កូវីដ១៩នៅសឹង្ហបុរី

សិង្ហបុរីចាប់ផ្ដើមកម្រើកឆ្លងកូវីដ-១៩ឡើងវិញ ប៉ុន្ដែរដ្ឋាភិបាលបន្តជំហរ «រស់នៅជាមួយកូវីដ-១៩»


គេនៅចាំបានថា កាលពី បីសប្តាហ៍មុន នាយករដ្ឋមន្ត្រីសិង្ហបុរី លោកលី សៀនឡុង បានចេញមកប្រកាសថា ប្រទេសរបស់លោកបានសម្រេចការចាក់វ៉ាក់សាំង បានគ្រប់អត្រា ៨០%នៃពលរដ្ឋសរុបហើយ។ ប្រការនេះហើយត្រូវបាននាយករដ្ឋមន្ត្រីសិង្ហបុរីអះអាងថា នឹងក្លាយជាកត្តាគន្លឹះដើម្បីបើកសេដ្ឋកិច្ច ឲ្យវិលទៅរកសភាពដើមឡើងវិញយ៉ាងពេញលេញ។
ពលរដ្ឋសឹង្ហបុរីតិចតួច ចេញដើរហាត់ប្រាណក្រោយអាជ្ញាធរកម្រិតការជួបជុំសាជាថ្មី រូបភាព៖ ស៊ិនហួ
ដោយ

ផ្ទុយ​ទៅ​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​សិង្ហ​បុរី​បែរជា​ប្រកាស​ពី​ហានិភ័យ​ឆ្លង​កូ​វី​ដ​១៩ ក្រោយ​ពី​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​កើនឡើង​វិញ​ទ្វេ​ដង​។ ជាក់ស្តែង កាលពី​ថ្ងៃអាទិត្យ​ទី​១៩​ខែកញ្ញា​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ដល់​ទៅ​ជាង ១​ពាន់​នាក់ ពីរ​ថ្ងៃ​ជាប់​ៗ​គ្នា ។

ប្រទេស​សិង្ហ​បុរី បាន​និង​កំពុង​ចាប់ផ្ដើម​មានការ​ស្ទុះ​ងើបឡើង​វិញ នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយ​ការ​ឆ្លង​រាលដាល​លើក​នេះ មេរោគ​កូ​វី​ដ​១៩ បាន​ចរាចរ​នៅ​ទូ​ទាំង​ប្រទេស ចាប់តាំងពី​ផ្សារ​ទំនើប និង​មណ្ឌល​ថែទាំ​សុខភាព រហូត​ដល់​ស្ថានីយ៍​រថយន្តក្រុង​។ ខណៈ​ចំនួន​អ្នកជំងឺ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​កំពុង​កើនឡើង​ផង​ដែរ​។

យ៉ាងណាមិញ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​សិង្ហ​បុរី​បាន​រៀបចំ​ផែនការ ដែល​គេ​ឲ្យ​ឈ្មោះ​ថា «​រស់នៅ​ជាមួយ​កូ​វី​ដ​១៩» ដោយ​ទទួលស្គាល់​ថា មេរោគ​នេះ ជា​ជំងឺ​ដែល​មិន​អាច​លុប​បំបាត់​បាន ប៉ុន្តែ​អាច​គ្រប់គ្រង​វា​បាន​។

តើ​សិង្ហ​បុរី​អាច​អនុវត្ត​ផែនការ​នេះ ដូចដែល​គេ​គ្រោងទុក​បាន​ដែរ​ឬទេ? តើ​នឹង​មាន​អ្វី​កើតឡើង​បន្ត​ទៀត​សម្រាប់​ប្រទេស​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ដ៏​ច្រើន​ជាងគេ​មួយ​នេះ? 

ចាប់តាំងពី​អត្រា​ចាក់​វ៉ាក់សាំង​កើនឡើង​ដល់​៧០% នៅ​ដើមខែ​សីហា​កន្លង​ទៅ រដ្ឋាភិបាល​សឹ​ង្ហ​បុរី​បាន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​សង្គម​ខ្លះ​ៗ​ឡើង​វិញ ដូច​ជា​អនុញ្ញាត​ឲ្យ​បរិភោគ​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន និង​អនុញ្ញាត​ឲ្យ​បុគ្គលិក ៥០%​ចូល​មក​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​ឡើង​វិញ​។

ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​នៅ​សិង្ហ​បុរី​បាន​ហក់​ឡើង​វិញ​ភ្លាម​ៗ​នៅ​ដើមខែ​កញ្ញា ពី​តួលេខ​ឆ្លង​ត្រឹមតែ ២​ខ្ទង់​ក្នុង​មួយ​ថ្ងៃ​ៗ ឡើង​ដល់​៣​ខ្ទង់​។ ប្រការ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា វ៉ាក់សាំង​តែ​មួយ​មុខ មិន​អាច​ទប់ស្កាត់​ការ​ចម្លង​របស់​កូ​វី​ដ​១៩​បាន​ទេ ទោះបី​សិង្ហ​បុរី​មាន​អ្នក​ចាក់​វ៉ាក់សាំង​ច្រើន​ក៏​ដោយ​។

ទោះបីជា​ករណី​ឆ្លង​កើនឡើង​វិញ​ក៏​ដោយ រដ្ឋាភិបាល​សឹ​ង្ហ​បុរី​នៅ​តែ​បង្ហាញ​គោល​ជំហរ​ក្នុង​ការ​អនុវត្ត​ផែនការ «​រស់នៅ​ជាមួយ​កូ​វី​ដ​១៩» ដោយ​បាន​ដាក់​កម្រិត​នៅ​តាម​ស្ថាប័ន និង​ការិយាល័យ​ធ្វើការ ធ្វើតេស្ត​រហ័ស​ដល់​បុគ្គលិក​ឲ្យ​បាន​ញឹកញាប់ ព្រមទាំង​បាន​កាត់​បន្ថយ​ការ​ជួបជុំ​បន្តិច​មក​វិញ​ផង​ដែរ​។

កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ធ្វើ​ឡើង​គឺ​ដើម្បី​ធានា​បាន​ថា នឹង​មិន​មានការ​បិទ​ខ្ទប់ ឬ​ផ្អាក​សកម្មភាព​សង្គម​ណាមួយ​ទាំងស្រុង​ឡើយ ដោយ​សិង្ហ​បុរី​ព្យាយាម​ធ្វើ​យ៉ាង ដៃ​ម្ខាង​ខិតខំ​បើក​ប្រទេស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន រីឯ​ដៃ​ម្ខាង​ទៀត​ខិតខំ​ទប់ស្កាត់​ការ​រាលដាល​កូ​វី​ដ​១៩​។

សូម​ជម្រាប​ថា បច្ចុប្បន្ន​សិង្ហ​បុរី​ជា​ប្រទេស​មាន​អ្នក​ចាក់​វ៉ាក់សាំង​ច្រើន​ជាងគេ​មួយ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ផង​ដែរ ហើយ​ប្រទេស​មួយ​នេះ​ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​តិចតួច​ដូច​គ្នា បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​។ ជាក់ស្តែង គិត​មក​ទល់​ពេល​នេះ សិង្ហ​បុរី​មាន​អ្នក​ឆ្លង​សរុប​ជាង ៧​ម៉ឺន​នាក់ ខណៈ​អ្នក​ស្លាប់​សរុប​មាន​ជាង ៦០​នាក់​ប៉ុណ្ណោះ​៕ 




អត្ថបទបន្ទាប់


សាលារៀនចំនួន ៦ នៅកម្ពុជាទទួលបានពានរង្វាន់ជាតិ «សាលាមេត្រីបរិស្ថាន»

ព័ត៌មាន
សាលារៀនចំនួន៦ ក្នុងចំណោមសាលារៀនចំនួន៤៨ នៅកម្ពុជាបានទទួលពានរង្វាន់ «សាលាមេត្រីបរិស្ថានជាតិ» ពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងបរ…

ម៉ាឡេស៊ីត្រៀមចាក់វ៉ាក់សាំងដូសទី៣ នៅពេលដែលអត្រាចាក់វ៉ាក់សាំងទូទៅកើនដល់៨០%

ព័ត៌មាន
ក្រឡេកទៅមើលរឿវរ៉ាវនៅប្រទេសម៉ាឡេស៊ីវិញម្តង។ មន្ត្រីជួរមុខដែលប្រឈមនឹងការឆ្លងកូវីដ១៩ខ្ពស់ រាប់បញ្ចូលទាំងបុគ្គលិកសុខាភិបាល ព្រមទាំងមនុស្សចាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ