ប្រទេសនៅអាស៊ាន

ប្រទេសមួយចំនួននៅអាស៊ានចាប់ផ្ដើមប្រាសខ្លួនពីការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិកដែលកំពុងឡើងថ្លៃខ្ពស់


ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ានមួយចំនួន ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃជាដើម កំពុងស្វះស្វែងរកវិធីសាស្ត្រក្នុងការសម្រួលដល់ការដោះដូរពាណិជ្ជកម្មពួកគេ ដោយកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិក ងាកមករកការប្រើប្រាស់រូបិយវត្ថុអន្តរជាតិផ្សេងទៀតជំនួសវិញ។
ប្រទេសមួយចំនួននៅអាស៊ានចាប់ផ្ដើមប្រាសខ្លួនពីការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិកដែលកំពុងឡើងថ្លៃខ្ពស់

ការធ្វើដូច្នេះ នៅចំពេលដែល​នៅមួយរយៈចុងក្រោយនេះ ប្រាក់ដុល្លារអាមេរិក​បាន​និងកំពុង​ហក់ឡើងកាន់តែខ្ពស់ ស្របពេលដែលធនាគារកណ្ដាល​របស់ប្រទេសសេដ្ឋកិច្ច​ធំជាងគេ​បំផុតក្នុងពិភពលោកមួយនេះ បានដំឡើងអត្រាការប្រាក់ជាបន្ដបន្ទាប់។ ប្រាក់ដុល្លារឡើងថ្លៃនេះទៀតសោត ចង់ឬមិនចង់​ វាកំពុងធ្វើឲ្យ​មានលំហូរមូលធនចេញពី​ប្រទេស​ដែលមានទីផ្សារកំពុងរីកចម្រើន ហើយកត្តានេះ គឺជាការគំរាមកំហែងមួយសម្រាប់​សុខភាពសេដ្ឋកិច្ច​នៃបណ្ដាប្រទេសទាំងនោះផងដែរ។

ធនាគារកណ្ដាល​របស់ឥណ្ឌូនេស៊ីកំពុង​ស្វែងរក​ការកាត់បន្ថយ​ការពឹងផ្អែកខ្លាំង​លើប្រាក់ដុល្លារអាមេរិក ជាមួយនឹង​ផែនការ​អនុញ្ញាត​ឲ្យ​ប្រតិបត្តិការទូទាត់ក្នុងស្រុក​នៃប្រព័ន្ធកិច្ចសន្យាកំណត់អត្រាប្ដូរប្រាក់ NDFs អាចធ្វើទៅបាន​ជាមួយនឹងរូបិយបណ្ណផ្សេងៗទៀត បន្ទាប់ពីដុល្លារអាមេរិក។

បើតាម​លោក Edi Susianto នាយកប្រតិបត្តិ​សម្រាប់​ការគ្រប់គ្រង​ផ្នែក​រូបិយវត្ថុ​​របស់​​ធនាគារកណ្ដាល​ឥណ្ឌូនេស៊ី បាន​អះអាងថា ធនាគារកណ្ដាល​អាចនឹង​ផ្ដល់ជូន​ប្រព័ន្ធកិច្ចសន្យា​កំណត់​អត្រាប្ដូរប្រាក់ NDFs ដែលមិនមែនជាប្រាក់ដុល្លារ នៅឆ្នាំក្រោយនេះ។ អាជ្ញាធររូបិយវត្ថុ​ឥណ្ឌូនេស៊ី ក៏កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​លើការប្រើប្រាស់​រូបិយវត្ថុ​​ក្នុងស្រុក​របស់ខ្លួន​សម្រាប់​ការទូទាត់​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​កូរ៉េខាងត្បូង អូស្ត្រាលី និងក៏កំពុង​ពន្លឿនការសម្រេច​កិច្ចចរចា​កិច្ចព្រមព្រៀងដូចគ្នានេះ ជាមួយនឹង​ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនផងដែរ។

បន្ថែមពីនេះ ប្រទេសឥណ្ឌូនេស៊ី កំពុងមាន​កិច្ចព្រមព្រៀង​ជាមួយនឹង​ប្រទេសថៃ ម៉ាឡេស៊ី​ និងជប៉ុនសម្រាប់​ការទូទាត់ពាណិជ្ជកម្ម​ដោយមិនប្រើប្រាស់ប្រាក់ដុល្លារ ដោយ​ទំហំនៃការទូទាត់រវាង​ឥណ្ឌូនេស៊ី នឹងប្រទេសទាំងបីនេះ មានសរុប​ជាទឹកប្រាក់ប្រហែលជិត​៣ពាន់លានដុល្លារ គិតត្រឹមខែកក្កដាកន្លងទៅនេះ កើនពីប្រមាណ២ពាន់​៥រយលានដុល្លារកាលពីចុងឆ្នាំ២០២១។ ធនាគារកណ្ដាលឥណ្ឌូនេស៊ីរំពឹងថា​ ការទូទាត់នេះ នឹងអាចកើនឡើងប្រហែល​១០%​នៅពេញមួយឆ្នាំ២០២២នេះ។

ដោយឡែក ប្រទេសថៃវិញ នៅពេលនេះ ក៏កំពុង​ស្វែះស្វែងក្នុងការ​ពង្រីកការប្រើប្រាស់រូបិយវត្ថុ​ផ្សេងៗ ជំនួស​ការពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាមេរិកដូចគ្នាដែរ។ ជាក់ស្ដែង ធនាគារកណ្ដាលថៃ ថ្មីៗនេះ បាន​ដាក់ចេញ​ឲ្យមានការប្រើប្រាស់​សាកល្បងនូវរូបិយវត្ថុឌីជីថល ផ្ដោតលើប្រតិបត្តិការទូទាត់ឆ្លងដែរជាមួយនឹងប្រទេសចិន ទីក្រុងហុងកុង និង​អារ៉ាប់រួម ខណៈដែល​ប្រទេសចិន កំពុង​ព្យាយាម​ជំរុញការធ្វើអន្តរកម្មប្រាក់យន់ឌីជីលរបស់ខ្លួន។

តាមរយៈការដាក់សាកល្បងការទូទាត់ឆ្លងដែនតាមរូបិយវត្ថុឌីជីលរបស់ធនាគារកណ្ដាលថៃនេះ គេឃើញមានប្រតិបត្តិការ​ទូទាត់ប្រាក់ និងប្ដូរប្រាក់​ជាង​ ១៦០ដង ដែលមានទំហំទឹកប្រាក់សរុប​​ជាង​២២លានដុល្លារអាមេរិក។

ការអភិវឌ្ឍ​នូវការទូទាត់ឆ្លងដែន​តាមរយៈរូបិយវត្ថុឌីជីថលនេះ ធ្វើឡើង​នៅចំពេលដែល​ប្រាក់ដុល្លារអាមេរិកកំពុងហក់ឡើងខ្ពស់​ជាងរូបិយបណ្ណផ្សេងៗទៀត ហើយវា​​កំពុង​បង្កឲ្យមាន​លំហូរមូលធន​ចេញពីប្រទេស​ទីផ្សារកំពុងរីកចម្រើនជាច្រើន ដែលវា​កំពុងគំរាមកំហែង​ដល់​សុខភាពសេដ្ឋកិច្ច​នៃប្រទេសទាំងនេះយ៉ាងខ្លាំង។

ប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ក្នុងពិភពលោកនោះ ក៏បាននិងកំពុង​ធ្វើការសាកល្បង​ប្រើប្រាស់​រូបិយវត្ថុឌីជីល​របស់ខ្លួន​នៅក្នុង​ទីក្រុងធំៗមួយចំនួន​ផងដែរ ដោយ​ភាគច្រើន​ផ្ដោតលើ​ការទូទាត់លើការលក់រាយ ខណៈធនាគារកណ្ដាល​ប្រទេសនេះ បានសច្ចានឹងពង្រីកការទូទាត់ឆ្លងដែន​តាម​ប្រាក់យន់ឌីជីល​របស់ខ្លួនឲ្យកាន់តែមានវិសាលភាពជាងមុន។

ដោយឡែក ប្រទេសរុស្ស៊ី ដែលបាននិងកំពុងរងទណ្ឌកម្ម​យ៉ាងធ្ងន់កពីសំណាក់លោកខាងលិច​ដោយសារការធ្វើសង្គ្រាមនៅអ៊ុយក្រែននោះ បាន​ប្រកាសពីផែនការ​នឹងប្រើប្រាស់​រូបិយវត្ថុឌីជីថល​របស់ខ្លួន​ដើម្បី​ដោះដូរពាណិជ្ជកម្ម​ជាមួយប្រទេសចិនផងដែរ៕​




អត្ថបទបន្ទាប់


ស្រីលង្ការំពឹងខ្ពស់ថានឹងបានជំនួយសង្គ្រោះសេដ្ឋកិច្ចនៅមុនខែធ្នូ ប៉ុន្តែ IMF ថាពេលវេលាជាក់លាក់មិនទាន់អាចប៉ាន់ស្មានបាន

ព័ត៌មាន
រដ្ឋាភិបាលស្រីលង្កាហាក់ដូចជាមានក្តីសង្ឃឹមខ្លាំងឡើងអំពីឱកាសរបស់ខ្លួនក្នុងការទទួលបានការយល់ព្រមពីក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជា…

កម្ពុជារំពឹងអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានជិត៨លាននាក់នៅត្រឹមឆ្នាំ២០២៨

ព័ត៌មាន
កម្ពុជារំពឹងថា ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជានឹងអាចវិលមករកភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ ជាមួយនឹងការរំពឹងអាចស្រូបទាញភ្ញៀវទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ