ពលរដ្ឋស្រីលង្កាសម្រុកចេញទៅធ្វើការនៅក្រៅប្រទេស

ពលរដ្ឋស្រីលង្កាសម្រុកចេញទៅធ្វើការនៅក្រៅប្រទេស ចំពេលសេដ្ឋកិច្ចប្រទេសកំពុងដួលរលំ


ពលរដ្ឋស្រីលង្កាដែលធុញទ្រាន់នឹងភាពវឹកវរ និងកាន់តែអស់សង្ឃឹមនៃការងើបឡើងវិញនៃសេដ្ឋកិច្ចនោះ កំពុងតែនាំគ្នាចាកចេញពីស្រុកកំណើត ទៅធ្វើការងារទៅក្រៅប្រទេស ដើម្បីជួយសង្គ្រោះជីវភាពក្រុមគ្រួសាររបស់ពួកគេទប់ទល់តិផរណាខ្ពស់ តាមរយៈការផ្ញើប្រាក់ពីបរទេសកាន់តែច្រើន ហើយវាគឺជាមធ្យោបាយមួយ ដែលពួកគេ អាចជួយឲ្យលុយរូពីរបស់ប្រទេសនេះដែលកំពុងធ្លាក់ថ្លៃខ្លាំង និងជួយក្រុមគ្រួសាររបស់ពួកគេផ្ទាល់ អាចបន្ដជីវភាពរស់រានទៅមុខទៀត ពីវិបត្តិអតិផរណាកាន់តែខ្ពស់ដែលកំពុងអូសន្លាយនាពេលនេះ។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានជប៉ុន Nikkei។
ពលរដ្ឋស្រីលង្កាសម្រុកចេញទៅធ្វើការនៅក្រៅប្រទេស ចំពេលសេដ្ឋកិច្ចប្រទេសកំពុងដួលរលំ

ប្រជាពលរដ្ឋស្រីលង្កា នាំគ្នាតម្រង់ជួររាប់សិបម៉ោង ដើម្បីធ្វើលិខិតឆ្លងដែន សម្រាប់ការធ្វើអន្តោប្រវេសន៍ទៅរកការងារធ្វើនៅក្រៅប្រទេស។ រដ្ឋាភិបាលស្រីលង្កា ក៏ហាក់មានការពេញចិត្តក្នុងការបើកផ្លូវឲ្យប្រជាពលរដ្ឋខ្លួនចាកចេញពីប្រទេស ទៅធ្វើការនៅក្រៅប្រទេស ដើម្បីផ្គត់ផ្គង់គ្រួសារ និងសង្គមជាតិផងដែរ ខណៈរដ្ឋាភិបាលប្រទេសដែលកំពុងជួបវិបត្តិមួយនេះ ក៏កំពុងត្រូវការរូបិយវត្ថុអន្តរជាតិ ដើម្បីមកស្ដារសេដ្ឋកិច្ចដូចគ្នាដែរ។ ប៉ុន្ដែ អ្នកជំនាញព្រមានថា ប្រទេសស្រីលង្កា គឺកំពុងស្ថិតក្នុងហានិភ័យកាន់តែអាក្រក់ទៅៗហើយ ពិសេសគឺការបាត់បង់នូវធនធានមនុស្សដើម្បីអភិវឌ្ឍន៍ជាតិ។

នៅឆមាសទីមួយនៃឆ្នាំ២០២២ រដ្ឋាភិបាលស្រីលង្កាបានចេញលិខិតឆ្លងដែនសរុបប្រហែល ៤០ម៉ឺនក្បាល ដែលលើសពីចំនួនដែលបានធ្វើសរុបនៅពេញ១ឆ្នាំ ២០២១ទៅទៀត។

យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ២៥ ខែកក្កដា ពលរដ្ឋជិត១៧ម៉ឺននាក់ បានចុះឈ្មោះទៅធ្វើការនៅបរទេស ហើយភាគច្រើនកំពុងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសកាតា គុយវ៉ែត ឬអារ៉ាប៊ីសាអូឌីត។ នេះបើតាមការអះអាងរបស់លោក Manusha រដ្ឋមន្ត្រីក្រសួងការងារ និងកិច្ចការបរទេស។

តាមប្រវត្តិសាស្ត្រ ជនចំណាកស្រុកទៅបរទេស គឺជាកម្លាំងទ្រទ្រង់សេដ្ឋកិច្ចស្រីលង្កាដ៏សំខាន់ និងជាទុនបម្រុងបរទេសរបស់ប្រទេសនេះផងដែរ។ ការផ្ញើប្រាក់មកពីបរទេសធៀបនឹងផលិតផលក្នុងស្រុកសរុបជាមធ្យមមានប្រហែល ៥,៧% បើគិតចាប់ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០០ ហើយចំនួននេះបានកើនឡើងដល់ប្រហែល ៨% នៅចន្លោះឆ្នាំ ២០០១ និងឆ្នាំ ២០២០។

ធនាគារកណ្តាលស្រីលង្កាបានចាត់ទុក ប្រាក់ផ្ញើមកពីក្រៅប្រទេសរបស់កម្មករថាជា "សសរស្តម្ភសំខាន់នៃប្រាក់ចំណូលរូបិយបណ្ណបរទេសរបស់ស្រីលង្កា" ដោយកត់សម្គាល់ថា វាជាប្រភពដ៏ធំបំផុតតែមួយគត់ នៃលំហូររូបិយបណ្ណបរទេសក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ទិន្នន័យរបស់ធនាគារកណ្ដាលរបស់ប្រទេសនេះបង្ហាញថា កាលពីពីរឆ្នាំមុន ប្រាក់ផ្ញើពីក្រៅប្រទេសរបស់ពលករសរុបមានដល់ទៅ ៧ ពាន់លានដុល្លារឯណោះ។ ប៉ុន្តែក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០២២ នេះមានតែ ១ពាន់៦រយលានដុល្លារប៉ុណ្ណោះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ថៃរក្សាការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២២នៅអត្រា ៣,៥% និងរំពឹងកំណើន៤%នៅឆ្នាំ២០២៣

ព័ត៌មាន
ក្រសួងហិរញ្ញវត្ថុថៃ បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនមើលឃើញកំណើនសេដ្ឋកិច្ច ៤% នៅឆ្នាំក្រោយ និងបានរក្សាការព្យាករណើនសេដ្ឋកិច្ច៣,៥% សម្…

IMF បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកជាថ្មី និងព្រមានពីអតិផរណាខ្ពស់

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី២៦កក្កដា បានកាត់បន្ថយការព្យាករណ៍ពីកំណើនពិភពលោកជាថ្មីម្តងទៀត ជាមួយនឹងការព្រមានថា ហានិភ័យនៃការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ