កិច្ចសម្ភាសន៍ពិសេស

៥សំណួរ ជាមួយនឹងសមាគមមីក្រូហិរញ្ញវត្ថកម្ពុជា ជុំវិញនឹងការអនុវត្តជួយសម្រួលបន្ទុករបស់កូនបំណុល អំឡុងពេលមានវិបត្តិ​កូវីដ-១៩


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធនាគារជាតិនៃកម្ពុជា នាពេលកន្លងមកបានចេញមុខអំពាវនាវម្ដងហើយម្ដងទៀត ទៅកាន់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ធ្វើយ៉ាងណាអនុគ្រោះដល់អតិថិជន ដែលជាកូនបំណុលរបស់ខ្លួន ដែលកំពុងជួបនឹងបញ្ហាសងប្រាក់ ព្រោះតែពួកគាត់កំពុងរងផលប៉ះពាល់ជីវភាព ដោយសារតែឥទ្ធិពលនៃការរីករាលដាលមេរោគកូវីដ-១៩។
៥សំណួរ ជាមួយនឹងសមាគមមីក្រូហិរញ្ញវត្ថកម្ពុជា ជុំវិញនឹងការអនុវត្តជួយសម្រួលបន្ទុករបស់កូនបំណុល អំឡុងពេលមានកូវីដ-១៩
ដោយ

យ៉ាងណាមិញ កាលពីថ្ងៃទី ២០ ខែមេសានេះ ធនាគារជាតិ បានចេញសេចក្ដី​អំពាវនាវថ្មីមួយ​ទៀត ដោយបានស្នើ​ដល់ខាង​គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ឲ្យមានការយោគ​យល់ និងផ្តល់ការអនុគ្រោះ​បន្ថែមដល់​អតិថិនជន ដែលជា​កូនបំណុល​របស់ខ្លួន នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ។ ក្នុងនោះ ធនាគារជាតិ បានស្នើដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយ​កម្រៃសេវា​ផ្សេងៗ​ពាក់ព័ន្ធនឹងឥណទាន និងលើកលែង​ការផាកពិន័យ​ចំពោះអតិថិជន​រហូតដល់ដាច់​ឆ្នាំ២០២០។

លោក ចាន់ មង្គល អ្នក​យក​សារព័ត៌មាន របស់​ខេមបូណូមីស បាន​ជួបជាមួយ​ លោក កាំង តុងងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង និង​ជាអ្នកនាំ​ពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដើម្បីពិភាក្សា​ជុំវិញប្រធានបទ​ «តើគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាននិងកំពុង​អនុវត្ត​ជួយ​សម្រួល​បន្ទុក​កូនបំណុល​របស់ខ្លួន​បានកម្រិតណា នៅអំឡុងពេលមាន​បញ្ហាកូវីដ-១៩នេះ?»

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ខេមបូណូមីស)

លោក​ ចាន់ មង្គល ៖ តើខាងសមាគមយល់ឃើញ​យ៉ាងដូចម្ដេចដែរ ចំពោះសេច្ដី​ស្នើសុំ​ថ្មី ពីសំណាក់​ធនាគារជាតិនេះ? ហើយមើល​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ដែលជា​សមាជិក​របស់​សមាគម អាចនឹង​អនុវត្ត​បានក្នុង​កម្រិតណាដែរ?

លោក កាំង តុងងី ៖ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សូមស្វាគមន៍​ចំពោះ​សេចក្តី​អំពាវនាវនេះ ដោយសារ​កន្លង​មក​សមាជិក​របស់យើង ដែលរួម​មានគ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ (បង់រំលោះ) និងគ្រឹះស្ថាន​ឥណទាន​ជនបទ បាននិង​កំពុងចូលរួម​ជួយអតិថិជន​របស់គាត់ ដើម្បីឆ្លង​កាត់​គ្រា​ដ៏លំបាកនេះ។ តាមរបាយការណ៍​ដែលសមាគម​ទទួលបាន សមាជិក​របស់យើង​សុទ្ធតែបាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការបន្ធូរ​បន្ថយ និងរៀបចំ​ឥណទាន​ឡើងវិញ​ជូនដល់​អតិថិជន ដែលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពីជំងឺកូវីដ១៩។

លោក ចាន់ មង្គល ៖ កន្លងមក​ខាង​ធនាគារជាតិ ក៏ដូចជា​រាជរដ្ឋាភិបាល បានចេញ​សេចក្ដី​អំពាវ​នាវ​ម្ដងជាពីរដង អំពីការ​ស្នើឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយ​ការបង់ប្រាក់ និងពន្យារ​ពេលសងជាដើម។ តើមកទល់ពេលនេះ ខាងសមាជិក​របស់​សមាគម​ប៉ុន្មាន​ស្ថាប័ន​ដែរ ដែលបាន​អនុវត្តតាម​ការស្នើសុំនេះ ហើយ​អនុវត្តបាន​ក្នុងកម្រិតណាដែរ?

លោក កាំង តុងងឺ ៖ធនាគារជាតិ​នៃកម្ពុជា​បានផ្តើម​វិធានការ​សម្រាប់​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ស្តីពី​ការពារ​ផល់ប៉ះពាល់​ជាអវិជ្ជមាន​បណ្តាលមក​ពី​ការីករាលដាល​នៃវីរុស​កូវីដ-១៩ កាលពីថ្ងៃទី៥ ខែមីនា។ នាថ្ងៃទី២៧ ខែមីនា ធនាគារជាតិ​នៃកម្ពុជា​បានចេញ​សារាចរណ៍​បន្ថែម ដើម្បីជួយ​ពង្រឹងបន្ថែម​នូវគោលនយោបាយ និងនិតិវិធី​ឥណទាន​រៀបចំ​ឡើងវិញ ព្រមទាំង​កំណត់​ច្បាស់លាស់​នូវព្រំដែន នៃប្រភេទ​អតិថិជន ក្នុងវិស័យ​អាទិភាព ក្នុងការគាំពារអតិថិជន ដែលរង​ផលប៉ះពាល់​ពីការរីករាលដាល​នៃវីរុសកូវីដ-១៩។

កន្លងមក​សមាគម​បានអំពាវនាវ​ដល់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែលជាសមាជិក ឲ្យ​ជួយសម្រួល និងមាន​ភាពទន់ភ្លន់ ជាមួយ​អតិថិជន​តាមស្ថានភាព​ជាក់ស្តែង ចំពោះអតិថិជន ដែលរងផល​ប៉ះពាល់​ខ្លាំង និងពិតប្រាកដ។​​ ទន្ទឹមនឹងនេះ យើងបានធ្វើការ​ប្រជុំផ្សព្វផ្សាយ​ដល់សមាជិក ឲ្យ​អនុវត្ត​នូវវិធានការ រួមទាំង​សារាចរណ៍​ណែនាំ​របស់​ធនាគារជាតិ​នៃកម្ពុជា ក៏ដូចជាបន្ត តាមដាន​ដោយយកចិត្ត​ទុកដាក់ខ្ពស់​លើបញ្ហា​របស់អតិថិជន និងគាំទ្រ​សមាជិក​ក្នុងការធានា​ឲ្យបាននូវផែនការ​បន្តអាជីវកម្ម​របស់ខ្លួន និងការការពារ​ការរីករាលដាល​វីរុសកូវីដ-១៩ នៅក្នុងស្ថាប័ន​សមាជិក និងតំបន់​ប្រតិបត្តិការ​របស់ខ្លួន រួមទាំង​ពិនិត្យ​ទៅលើវិធាន​នានា ក្នុងការ​ទប់ស្កាត់​ផលប៉ះពាល់​អវិជ្ជមាន ផ្សេងៗទៀត​ដែលអាច​កើត​មានលើវិស័យហិរញ្ញវត្ថុ។

សមាជិកភាគច្រើន​សុទ្ធតែបាន​ចូលរួមយ៉ាង​សកម្ម​ក្នុងការបន្ធូរបន្ថយ និងរៀប​ចំឥណទាន​ឡើងវិញ​ជូនដល់អតិថិជន ដែលរងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពីជំងឺ​កូវីដ-១៩ លើកលែង​តែសមាជិក​មួយចំនួនតូច ដែលអតិថិជន​គាត់មិនសូវ​រងផលប៉ះពាល់​ធ្ងន់ធ្ងរ ហើយមិន​បានស្នើសុំ​ការ​សម្របសម្រួល។

លោក ចាន់ មង្គល៖ តើសមាគម​មានបាន​ធ្វើការសិក្សា ឬវាយតម្លៃ​អំពីផល​ប៉ះពាល់​នៃវិបត្តិកូវីដ-១៩ ចំពោះ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​ដែរទេ?

លោក កាំង តុងងី ៖ ក្នុងដំណាក់កាលនេះ យើងនៅមិនទាន់​អាចវាយតម្លៃ​ផលប៉ះពាល់​រួមមកលើវិស័យ​ទាំងមូល​បានឡើយ។ កូវីដ-១៩ គឺជាបញ្ហាសកល​ ហើយកម្ពុជា រួមទាំងវិស័យ​មីក្រូហិរញ្ញវត្ថុ ក៏មិនអាចចៀស​ផុតពី​ផលប៉ះពាល់​នេះ​បានដែរ​ ប៉ុន្តែសមាគម​បានប៉ាន់​ប្រមាណ​ថា ផលប៉ះពាល់​នឹងស្ថិតក្នុង​កម្រិត​ដែលអាច​គ្រប់គ្រងបាន។ គិតត្រឹមថ្ងៃ២៤ ខែមេសា ឆ្នាំ២០២០ ស្ថានភាព​វិស័យ​មីក្រូហិរញ្ញវត្ថុ នៅមាន​ស្ថានភាព​ធម្មតានៅឡើយ។ ការស្នើ​សុំប្រាក់កម្ចី ក៏ដូចជា​ការដាក់​ប្រាក់បញ្ញើ នៅមាន​ចរន្ត​ជាធម្មតា។

លោក ចាន់ មង្គល ៖ តើមកទល់ពេល​នេះ ខាងមីក្រូហិរញ្ញវត្ថុ​មានការរឹត​ត្បិត​លើការផ្ដល់កម្ចី ទៅកាន់​អតិថិជន​ដែរទេ ពិសេស​ក្នុង​វិស័យទេសចរណ៍ ព្រោះថា លទ្ធភាព​សងត្រឡប់​របស់អតិថិជន​នៅក្នុងវិស័យនេះ ត្រូវបាន​គេមើលឃើញថា កំពុងនឹង​មានជួបបញ្ហា​ខ្លាំងជាងគេ​​នៅអំឡុង​វិបត្តិកូវីដ-១៩នេះ។

លោក កាំង តុងងឺ ៖ ដរាបណានៅ​អតិថិជនមាន​តម្រូវការ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹងនៅតែ​បន្តផ្តល់​បា្រក់កម្ចី​ជូនអតិថិជន ឲ្យ​តែ​អតិថិជន​មានលក្ខខណ្ឌ​គ្រប់គ្រាន់​តាមគោលការណ៍​របស់​គ្រឹះស្ថាន​នីមួយៗ។ ឧទាហរណ៍ លទ្ធភាពសង​ត្រឡប់​មកវិញ គោលដៅ​ក្នុងការប្រើប្រាស់​ប្រាក់​កម្ចី ទ្រព្យ​បញ្ចាំ។ល។ បើមិនមាន​ប្រាក់កម្ចី គ្រឹះស្ថាន​ក៏មិនមាន​ផលចំណេញដែរ។

លោក ចាន់ មង្គល ៖ ខ្ញុំសូម​សួរសំណួរចុងក្រោយ វាហាក់ខុសពីប្រធានបទ​បន្ដិច ប៉ុន្ដែ វាទាក់ទង​នៅក្នុង​បញ្ហាវិបត្តិ​កូវីដ-១៩នេះដែរ ឃើញថា អំឡុងពេលនេះ មានក្រុមហ៊ុន និងរោងចក្រ​ជាច្រើន​នៅកម្ពុជា បានកាត់បន្ថយ​ចំនួនបុគ្គលិក និងមានខ្លះទៀត កាត់ប្រាក់ខែ​បុគ្គលិក​ក្នុងចំនួន​ណាមួយ​ តើចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុវិញ មកទល់នឹងពេលនេះ មានការអនុវត្ត​បែប​នេះដែរទេ?

លោក កាំង តុងងឺ ៖ ជាគោលការណ៍ និងការប្តេជ្ញា​របស់​សមាជិក​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ យើងនឹង​បន្តចូល​រួមដោះស្រាយ និងជួយ​ដល់អតិថិជន ដែលរងផលប៉ះ​ពាល់ធ្ងន់ធ្ងរជាក់ស្តែង ដើម្បីឆ្លង​កាត់គ្រា​ដ៏លំបាកនេះ។

សូមបញ្ជាក់ដែរថា ទិន្នន័យ ពីសមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុ គិតត្រឹម​ដំណាច់ឆ្នាំ២០១៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា​បានផ្តល់​ឥណទាន ជាង៧ប៊ីលានដុល្លា ដល់​ប្រជាពលរដ្ឋខែ្មរ​ប្រមាណ​ជាង ២,២លាននាក់។ ក្នុងនោះ មានប្រមាណ ៨០ភាគរយជាស្ត្រី។ ចំណែកឥណទាន​តាម​វិស័យនីមួយៗ​រួមមាន៖  ឥណទានគ្រួសារ៣៥% , ឥណទាន​កសិកម្ម២០% , ឥណទាន​ពាណិជ្ជកម្ម ១៨% , ឥណទាន​សេវាកម្ម ១៤% , ដឹកជញ្ជូន ៦% , សំណង ៣% និងវិស័យ​ផ្សេងៗ​ទៀត ៤%។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទទួល​បានប្រាក់​បញ្ញើ​សរុប​ប្រមាណ ៣,៦ប៊ីលានដុល្លា ពីអ្នកបញ្ញើ​សរុប ២,៧លាននាក់ តាម​​​រយៈការិយាល័យ​តំណាងចំនួន​ប្រមាណ ១.៤០០​កន្លែង និងមានបុគ្គលិក​បម្រើការងារ​សរុប​ប្រមាណ ៣៤.០០០នាក់​ នៅទូទាំង ២៥ រាជធានី-ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ស្វាគមន៍ចំពោះសំណើថ្មីរបស់ធនាគារជាតិ ទាក់ទងនឹងបញ្ហាកូនបំណុល

ព័ត៌មាន
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានស្វាគមន៍ចំពោះសំណើរបស់ធនាគារជាតិ នៃកម្ពុជា ដែលបានស្នើឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្ធូរបន្ថយក…

អាមេរិក៖ ការ​ពន្យារ​ពេល​កសាង​ទំនប់​វារី​អគ្គិសនី​របស់​កម្ពុជា​គឺ​ជា​សញ្ញា​គួរ​ជា​ទីលើក​ទឹកចិត្ត

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក Patrick Murphy បាន​និយាយ​នៅ​សប្ដាហ៍​នេះ​ថា ការពន្យារ​ពេល​១០​ឆ្នាំ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​កសាង​ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ