សហគ្រិនភាព

ត្រឹមតែវ័យ ១៩ឆ្នាំ ក្លាយជា CEO ក្រុមហ៊ុនបច្ចេកវិទ្យាតម្លៃ ២៥លានដុល្លារ


ភាពជោគជ័យទាំងវ័យក្មេង គឺជាបំណងប្រាថ្នាដែលមនុស្សជាច្រើនចង់បាន ប៉ុន្ដែ មិនមានគ្រប់គ្នាសុទ្ធតែអាចសម្រេចបាននូវមហិច្ឆតានេះបានទេ។ ខេមបូណូមីស សូម​លើកយក​ប្រវត្តិរបស់ យុវជនជនជាតិសិង្ហបុរី​មួយរូប ដែលអាចនិយាយបានថា ស្ថិតក្នុងចំណោមបុគ្គលវ័យក្មេងដ៏​លេចធ្លោរ​ក្នុងពិភពលោក ដោយបច្ចុប្បន្ន កំពុងកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាតម្លៃ ២៥លានដុល្លារអាមេរិក ក្នុងវ័យត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ។
ត្រឹមតែវ័យ ១៩ឆ្នាំ ក្លាយជា CEO ក្រុមហ៊ុនបច្ចេកវិទ្យាតម្លៃ ២៥លានដុល្លារ (រូបភាព៖ CNA)

បច្ចុប្បន្ន យុវជន Harsh Dalal គឺជា​សហស្ថាបនិក និងជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Team Labs ដែលជា​ក្រុមហ៊ុន​ផលិត​កម្មវិធី​ (Software) មាន​​បុគ្គលិក​១២០នាក់​ នៅក្នុង​ទីក្រុង​ចំនួន​៨ ហើយ​លោក​ក៏​កំពុង​តែ​បន្ដ​ការសិក្សា​នៅឯវិទ្យាស្ថាន Singapore Polytechnic ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ផងដែរ។ ខាងក្រោមនេះ ជា​ប្រវត្តិ​ និងបទពិសោន៍​​​របស់​ Dalal  ដែលបាន​ហែលឆ្លង​មុនក្លាយជា CEO។

ធ្លាប់បាត់បង់​ឱកាស​ធំម្ដង តែជាបទពិសោធន៍ល្អ​ដើម្បីជោគជ័យ​នាពេល​ខាងមុខ!

Dalal  ធ្លាប់យុវជន​ម្នាក់​ក្នុង​ចំណោម​មិត្តភក្ដិ​មួយចំនួន៥នាក់ ធ្លាប់​​បាន​បង្កើត​នូវកម្ម​វិធី​ថត​ស្គ្រីន​ (Screen Recorder app) ដែល​ការ​ចាប់ផ្ដើម​បង្កើត​កម្មវិធីនេះឡើង​នៅពេល​លោក​មាន​អាយុ​ត្រឹមតែ ​១៣​ឆ្នាំប៉ុណ្ណោះ។ បន្ទាប់​ពី បាន​បង្កើត​ និងដាក់​ឲ្យ​មានការប្រើប្រាស់​ កម្មវិធី​ថត​ស្គ្រីន​នេះ មាន​អ្នកចុច Download ដល់ទៅ ៥លាន​ដង ក្នុងរយៈពេលតែ ២ ទៅ៣​សប្ដាហ៍ប៉ុណ្ណោះ។

ប៉ុន្ដែ ការបង្កើត​ កម្មវិធីនេះឡើង មិនបាន​ធ្វើឲ្យ​ Dalal ក្លាយ​ជា​សេដ្ឋី​ប្រាក់លាន​ដុល្លារនោះទេ​នៅពេលនោះ បើទោះបីជា​ កម្មវិធីនោះហាក់​មាន​ស្ទុះការ​ប្រើប្រាស់​ខ្លាំងក៏ដោយ។ មូលហេតុ​ដែល​បាត់បង់ឱកាស​ជោគជ័យ​ធំ​នាពេលនោះ គឺដោយសារតែ​  Dalal នៅក្មេងពេក​មិនបាន​គិត​គូរ​វែងឆ្ងាយ​អំពី​ការធ្វើជំនួញ។ ពោលគឺ ក្រោយពី​បាន​បង្កើត​កម្មថតស្គ្រីននោះរួចហើយ ពួកគេ​មិនបាន​ដាក់​កម្មវិធីលក់​នៅ Apple Store នោះទេ ដោយសារតែ​មិនមាន​លុយ​បង់​ថ្លៃ​សេវា​ប្រចាំឆ្នាំ​ប្រមាណ ៩៩​ ដុល្លារ តែ​បែរជា​ដាក់​កម្មវិធីនោះ ឲ្យ​មានការ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃទៅវិញ ហើយត្រឹមតែ​២ ទៅ៣ សប្ដាហ៍ប៉ុណ្ណោះ ក្រោយពី​បាន​ដាក់​ឲ្យប្រើប្រាស់​កម្មវិធីនោះ មាន​ការចុច ​ Download យកទៅប្រើ ដល់ទៅ​៥លានដង។

លោក Dalal បាននិយាយថា «យើង​រកលុយ​មិនបាន​ពី App នោះ​ទេ! វា​គឺជារឿងល្ងីល្ងើមួយ ពីព្រោះ​យើង​មិន​រំពឹងថា វានឹង​ដំណើរការ​ និងមាន​អ្នកប្រើប្រាស់ច្រើនដូច្នេះទេ។» លោកបន្ថែមថា «វាជាការ​ខកខាន​ឱកាស​មួយ! យើង​មិនបាន​ដឹងពីរបៀប​រកប្រាក់​ពី​កម្មវិធីនោះទេ»។

ដើមចម​មុនឈាន​ទៅដល់​ការការបង្កើត​ក្រុមហ៊ុន​តម្លៃ ២៥លាន​ដុល្លារ

​ដំណើរដើមទង​ដំបូង បណ្ដាលឲ្យ​ Dalal បានជួប​ជាមួយ​ក្រុមក្មេងៗ​ជំទង់ ៤នាក់ទៀត​ ដែលសព្វថ្ងៃ​ពួកគេ​គឺជា​ដៃគូជំនួញ​នឹងគ្នានោះ គឺកើតឡើងដោយសារតែ​​ការ​ស្វែងរក​វិធី​ Hack iPhone។

ដោយមាន​ចំណាប់អារម្មណ៍​ពី​ប្រព័ន្ធ iOS របស់​ Apple, Dalal បាន​ចាប់ផ្ដើម​ចូលទៅក្នុង​វេទិកា Apple Developer ដែលជាបណ្ដាញ​អនឡាញ​របស់​ក្រុមហ៊ុន​ Apple ដើម្បីបាន​ដឹងពី​ព័ត៌មាន​បន្ថែម ហើយក៏បាន​រាប់អាន​មិត្តភក្ដិ​ ដែលជា​មនុស្ស​មិនស្គាល់មុខ​ចំនួន ៤នាក់ នៅលើ​បណ្ដាញ​អនឡាញនោះ ដែលពួកគេ​មានវ័យ​កាលនោះ ចន្លោះពី ១៤ ដល់ ១៧ ឆ្នាំ។ ពួកគេ រស់នៅ​អាមេរិក, រុស្សី, ន័រវេ និង​សិង្ហបុរី។

ដោយផ្ដើម​ចេញ​ពីការចូលរួម​ដោយសារតែ​​ចំណាប់អារម្មណ៍ទូទៅ ក្មេង​វ័យជំទង់​ទាំង​៥នាក់នេះ បាន​ផ្ដាស់ប្ដូរ​យោបល់គ្នា​អំពី​ការ​សរសេរកូដ អភិវឌ្ឍ​កម្មវិធី, និង Jailbreaking iPhone ជាដើម។ ការជជែក​គ្នា​របស់ពួកគេ អំពី​ការ​ Jailbreak iPhone នាពេលនោះ បាន​ធ្វើឲ្យពួកគេ​ត្រូវបាន​ អ្នកគ្រប់គ្រងបណ្ដាញ​របស់ Apple ដកពួកគេ​ចេញពី វេទិកា Apple Developerផងដែរ។

Dalal បាននិយាយថា «ខ្ញុំមិនបានដឹងថា មានច្បាប់​ ថា​មិនឲ្យ​និយាយគ្នា​ពីរឿង​ទាំងអស់នោះទេ។ សំណាងដែរ ខ្ញុំ​បាន​គ្រប់គ្រង ដើម្បី​ទទួលបាន​ Email របស់ពួកគេ មុននឹង​ពួកយើង​ត្រូវបាន​ដកចោល​ពី​វេទិកានោះ ហើយ​យើង​នៅអាច​សហការគ្នាបាន»។

នៅឆ្នាំ២០១៤ ក្រុមពួកគេ​ទាំង៥នាក់នេះ បាន​បង្កើត​កម្មវិធី ថតស្គ្រីនទូរស័ព្ទ (Screen Recorder app) ដោយ​ពួកគេ បាន​បង្កើត​កម្មវិធីនេះឡើង ដោយមិនត្រូវ​ឲ្យ​ចាំបាច់​ត្រូវការ Jailbreak ទូរស័ព្ទ iPhone នោះទេ។ នៅទីបំផុត ពួកគេ​ទទួលបាន​ជោគជ័យ​លើការបង្កើតនេះ។

ប៉ុន្ដែ ដូច​ការរៀបរាប់នៅចំណុច​​​ខាងលើ​អញ្ចឹង ដោយសារតែ​ពួកគេនៅក្មេង មិនទាន់យល់​យល់​ដឹង​ពីជំនួញ ពីគេ​ក៏បាន​បាត់បង់​ឱកាស​ធំ ពីការបង្កើត​កម្មវិធី​ថតស្គ្រីន​ទូរស័ព្ទនោះ។

ទោះយ៉ាងណា ការបង្កើតឡើង​ដោយជោគជ័យ App ថតស្គ្រីន​ទូរស័ព្ទនេះ បាន​ធ្វើឲ្យ​ពួកគេ​កាន់តែមាន​ទំនុកចិត្ត​ដើរទៅមុខ​ បើទោះបីជា​ពួកគេនៅក្មេង​មានវ័យជំទង់​ក៏ដោយ។ ក្រោយមកទៀត ពួកគេ​បាន​បង្កើត​ App មួយទៀត ឈ្មោះ iDownload Pro ដែលជាកន្លែងមួយ​អនុញ្ញាត​ឲ្យ​អ្នកអភិវឌ្ឍន៍កម្មវិធី​អាច​ដាក់​បង្ហោះ​ App របស់ពួកគេទាំងឡាយណា ដែល​ មិនអាច​ដាក់​បាន​នៅលើ​ App Store។

បើទោះបីជា មានការ Download ដល់ទៅជាង​៣លាន​ដង​ក៏ដោយ ក៏ពួកគេ​បាន​បិទ​វាចោល​វិញ​នៅឆ្នាំ២០១៥ ដោយសារតែ​ចំណាយ​ច្រើនពេក​ក្នុងការ​អភិវឌ្ឍន៍​ ហើយ​ក្រុមហ៊ុន Apple ក៏មាន​ការ​បង្ក្រាប​ទៅលើ Third-party app stores ផងដែរ។

លុះក្រោយមកទៀត ពួកគេ​បាន​ចាប់ផ្ដើម​​ផ្សព្វផ្សាយ​លក់​សេវាកម្ម​អភិវឌ្ឍន៍​កម្មវិធី ដោយ​ដំបូងឡើយ​ ពួកគេ​បានដាក់​តម្លៃ​ចាប់ពី ៩៩ ដុល្លារប៉ុណ្ណោះ។ ដោយសារតែ មានវ័យក្មេងពេក មិនអាច​ចុះឈ្មោះ​បង្កើត​ក្រុមហ៊ុន​បាន ក៏មាន​ដៃគូម្នាក់​ក្នុងចំណោម​ពួកគេទាំង ៥នាក់ បាន​បញ្ចុះបញ្ចូល​ឪពុក​របស់គេ ឲ្យ​ចុះ​បញ្ជី​ក្រុមហ៊ុន​ជំនួស​ពួកគេ​នៅ​ក្នុង​ចក្រភព​អង់គ្លេស។ អតិថិជន​ដំបូង ដែលពួកគេទទួលបាន​ គឺ​ជួល​ពួកគេ​ក្នុង​តម្លៃ ២៩៩ ដុល្លារ​ ឲ្យ​អភិវឌ្ឍ​គេហទំព័រមួយ។

លុះក្រោយមកទៀត ពួកគេ​ទទួលបាន​​គម្រោង​ធំមួយ តម្លៃដល់ទៅ ១០ម៉ឺនដុល្លារ។ ពួកគេ​ម្នាក់ៗ​បាន​ដកលុយ​ក្នុងម្នាក់​១ម៉ឺនដុល្លារ ហើយ​នៅសល់​ប៉ុន្មាន​បានដាក់​ទុក​នៅក្នុង​ក្រុមហ៊ុន​។ នៅពេល​នោះ Dalal មានវ័យ​ត្រឹមតែ ១៦ឆ្នាំប៉ុណ្ណោះ។ Dalal និយាយថា «ខ្ញុំមិនដែលឃើញ​លុយច្រើន​អញ្ចឹង​ទេ​ក្នុង​ជីវិត​រស់ខ្ញុំ»។

ប្ដូរយុទ្ធសាស្ត្រថ្មី និងការ​បង្កើនដើមទុន​

នៅពេលដែល​អាជីវកម្ម​ដើររលូន និង​មាន​ប្រភពចំណូល​គួរសម Dalal បាន​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ពីការ​ទទួល​ការ​បញ្ជាទិញ និងកម្ម៉ង់ឲ្យ​ធ្វើ​ពីអតិថិជន មក​បង្កើត​ជា​កម្មវិធីដោយខ្លួនឯង ហើយ​លក់​ទៅឲ្យ​អតិថិជនវិញ។

នៅឆ្នាំ២០១៧ ក្រុមហ៊ុន​របស់លោក បាន​ប្ដូរ​មកជា​ក្រុមហ៊ុន​​អភិវឌ្ឍ​កម្មវិធីវិញ ដោយ​ផ្ដោត​លើការ​បង្កើត​នូវ​ដំណោះស្រាយ​សម្រាប់​បុគ្គលិក​ធ្វើសហប្រតិបត្តិការ​ការងារ​ជា​មួយគ្នា​ ខណៈដែល​ពួកគេ​ធ្វើការ​ខុសម៉ោងគ្នា​នៅ​តាម​តំបន់​ផ្សេងៗគ្នា។ 

លុះក្រោយមកទៀត Dalal បាន​គិត​ដល់​ការ​ពង្រីក​ដើមទុន សម្រាប់​ធ្វើឲ្យ​ក្រុមហ៊ុន​មានការ​រីកចម្រើន​កាន់តែខ្លាំង។ លោកបាន​ផ្ញើ Email រាប់រយ​ទៅកាន់​ក្រុមហ៊ុន​មូលធន (Venture Capital Firms) ជាច្រើន ប៉ុន្ដែ មានតិចតួច​ប៉ុណ្ណោះ ដែលបាន​ឆ្លើយតប​ ហើយមាន​អ្នកខ្លះ​ និយាយថា លោក គឺនៅក្មេងពេក​សម្រាប់​ការ​ធ្វើអាជីវកម្មនេះ។ តែនៅទីបំផុត Dalal នៅតែ​អាច​រក​បាន​អ្នកវិនិយោគ​ជាមួយ​ក្រុមហ៊ុន​របស់លោក ហើយ​អ្នកវិនិយោគ​នោះ ក៏បាន​ក្លាយជា​អ្នក​ផ្ដល់​យោបល់​ដ៏សំខាន់​សម្រាប់​លោក​ផងដែរ។

តាំងពី ២០១៧ ក្រុមហ៊ុន Team Labs បាន​បង្កើន​ដើមទុន​ដល់ ៩,៨លាន​ដុល្លារ នៅក្នុង​មូលនិធិ Series A Funding ហើយ​ក្រុមហ៊ុននេះ មាន​ការិយាល័យកណ្ដាល​នៅក្នុង​ទីក្រុង​ San Francisco សម្រាប់​ជាហេតុផល​យុទ្ធសាស្ត្រ។ វិនិយោគិន របស់​ក្រុមហ៊ុន Team Labs មាន​ដូចជា Grand Canyon Capital, Startup Capital Ventures, និង ក្រុមហ៊ុន​មូលនិធិ​ទ្រព្យសម្បត្តិ​អធិបតេយ្យភាព សាជីវកម្ម​វិនិយោគ​កូរ៉េ។

ក្រុមហ៊ុន Team Labs ក៏បាន​បាន​អភិវឌ្ឍ​នូវកម្មវិធី​ជាបន្ដបន្ទាប់ ហើយថ្មីៗនេះ​ក្រុមហ៊ុននេះ ក៏ទើបតែ​ចាប់ផ្ដើម​អភវិឌ្ឍឡើងវិញ​នូវកម្មវិធី​ Videoconfercing ដោយរំពឹងថា​នឹង​មានទីផ្សារ​ល្អ ខណៈដែល​ទីផ្សារ​សកល​នៃ​ការប្រើប្រាស់​កម្មវិធីប្រភេទនេះ ត្រូវបាន​ព្យាករថា​នឹង​មានដល់ទៅ ជិត​ ១១ពាន់លាន​ដុល្លារ នៅឆ្នាំ​២០២៧។

បើទោះបីជា ក្រុមហ៊ុន​របស់ Dalal នឹង​នៅតែពឹងផ្អែក​លើការ​បង្កើត​ផលិតផល​សេវាកម្ម​ថ្មីៗ ខណៈដែល​ក្រុមហ៊ុនរបស់​លោក​ កាលពីមុនពេល​កូវីដ-១៩ មានតម្លៃ ២៥​លាន​ដុល្លារ​ក៏ដោយចុះ ប៉ុន្ដែ នៅតែ​មិនទាន់​មាន​ប្រាក់ចំណេញនោះទេ។

លោក Dalal ថា ក្នុងមួយខែៗ លោក​បាន​ដកយក​ប្រាក់ពីប្រាក់ខែ​ក្នុងតំណែង CEO របស់លោក តែ ១០០ ទៅ ២០០ ដុល្លារសិង្ហបុរី (ប្រមាណ៧៦ ទៅ ១៥១ ដុល្លារអាមេរិក)​ ប៉ុណ្ណោះ ក្នុងមួយខែ។ លោកថា នឹង​ឈប់​បញ្ចូន​ប្រាក់ខែ​របស់លោក​ទៅ​ក្រុមហ៊ុនវិញ នៅពេលណា​ដែល​ក្រុមហ៊ុន​អាច​នឹង​ទទួលបាន​ផល​ចំណេញ​ត្រឡប់មកវិញ។ ដូច្នេះ បច្ចុប្បន្ន​លោក​ត្រូវ​រស់​នៅ​ដោយ​ពឹងផ្អែក​លើ​ប្រាក់​ពីម្ដាយ​របស់លោកនៅឡើយ៕

ប្រភព៖ CNA

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ឌិត អុិន ចាន់នី ៖និមិត្តសញ្ញាថ្មី របស់ធនាគារអេស៊ីលីដា បង្ហាញពីអត្ថន័យនៃបេសកកម្ម ជិត ៣ទសវត្សរ៍

ព័ត៌មាន
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះធនាគារ អេស៊ីលីដា បានប្រកាសដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញាថ្មីរបស់ខ្លួន ដោយបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្…

កំណើនអ្នកចំណូលមធ្យម និងប្រាក់ចំណូលកើនឡើង នឹងជំរុញឲ្យទីផ្សារលក់រាយវៀតណាម កើនដល់ ៣៥០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥

ព័ត៌មាន
ការរីកធំឡើងនៃប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងការកើនឡើងនូវប្រាក់ចំណូលនៅក្នុងស្រុកនៃប្រទេសវៀតណាម នឹងធ្វើឲ្យចំណូលពីទីផ្សារលក់រាយ និងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ