វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន៖ វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នឹងជំរុញកំណើនធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់


សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីអត្ថប្រយោជន៍ដ៏មានសារៈសំខាន់នៃវេទិកា«ភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២» ដោយសម្ដេចមានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ នឹងកាន់តែជំរុញឲ្យមានការកើនឡើងនូវទំហំធុរកិច្ច ពាណិជ្ជកម្ម ពិសេសជំរុញការវិនិយោគក្នុងតំបន់។
សម្តេចតេជោ ហ៊ុន សែន៖ វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នឹងជំរុញកំណើនធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់។ រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការនាយករដ្ឋមន្ត្រី

ថ្លែងនាឱកាសបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវអត្ថប្រយោជន៍ដ៏មានសារៈសំខាន់នៃវេទិកានេះ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីអាស៊ានបាននិងកំពុងងើបឡើងចេញពីវិបត្តិកូវីដ១៩ ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពឡើងវិញក៏ពិតមែន ក៏ប៉ុន្តែ ស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងតំបន់នេះ នៅតែមានភាពផុយស្រួយ ព្រោះតែការអូសបន្លាយនៃសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ តាមរយៈការបង្កឲ្យមានការកើនឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់សាកល ពិសេសក្នុងវិស័យម្ហូបអាហារ។ ដូច្នេះ តាមរយៈវេទិកានេះ សម្ដេច ហ៊ុន សែន ជឿជាក់ថានឹងកាន់តែជំរុញឲ្យមានការកើនឡើងនូវទំហំធុរកិច្ច ពាណិជ្ជកម្ម ពិសេសជំរុញការវិនិយោគក្នុងតំបន់ តែម្ដង។

សម្តេចតេជោ ហ៊ុន សែន បន្តថា ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ក្នុងគ្រប់ទម្រង់ និងគ្រប់វិស័យទាំងផ្នែកសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងនយោបាយ ជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ទាំងក្នុងក្របខណ្ឌប្រទេស និងតំបន់ ជាពិសេសតាមរយៈ ការរៀបចំវេទិកាសន្ទនា ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

សម្តេចបន្ថែមថា កម្ពុជាចង់ឃើញតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល មានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាព និងបរិយាបន្នយ៉ាងពិតប្រាកដ ជាមួយនឹងការគោរព អធិបតេយ្យភាពនៃប្រទេសនីមួយៗ ការអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្រកាន់ខ្ជាប់ជានិច្ច នូវយន្តការពហុភាគីនិយម ដែលមានការចូល រួមសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធ និងការរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ជាមួយនឹងស្មារតីបើកចំហ យោគយល់ និងអត់ធ្មត់ឱ្យគ្នាទៅវិញទៅមក។
ជាមួយគ្នានោះ អាស៊ាន ត្រូវយកចិត្តទុកដាក់ ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅបំពេញរាល់តម្រូវការចចាំបាច់របស់ប្រជាជន តាមរយៈពង្រឹងសហគ្រិនភាព និងផ្ដល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ។ អាស៊ាន ក៏ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឲ្យបានជាអតិបរមាពីសក្ដានុពល និងកាលានុវត្តន៍ភាព ដែលកើតចេញពីនិន្នាការសាកល ដូចជា សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង និងជាពិសេសការអភិវឌ្ឍន៍ផ្នែកឌីជីថល ដែលជាកម្លាំងចលករគន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យទាំងផ្នែកសង្គម-សេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជា រួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា៕




អត្ថបទបន្ទាប់


កាន់តែទិញ កាន់តែចំណេញ និងឈ្នះរង្វាន់ពី ធីផត!

ព័ត៌មាន
នៅផ្សារទំនើប អ៊ីអន ភ្នំពេញ កាលពីថ្ងៃ ព្រហស្បតិ៍ ទី 08 ខែ កញ្ញា ឆ្នាំ 2022 ធីផត បានរកឃើញអ្នកឈ្នះរង្វាន់ទាំង 15 រូប ពីកម្មវិធី “ធីផត លក់ដ…

នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំឲ្យរៀបចំឡានដឹកជញ្ជូនពលរដ្ឋ និងទទូចឲ្យម្ចាស់ឡានឈ្នួលកុំដំឡើងថ្លៃពេលភ្ជុំបិណ្ឌ

ព័ត៌មាន
ក្រោយខកខានអស់រយៈពេលពីរឆ្នាំ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសារសំឡេងពិសេស បានណែនាំឲ្យរដ្ឋបាលរាជធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ