ខេមបូឌាដេលី ប្រឈម​នឹង​ការ​បិទ!

បុគ្គលិក អតីត​បុគ្គលិក​និង​អ្នក​គាំទ្រ​បើក​យុទ្ធនាការ​​សង្គ្រោះ​កាសែត​ខេមបូឌា​ដេលី


បុគ្គលិក​​ អតីត​បុគ្គលិក និង​អ្នកគាំទ្រ​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ជួយ​សង្រ្គោះ​កាសែត ខេមបូឌាដេលី តាម​បណ្តាញ​សង្គម​ក្នុង​សប្តាហ៍​នេះ ខណៈ​ដែល​កាសែត​ប្រចាំ​ថ្ងៃ​មួយ​នេះ កំពុងតែ​ប្រឈម​មុខ​នឹង​កាល​បរិច្ឆេទ​កំណត់​ឲ្យ​បង់​ពន្ធ ចំនួន​ជាង ៦​លាន​ដុល្លារ ត្រឹម​ថ្ងៃ​ទី៤ ខែ​កញ្ញា ឬ​បើ​មិន​បង់​ទេ​នោះ កាសែត​នេះ​នឹងត្រូវ​បិទ។
រូបភាព​​ច្បាប់​ចាស់​របស់​កាសែត​ដេលី នៅ​មុន​បិទ​ការផ្សាយ​នាថ្ងៃ​ទី៤ កញ្ញា ដោយសារ​រឿង​ពន្ធ។
ដោយ

នៅ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក និង twitter ​មាន​​យុទ្ធនាការ​ដោយ​ដាក់​ពាក្យ​ថា​ #savethedaily ដោយ​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ផ្តួចផ្តើម​ឲ្យ​មាន​ការ​រៃ​អង្គាស​លុយ​ម្នាក់​១​ដុល្លារ ដើម្បី​បង់​ពន្ធ​ចំនួន​ជាង ៦​លាន​ដុល្លារ​ដែល​រដ្ឋ​បាន​ទារ​ឲ្យ​កាសែត​នេះ​បង់​សម្រាប់​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ។

បុគ្គលិក​ជន​ជាតិ​បរទេស​ដែល​ធ្លាប់​ធ្វើការ​នៅ​កាសែត ខេមបូឌាដេលី នៅ​ជុំវិញ​ពិភពលោក ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​កៀងគរ​គ្នា​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ ខេបូឌាដេលី ​ឬ​បើ​សិន​មាន​ការងារ​ជា​អ្នក​កាសែត​​គឺ​ជំរុញ​ឲ្យ​ជួយ​សរសេរ​អំពី​រឿង​នេះ ដើម្បី​គេ​បាន​ដឹង​ច្រើន។

ខេមបូឌាដេលី ជា​កាសែត​ប្រចាំ​ថ្ងៃ​ភាសា​អង់គ្លេស​ដំបូង​គេ​បង្អស់ ដែល​បង្កើត​នៅ​ឆ្នាំ​១៩៩៣ ​នៅ​កម្ពុជា ហើយ​ដែល​បាន​បង្កើត​ដោយ​អ្នក​កាសែត​ជើងចាស់​ជន​ជាតិ​អាមេរិក គឺ​លោក Bernard Krisher។

បុគ្គលិក​ក្នុង​ស្រុក​នៃ​កាសែត ឌឹ ខេមបូឌា ដេលី ថតរូបភាព​បង្ហាញពីយុទ្ធនាការ ជួយសង្គ្រោះខេមបូឌាដេលី។

លោកស្រី Jodie Dejonge​​​ និពន្ធ​នាយក​កាសែត ខេមដូឌាដេលី បាន​បង្ហោះ​សារ twitter ថា អ្នក​អាន​អាច​មើល​ព័ត៌មាន​របស់​គាត់​នៅ​លើ​គេហ​ទំព័រ Website ដោយ​មិន​គិត​លុយ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​កាល​បរិច្ឆេទ​​ដែល​រដ្ឋាភិបាល​ដាក់​កំហិត​ឲ្យ​បង់​ពន្ធ គឺ​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ​២០១៧។

លោកស្រី​ Deborah Krisher-Steele ​ដែល​ជា​ចាងហ្វាង​ការផ្សាយ​រង និង​ជា​កូនស្រី​លោក Bernard Krisher ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ខេមបូឌាដេលី មិន​ត្រូវ​បាន​គេ​ផ្តល់​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​តវ៉ា​ និង​ឆ្លើយតប​ទៅ​នឹង​លិខិត​ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នោះ​ទេ។

លោកស្រី​ Deborah Krisher-Steele បាន​និយាយ​ថា៖ «ប្រសិន​បើ​អគ្គនាយកដ្ឋាន​ពន្ធដារ​ជឿជាក់​ថា ខេមបូឌាដេលី ជំពាក់​ពន្ធ​​​ ពួកគេ​ត្រូវ​ប្រាប់​យើង​ថា ហេតុអ្វី ឬ​សុំ​ឲ្យ​យើង​ផ្តល់​ព័ត៌មាន។ រហូត​មក​ដល់​ពេល​នេះ មិន​មាន​អ្វី​កើត​ឡើង​នោះ​ទេ»។

លោកស្រី​បាន​បន្ត​ថា ឪពុក​របស់​គាត់​បាន​ចូលរួម​ចំណែក​សប្បុរសធម៌​នៅ​កម្ពុជា ដែលមាន​ទឹក​លុយ​ប្រមាណ ៣៩​លាន​ដុល្លារ​ ហើយ​ដែល​គួរ​តែ​ត្រូវ​បាន​គេ​ពិចារណា​តាម​ច្បាប់​ពន្ធដារ ដែល​ថា ការ​វិភាគទាន​សប្បុរសធម៌អាច​កាត់​កង​បាន។ លោកស្រី​បាន​ទាមទារ​ឲ្យ​មាន​នីតិ​វិធី​ដ៏​យុត្តិធម៌​មួយ ហើយ​បើ​ចុង​ក្រោយ ត្រូវ​កំណត់​ថា យើង​ជំពាក់​ពន្ធ​មែន យើង​នឹង​បង់។ តែ​លោក​ស្រី​ថា គេ​ត្រូវ​ឲ្យ ខេមបូឌាដេលី មាន​សិទ្ធិ​ចូលរួម​ក្នុង​ដំណើរការ​នីតិ​វិធី​នោះ​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា គួច ម៉េងលី បរិច្ចាគ​​ប្រមាណ​២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​ព្យាបាល​អ្នក​ក្រីក្រ

ព័ត៌មាន
លោក​ឧកញ៉ា គួច ម៉េងលី ស្ថាបនិក​ក្រុមហ៊ុន Mengly J. Quach Education ដែល​វិនិយោគ​លើ​សាលា​ចំណេះ​ដឹង​ទូទៅ និង​ជា​ឧកញ៉ា​ចិត្ត​ធម៌​ដ៏​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ