ជម្លោះការងារ​នៅកាស៊ីណូ ណាហ្គាវើល ត្រូវបានដោះស្រាយជា​បណ្ដោះអាសន្ន

បុគ្គលិក​កាស៊ីណូ​ NagaWorld ត្រលប់​ចូល​ធ្វើការ​វិញ បន្ទាប់​ពី​កូដកម្ម​២​ថ្ងៃ


បុគ្គលិក​រាប់​ពាន់​នាក់ នៃ​កាស៊ីណូ ណាហ្គាវើល (NagaWorld) បាន​ត្រលប់​ចូល​ធ្វើការ​វិញហើយ កាលពី​ថ្ងៃសៅរ៍ ទី១១ ខែ​មករា ឆ្នាំ​២០២០នេះ បន្ទាប់ពី​មាន​ការព្រមព្រៀង​ដំឡើង​ប្រាក់​ខែ និង​ទទួល​យក​ប្រធាន​សហជីព ឈ្មោះ ឈឹម ស៊ីថរ ឱ្យ​ធ្វើការ​វិញ។
ថ្ងៃសៅរ៍ ទី១១ ខែមករា ២០១០ នេះ បុគ្គលិក​កាស៊ីណូ​ NagaWorld បាន​ត្រលប់​ចូល​ធ្វើការ​វិញ បន្ទាប់​ពី​បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល​២​ថ្ងៃ។ រូបភាព៖ ខេមបូចា
ដោយ

គួររំឭក​ថា បុគ្គលិក​ប្រមាណ​ជា ៣​ពាន់​នាក់ បាន​ធ្វើ​កូដកម្ម​កាល​ពីថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ សប្តាហ៍​នេះ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជាងមុន។

ជម្លោះ​រវាង​និយោជិត និង ណាហ្គា​វើល បាន​ចាប់​ផ្តើម​កាលពី​ឆ្នាំ​មុន បន្ទាប់ពី​ប្រធាន​សហជីព​ឈ្មោះ ឈឹម ស៊ីថរ ត្រូវ​បាន​គេ​ព្យួរ​ការងារ​ដោយ​គ្មាន​ថ្ងៃ​កំណត់ ដោយសារ​តែ​បាន​ការពារ​បុគ្គលិក​ម្នាក់​ទៀត ដែល​បាន​ពាក់​អាវយឺត ដែល​សរសេរ​ថា ក្រុមហ៊ុន​រីក​ចម្រើន កម្មករ​ត្រូវការ​ប្រាក់​ឈ្នួល​សមរម្យ។

ការផលិត​អាវយឺត​នេះ នៅ​ពេល​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដើម្បី​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល ឱ្យ​បាន ៣០០​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ និង ៥០០​ដុល្លារ សម្រាប់​បុគ្គលិក​ខាង​កាស៊ីណូ។

នាង ឈឹម ស៊ីថរ បាន​និយាយ​តាម whatsapp នៅថ្ងៃ​សៅរ៍ ទី១១ ខែ​មករា ឆ្នាំ​២០២០ ដូច្នេះ​ថា “លទ្ធផល ម្សិលមិញ​ហ្នឹង គឺ​តាមពិតទៅ អត់​មាន​ការចរចា​ជាមួយ​សហជីព ជាមួយ​នឹង​ក្រុមហ៊ុន​ទេ ប៉ុន្តែ ជា​ការ​សម្រប​សម្រួល ដោយ​អាជ្ញាធរ ពីខាង​សាលាក្រុង ពីខាង​សាលាខណ្ឌ និង​ខាង​គណ:កម្មការ​សម្រាប់​ដោះស្រាយ​បាតុកម្ម កូដកម្ម​គ្រប់​មុខ​សញ្ញា អ៊ីចឹង​ជា​ការ​សម្រប​សម្រួល​មួយ ដែល​ឈ្នះៗ​ទាំង​អស់​គ្នា ព្រោះ​ថៅកែ គេ​ចង់ save face របស់​គេ​ដែរ គេ​ឱ្យ​កូដករ​ទាំងអស់ បុគ្គលិក​ទាំងអស់ ដែល​ចេញ​ធ្វើ​កូដកម្ម រួមទាំង​ខ្ញុំ​ដែរ​ហ្នឹង គឺ​ចូល​ធ្វើការ​វិញ​ធម្មតារ នៅ​ថ្ងៃ​ហ្នឹង ហើយ​ជាក់​ស្តែង ខ្ញុំ​បាន​ចូល​ធ្វើការ​វិញ​ថ្ងៃ​ហ្នឹង។”

នាង ឈឹម ស៊ីថរ បាន​និយាយ​បន្ត​ថា បុគ្គលិក​បាន​ព្រមព្រៀង​ទទួល​ការ​ដំឡើង​ប្រាក់​ខែ​ដល់​បុគ្គលិក​របស់​ក្រុមហ៊ុន តាំងពី​ខែ​មីនា បើ​ទោះ​បី​ជា​ការដំឡើង​នេះ​មិនទាន់​ដល់​កម្រិត​ដែល​បុគ្គលិក​ចង់​បាន​​ក៏ដោយ។

នាង ឈឹម ស៊ីថរ បាន​និយាយ​ដូច្នេះ​ថា “អ៊ីចឹង យើង​ទទួល​យក​ការដំឡើង​ហ្នឹង​សិន បន្ទាប់​មក បន្ត​ចរចា ដោះស្រាយ​ផ្ទៃក្នុង ជាមួយ​គ្នា​ទៀត​ ពាក់ព័ន្ធ​នឹង​រឿង​ប្រាក់​ឈ្នួល​ហ្នឹង ក៏ដូចជា សំណើ​បួន​ផ្សេង​ទៀត​ដែរ។”

ណាហ្គាវើល មិន​បាន​ឆ្លើយតប​សំណើ​តាម​អ៊ីម៉េល ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​នោះទេ នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០នេះ។

ការហៅទូរស័ព្ទ ទៅ​លោក ខៀវ សាវុធ អនុប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ មិន​បាន​ទទួល​ជោគជ័យ​ទេ នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន កូកាកូឡាវៀតណាម រងការបញ្ជាឲ្យបង់ពន្ធ និងផាកពិន័យជាង ៣៥ លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនកូកាកូឡា នៅវៀតណាម ត្រូវបានបញ្ជាឲ្យសងប្រាក់ចំនួន ៣៥,៤ លានដុល្លារអាមេរិក ទាក់ទងនឹងការមិនបានបង់ពន្ធចូលរដ្ឋវៀតណាម និងពិន័យលើការ…

រដ្ឋថៃបង្ហាញពីយុទ្ធសាស្ត្រជំរុញទីផ្សារក្នុងស្រុក និងក្រៅប្រទេស សម្រាប់ផលិតផលផ្លែឈើ

ព័ត៌មាន
រដ្ឋាភិបាលថៃ តាមរយៈក្រសួងពាណិជ្ជកម្មបានត្រៀមនូវយុទ្ធសាស្ត្ររួចរាល់ហើយ ក្នុងការជួយជំរុញទីផ្សារ ជូនដល់កសិករដាំដុះផ្លែឈើទាំងទីផ្សារក្នុងស្រុក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ