សម្ព័ន្ធមិត្តណាតូ

សម្ព័ន្ធមិត្តណាតូសង្ឃឹមទទួលយកហ្វាំងឡង់ និងស៊ុយអែតជាសមាជិកឆាប់ៗ ខណៈសង្គ្រាមអ៊ុយក្រែនកំពុងវាយរុញច្រានរុស្ស៊ីឲ្យដកថយ


ប្រទេសហ្វាំងឡង់ ត្រូវបានគេរំពឹងថា នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ១២ ខែឧសភានេះ អំពីបំណងរបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការណាតូ ខណៈដែលប្រទេសស៊ុយអែត ទំនងជានឹងប្រកាសដូចគ្នាដែរ នៅក្នុងពេលឆាប់ៗនេះ។
ណាតូសង្ឃឹមទទួលយកហ្វាំងឡង់និងស៊ុយអែតជាសមាជិកឆាប់ៗ

ប្រទេស​កាន់តែ​ច្រើន​ចង់​ចូលរួម​ជាមួយ​អង្គការ​ណា​តូ នឹង​ធ្វើ​ឲ្យ​អង្គការ​សម្ព័ន្ធ​យោធា​មួយ​នេះ​កាន់តែ​រីក​ធំ​ឡើង ស្រប​ពេល​ដែល​ការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ធ្វើ​ឱ្យ​សន្តិសុខ​នៅ​តំបន់​អឺរ៉ុប កំពុង​រង​ការ​គំរាមកំហែង​។ ទោះ​យ៉ាងណា ក្រុម​អ្នកវិភាគ​ព្រឹត្តិការណ៍​អន្តរជាតិ​មើលឃើញ​ថា សង្គ្រាម​មួយ​នេះ រុ​ស្ស៊ី​ទំនងជា​មិន​មាន​ប្រៀប​លើ​អ៊ុយ​ក្រែ​ន​ខ្លាំង​ណាស់ណា​ទេ ដោយ​ហេតុតែ​សេចក្តីរាយការណ៍​ចុង​ក្រោយ​មួយ​បង្ហាញ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​បាន​វាយ​ឲ្យ​រុ​ស្ស៊ី​ដកថយ​ទៅ​វិញ​ខ្លះ​ៗ​ហើយ នៅ​សមរភូមិ​ជួរ​មុខ​ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ពុធ​ទី​១១​ឧសភា​។

សម្ព័ន្ធមិត្ត​របស់​អង្គការ​ណា​តូ រំពឹង​ថា ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត អាច​ទទួល​បាន​សមាជិកភាព​នៃ​សម្ព័ន្ធ​យោធា​ណា​តូ​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ បន្ទាប់​ពី​ពួក​គេ​ប្រកាស​សុំ​ចូលរួម​ជា​សមាជិក​ជា​ផ្លូវការ​រួច​ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។ នេះ​បើ​យោង​តាម​ប្រភព​អ្នកការទូត​និង មន្ត្រី​៥​នាក់​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​រ៉​យ​ទ័​រ​។

វត្តមាន​របស់​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត នៅ​ក្នុង​អង្គការ​ណា​តូ នឹង​បើកផ្លូវ​សម្រាប់​ការ​បង្កើន​វត្តមាន​កងទ័ព​ណា​តូ នៅ​ពាសពេញ​តំបន់​អឺរ៉ុប ពិសេស​នៅ​ក្នុង​តំបន់ Nordic​។ ក្នុងអំឡុងពេល​ផ្តល់​សច្ចាប័ន​រយៈពេល​មួយ​ឆ្នាំ នៃ​សមាជិកភាព​របស់​ប្រទេស​ទាំង​ពីរ សម្ព័ន្ធមិត្ត​ណា​តូ នឹង​បង្កើន​វត្តមាន​កងទ័ព​នៅ​ក្នុង​តំបន់ Nordic ការ​ធ្វើ​សមយុទ្ធ​យោធា និង​ការ​ល្បាត​ទ័ពជើងទឹក​បន្ថែម​ទៀត នៅ​ក្នុង​សមុទ្រ​បាល់​ទិ​ក ព្រមទាំង​ឈាន​ដល់​ការ​ឆ្លាស​វេន​ឈរជើង នូវ​កម្លាំង​ទ័ព​របស់​សហរដ្ឋអាមេរិក និង ចក្រភព​អង់គ្លេស ជាមួយ​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​ផង​ដែរ​។

បើ​ទោះបីជា គេ​អាច​ឃើញ​វត្តមាន​កងទ័ព​ណា​តូ ក្នុង​តំបន់​និង​ក្នុង​ប្រទេស​ទាំង​ពីរ​ក៏​ដោយ ប៉ុន្តែ​ប្រទេស​ហ្វាំ​ង​ឡង់ និង​ប្រទេស​ស៊ុ​យ​អែ​ត នឹង​មិន​ទាន់​ទទួល​បាន​អត្ថប្រយោជន៍​ពី​ធម្មនុញ្ញ​ណា​តូ​នោះ​ទេ ពោល​គឺ​ប្រទេស​ទាំង​ពីរ​នេះ មិន​ទាន់​អាច​ទទួល​បានការ​ការពារ​ជា​រួម ដែល​ណា​តូ​មាន​សិទ្ធិ​អន្តរាគមន៍ ឆ្លើយ​តប​ពេល​ប្រទេស​សមាជិក​ណាមួយ រង​ការ​វាយប្រហារ ពី​ប្រទេស​ដទៃ​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​រហូត​ដល់​សភា​នៃ​រដ្ឋ​សមាជិក​ទាំង ៣០ បាន​ផ្តល់​សច្ចាប័ន​លើ​សមាជិកភាព​ជា​មុន​សិន​។

គួរ​កត់​សម្គាល់ថា ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​លើកយក​បញ្ហា​ការ​ចេះ​តែ​បន្ត​ពង្រីក​ខ្លួន​របស់​ណា​តូ ធ្វើ​ជា​ហេតុផល​សម្រាប់​សកម្មភាព​ឈ្លានពាន​របស់​លោក​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោកពូ​ទី​ន​ធ្លាប់​អះអាង​ថា ការ​ពង្រីក​វត្តមាន​របស់​ណា​តូ ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​រុ​ស្ស៊ី​។ ទីក្រុង​មូ​ស្គូ​ក៏​ធ្លាប់​បាន​ព្រមាន​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​ម្តង​ហើយ​ម្តងទៀត​ដែរ ចំពោះ​ការ​ចូលរួម​ក្នុង​អង្គការ​សម្ព័ន្ធភាព​យោធា​មួយ​នេះ​។ ក្រុង​ម៉ូ​ស្គូ​បាន​គំរាម​ថា ប្រទេស​ទាំង​ពីរ​អាច​ជួប ផលវិបាក​ផ្នែក​យោធា និង​នយោបាយ ប្រសិនបើ​ចូលរួម​ជាមួយ​អង្គការ​សម្ព័ន្ធ​យោធា​ណា​តូ​។

ដោយឡែក យើង​ក្រឡេក​ទៅ​មើល​សមរភូមិ​ជួរ​មុខ​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ឯណោះ​វិញ កាលពី​ថ្ងៃ​ទី ១១​ឧសភា អ៊ុយ​ក្រែ​ន​អះអាង​ថា ខ្លួន​បាន​វាយ​រុញច្រាន​កងកម្លាំង​រុ​ស្ស៊ី​នៅ​ភាគ​ខាងកើត​ឲ្យ​ដកថយ និង​បាន​បិទ​បំពង់​បង្ហូរ​ឧស្ម័ន​ពី​រុ​ស្ស៊ី​ចូល​តំបន់​អឺរ៉ុប​បាន​មួយ​ទីតាំង​ផង​ដែរ​។

សូម​ជម្រាប​ថា ប្រសិនបើ​អ៊ុយ​ក្រែ​ន​បន្ត​វាយ​ឲ្យ​ទ័ព​រុ​ស្ស៊ី​នៅ​ភាគ​ខាងកើត​ដកថយ​បែប​នេះ​ទៀត វា​នឹង​បង្ក​ការ​គំរាមកំហែង​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សម្ភារៈ​ស្បៀងអាហារ សម្រាប់​កងទ័ព​ជួរ​មុខ​របស់​រុ​ស្ស៊ី តាម​រយៈ​ការ​ផ្លោង​កាំភ្លើង​ធំ​ពី​អ៊ុយ​ក្រែ​ន​សំដៅ​មូលដ្ឋានទ័ព​ខាងក្រោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃម្ហូបអាហារប្រទេសចិនកើនឡើងខ្លាំង ចំពេលគោលនយោបាយគ្មានកូវីដ ដាក់សម្ពាធលើអតិផរណា

ព័ត៌មាន
តួលេខកម្រិតអតិផរណាថ្មីបំផុតបានបង្ហាញថា វិធានការដាក់កំហិតរបស់ប្រទេសចិនក្នុងការទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩នោះ បានជំរុញឱ្យតម្លៃម្ហូបអាហ…

មិត្តហ្វូនដាក់ឲ្យដំណើរការមជ្ឈមណ្ដលអប់រំឌីជីថល

ព័ត៌មាន
ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា នៅថ្ងៃនេះ បានសម្ពោធដាក់ឲ្យដំណើរការនូវ មជ្ឈមណ្ឌលអប់រំឌីជីថល ដែលជាផ្នែកមួយនៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ