ជំនាញ​វិជ្ចាជីវៈ

ឧញ៉ា សៀ ឫទ្ធី៖ ធនធានមនុស្សល្អ ចាំបាច់មានការអប់រំពីសាលាផង និងការអនុវត្តជាក់ស្ដែងផង


សេដ្ឋី និងជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូប គឺលោក ឧកញ៉ា សៀ ឫទ្ធី បានលើកឡើងនាពេលថ្មីៗនេះថា ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព មិនត្រឹមតែមានការអប់រំខ្ពស់ពីសាលាមកប៉ុណ្ណោះទេ ប៉ុន្ដែ ចាំបាច់ត្រូវមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ដែលកើតចេញពីការអនុវត្តជាក់ស្ដែង រាល់ទ្រឹស្ដីដែលបានរៀន។
ឧញ៉ា សៀ ឫទ្ធី៖ ធនធានមនុស្សល្អ ចាំបាច់មានការអប់រំពីសាលាផង និងការអនុវត្តជាក់ស្ដែងផង

ការលើកឡើងរបស់ លោក ឧកញ៉ា សៀ ឫទ្ធី ធ្វើឡើង ស្របពេលដែល វិស័យ​ធនធានមនុស្ស​នេះ ត្រូវបាន អ្នកជំនាញ និងអ្នកជំនួញធំៗជាច្រើន នៅកម្ពុជា ចាត់ទុក​ថា គឺជាកត្តាស្នូល​មួយ ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​ និងពង្រីក​សមត្ថភាព​ឲ្យកាន់តែខ្លាំង​ក្លា​ថែមទៀត ដើម្បី​យកចំណេះជំនាញ បទពិសោធន៍​ល្អៗទាំងនោះ មកធ្វើការ​អភិវឌ្ឍ​កម្ពុជា​ឲ្យដើរទៅមុខ​បាន​លឿន ប្រកបដោយចីរភាព។

ក្នុងនោះ ការផ្ដល់​ឱកាស​សម្រាប់​និស្សិត​បញ្ចប់​ការសិក្សា​ស្វែងរក​បទពិសោធន៍​តាមរយៈ​ការ​អនុវត្ត​ការងារ​ជាក់ស្ដែង ពីសំណាក់​ក្រុមហ៊ុន​ឯកជន​នានា គឺជារឿង​សំខាន់​មួយ ដែលវិស័យ​ឯកជន​ត្រូវរួមគ្នាធ្វើ ដើម្បីកសាង​កម្លាំងពលកម្ម​ជំនាញ​ប្រកប​សមត្ថភាព។

លោក ឧកញ៉ា សៀ ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន WorldBridge បាន លើកឡើងថា នៅកម្ពុជា បញ្ហា​កង្វះ​សមត្ថភាព​បុគ្គលិកជំនាញ​ដែលមាន​ចំណេះ និងជំនាញធ្វើការ​ នៅតែ​ជាឧបសគ្គ​មួយរបស់​កម្ពុជា។ បន្ថែមពីនេះ អ្វីដែល​ជាបញ្ហា​ខ្វះ​ចន្លោះធំនោះ គឺបទពិសោធន៍​ការងារ​ដែលទទួលបាន​តាមរយៈ​ការ​អនុវត្តការងារ​ជាក់ស្ដែង ព្រោះមានយុវជន​ជាច្រើន បានរៀនជំនាញពីសាលា តែពិបាក​ក្នុងការ​ស្វែងរក​កន្លែង​អនុវត្តការងារ​ឲ្យត្រូវជំនាញនោះ។

លោកឧកញ៉ា សៀ ឫទ្ធី បាននិយាយ​យ៉ាង​ដូច្នេះថា «នៅស្រុកខ្មែរ បើយើងនិយាយ​ពីអ្នកដែល​បាន​រៀន​រៀនច្រើនណាស់ ម្នាក់ៗសឹងតែ PhD ចង់៣ ចង់៤ ឯណោះ ប៉ុន្ដែ ការអនុវត្តពិតប្រាកដ​លើការងារ​វាអត់មាន​ពីព្រោះវា​ពិបាក​រកកន្លែងការងារ​ដើម្បីឲ្យគាត់​អនុវត្ត។ អញ្ចឹង យើងចង់បានពួកគាត់ ដើម្បីឲ្យគាត់​មក​អនុវត្ត​ការងារទៅ​ នៅពេលដែលគាត់អនុវត្ត​គាត់យល់ហើយថា កន្លែងហ្នឹងពេលគាត់​រៀនអញ្ចេះ ដល់ពេល​មកអនុវត្ត​ពិតប្រាកដ​វាអញ្ចេះ»។ 

លោកឧកញ៉ា សៀ ឫទ្ធី បន្ថែមទៀតថា​ ដោយមើលពីភាពខ្វះចន្លោះនេះ ក្រុមហ៊ុន WorldBridge Group ​បាន​ចុះអនុស្សារណៈ​ ជាមួយ​នឹងអង្គការ​She Can របស់អាមេរិក ក្នុងការ​ផ្ដល់​ឱកាស​ឲ្យ​និស្សិតស្រី កម្ពុជា ដែល​រៀន​បន្ត​នៅអាមេរិក តាមរយៈអង្គការនេះ ឲ្យ​មានឱកាស មកហាត់​ការងារ​នៅក្រុមហ៊ុន WorldBridge នៅអំឡុង​ពេលពួកគេ​ឈប់សម្រាក​ពេលវ៉ាកង។

បើតាម ការបញ្ជាក់ ពី​អ្នកជំនួញ​ល្បីឈ្មោះ​ដែលមាន​ក្រុមហ៊ុន​ជាង​៣០ បុគ្គលិក​ជាង ៤ពាន់នាក់ រកស៊ី​ពហុវិស័យរូបនេះ បានឲ្យដឹងទៀតថា ការ​ចាប់ដៃគូ​ជាមួយ​អង្គការ​ She Can នេះ គឺជាគំនិត​ផ្ដួចផ្ដើម​មួយ ដើម្បី​ជួយ​ឲ្យ​និស្សិតស្រីៗ អាច​មានឱកាស​ហ្វឹកហាត់​សមត្ថភាព​បន្ថែម លើការ​អនុវត្តការងារ​ជាក់ស្ដែង ដើម្បី​ឲ្យបាន​ដឹងថា តើការរៀន​នៅសាលា និងការអនុវត្ត​ការងារ​ជាក់ស្ដែងនោះ វាមានលក្ខណៈ​ខុសគ្នាបែបណាខ្លះ? ហើយពេលពួកគេ បញ្ចប់​ការសិក្សាពីអាមេរិកមកវិញ ពួកគេ​ក៏អាច​ចូលបម្រើការ​ជាបុគ្គលិក​នៅក្រុមហ៊ុន WorldBridge ក៏បាន។ 

លោកស្រី BaBara Bylenga នាយិកាប្រតិបត្តិអង្គការ SHE-CAN បាន​លើកឡើងថា អង្គការនេះ មានផ្ដល់អាហារូបករណ៍​ឥតបង់ថ្លៃ​​សម្រាប់​ស្ត្រីវ័យក្មេង​កម្ពុជា ឲ្យបន្ដការ​សិក្សានៅ​សហរដ្ឋអាមេរិក។ ប៉ុន្ដែ ត្រូវ​មានលក្ខណៈ​សម្បត្តិ​មួយចំនួន គឺ​ត្រូវ​តែ​មានជំនាញ​ភាសាអង់គ្លេស​ស្ទាត់ជំនាញ មានចិត្តគំនិត​ស្មារតីរឹងមាំ រៀនពូកែពីសាលាយ៉ាងហោចណាស់ជាប់និទ្ទេស B មានភាពជាអ្នកដឹកនាំ មានឆន្ទៈក្នុងការ​ត្រឡប់មកកម្ពុជាវិញបន្ទាប់ពីរៀនចប់ និងចុងក្រោយ គឺស្ថិត​នៅក្នុងគ្រួសារ​ដែលមានជីវភាពក្រីក្រ។

បើតាម ការបញ្ជាក់ ពីលោកស្រី Babara និស្សិតស្រីកម្ពុជា ដែលទៅរៀននៅអាមេរិក​តាមរយៈអង្គការ She Can ភាគច្រើនជ្រើសរើសយក ជំនាញសេដ្ឋកិច្ច វិស្វករ ទំនាក់ទំនងអន្តរជាតិ និងសារព័ត៌មាន​ជាដើម ហើយបច្ចុប្បន្ន​អង្គការនេះ បានជួយដល់​ស្ត្រីវ័យក្មេង​មកពីប្រទេសនានា ឲ្យបន្ដ​ការសិក្សា​នៅអាមេរិក​បានចំនួន ១៩ នាក់ហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចនឹងចូលរួមវេទិកា ខ្សែក្រវាត់ និងផ្លូវនៅប៉េកាំង ខណៈអាមេរិកបន្តរិះគន់គម្រោងរបស់ចិន

ព័ត៌មាន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែននឹងអញ្ជើញចូលរួមវេទិកា ខ្សែក្រវាត់មួយ ផ្លូវមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន ខណ:ដែលសហរដ្ឋអាមេរិកបន្តរិះគន់គោលន…

ទីបំផុត ផ្លែស្វាយវៀតណាម ៨តោន ត្រូវបានដឹកចេញ​ទៅអាមេរិក ជាលើកដំបូងហើយ!

ព័ត៌មាន
នៅទីបំផុត ផ្លែស្វាយវៀតណាម ៨ តោន ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅអាមេរិក ជើងដំបូង ក្រោយពីបានត្រួតពិនិត្យស្ដង់ដារគុណភាពរួចរាល់ដោយ សេវាអធិការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ