អត្ថបទវិភាគ

«ខេត្តព្រះសីហនុ» ទីក្រុងស៊ិនជិនទី២ ទៅជាម៉ាកាវទី២ ឥឡូវត្រឡប់មកជា ស៊ិនជិនទី២ វិញ?


ដើមឡើយតាមការគូសវាសជាចក្ខុវិស័យពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ខេត្តព្រះសីហនុ នឹងត្រូវក្លាយជាប៉ូលសេដ្ឋកិច្ចពហុវិស័យ ហើយរដ្ឋាភិបាលក៏មានគោលដៅ នឹងប្រែក្លាយទីក្រុងមួយនេះឲ្យមានការអភិវឌ្ឍដូចលំនាំទីក្រុងស៊ិនជិនប្រទេសចិនដែរ ពោលគឺជាបណ្ដុំឧស្សាហកម្ម ទេសចរណ៍ និងបច្ចេកវិទ្យា។ ប៉ុន្ដែ មួយរយៈចុងក្រោយនេះ ការអភិវឌ្ឍខេត្តជាប់មាត់សមុទ្រមួយនេះ ត្រូវបានគេមើលឃើញថា ហាក់ដើរឆ្ងាយគន្លង ដោយមានសារតែការវិនិយោគពីប្រទេសចិនជាច្រើនផ្ដោតលើតែសណ្ឋាគារកាស៊ីណូ និងអគារខ្ពស់ រហូតដល់មានការលើកឡើងថា នឹងក្លាយជាទីក្រុងម៉ាកាវទី២ជាដើម។
«ខេត្តព្រះសីហនុ» ទីក្រុងស៊ិនជិនទី២ ទៅជាម៉ាកាវទី២ ឥឡូវត្រឡប់មកជា ស៊ិនជិនទី២ វិញ?

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្ត​ព្រះ​សីហ​នុ​ប្រែប្រួល​អ្វីខ្លះ?

បក​ទៅ​មើល​ពី​អតីតកាល​បន្តិច គេ​នៅ​ចាំ​បាន​ថា កាលពី ៣​ទៅ​៤ ឆ្នាំ​មុន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​ប្រកាស​ចាត់​ទុក​ថា ខេត្ត​ព្រះ​សីហ​នុ​គឺជា​ក្បាល​នាគ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​ក៏​មាន​គោលដៅ នឹង​កែប្រែ​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ដូច​ទៅ​នឹង​ទីក្រុង​ស៊ិន​ជិន​ប្រទេស​ចិន​ផង​ដែរ​។ ប៉ុន្ដែ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​គេ​មើលឃើញ​ថា ហាក់​ដើរទៅ​រក​រូបភាព​ខុស​ពី​ការ​រំពឹង​ទុក ពោល​គឺ​អគារ​កាស៊ីណូ​បាន​កើតឡើង​រីក​ដូច​ផ្សិត រហូត​ត្រូវ​បាន​សារព័ត៌មាន​បរទេស​ធំ​ៗ​មួយ​ចំនួន​ដូច​ជា Reuters និង Straitstimes ជាដើម​បាន​ផ្សាយ​ថា ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយជា​ទីក្រុង​ម៉ា​កាវ​ទី​២​។

តួយ៉ាង គិត​ត្រឹម​ខែកក្កដា​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ចំនួន​កាស៊ីណូ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​កើនឡើង​ដល់​ទៅ ៦២ កន្លែង ក្នុង​នោះ កាន់កាប់​ដោយ​ជនជាតិ​ចិន មាន​ចំនួន ៧៧%​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ស្នងការ​ខេត្ត​ព្រះ​សីហ​នុ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​។ 

យ៉ាងណា​ក៏​ដោយ​ចុះ មក​ទល់​បច្ចុប្បន្ន​នេះ ក្រុងព្រះសីហនុ ហាក់​វិល​មក​ស្ងប់ស្ងាត់​វិញ ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​បិទ​ល្បែងភ្នាល់​តាម​អន​ឡាញ​។ ប៉ុន្ដែ ការ​ចាកចេញ​របស់​ជនជាតិ​ចិន ក្រោយ​ពី​ការ​ប្រកាស​នេះ វា​ក៏​បាន​បន្សល់​ទុក​នូវ​បញ្ហា​ទីផ្សារ​លក់ និង​ជួល​អចលនទ្រព្យ​ក្នុង​ខេត្ត​នេះ ដែល​ធ្លាប់តែ​ឡើង​ប៉ោង​ខ្លាំង បែរមក​ដាំ​ក្បាល​ស្រុត​ចុះ​មក​វិញ​យ៉ាង​ខ្លាំង​ផង​ដែរ​។ ក៏​ប៉ុន្ដែ អ្នកជំនាញ​អចលនទ្រព្យ​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា បាន​បញ្ជាក់​ថា តម្លៃ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះ​សីហ​នុ បច្ចុប្បន្ន​នេះ ដ្បិតតែ​ថយ​ចុះ មក​នូវ​ទ្រឹង​ក្ដី ប៉ុន្ដែ វា​ក៏​នៅ​តែ​ជា​តម្លៃ​មួយ​ខ្ពស់​ដដែល បើ​ធៀប​នឹង​តម្លៃ​ដែល​មិន​ទាន់​មានការ​វិនិយោគ​ផុសផុល​ខ្លាំង​កាលពីមុន​។

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួលស្គាល់​ថា វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះ​សីហ​នុ ពិតជា​មាន​ផល​ប៉ះពាល់​មួយ​ចំនួន ក្រោយ​ពី​មានការ​បិទ​ល្បែងភ្នាល់​តាម​អន​ឡាញ​មែន​។ ប៉ុន្ដែ លោក​ថា ជា​ជំហាន​ដំបូង វា​ប៉ះពាល់​មែន តែ​លោក​ជឿជាក់​ថា ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ដាក់​វិធានការ​សម​ស្រប​ជា​បន្តបន្ទាប់ នោះ​ខេត្ត​ព្រះ​សីហ​នុ​នឹង​វិល​ទៅ​រក​ការ​អភិវឌ្ឍ​ប្រសើរ​ឡើង​វិញ ខណៈ​ដែល​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​និង​កំពុង​រៀបចំ​ប្លង់​មេ​អភិវឌ្ឍន៍​ទី​ក្រុងព្រះសីហនុ​នេះ ឲ្យ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ទីក្រុង​ស៊ិន​ជិន​ប្រទេស​ចិន​ដែរ​។

ឯកឧត្តម វ​ង្សី វិស្សុត បាន​មាន​ប្រសាសន៍​ថា «​វិធានការ​ទី​១ គឺ​ការ​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ច្រើន​លើសលុប​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​នេះ ក្លាយជា​ការ​ទាក់ទាញ​មួយ ប៉ុន្ដែ​លើស​ពី​ហ្នឹង​ទៀត យើង​កំពុង​រៀបចំ​គេ​ហៅ​ថា Master Plan សម្រាប់​អភិវឌ្ឍ​ខេត្ត​កំពង់សោម​ឲ្យ​ទៅ​ជា​ខេត្ត​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​លក្ខណៈ​ដូច​ទៅ​នឹង​ទីក្រុង​ស៊ិន​ជិន​អ​ញ្ចឹ​ង​។ បើ​យើង​ចង់​ឲ្យ​កំពង់សោម​ដូច​ស៊ិន​ជិន មិនមែន​កាស៊ីណូ​ទេ វា​ត្រូវជា​ទីក្រុង​ឧស្សាហកម្ម វា​ជាទី​ក្រុង​សេវាកម្ម​ផ្នែក​បច្ចេកវិទ្យា បច្ចេកទេស និង​ទេសចរណ៍​។​»

ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយជា​ច្រមុះ​សេដ្ឋកិច្ច​ថ្មី​មួយ​របស់​កម្ពុជា

បើ​តាម​ការ​អះអាង​របស់ ឯកឧត្តម វ​ង្សី វិស្សុត ប្លង់​មេ​អភិវឌ្ឍន៍​ក្រុងព្រះសីហនុ​នេះ មិនមែន​ចេះ​តែ​រៀបចំ​ឲ្យ​តែ​បាន​នោះ​ទេ ពោល​គឺ​រាជរដ្ឋាភិបាល​បាន​ជួល​អ្នកជំនាញ​ខាង​គូរ​ប្លង់​មេ​ពី​ទីក្រុង​ស៊ិន​ជិន ប្រទេស​ចិន មក​ដោយ​ផ្ទាល់​ដើម្បី​រៀបចំ​ការងារ​នេះ​។ ដូច្នេះ នៅ​ពេល​អនាគត​ខាង​មុខ ខេត្ត​ព្រះ​សីហ​នុ​នេះ នឹង​ក្លាយជា​ច្រមុះ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ដើម្បី​អាច​នាំ​ចេញ​ទំនិញ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​បរទេស លែង​ពឹង​តែ​លើ​ច្រក​ប្រទេស​វៀតណាម ឬ​ថៃ ទៀត​ហើយ​។

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ (រូបភាព៖ ហេង ភារម្យ)

«​យើង​ជួល​អ្នក​ដែល​រៀបចំ (​ផែនការមេ​) Master Plan ស៊ិន​ជិន​តែ​ម្ដង​មក​ធ្វើ​នៅ​នេះ យើង​មិន​ដូច​ស៊ិន​ជិន​ទេ ប៉ុន្ដែ លំ​អាន លំនាំ​ការ​គិតគូរ (​ដូច​ទៅ​នឹង​ទីក្រុង​ស៊ិន​ជិន​) ។ Master Plan គឺ​ការ​រៀបចំ​តំបន់​ជា​សេដ្ឋកិច្ច​ពិសេស គឺ​ពហុ​បំណង ទៅ​ជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ​ដ៏​ខ្លាំង ជា​ប៉ូ​ល​សេដ្ឋកិច្ច​មួយ ដែល​បម្រើ​ឲ្យ​មូលដ្ឋាន​ផលិតកម្ម​សម្រេច​របស់​ជាតិ​កម្ពុជា​យើង ក្នុង​ការ​នាំ​ចេញ ក្នុង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​ទាំងមូល​។ »

ឯកឧត្តម បន្ថែម​ទៀត​ថា «​យើង​ថា​យើង​មាន​ច្រក​បី​​ធំ ទៅ​តាម​ប៉ោយ​ប៉ែ​ត អាហ្នឹង​យើង​ភ្ជាប់​ខ្លួន​ទៅ​បណ្ដាញ​ផលិតកម្ម តាម​ប្រើ​ច្រមុះ​ដង្ហើម​ថៃ​។ ទៅ​វៀតណាម ប្រើ​ច្រមុះ​វៀតណាម ប៉ុន្ដែ​កំពង់សោម​ច្រមុះ​ខ្លួនឯង​។ ... ដូច្នេះ Master Plan ហ្នឹង​ជា (​គ្រោងការ​) BluePrint មួយ​សំខាន់​ណាស់ សម្រាប់ Define កំណត់ (​ទិស​ដៅ​) Direction កំណត់​ការ​អភិវឌ្ឍ​របស់​កំពង់សោម​ក្នុង​រយៈ​១០ ទៅ​២០​ឆ្នាំ​ទៀត​។​»

បើ​តាម​ការ​អះអាង​របស់ ឯកឧត្តម វ​ង្សី វិស្សុត លោក​ជឿជាក់​ថា នឹង​មានការ​ផ្ទេរ​ឧស្សាហកម្ម​ផលិត​ពី​ក្រៅប្រទេស​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ នៅ​ពេល​ដែល​ប្លង់​មេ​បាន​រៀបចំ​រួច និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូច​ជា​ផ្លូវ ទឹក​ភ្លើង កំពង់​ផែ​ជាដើម​ត្រូវ​បាន​ស្ថាបនា​រួចរាល់​។ 

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ទើបតែ​បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន ៣៤ ខ្សែ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​សុទ្ធ​សឹង​ជា​ផ្លូវ​ដែល​មានគុណ​ភាព​ខ្ពស់​បំផុត នៅ​កម្ពុជា ដោយ​គម្រោង​នេះ រដ្ឋ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ២០០ លាន​ដុល្លារ​អា​មេ​រិ​ក​។ ផ្លូវ ទាំង ៣៤​ខ្សែ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា គឺជា​ការ​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ​។

ក្រៅពី​នេះ ក៏​នៅ​មាន​គម្រោង​ផ្លូវ​ល្បឿន​លឿន​លើក​ដំបូង​របស់​កម្ពុជា ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដែល​បច្ចុប្បន្ន​នេះ កំពុង​ដំណើរការ​សាងសង់ និង​គ្រោង​បញ្ចប់​នៅ​មុន​ខែកញ្ញា​ឆ្នាំ​២០២២​ខាង​មុខ​។ ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ក្លាយជា​ការ​បន្ថែម​នូវ​ភាព​ទាក់ទាញ និង​ប្រឡាក់​ក្រឡា​កាន់តែ​ខ្លាំង​ថែម​ទៀត សម្រាប់​បម្រើ​ដល់​ការ​វិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសឡាវអួតខ្លួនឯងថា មិនទាន់រងឥទ្ធិពលអាក្រក់ពី វីរុសកូរ៉ូណាទេ

ព័ត៌មាន
ស្របពេលដែលប្រទេសជិតខាងរបស់ មហាអំណាចសេដ្ឋកិច្ចចិន កំពុងរងគ្រោះទាំងការឆ្លងមេរោគកូរ៉ូណាទាំងការចុះអន់ថយនៃសេដ្ឋកិច្ចជាតិ ប្រទេសឡាវ បែរជាអះ…

សកម្មភាពមមាញឹកផ្សារភាគហ៊ុនកម្ពុជាអាចនឹងថមថយ ដោយសារវីរ៉ុសកូរ៉ូណា

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យមូលបត្រកម្ពុជាបានឲ្យដឹងថា ឥទ្ធិពលការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម កូរ៉ូណា ពិតណាស់វានឹងមានឥទ្ធិពលអវិជ្ជមានតិច​ឬច្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ