្លួន​ក្នុងឆ្នាំ២០១៤ បន្ទាប់ពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យទូទាំងប្រទេស ដែលនាំទៅដល់ការទម្លាក់ប្រធានាធិបតីអ៊ុយក្រែន ដែលស្និតជាមួយវិមានក្រឹមឡាំងផងដែរកាលគ្រានោះ។ ហើយក្រោយមកដែនដីដ៏ធំ​ជាប់សមុទ្រនេះ ត្រូវបានរុស្ស៊ីបង្កើតមូលដ្ឋានយោធាជើងទឹករបស់ខ្លួន​ជាច្រើនកន្លែង ដែលមូលដ្ឋាន​ទាំងនោះក៏បានចូលរួមក្នុងការវាយលុករបស់ទីក្រុងម៉ូស្គូទៅលើប្រទេសអ៊ុយក្រែននៅខែកុម្ភៈកន្លងទៅដែរ។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កងកម្លាំងអ៊ុយក្រែន​បាននឹងកំពុងវាយរុញច្រានកងទ័ពរុស្ស៊ីឱ្យដកថយជាបន្តបន្ទាប់ពីភាគខាងត្បូងទៅកាន់តំបន់គ្រីមៀ ហើយក៏ដណ្តើមបានទីក្រុងខឺសុន ដែលជាទីក្រុងជាប់ព្រំប្រទល់ជាមួយគ្រីមៀមកវិញផងដែរ។ លោក គូបេឡា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុបអនុវត្តការដាក់ទណ្ឌកម្មថ្មី​បន្ថែមទៀត ប្រឆាំងនឹងរុស្ស៊ី ដោយជំរុញឱ្យចាត់វិធានការក្នុងការបន្ថយល្បឿន និងបញ្ឈប់ឧស្សាហកម្មផលិតមីស៊ីលរបស់រុស្ស៊ី។

វាមិនមែនជារឿងចៃដន្យនោះទេ ព្រោះក្នុងពេលចុងក្រោយនេះ មីស៊ីលទីក្រុងម៉ូស្គូបានធ្វើការបាញ់ស្រោចលើទីក្រុងធំៗរបស់អ៊ុយក្រែន ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្ទើរតែទាំងស្រុងទៅហើយ​ ស្របពេលដែលរដូវរងាកំពុងឈានចូលមកដល់នោះ។

រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃអង្គារ ទី ២២ វិច្ឆិកា​ នេះក៏បានសន្យាថានឹងបង្កើតជម្រកដើម្បីផ្តល់កំដៅ និងទឹក និងប្រាប់ឱ្យប្រជាជនប្រើប្រាស់ថាមពលដោយសន្សំសំចៃ ខណៈដែលរដូវរងាត្រជាក់ខ្លាំងបានកើតឡើងចំពេលមានការវាយប្រហារដោយរុស្ស៊ីមិនឈប់ឈរនោះ។

ជាមួយគ្នានោះ លោកខាងលិចបានរួមគ្នា​ផ្តល់​ជំនួយ​ដល់ទីក្រុងកៀវប្រមាណជាង ២ ពាន់លានដុល្លារបន្ថែមទៀតលើផ្នែកហិរញ្ញវត្ថុ និងយោធា។ ហើសហភាពអឺរ៉ុបកាលពីថ្ងៃទី ២២វិច្ឆិកា ក៏បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី និងផ្តល់ជំនួយ ៤,៥ ពាន់លានដុល្លារ ខណៈដែលសហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយ​ជាង ៤ ពាន់លានដុល្លារផ្សេងទៀតសម្រាប់ «ការគាំទ្រសេវាកម្មស្នូលរបស់រដ្ឋាភិបាលអ៊ុយក្រែន»ផងដែរ៕




អត្ថបទបន្ទាប់


តាមរយៈយុទ្ធនាការសង្គម «រួមគ្នាដើម្បីក្តីស្រមៃកុមារកម្ពុជា» ក្រុមហ៊ុន Yeo's ប្រចាំប្រទេសកម្ពុជា និងអង្គការមូលនិធិកុមារកម្ពុជា (CCF) រួមគ្នាជួយដល់សហគមន៍ដើម្បីបញ្ចប់វដ្ឋនៃភាពក្រីក្រនៅកម្ពុជា។

ព័ត៌មាន
សាលាមត្តេយ្យថ្មីមួយខ្នងត្រូវបានបើកដំណើរការឱ្យកុមារកំពុងជួបការខ្វះខាត បានចុះឈ្មោះចូលរៀនដោយជោគជ័យ ហើយសាលាមួយនេះនឹងផ្តល់ឱ្យកុមារទាំងអស់នោ…

ហេតុអ្វីក្រុមហ៊ុនអន្តរជាតិធំៗនៅតែសម្រេចចិត្តបន្តដំណើរការប្រតិបត្តិការនៅមីយ៉ាន់ម៉ា ទោះត្រូវរងសម្ពាធ?

ព័ត៌មាន
ក្រុមហ៊ុនអន្តរជាតិគ្រាក់ៗមួយចំនួននៅតែបន្តជ្រើសរើសបន្តដំណើរការក្នុងប្រទេសមីយ៉ាន់ម៉ា បើទោះជាប្រទេសមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់យោធា ដែលក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ