តម្លៃថាមពលអគ្គិសនី

ទំនប់វារីអគ្គិសនី សេសានក្រោម ២ នឹងជួយឲ្យតម្លៃអគ្គិសនីកម្ពុជា អាចប្រកួតប្រជែងបាន កម្រិតណា?


បើនិយាយដល់ កត្តាប្រឈមក្នុងវិស័យផលិតកែច្នៃនៅកម្ពុជា តម្លៃថាមពលអគ្គិសនី គឺជាចំណុចក្ដៅមួយ ក្នុងចំណោមចំណុចក្ដៅជាច្រើនផ្សេងទៀត ដែលត្រូវបានអ្នកជំនួញ និងអ្នកជំនាញសេដ្ឋកិច្ចជាច្រើនតែងតែលើកឡើងជារឿយៗ។ ពិតណាស់ បើធៀបនឹងបណ្ដាប្រទេសមួយចំនួន ដូចជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងបង់ក្លាដេសជាដើម តម្លៃថាមពលអគ្គិសនីរបស់កម្ពុជា បច្ចុប្បន្ននេះ នៅតែមានខ្ពស់ជាងប្រទេសទាំងនោះឆ្ងាយណាស់។
ទំនប់វារីអគ្គិសនី សេសានក្រោម ២ នឹងជួយឲ្យតម្លៃអគ្គិសនីកម្ពុជា អាចប្រកួតប្រជែងបាន កម្រិតណា?

ទោះយ៉ាងណា ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រកាស​ថា តម្លៃអគ្គិសនី​របស់​កម្ពុជា នៅឆ្នាំក្រោយ នឹង​ចុះថ្លៃ​ប្រមាណ ១០០ ទៅ២០០​រៀល​ទៀត ក្រោយ​ពី​ស្ថានីយ​​វារីអគ្គិសនី​សេសាន​ក្រោម២ ដាក់ឲ្យ​ដំណើរ​ការ​​ជា​ផ្លូវការ។

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រ​កម្ពុជា នៅថ្ងៃទី​១៧ ធ្នូ នេះ បាន​​បញ្ជាក់​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ទំបន់​វារីអគ្គិសនី​សេសាន​ក្រោម​២​ថា តម្លៃអគ្គិសនី​​នឹង​ចុះថោក​​ជាង​តម្លៃ​បច្ចុប្បន្ន​​ប្រមាណ ១០០ ទៅ២០០រៀល​​ទៀត ឬស្មើ​នឹង​ប្រមាណ ២សេនកន្លះ ទៅ៥សេន គិត​ជាលុយ​ដុល្លារ​អាមេរិក។ 

បើតាម​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា អ្នកប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុងវិស័យ​ឧស្សាហកម្ម​ ដែល​បច្ចុប្បន្ន​កំពុងអនុវត្តន៍មានតម្លៃ ១៦សេន​៥០ ក្នុងមួយគីឡូវ៉ាត់​សម្រាប់​នៅ​​ភ្នំពេញ និង ១៦សេន​៤០ នៅតាម​ខេត្ត នឹងចុះ​ទៅដល់ ១៤សេន ៧០ នៅ​ឆ្នាំ​២០១៩ និងទៅ​ចុះ​ដល់ ១៤សេន​៦០ នៅឆ្នាំ២០២០។

បើតាម​​ការលើក​ឡើង​ពីលោក ខេន លូ អគ្គលេខា​ធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ធ្លាប់បាន​លើកឡើង​កាលពីពេល​ថ្មីៗ​នេះថា កាលពី​ពេល​កន្លង​ទៅ រាជរដ្ឋាភិបាល​​ក៏បាន​​លើក​ទឹកចិត្ត​ដល់​ម្ចាស់រោង​ចក្រ​​សហគ្រាស​​ដោយ​បញ្ចុះ​តម្លៃ​អគ្គិសនី​នាពេល​បច្ចុប្បន្នជាង ១៦សេន ក្នុង​មួយ​គីឡូវ៉ាត់ មកនៅ ជាង ១៤ សេន ក្នុងមួយ​គីឡូវាត់ នៅឆ្នាំ​២០១៩​ខាង​មុខនេះ។ 

ទោះយ៉ាងណា លោក ខេន លូ បានគូស​បញ្ជាក់ថា ធៀប​ជាមួយ​ប្រទេស​មួយ​ចំនួន តម្លៃ​អគ្គិសនី ១៤ សេន​នៅ​កម្ពុជា ក៏មាន​ខ្ពស់​គួរឲ្យ​កត់​សម្គាល់​ដែរ តួយ៉ាង ប្រទេស​វៀតណាម​មាន​តម្លៃ​ប្រមាណ ៤ ទៅ៥សេន ប្រទេសថៃ ៧ ទៅ៨សេន មីយ៉ាន់ម៉ា ១២ សេន បង់ក្លាសដេស ៨ សេន​ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី លោក​ ខេន លូ បាន​ស្ងើច​សរសើរ និងថ្លែងអំណរ​គុណ​ដល់​ការយក​ចិត្ត​ទុក​ដាក់ ពីសំណាក់​រាជរដ្ឋា​ភិបាល ដែលបាន​​ខិតខំ​​សម្រួល​តម្លៃ​អគ្គិសនី និងតែង​លើក​ទឹកចិត្ត​ដល់​ម្ចាស់​រោចក្រ​​សហគ្រាស​​នាពេល​កន្លង​មក។ 

ជាមួយ​គ្នានេះដែរ តាមរយៈ​សមត្ថភាព វារីអគ្គិសនី​សេសាន​ក្រោម២ ដែលអាច​ផលិត​ថា​មពល អគ្គិសនី បាន​៤០០​ម៉េហ្កាវាត់ មានទីតាំង​ក្នុងខេត្ត​ស្ទឹង​ត្រែង ដែលបាន​បើក​ដំណើរ​ការនេះ គេជឿជាក់ថា វារីអគ្គិសនី​មួយនេះ នឹងរួម​ចំណែក​ធ្វើឲ្យ​កម្ពុជា​កាត់បន្ថយ​ថ្លៃ​អគ្គិសនី បានកាន់​តែប្រសើរ​ជាងមុន ពិសេស គឺអាច​កាត់បន្ថយ​​ការទិញ​អគ្គិសនី​ពីប្រទេស​​ជិតខាង​មក​ប្រើប្រាស់ផងដែរ។

សូមជម្រាបថា វត្តមាន របស់​វារីអគ្គិសនី​សេ​សាន​ក្រោម២ ដែលបាន​ប្រើ​ទុន​​វិនិយោគ​សរុប​ជិត ៨០០លាន​ដុល្លារ​អាមេរិកនេះ បាន​រួមចំណែក​ធ្វើឲ្យ​ទំហំអគ្គិសនី​ក្នុងស្រុក​កើនឡើង​ពីប្រមាណ ១៥០ម៉េហ្កាវាត់ រហូតដល់​ជាង ២ពាន់​ម៉េហ្គាវាត់​ហើយ គិតត្រឹម​ចុង​ឆ្នាំ ២០១៨។

វារីអគ្គិសនី​សេសាន​ក្រោម២ ជាការវិនិយោគ​រួមគ្នារវាង​ក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដែលបាន​កាន់​កាប់​ភាគហ៊ុន ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់​អ្នក​ឧកញ៉ា ​គិត ម៉េង មាន​ភាគហ៊ុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់​វៀតណាម មានភាគហ៊ុន ១០ភាគរយ។ វារីអគ្គិសនី​សេសាន​ក្រោម២ ជា​ការវិនិយោគ​ តាមរូបភាព​សាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈ​ពេល​សម្បទាន ៤៥ឆ្នាំ៕




អត្ថបទបន្ទាប់


កសិដ្ឋានផលិតទឹកដោះគោ MOMO Farm គ្រោងនាំចូលគោ ១.០០០ ក្បាលបន្ថែមទៀត នៅឆ្នាំក្រោយ

ព័ត៌មាន
កសិដ្ឋានផលិតទឹកដោះគោ ធំដំបូងគេមួយនៅកម្ពុជា គ្រោងនឹងនាំចូលគោទឹកដោះពីក្រៅប្រទេស ប្រមាណ ១ពាន់ក្បាល បន្ថែមទៀត ដើម្បីផលិតទឹកដោះគោសម្រាប់ផ្គត…

Cash U Up ហាងបញ្ចាំដំបូងគេនៅកម្ពុជា ដែលមានលក់សិទ្ធិអាជីវកម្ម (Franchise)

ព័ត៌មាន
មានបទពិសោធន៍ជាង ៤០ឆ្នាំ មកពីប្រទេសសិង្ហបុរី និង បានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារកម្ពុជាជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនហាងបញ្ចាំ ឃែស យូ អាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ