ស្រីលង្ការាំងខ្ទប់បណ្ដាញសង្គម

ស្រីលង្ការាំងខ្ទប់បណ្ដាញសង្គមមិនឲ្យពលរដ្ឋប្រើ ក្រោយដាក់បម្រាមគោចរទូទាំងប្រទេស ដើម្បីទប់ទល់នឹងបាតុកម្ម


នៅថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសស្រីលង្កាទើបតែបានសម្រេចបិទខ្ទប់បណ្ដាញសង្គម លែងឲ្យពលរដ្ឋចូលប្រើប្រាស់ បន្ទាប់ពីរដ្ឋាភិបាលទើបតែបានដាក់បម្រាមគោចរនៅទូទាំងប្រទេស ដើម្បីទប់ទល់នឹងការបាតុកម្មពីសំណាក់ប្រជាពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយដោយការសែតបាងកកប៉ុស្ដិ៍។
ស្រីលង្ការាំងខ្ទប់បណ្ដាញសង្គមមិនឲ្យពលរដ្ឋប្រើ ក្រោយដាក់បម្រាមគោចរទូទាំងប្រទេស ដើម្បីទប់ទល់នឹងបាតុកម្ម

ប្រទេស​ស្រី​លង្កា​បច្ចុប្បន្ន​នេះ កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ទំនិញ​ផ្សេង​ទៀត​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​តម្លៃ​ទំនិញ​កើន​ឡើងជា​បន្ដបន្ទាប់ ហើយ​ប្រទេស​នេះ ក៏​មានការ​កាត់​ចរន្ដអគ្គិសនី​ប្រើប្រាស់​ជាង​១០​ម៉ោង​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ដោយសារ​តែ​ខ្វះខាត​ថាមពល​។ បញ្ហា​ទាំងនេះ គឺជា​វិបត្តិ​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ប្រទេស​ដី​កោះ ដែល​មាន​ប្រជាជន​រស់នៅ​ជាង​២២​លាន​នាក់​មួយ​នេះ គិត​តាំងពី​បាន​ទទួល​ឯករាជ្យ​ពី​អង់គ្លេស​កាលពី​ឆ្នាំ​១៩៤៨​មក​។

ប្រធានាធិបតី​ស្រី​លង្កា លោក ហ្គូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សា (Gotabaya Rajapaksa) បាន​សម្រេច​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន កាលពី​ថ្ងៃ​ទី ទី​១ ខែមេសា បន្ទាប់​ពី​មាន​ពលរដ្ឋ​មានការ​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម​អុកឡុក​ផ្ទះ​របស់​លោក នៅ​ក្នុង​រដ្ឋធានី​កូ​ឡំ​បូ ដើម្បី​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​។ បន្ទាប់​ពី​ផ្ទុះ​បាតុកម្ម​កើតឡើង លោក ហ្គូ​តា​បា​យ៉ា ក៏​បាន​ចេញ​បញ្ជា​ឲ្យ​ដាក់​បម្រាម​គោចរ​នៅ​ទូ​ទាំង​ប្រទេស​រហូត​ដល់​ព្រឹក​ថ្ងៃ​ចន្ទ ទី ០៤​ខែមេសា​នេះ​ផង​ដែរ​។

ក្រោយ​ពី​បាន​ដាក់​បម្រាម​គោចរ​ហើយ​នោះ រដ្ឋាភិបាល​ស្រី​លង្កា ក៏​បាន​បិទ​ខ្ទប់​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក យូ​ធូប អ៊ី​ន​ស្ដា​ក្រាម និង​វ័ត​ស៍អាប់ មិន​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ផង​ដែរ​។ គេ​សង្កេត​ឃើញ​ថា នៅ​មុន​ពេល​មានការ​បិទ​ខ្ទប់​បណ្ដាញ​សង្គម​ទាំងនេះ គឺ​បន្ទាប់​ពី​មាន​ជន​អាណា​មិ​កបាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ឲ្យ​មានការ​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ជុំវិញ​ការ​ដឹកនាំ​ប្រទេស​ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ​។

អាជ្ញាធរ​បាន​រាយការណ៍​ថា មានការ​ឃាត់ខ្លួន​សកម្មជន​បណ្ដាញ​សង្គម​ម្នាក់​ផង​ដែរ កាលពី​ថ្ងៃ​ទី​០១ ខែមេសា ពី​បទចោទប្រកាន់​ថា បុគ្គល​រូប​នោះ បាន​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​អាច​បង្កចលាចល​ដល់​សាធារណជន​។

ឯកអគ្គរដ្ឋទូត​ប្រទេស​លោក​ខាងលិច​ប្រចាំ​នៅ​ទីក្រុង​កូ​ឡំ​បូ បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ប្រើប្រាស់​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដើម្បី​រារាំង​ពី​ការ​មិន​ពេញចិត្ត​តាម​បែប​ប្រជាធិបតេយ្យ ហើយ​អ្នកការទូត​ក្រុម​ប្រទេស​លោក​ខាងលិច ក៏​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​ចំពោះ​ស្ថានការណ៍​នៅ​ស្រី​លង្កា​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ កងទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូ​ទាំង​ប្រទេស​ស្រី​លង្កា​រួចរាល់​ហើយ ដើម្បី​ត្រៀម​រង់ចាំ​បញ្ជា​ពី​ថ្នាក់ដឹកនាំ​ក្នុង​ករណី​មានការ​ចលាចល​ណាមួយ​កើតឡើង​។

សូម​បញ្ជាក់​ថា បញ្ហា​ខ្វះខាត​រូបិយ​បណ្ណ​បរទេស គឺជា​កត្តា​ស្នូល​មួយ ដែល​រុញច្រាន​ឲ្យ​ស្រី​លង្កា​កំពុង​ជួប​ឧបសគ្គ​ក្នុង​ការ​សង​សេវា​បំណុល​សាធារណៈ​របស់​ខ្លួន ដែល​មាន​ដល់ ៥១​ពាន់​លាន​ដុល្លារ  ខណៈ​ដែល​ប្រទេស​នេះ បាន​បាត់បង់​ប្រាក់​ចំណូល​ពី​វិស័យ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា​ទេសចរណ៍ និង​ការ​ផ្ញើ​ប្រាក់​ពី​សំណាក់​ពលករ​នៅ​ក្រៅប្រទេស​ជាដើម​។ បញ្ហា​ទាំង​អស់នេះ ហើយ​បាន​ដាក់បន្ទុក​កាន់តែ​ខ្លាំង លើ​ការ​នាំ​ចូល​ទំនិញ​ពី​ក្រៅប្រទេស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការវិនិយោគព្រលានយន្តហោះនៅកម្ពុជាដោយក្រុមហ៊ុនបារាំង និងចិន ខុសគ្នាដូចម្ដេច?

ព័ត៌មាន
បច្ចុប្បន្ន កម្ពុជាកំពុងមានព្រលានយន្ដហោះធំៗចំនួន៣ ដែលកំពុងដំណើរការ រួមមាន នៅរាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ដែលស្ថិតនៅក្រោមការគ្…

ការផលិតស្ករត្នោតនៅកំពង់ស្ពឺឆ្នាំនេះ ប្រឈមនឹងបញ្ហាអាកាសធាតុ

ព័ត៌មាន
បញ្ហាអាកាសធាតុភ្លៀងធ្លាក់មិនទៀងទាត់ កំពុងបង្កជាក្តីបារម្ភដល់កសិករក្នុងការផលិតស្ករត្នោតកំពង់ស្ពឺនេះ។ ស្ករត្នោតកំពង់ស្ពឺ ជាផលិតផល ដែលបានចុះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ