តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ បដិសេធ​ព័ត៌មាន!

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ៖ គ្មាន​ក្រុមហ៊ុន​ដែល​ត្រូវបាន​ពិន័យ​ដោយសារ​ប្រើ​ទឹក​ដី​កម្ពុជា​ដើម្បី​រួច​ពន្ធ​គយ​អាមេរិក​ទេ


តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ (SSEZ) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធន៍​ព័ត៌មាន ដោយ​និយាយថា មិន​មាន​ក្រុមហ៊ុន​ណា​មួយ​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ដែល​ត្រូវ​បាន​ពិន័យ​ដោយ​​សហរដ្ឋ​អាមេរិក ពីបទ​ប្រើ​ប្រាស់​ឈ្មោះ​និង​ទឹក​ដី​កម្ពុជា ដើម្បី​រួច​ពី​ការ​បង់​ពន្ធ​គយ​នោះ​ទេ។
តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​ព្រះសីហនុ (Sihanoukville Special Economic Zone)។ រូបភាព៖ គេហ​ទំព័រ SSEZ
ដោយ

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Arend Zwartjes បាន​ប្រាប់សារព័ត៌មាន​ពិភពលោក រ៉យទ័រ (Reuters) នា​សប្ដាហ៍​នេះ ថា ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក​បាន​ត្រួត​ពិនិត្យ​រកឃើញ​និង​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុង​​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ដែល​បាន​បំពាន​បំរាម​គយ​របស់​អាមេរិក ប៉ុន្តែ លោក​មិន​បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ឬ​ទំហំ​នៃ​ការ​ពិន័យ យ៉ាង​ដូច​ម្តេច​នោះទេ។

លោក​ក៏​មិន​បាន​និយាយ​ថា តើ​មាន​ក្រុមហ៊ុន​ចំនួន​ប៉ុន្មាន ​ដែល​ត្រូវបាន​គេ​ពិន័យ​ឬ​ក៏​នាំ​ទំនិញ​ប្រភេទ​អ្វី​នោះ​ដែរ។

ជា​ការ​ឆ្លើយ​តប តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ខ្លួន​បាន​ធ្វើការ​ស៊ើប​អង្កេត​ភ្លាមៗ បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ ហើយ​មិន​បាន​រក​ឃើញ​ក្រុមហ៊ុន​ណា​មួយ​នៃ​ក្រុមហ៊ុន​ចំនួន​២៩ ដែល​នាំចេញ​ទៅ​អាមេរិក ត្រូវ​បាន​គេ​ស៊ើបអង្កេត ឬ​ពិន័យ​នោះ​ទេ។

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ បាន​និយាយ​ដូច្នេះ​ថា ៖ «យើង​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការខូចខាត​ដល់​កេរ្តិ៍​ឈ្មោះ​របស់ SSEZ ដែល​បណ្តាល​មក​ពី​របាយការណ៍​មិន​ពិត​ខាង​លើ។»

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ បាន​បន្ថែម​ដូច្នេះ​ថា ៖ «យើង​តែងតែ​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​និង​ការ​គ្រប់គ្រង​តាម​ច្បាប់​និង​បទប្បញ្ញត្តិ និង​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​ខុស​ច្បាប់​ណា​​មួយ។»

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ បាន​អះអាង​ថា នា​ពេល​អនាគត នឹង​បន្ត​ប្រតិបត្តិការ​ដោយ​អនុលោម​តាម​ច្បាប់​និង​បទប្បញ្ញត្តិ​នានា ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​គ្រប់គ្រង​សហគ្រាស​នៅ SSEZ និង​ធ្វើ​ឱ្យ SSEZ ដំណើរការ​បាន​ល្អ។

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ គឺ​ជា​តំបន់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ដែល​បង្កើត​ឡើង​ដោយ​សហគ្រាស​ចិន​និង​កម្ពុជា ដែល​ជា​គម្រោង​ដ៏​សំខាន់​មួយ ក្រោម​គំនិត​ផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ក៏មានក្រុមហ៊ុនផលិតផលិតផល ដូចជា វាយនភណ្ឌ សម្លៀកបំពាក់ កាបូបនិងផលិតផលស្បែកនិងឧបករណ៍ផ្សេងៗផងដែរ។

ដោយសារប្រព័ន្ធអនុគ្រោះទូទៅ (GSP) កម្ពុជាអាចនាំចេញទំនិញធ្វើដំណើរ ដូចជា កាបូប ទៅកាន់សហរដ្ឋអាមេរិកដោយមិនត្រូវបង់ពន្ធ។

ធនាគារពិភពលោក បានឱ្យដឹងកាលពីខែមេសា ថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើងខ្លាំង កាលពីឆ្នាំមុន (ឆ្នាំ២០១៨) ក៏ដោយសារតែមានកំណើនការនាំចេញទៅអាមេរិកដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្ទះតម្លៃសមរម្យ តម្លៃចាប់ពី ២៥.០០០ ដុល្លារឡើងទៅកំពុងសម្រុកពន្លឿនការសាងសង់ ដើម្បីប្រគល់ ជូនអតិថិជននៅចុងឆ្នាំនេះ

ព័ត៌មាន
លំនៅដ្ឋានតម្លៃសមរម្យស្ថិតក្នុងគម្រោងទីក្រុងរណបសិរីមង្គលរបស់ក្រុមហ៊ុន WorldBridge Homes ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន WorldBrig…

គម្រោងបុរីកៀនស្វាយផាក របស់ក្រុមហ៊ុន KFA Property នឹងបើកលក់ផ្ទះល្វែងចុងខែនេះ

ព័ត៌មាន
គម្រោងបុរីកៀនស្វាយផាករបស់ក្រុមហ៊ុន KFA Property Co,.Ltd ដែលជាក្រុមហ៊ុន ថ្មីមួយទើបតែប្រសូតចេញពីក្រុមហ៊ុន Khmer Foundation Appraisal …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ