តោះ! ពិភាក្សា​រឿង​ចិញ្ចើម​ផ្លូវ!

ក្នុង​អាណត្តិ​អភិបាលក្រុង​ថ្មី តើ​ការរំដោះ​ចិញ្ចើម​ផ្លូវ​​ធ្វើ​បាន​ដល់​ណា​ហើយ?


ការ​កកស្ទះ​ចរាចរណ៍​នៅ​រាជ​ធានី​ភ្នំពេញ បាន​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ និង​ខាត​បង់​សេដ្ឋកិច្ច​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ពលរដ្ឋ​រស់​នៅ​ភ្នំពេញ បាន​រអ៊ូ​រទាំ​ជា​ហូរហែ​អំពី​ការ​កកស្ទះ​ចរាចរណ៍ ដែល​បាន​​បង្អាក់​ការ​ធ្វើ​ដំណើរ ខាតបង់​ថវិកា​លើ​ការ​ចាក់​ប្រេង​ឥន្ធនៈ និង​ត្រូវ​ស្រូប​ផ្សែង​ពុល​ពី​យានយន្ត​រៀង​រាល់​ថ្ងៃ​នៅ​លើ​ដង​ផ្លូវ។
ទិដ្ឋភាព​នៃ​ការ​ចត​រថយន្ត​លើ​ចិញ្ចើម​ផ្លូវ នៅ​មុខ​អគារ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់។ រូបភាព៖ ហេង ភារម្យ
ដោយ

គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​កន្លង​មក សាលា​រាជ​ធានី​ភ្នំពេញ ក្រោមការដឹកនាំ​ដោយ​ឯកឧត្តម ឃួង​ ស្រេង បាន​ប្រកាស​ពី​យុទ្ធនាការ​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដង​ផ្លូវ​ដោយ​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​​អាជីវកម្ម​ផ្ទាល់​ខ្លួន ដែល​យុទ្ធនាការ​នេះ គឺ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​ជួយ​សម្រួល​ការ​កកស្ទះ​ចរាចរណ៍។ 

ការប្តេជ្ញាចិត្ត​របស់​អភិបាល​រាជ​ធានី​ថ្មី បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ភ្នំពេញ​ដែល​មាន​ចំនួន​ជាង​៣​លាន​នាក់ រីករាយ​និង​ស្វាគមន៍​។ ប៉ុន្តែ ពលរដ្ឋ​អះអាង​ថា ក្រោយ​ការ​ប្រកាស​របស់​សាលា​រាជ​ធានី ការ​អនុវត្ត​យុទ្ធនាការ​រៀបចំ​​សណ្តាប់​ធ្នាប់​លើ​ដង​ផ្លូវ នៅតែ​មាន​ភាព​យឺត​យ៉ាវ។

ទាក់ទង​នឹង​ការ​កកស្ទះ​ចរាចរណ៍​នេះ​ដែរ លោក ពុក ស៊ីថា ជា​អ្នក​រត់​ម៉ូតូឌុប​នៅ​ម្តុំ​អូរ​បែក​ក្អម ក្នុង​សង្កាត់​ទឹកថ្លា បាន​អះអាង​ថា នៅ​ភ្នំពេញ កន្លែង​ដែល​ស្ទះ​ជាង​គេ មាន​ដូចជា នៅ​ស្តុប​ត្រឡោកបែក ជ្រោយ​ចង្វារ មុខ​​ពេទ្យ​រុស្សី និង​តំបន់​ច្រមុះ​ជ្រូក​ស្ពាន​ក្បាល​ថ្នល់ ជាដើម។ បើ​តាម​អ្នក​រត់​ម៉ូតូឌុប​វ័យ​២៨​ឆ្នាំ​រូប​នេះ ការ​លក់ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ បាន​ធ្វើ​ឲ្យ​កក​ស្ទះ​ខ្លាំង ជាពិសេស នៅ​ម្តុំ​មុខ​ពេទ្យ​រុស្សី​ ដែល​អ្នក​លក់​បាន​រំលោភ​យក​​ចិញ្ចើម​ផ្លូវ។

លោក ពុក ស៊ីថា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​ស្ទះ​ម្តងៗ ពេល​ខ្លះ ឡាន​បើក​តម្រៀប​គ្នា​បី​ជួរ រកតែ​ផ្លូវ​សម្រាប់​ម៉ូតូ​អត់​មាន​ផង ជួនកាល ខ្ញុំ​ជិះ​លើ​ចិញ្ចើម​ផ្លូវ​ដូច​គេ​ដែរ។ ខ្ញុំ​ឃើញ​នៅ​មុខ​ពេទ្យ​រុស្សី អ្នក​លក់​បាយ ​ខិត​ចូល​មក​ថ្នល់​ចង់​ពាក់​កណ្តាល​ថ្នល់ ត្រង់​ហ្នឹង​ក៏​ធ្វើ​ឲ្យ​ស្ទះ​ខ្លាំង​ដែរ»។ 

សម្រាប់​អ្នក​រត់​ម៉ូតូ​រូប​នេះ បាន​គាំទ្រ​ចំណាត់ការ​របស់​អាជ្ញាធរ​ក្រុង​ក្នុង​ការ​រៀបចំ​សណ្តាប់​ធ្នាប់​លើ​ដង​ផ្លូវ ប៉ុន្តែ លោក​មិន​ទាន់​ឃើញ​ការ​អនុវត្ត​មាន​ច្រើន​នៅ​ឡើយ ខណៈ​ដែល​ចរាចរណ៍​នៅ​តែ​កក​ស្ទះ​ខ្លាំង។    

អ្នក​លក់​ដូរ​បន្តិច​បន្តួច​ដែល​​យក​ចិញ្ចើម​ផ្លូវ​ជា​កន្លែង​លក់ដូរ នាំ​ឲ្យ​ផ្លូវ​រួម​តូច និង​កក​ស្ទះ​ចរាចរណ៍។ (រូបភាព៖ សូរ ចាន់ណា)

រំដោះ​ចិញ្ចើម​ផ្លូវ​អាច​កាត់​បន្ថយ​ការ​កក​ស្ទះ តែ​ប៉ះ​ពាល់​ជីវភាព​អ្នក​លក់ដូរ​រាប់​ម៉ឺន​នាក់!

អ្នកសារព័ត៌មាន ខេមបូណូមីស បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មុខ​ពេទ្យ​រុស្សី ដែល​ជា​កន្លែង​កកស្ទះ​ខ្លាំង ព្រោះ​តែ​មាន​អ្នក​លក់ដូរ​ម្ហូប​អាហារ​បង្ខិត​ចូល​មក​ទ្រូង​ផ្លូវ។

បុរស​ម្នាក់​កំពុង​លក់​បាយ​ថ្ងៃ​ត្រង់​លើ​រទេះ​រុញ ដែល​មាន​ថាស​ដាក់​ត្រី​ចៀន​មួយ​ថាស និង​បាយ​កញ្ចប់​ជា​ច្រើន​ប្រអប់​នៅ​ទីនោះ បាន​អះអាង​ដោយ​មិន​បញ្ចេញ​ឈ្មោះ ថា លោក​និង​អ្នក​លក់ដូរ​ដទៃ​ទៀត គឺ​លក់ដូរ​បន្តិច​បន្តួច ដើម្បី​ជីវភាព​គ្រួសារ ប៉ុន្តែ អាជ្ញាធរ​ក្រុង​តែងតែ​មក​បណ្តេញ​ជា​ញឹក​ញាប់។

លោក​និយាយ​ថា ៖«ពេល​គេ​ដេញ យើង​ទៅ​កៀន ពេល​គេ​ទៅ​បាត់ ដាក់​លក់​វិញ ព្រោះ​ពួកខ្ញុំ​គ្មាន​លុយ​ជួល​តូប​ទេ ខ្ញុំ​លក់​បន្តិច​បន្តូច ដេញ​ពួក​ខ្ញុំ​រហូត»។

ដូច​គ្នា​ដែរ អ្នក​លក់​ទឹក​ក្រូច​ពោធិ៍សាត់​លើ​រទេះ​ម៉ូតូ​នៅ​មុខ​វិទ្យាល័យ ជា ស៊ីម សាមគ្គី ម្នាក់​ទៀត ដែល​សុំ​មិន​ប្រាប់​ឈ្មោះ ព្រោះ​ខ្លាច​សន្តិសុខ​ដេញ​មិន​ឲ្យ​លក់ បាន​ឲ្យ​ដឹង​ថា លោក​ក៏​បាន​ដឹង​ពី​ការ​ប្រកាស​របស់​​សាលាក្រុង មិន​ឲ្យ​លក់​លើ​ចិញ្ចើម​ផ្លូវ​ដែរ តែ​លោក​មិន​ដឹង​ទៅ​លក់​នៅ​ទីណា។  

លោក​និយាយ​ថា៖«មើល​តាម​ផ្លូវ​នេះ ដូច​មិន​ស្ទះ​ទេ​បង ព្រោះ​ពេល​គេ​ឈប់​ទិញ តែ​មួយ​ភ្លាម​ទេ។ ខ្ញុំ​ដឹង​ថា គេ​មិន​ឲ្យ​លក់ ព្រោះ ដើម្បី​សណ្តាប់​ធ្នាប់​តាម​ផ្លូវ គេ​ធ្វើ​ត្រឹមត្រូវ​ហើយ​ដើម្បី​បរិស្ថាន​ស្អាត ប៉ុន្តែ មិន​ដឹង​រក​អ្វី​​ចេះ​តែ​ដាក់​លក់​បន្តិច​បន្តួច​ហ្នឹង​គេ​ឯង​ទៅ។ គេ​ចេះ​តែ​ដេញ​ដែរ​ហ្នឹង ខ្ញុំ​មាន​អារម្មណ៍​ថា តូច​ចិត្ត​ដែរ រកស៊ី​តិច​តួច គេ​ដេញ​មិន​ឲ្យ​រក»។

មិន​មែន​តែ​អ្នក​លក់ដូរ​កំប៉ិក​កំប៉ុក​ទេ​ដែរ​រំលោភ​ចិញ្ចើម​ផ្លូវ ហាង​ទំនិញ ភោជនីយដ្ឋាន​ជាច្រើន​ក៏​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម​ដែរ។ (រូបភាព៖ ហេង ភារម្យ)

អ្នក​ជំនាញថា រំដោះ​ចិញ្ចើម​ផ្លូវ​ប៉ះពាល់​មនុស្ស​មួយចំនួន​ ប៉ុន្តែ ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ច្រើន​នាក់

ការរៀបចំ​ចិញ្ចើម​ផ្លូវ​នៅ​តែ​មិន​ទាន់​សម្រេច​បាន​១០០​ភាគរយ​នៅ​ឡើយ បើ​ទោះ​បី​សាលា​រាជ​ធានី​ភ្នំពេញ បាន​អនុវត្ត​នូវ​យុទ្ធនាការ​នេះ​ហើយ​ក៏​ដោយ។ នេះ​បើ​តាម​លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជ​ធានី ​ភ្នំពេញ ដែល​បាន​ប្រាប់ ខេមបូណូមីស តាម​ខ្សែ​ទូរស័ព្ទ។ 

លោក​បន្ត​ថា អាជ្ញាធរ​ក្រុង​បាន​កំណត់​យក​មហា​វិថី​អាទិភាព​១១ ដូច​ជា មហាវិថី​សហព័ន្ធ​រុស្ស៊ី មហាវិថី​ម៉ៅ​សេទុង មហាវិថី​២៧១ មហាវិថី​ព្រះ​មុនីវង្ស… ដើម្បី​អនុវត្ត​យុទ្ធនាការ​រៀបចំ​ចិញ្ចើម​ផ្លូវ​ជា​បណ្តើរៗ ដូច​ភ្លៀង​​រលឹម។

ជុំវិញ​ការ​រិះគន់​ខាង​លើ លោក ម៉េត មាសភក្តី ឆ្លើយ​តប​ថា៖ «ប៉ុន្មាន​សប្តាហ៍​មក​នេះ យើង​បាន​អនុវត្ត​បាន​ល្អ​ប្រសើរ​ដោយ​ផ្លូវ​មួយ​ចំនួន បាន​រៀបចំ​សណ្តាប់​ធ្នាប់​ល្អ​ច្រើន តែ​នៅ​ផ្លូវ​មួយ​ចំនួន​ទៀត ទើប​តែ​រៀបចំ​បាន​​តិចតួច​នៅ​ឡើយ»។ បើតាម​​លោក ម៉េត មាសភក្តី ការ​កក​ស្ទះ​ចរាចរណ៍ មិនមែន​បណ្តាល​មក​ពី​ការ​រំលោភ​យក​ចិញ្ចើម​ផ្លូវ​មក​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​របស់​ពលរដ្ឋ និង​ការ​មិន​យោគយល់​អធ្យាស្រ័យ​របស់​អ្នក​បើកបរ ក៏​ជា​ដើម​ចម​នៃ​ការ​កក​ស្ទះ​ចរាចរណ៍​ផង​ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក អ៊ា ចរិយា   នាយកវិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ បាន​ប្រាប់ ខេមបូណូមីស ថា សាលា​រាជ​ធានី​ភ្នំពេញ គួរតែ​រំដោះ​ចិញ្ចើម​ផ្លូវ បើ​ទោះ​បី​វា​ប៉ះពាល់​ដល់​ជីវភាព​មនុស្ស​មួយ​ចំនួន ប៉ុន្តែ ​មនុស្ស​ជា​ច្រើន បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​រំដោះ​ចិញ្ចើម​ផ្លូវ​នេះ។ លោករិះគន់​ថា យុទ្ធនាការ​នេះ​ហាក់​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ពីព្រោះ អាជ្ញាធរ​ខ្វះ​យន្តការ​ក្នុង​តាមដាន​និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​​ទៀងទាត់ ខណៈ​អ្នក​រំលោភ​យក​ចិញ្ចើម​ផ្លូវ នៅតែ​បំពាន​ពេល​អវត្តមាន​សន្តិសុខ​រៀបចំ​សណ្តាប់​ធ្នាប់។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ទន្ទឹម​នឹង​ការ​មិន​អនុញ្ញាត​ឲ្យ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន អាជ្ញាធរ​ក្រុង​គួរ​មាន​ការ​រៀបចំ​កន្លែង​មួយ​សមរម្យ​និង​ត្រឹមត្រូវ​សម្រាប់​ពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​បាន​លក់ដូរ ​សម្រាប់​រក​​ចំណូល​ចិញ្ចឹម​គ្រួសារ»។

បើតាម​លោក អ៊ា ចរិយា ការរៀបចំ​សណ្តាប់​ធ្នាប់​លើ​ដង​ផ្លូវ ក្រៅពី​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ក្នុង​ស្រុក និង​ធ្វើ​ឲ្យ​បរិស្ថាន​ស្អាត​ក្នុង​ទីក្រុង ព្រមទាំង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​រាជ​ធានី​ភ្នំពេញ កោត​​សរសើរ​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ។

ក្រសួង​សាធារណការថា ការ​កកស្ទះចរាចរណ៍​បាន​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ថវិកា​ចំនួន​៦​លាន​ដុល្លារ​ក្នុង​មួយ​ខែ។

ការកកស្ទះ​ចរាចរណ៍​មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​រំលោភ​ចិញ្ចើម​ផ្លូវ​មួយ​មុខ​នោះទេ

មិនមែន​តែ​អ្នក​លក់​ដូរ​តិច​តួច​នៅ​តាម​ផ្លូវ​នោះ​ទេ ដែល​ជា​ដើម​ហេតុ​នៃ​ការ​កក​ស្ទះ​ចរាចរណ៍​នោះ ប៉ុន្តែ ផ្លូវ​ណា​ដែល​សម្បូរ​ភោជនីយដ្ឋាន អាហារដ្ឋាន និង​ហាង​អាជីវកម្ម​ធំៗ គឺ​គេ​តែង​សង្កេត​ឃើញ​មាន​កក​ស្ទះ​ខ្លាំង ពីព្រោះ ចំណត​អតិថិជន​របស់​ពួកគេ គឺ​ចិញ្ចើម​ផ្លូវ ដែល​បាន​បង្រួញ​ទ្រូង​ផ្លូវ​ឲ្យ​កាន់​តែ​តូច។ ការ​កកស្ទះចរាចរណ៍​បាន​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ថវិកា​ចំនួន​៦​លាន​ដុល្លារ​ក្នុង​មួយ​ខែ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ដែល​បាន​ផ្សព្វផ្សាយ​នា​ពេល​កន្លង​មក។

ការ​ដោះស្រាយ​បញ្ហា​ចិញ្ចើម​ផ្លូវ គឺ​ជា​ប្រធាន​បទ​ដ៏​សំខាន់​បំផុត ដែល​មហាជន​យក​មក​ជជែក​ច្រើន ពីព្រោះ បើ​សិន​អាជ្ញាធរ​អនុវត្ត​តឹងតែង​ពេក ពលរដ្ឋ​ដែល​ពឹង​លើ​របរ​តាម​ចិញ្ចើម​ផ្លូវ​រាប់​សិប​ម៉ឺន​នាក់ នឹង​បាត់បង់​​ការងារ ដែល​ជំរុញ​ឲ្យ​ពួកគេ​ធ្លាក់​ខ្លួន​ក្រីក្រ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សាលា​រាជ​ធានី​ភ្នំពេញ បាន​កសាង​ស្ពាន​អាកាស​ជា​ច្រើន ដូចជា ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ៧មករា ក្បាល​ថ្នល់ តិចណូ និង​ស្ពាន​អាកាស​ដីហុយ រួមទាំង​គ្រោង​បើក​ការដ្ឋាន​សង់​ស្ពាន​​អាកាស​នៅ​រង្វង់​មូល​ចោមចៅ ព្រមទាំង​កំពុង​សិក្សា​ការ​កែ​លម្អ​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​សង់​ស្ពាន​អាកាស​ច្រមុះ​ជ្រូក​នៅ​ក្បែរ​នោះ​ផង​ដែរ។  នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី។

ការ​សង់​ស្ពាន​អាកាស​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍ ខណៈ​ដែល​យានយន្ត​នៅ​លើ​ដង​ផ្លូវ​បន្ត​កើន​ឡើង។ 

បើ​តាម​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ធ្លាប់​បាន​ថ្លែង​ថា យានយន្ត​បាន​ចុះ​បញ្ជី​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង ដោយ​ក្នុង​នោះ ម៉ូតូ​បាន​កើន​ឡើង​រហូត​ដល់ ៣,៣​លាន​គ្រឿង និង​​រថយន្ត​មាន​ចំនួន​៥​សែន​គ្រឿង។  

រថយន្តក្រុង​សាធារណៈ​ដែល​ផ្ដល់​សេវា​ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ។ (រូបភាព៖ សូរ ចាន់ណា)

អ្នក​ភ្នំពេញ​គួរ​ងាក​ទៅ​ប្រើ​សេវា​ឡានក្រុង​ដើម្បី​ជួយ​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍?  

ចំពោះ​​​កំណើន​​យានយន្ត​នៅ​លើ​ដង​ផ្លូវ​ កន្លងមកនេះ ​សាលា​រាជ​ធានី​ភ្នំពេញ​​បាន​ជំរុញ​​ឲ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​វិញ ដែល​ជា​យុទ្ធសាស្រ្ត​កាត់​បន្ថយ​ចំនួន​យានយន្ត​នៅ​លើ​ដង​ផ្លូវ។ 

សារព័ត៌មាន ខេមបូណូមីស សូម​នាំ​អ្នក​អាន​ទៅ​ជួប​អ្នក​ប្រើប្រាស់​សេវា​រថយន្ត​ក្រុង​របស់​សាលា​រាជ​ធានី​នៅ​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ខណ្ឌ​ឫស្សីកែវ។ កុមារា សុខ ហី ដែល​បាន​ប្រើប្រាស់​សេវា​រថយន្ត​ក្រុង​នេះ ទើប​តែ​បាន​​ជាង​មួយ​ខែ បាន​ឲ្យ​ដឹង​ថា រូប​គេ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ក្រុង​ពី​ផ្ទះ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​មក​រៀន​នៅ​សាលា​ប៊ែលធី អន្តរជាតិ នៅ​ជិត​ស្ពាន​ជ្រោយ​ចង្វារ ដែល​មាន​ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ ជា​រៀង​រាល់​ថ្ងៃ ដោយ​មិន​បង់​ប្រាក់។

កុមារា សុខ ហី ដែល​អង្គុយ​រង់ចាំ​ឡាន​ក្រុង​ជាមួយ​មិត្ត​ភក្តិ​ជា​ច្រើន​នាក់ រៀប​រាប់​ទាំង​រីករាយ​ថា៖«ពី​មុន​ជិះ​ម៉ូតូ ក្រោយ​មក ខ្ញុំ​គិត​ថា ជិះ​ឡាន​ក្រុង​មាន​សុវត្ថិភាព​ជាង»។  

ដូច​គ្នា​ដែរ លោក ទុំ រិទ្ធី និស្សិត​ឆ្នាំ​ទី១ តែងតែ​ប្រើ​ប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ក្រុង​របស់​សាលា​រាជ​ធានី ដើម្បី​ដើរ​លេង​កម្សាន្ត​ជាមួយ​មិត្ត​ភក្តិ ក្រោយ​ទំនេរ​ពី​ការ​សិក្សា។ លោក ទុំ រិទ្ធី ដែល​កំពុង​រង់ចាំ​​ឡាន​ក្រុង​នៅ​ជាប់​របង​សាលាតិចណូ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖«ពេល​ម៉ូតូ​ត្រូវ​បង​ប្រុស​យក​ជិះ​ទៅ​ធ្វើការ ខ្ញុំ​មិន​ចង់​ជិះ​ម៉ូតូឌុប​នោះ​ទេ ព្រោះ​ចំណាយ​លុយ​ច្រើន បើ​ជិះ​ឡាន​ក្រុង​អស់​តែ​១៥០០​រៀល វា​ងាយ​ស្រួល និង​មាន​សុវត្ថិភាព​ផង»។

បើ​ទោះ​បី​ការ​ប្រើប្រាស់​រថយន្ត​ក្រុង​របស់​សាលា​រាជ​ធានី​ភ្នំពេញ​មាន​តម្លៃ​ថោក​មែន ប៉ុន្តែ សម្រាប់ កញ្ញា ផុន ចិន្តា បុគ្គលិក​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ក្នុង​ខណ្ឌ​ចម្ការមន​ មិន​ចង់​ប្រើប្រាស់​សេវា​រថយន្ត​ក្រុង​នោះ​​ទេ។

កញ្ញា​បរិយាយ​ថា៖ «ខ្ញុំ​ធ្លាប់​ជិះ​ឡាន​ក្រុង​ទៅ​ធ្វើការ​ម្តង​ដែរ តែ​ខ្ញុំ​ចាំ​យូរ​ពេក​រហូត​ធ្វើ​ឲ្យ​យឺត​ម៉ោង​ការងារ។ ក្រោយ​មក​ខ្ញុំ​ក៏​ជិះ​ម៉ូតូ​វិញ បង​ដឹង​ស្រាប់​ហើយ យើង​ត្រូវ​ចាំ​យូរ ហើយ​ពេល​បើក​ទៅ​ស្ទះ​ខ្លាំង​ណាស់។ ជិះ​ម៉ូតូ​ស្រួល​ជាង យើង​ចង់​ទៅ​កន្លែង​ណា​ក៏​ទៅ​បាន​រហ័ស និង​មិន​ខាត​ពេល​ច្រើន»។

ក្រៅពី​បង្កើន​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ រំដោះ​ចិញ្ចើម​ផ្លូវ កសាង​ស្ពាន​អាកាស និង​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍ លោក អ៊ា ចរិយា ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ បាន​ផ្តល់​យោបល់​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ គួរតែ​បង្កើត​ជា​តំបន់​ថ្មើរ​ជើង ដូចជា៖ តំបន់​មាត់​ទន្លេ មុខ​ព្រះ​បរម​រាជ​វាំង ផ្សារ​រាត្រី និង​មាន​ចំណត​នៅ​ក្បែរ​តំបន់​ទាំង​នេះ ព្រម​ទាំង អប់រំ​ផ្សព្វផ្សាយ​ដល់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ឲ្យ​ងាក​មក​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ឬ​ជិះកង់​វិញ នោះ​នឹង​អាច​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​បាន​មួយ​ចំណែក​ទៀត៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លុយ​​ចិន​ក្នុង​គម្រោង​ខ្សែ​ក្រវាត់​មួយ-​ផ្លូវ​មួយ បាន​ទៅ​ដល់​ប្រទេស​ណា​ខ្លះ?

ព័ត៌មាន
គម្រោង​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ ដែល​ជា​ផែន​ការ​​មេ​របស់​ប្រទេស​ចិន​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​នៅ​តំបន់​អាស៊ី​និង​អឺរ៉ុប ហ…

សមាគម​រោងចក្រ​កាត់ដេរ​ស្នើ​ឲ្យ​អាមេរិក​​អនុគ្រោះ​ពន្ធ​លើ​​ផលិតផល​ស្បែក​​ជើង

ព័ត៌មាន
សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ នា​សប្ដាហ៍​នេះ ដើម្បី​ស្នើ​សុំ​ឲ្យ​បន្ថែម​ផលិតផល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ