Advertisement
Advertisement
Advertisement
ភ្ញៀវទេសចរ​ដើរកម្សាន្ដ

ខេត្តសៀមរាប និងកំពតជាមេដែកស្រូបទាញភ្ញៀវទេសចរខ្លាំងជាងគេបំផុត នៅអំឡុងពេលឈប់សម្រាក៥ថ្ងៃកន្លងទៅនេះ


អំឡុងពេលថ្ងៃឈប់សម្រាក រយៈពេល ៥ថ្ងៃ កាលពីសប្តាហ៍មុននេះ ចំនួនភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្ត ទូទាំងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ១,៤ លាននាក់ ដោយក្នុងនោះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដល់ទៅ ២១ម៉ឺននាក់ និងខេត្តកំពត ទាក់ទាញភ្ញៀវទេសចរជាង ១៨ម៉ឺននាក់ ឈរនៅលំដាប់លេខរៀងទី ២។ នេះបើយោងតាម របាយការណ៍ជាផ្លូវការ ចេញផ្សាយដោយក្រសួងទេសចរណ៍កម្ពុជា។
ខេត្តសៀមរាប និងកំពតជាមេដែកស្រូបទាញភ្ញៀវទេសចរខ្លាំងជាងគេបំផុត នៅអំឡុងពេលឈប់សម្រាក៥ថ្ងៃកន្លងទៅនេះ
ដោយ
Advertisement

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​​បាន​អះអាងថា នៅគ្រប់​រាជធានី​ខេត្ត​ទាំងអស់ សុទ្ធតែបាន​រៀបចំ​គោលដៅ​ទេសចរណ៍ និងបង្ហាញពី​ផលិតផល​ទេសចរណ៍​ថ្មីៗ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យចូល​មកកម្សាន្ត​បានកាន់តែ​ច្រើន។ តួយ៉ាង ដូចជានៅ​ខេត្ត​សៀមរាប​ជាដើម ដែលបានបង្កើត ព្រឹត្តិការណ៍ «សម្រាកសៀមរាប» គួបផ្សំនឹង ព្រឹត្តិការណ៍​កីឡា​ ទេសចរណ៍​វប្បធម៌ និងប្រពៃណីផងដែរ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក៏បាន​បញ្ជាក់ដែរថា ខេត្តសៀមរាប បានរៀប​ចំ​ព្រឹត្តិការណ៍ និងកម្មវិធី​ប្លែកៗ​ជាច្រើន ដើម្បីទាក់ទាញ​ទេសចរ ដូចជា កម្មវិធីសាសនា កម្មវិធី​ពិព័រណ៍​បន្លែផ្លែឈើ-កសិផល ផ្សារទឹក កម្មវិធីជិះកង់ ជាដើម ហើយមិន​ត្រឹម​តែ​ប៉ុណ្ណោះ រដ្ឋបាលខេត្ត​សៀមរាប ក៏បាន​គិតគូរអំពី វិធានការ​សុវត្ថិភាព​ជម្ងឺកូវីដ-១៩ ដោយបាន​ទទូចដល់​ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ចូលរួម​អនុវត្ត​ជាប់ជានិច្ច។

ដោយឡែកចំពោះ ស្ថិតិភ្ញៀវទេសចរ ដែលមកកម្សាន្ត​នៅតាមបណ្តា​ខេត្ត​ក្បែរៗនោះ រួមមាន ខេត្តបាត់ដំបង ទទួលបាន​ភ្ញៀវទេសចរជាង ១៣ម៉ឺននាក់ ខេត្តពោធិ៍សាត់ មានជិត ៦ម៉ឺននាក់ និងខេត្តប៉ៃលិន ទទួលភ្ញៀវ​ទេសចរ​ជាង ២ម៉ឺននាក់។

បើយើងក្រឡេក​មកតំបន់​ប៉ែក​ជាប់មាត់​សមុទ្រវិញ យើងឃើញថា ខេត្តកំពត មានភាព​លេចធ្លោជាងគេ ដោយទទួល​បានភ្ញៀវ​ទេសចរ​ជាង ១៨ម៉ឺននាក់ស្ថិត​នៅក្នុង​ចំណាត់​ថ្នាក់លេខ២ ​ ខណៈខេត្តកែប មានលេច​ធ្លោ​ដូចគ្នា មានលំហូរភ្ញៀវ​ទេសចរ​ជាង ១៤ម៉ឺននាក់ និងខេត្ត​ព្រះសីហនុ ទទួលបានជាង ១១ម៉ឺននាក់។

លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៩ថ្ងៃ ចំនួន​ភ្ញៀវទៅ​កម្សាន្ត​នៅខេត្ត​កំពត​ប្រមាណ​ជិត ២៦ម៉ឺននាក់ ប៉ុន្តែបើគិត​ត្រឹម​រយៈពេល ៥ថ្ងៃ សម្រាប់អំឡុង​ពេលឈប់​សម្រាកនេះ ខេត្តកំពត​ទទួល​បានភ្ញៀវ​ទេសចរជាង ១៨ម៉ឺននាក់ ដោយក្នុងនោះ ភ្ញៀវ​ទេសចរ​អន្តរជាតិ មានជិត ៧០០នាក់ ដោយខេត្តកំពត​បានក្លាយ​ជាគោលដៅ​ទាក់ទាញ​ទេសចរ​ដ៏ពេញ​និយមជាងគេ ក្នុង​ចំណោម​បណ្តាខេត្ត​ជាប់​មាត់សមុទ្រ។

លោក បញ្ជាក់ថា ការកើនឡើង​ចំនួន​ភ្ញៀវ​ច្រើន​យ៉ាងដូច្នេះ ដោយសារ ខេត្តនេះ សម្បូរ​ទៅដោយ​កន្លែង​កម្សាន្ត​ច្រើនបែប​ធម្មជាតិ រួមផ្សំជាមួយ សកម្មភាព​កម្សាន្ត​ច្រើន​សម្បូរ​បែប ដែលធ្វើឲ្យ​ភ្ញៀវមាន​ជម្រើសច្រើន ទាំង​អាហារ​សមុទ្រ​ក៏សម្បូរ និងទាំងផ្លែ​ឈើ​ធម្មជាតិ​ក៏សម្បូរ​ផងដែរ។

លោកប្រធាន​មន្ទីរទេសចរណ៍​រូបនេះ បានឲ្យដឹងទៀតថា បើទោះបីជាមាន​ចំនួន​ភ្ញៀវទេសចរ​ច្រើន ក្នុង​អំឡុង​ពេលនេះក្តី តែយ៉ាងណា​ការផ្គត់ផ្គង់​កន្លែងស្នាក់​នៅ គឺមិនមាន​ការខ្វះខាត​នោះឡើយ ហើយតម្លៃ​ម្ហូបអាហារ​វិញ ក៏មិនមាន​ការតម្លើង​ថ្លៃអាក្រក់​ហួសហេតុ​ពេកដែរ ពោលគឺ តម្លៃ​សមរម្យ​អាច​ទទួលយកបាន។

Advertisement

យើងងាកមកមើល​តំបន់​ប៉ែកឦសាន​នៃប្រទេស​កម្ពុជា​វិញ​ក៏ទទួលបាន​ភ្ញៀវទេសចរ ទៅធ្វើ​ដំណើរ​កម្សាន្តច្រើន គួរឲ្យកត់​សម្គាល់​ផងដែរ ដោយក្នុងនោះ ខេត្តរតនគិរី ទទួល​ភ្ញៀវទេសចរ​ច្រើន​ជាងគេ ពោលគឺជាង ៥ម៉ឺននាក់ ហើយខេត្ត​មណ្ឌលគិរី មានជាង ៤,៣ម៉ឺននាក់ និងខេត្តក្រចេះ មានជាង ១ម៉ឺននាក់។

លោក ង៉ែត ពិទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី បានគូសបញ្ជាក់ថា ភ្ញៀវទេសចរ បានចូលមក​កម្សាន្តតាម​រមណីយដ្ឋាន​ដ៏ទាក់ទាញទាំង ១៤កន្លែង​នៅក្នុង​ខេត្តរតនគិរី ដែលសុទ្ធសឹងជា រមណីយដ្ឋាន​ធម្មជាតិ ហើយផ្ទះសំណាក់ និងសណ្ឋាគារ​ជាច្រើន គឺមានភ្ញៀវ​ស្នាក់នៅ​ពេញទាំងអស់។

ជាមួយគ្នានេះ លោក ងិន សុវិមាន ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បានឲ្យ​ដឹងផងដែរថា ក្នុងរយៈពេល ៥ថ្ងៃនៃ​ថ្ងៃឈប់​សម្រាកនេះ កំណើន​ភ្ញៀវ​កើនជិត ៧០ភាគរយ ក្នុងនោះ រមណីយដ្ឋាន​ទឹកជ្រោះប៊ូ​ស្រា គឺមាន​ភ្ញៀវច្រើនជាងគេ។

លោក ងិន សុវិមាន បានឲ្យដឹងទៀតថា កំណើនភ្ញៀវខ្លាំង ក្នុងអំឡុងពេលនេះ បានធ្វើឲ្យ​ការផ្គត់ផ្គង់​កន្លែង​ស្នាក់នៅ ហាក់មានការ​ខ្វះខាត ដែលទាមទារឲ្យ មានការអភិវឌ្ឍ​កាន់តែ​ច្រើន​បន្ថែមទៀតសម្រាប់​សេវាកម្ម​ស្នាក់នៅ។ លោកថា ភ្ញៀវអាច​មាន​ច្រើនជាងនេះ ប្រសិនជា​ខេត្តមួយនេះ មានការផ្តល់​សេវាកម្ម​ស្នាក់នៅ​គ្រប់គ្រាន់នោះ ព្រោះបើតាម​ការឲ្យ​ដឹងពី ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់​មានភ្ញៀវ​ច្រើន បានបង្វែរ​ការ​ដើរ​កម្សាន្ដ​ទៅខេត្តផ្សេង​ជំនួសវិញ ដោយសារ​កក់​បន្ទប់​ស្នាក់​នៅមិនមាន។

កំណើនភ្ញៀវទេសចរ​យ៉ាងច្រើន​សន្ធឹកសន្ធប់នេះ ត្រូវបាន​ក្រសួង​ទេសចរណ៍កម្ពុជា បញ្ជាក់ថា ការចំណាយ​របស់ ភ្ញៀវទេសចរ ភាគច្រើនបាន​ហូរចូល​ដោយផ្ទាល់ទៅក្នុង ចរន្ត​សេដ្ឋកិច្ច​មូលដ្ឋាន ដោយមូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ភាគច្រើន បានបើក​ទទួលភ្ញៀវ តាំងពី​សេវាស្នាក់នៅ និងម្ហូបអាហារ ក៏ប៉ុន្តែ សណ្ឋាគារ​កម្រិតខ្ពស់ ដែលធ្លាប់​ទទួល​ភ្ញៀវអន្តរជាតិ ពុំទាន់​បើកដំណើរការ​ឡើង​វិញ​ឡើយ ជាពិសេស​នៅខេត្ត​សៀមរាប៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមមាន អត្រាSME មានផែនការវិនិយោគច្រើន ដោយមិនគិតពីបញ្ហាកូវីដ-១៩

ព័ត៌មាន
មានអត្រា៥២% នៃចំនួនសហគ្រាសធុនតូច និងមធ្យមនៅវៀតណាម មានផែនការវិនិយោគនៅក្នុងឆ្នាំនេះ ដោយមិនគិតពីបញ្ហាកូវីដ-១៩ ហើយអត្រានេះ គឺមានខ្ពស់ជ...

កម្មករថៃជាង ១,៧លាននាក់ អាចនឹងត្រូវបាត់បង់ការងារ ព្រោះតែកូវីដ-១៩

ព័ត៌មាន
កម្មករនិយោជិតថៃ ជាង ១,៧លាននាក់ ប្រឈមមុខនឹងការបាត់បង់ការងារ បើសិនជារោងចក្រសហគ្រាសរបស់ពួកគេបរាជ័យ ក្នុងការបើកដំណើរការឡើងវិញ ដោយសា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ