ការបោះផ្សាយលក់មូលបត្ររដ្ឋ

ការបោះផ្សាយលក់មូលបត្ររដ្ឋតម្លៃ៣០០លានដុល្លារអាចពន្យារពេល


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋតម្លៃ៣០០លានដុល្លារអាចមានការពន្យារពេល ដោយសារមានការងារមួយចំនួនមិនទាន់រួចរាល់។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច រដ្ឋគ្រោងបោះផ្សាយលក់មូលបត្របំណុលរបស់ខ្លួននៅក្នុងអំឡុងខែមិថុនា នេះ ខណៈមកទល់ពេលនេះមិនលេចចេញជារូបរាងនៅឡើយ។
ការបោះផ្សាយលក់មូលបត្ររដ្ឋតម្លៃ៣០០លានដុល្លារអាចពន្យារពេល

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា ក៏មិនទាន់ទទួលបានដំណឹងពីការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋនេះដែរ គ្រាន់តែដឹងថា គម្រោងនេះកំពុងស្ថិតក្នុងដំណើរការ។

ឯកឧត្តម នុប សុធនវិចិត្រ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ប្រាប់ខេមបូណូមីសថា គម្រោងបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋតម្លៃ៣០០លានដុល្លារ ដែលគ្រោងធ្វើនៅខែមិថុនា នេះ អាចនឹងមានការពន្យារពេលបន្តិចបន្តួច។ ទោះយ៉ាងណា កឧត្តមអះអាងថា ការបោះផ្សាយលក់មូលបត្ររដ្ឋនៅតែបន្តដំណើរការ និងអាចបោះផ្សាយលក់នៅក្នុងឆ្នាំ២០២២។

បើតាមការគូសបញ្ជាក់របស់ ឯកឧត្តម មានកត្តាសត្យានុម័តពីរយ៉ាង ដែលធ្វើឲ្យគម្រោងបោះផ្សាយលក់មូលបត្ររដ្ឋអាចមានភាពយឺតយ៉ាវ។ កត្តាទាំងនេះរួមមានវិនិយោគិនរបស់ស្ថាប័នសក្តានុពលមិនទាន់រួចរាល់ក្នុងការចូលរួមក្នុងទីផ្សារ និងនៅមានបញ្ហាកិច្ចការបច្ចេកទេសចាំបាច់មួយចំនួន ដែលត្រូវដោះស្រាយឲ្យបានរួចរាល់មុនការបោះផ្សាយ។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ហុស សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា មកទល់ពេលនេះឯកឧត្តមមិនទាន់ទទួលបានព័ត៌មានជាក់លាក់ពីការចូលរួមបោះផ្សាយលក់មូលបត្ររដ្ឋនៅពេលណានោះទេ។ ទោះយ៉ាងណា ឯកឧត្តមអះអាងថា ការរៀបចំបោះផ្សាយកំពុងដំណើរទៅមុខយ៉ាងរលូន បន្ទាប់រដ្ឋបានសិក្សាពីសក្តានុពលនៃទីផ្សារ។

មូលបត្របំណុលរបស់រដ្ឋដែលមានតម្លៃប្រមាណ៣០០លានដុល្លារនឹងបោះផ្សាយលក់ក្នុងមួយបណ្ណតម្លៃ១លានរៀលជាមួយអត្រាគូប៉ុងថេរ ដោយការគិតគូប៉ុង ឬការប្រាក់ធ្វើឡើងរៀងរាល់៦ខែម្តង។ ចំណែកការទូទាត់ប្រាក់ដើមធ្វើឡើងនៅចុងឥណប្រតិទាន ដែលមានរយៈពេល៣ឆ្នាំ។ គោលបំណងនៃការបោះផ្សាយលក់មូលបត្របំណុលនេះ គឺដើម្បីបង្កើតប្រភពហិរញ្ញប្បទានក្នុងការកៀរគរទុនរបស់រដ្ឋ ដែលកំពុងមានតម្រូវការសម្រាប់ប្រើប្រាស់ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីគ្រោងចំណាយប្រាក់ឧបត្ថម្ភធនចំនួន ១៨ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងអតិផរណាកើនឡើង

ព័ត៌មាន
ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងចំណាយប្រាក់ជិត ១៨ ពាន់លានដុល្លារ ក្នុងការឧបត្ថម្ភធន និង ជំនួយជាសាច់ប្រាក់នៅឆ្នាំនេះ ខណៈវាជាចំនួនដ៏ច្…

អាស៊ានបង្ហាញក្តីកង្វល់ និងទទូចឲ្យមីយ៉ាន់ម៉ាបញ្ជូនលោកស្រី អោង សានស៊ូជី ទៅឃុំខ្លួននៅលំនៅដ្ឋានវិញ

ព័ត៌មាន
សហសេវិកអាស៊ានបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការបញ្ជូនលោកស្រី អោង សានស៊ូជី ពីលំនៅដ្ឋានទៅឃុំខ្លួននៅពន្ធនាគាររបស់របបយោធាមីយ៉ាន់ម៉ាកាល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ