បច្ចេកវិទ្យា-​ចំណត​ស្វ័យ​ប្រវត្តិ

និស្សិត​ខ្មែរ​មួយ​ក្រុម​បង្ហាញ​គម្រោង​«​​ចំណត​ស្វ័យ​ប្រវត្តិ ដោយ​មិន​ប្រើ​មនុស្ស»


និស្សិត​ខ្មែរ​មួយ​ក្រុម​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា (NPIC) បាន​រួម​គ្នា​បង្កើត​ចំណត​ស្វ័យ​ប្រវត្តិ​ដោយ​មិន​ចាំបាច់​ប្រើ​សន្តិសុខ​យាម និង​មាន​លទ្ធភាព​អាច​ផ្ទុក​បាន​រថយន្ត​រហូត​ដល់​២៤​គ្រឿង ក្នុង​មួយ​ចំណត ដោយ​ប្រើប្រាស់​ទីធ្លា​តូច​ល្មម​ប៉ុណ្ណោះ។
និស្សិត​ខ្មែរ​មួយ​ក្រុម បង្ហាញ​ពី​គំនិត​បង្កើត​ចំណតស្វ័យ​ប្រវត្តិ ដោយ​មិន​ប្រើ​មនុស្ស ប្រើ​ទីធ្លា​តូច ប៉ុន្តែ ចត​រថយន្ត​បាន​ច្រើន។ រូបភាព៖ ហេង ភារម្យ
ដោយ

គេ​ធ្លាប់​ឃើញ​ចំណត​វៃ​ឆ្លាត​ដែល​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នេះ នៅ​ប្រទេស​ជឿន​លឿន​មួយ​ចំនួន ប៉ុន្តែ បច្ចុប្បន្ន និស្សិត​ខ្មែរ​បាន​យក​គំនិត​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​ទាំង​នេះ មក​បង្ហាញ​ក្នុង​ការ​តាំង​ពិព័រណ៍​មួយ​នៅ​ភ្នំពេញ។

លោក សោម សីហា តំណាង​ក្រុម​និស្សិត​ទាំង​៤​នាក់ បាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស ថា ចំណត​នេះ​មាន​ឈ្មោះ​ថា៖ «ប្រព័ន្ធ​ចំណត​រថយន្ត Rotary ដោយ​ប្រើប្រាស់ RFID Card» ដែល​ក្រុម​លោក​បាន​បញ្ចូល​ប្រព័ន្ធ​ទំនើប​ជា​ខួរ​ក្បាល​បញ្ជា ដែល​មាន​លទ្ធភាព​ទុក​ដាក់​ឡាន​ស្វ័យ​ប្រវត្តិ​ដោយ​ម្ចាស់​ឡាន គ្រាន់តែ​ប្រើ​ប្រាស់​កាត​អេឡិចត្រូនិក​មួយ​ប៉ុណ្ណោះ។

ប្រព័ន្ធ​ចំណត​រថយន្ត Rotary ដោយ​ប្រើប្រាស់ RFID Card ដែល​ជា​គំនិត​ច្នៃ​ប្រឌិត​របស់និស្សិត​ខ្មែរ។ (រូបភាព៖ សូរ ចាន់ណា)

លោក សោម សីហា ដែល​ជា​និស្សិត​មហាវិទ្យាល័យ​អេឡិចត្រូនិក បាន​ថ្លែង​ថា៖ «ចំណត​រថយន្ត​នេះ វា​ជា​ប្រព័ន្ធ​ទំនើប​មួយ ដែល​យើង​បាន​បញ្ចូល​កម្មវិធី​ស្វ័យ​ប្រវត្តិ​ជា​ខួរ​ក្បាល​របស់​វា ដែល​វា​អាច​ចេះ​ទុក​ដាក់​ឡាន​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ប្រើ​សន្តិសុខ​ស៊ីញ៉ូ​នោះ​ទេ។ វា​ចំណេញ​ច្រើន​ណាស់ ដូចជា អាច​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ ព្រោះ​យើង​ប្រើ​ទីធ្លា​តូច​តែ​អាច​ដាក់​រថយន្ត​បាន​ច្រើន»។

បើ​តាម​លោក សោម សីហា ចំណត​ប្រភេទ​នេះ គឺ​អាច​ដាក់​រថយន្ត​ប្រភេទ​តូចៗ មាន​ទម្ងន់​២,៥​តោន​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​ចំណត​អាច​ផ្ទុក​រថយន្ត​បាន​ចំនួន​២៤​គ្រឿង។

សព្វថ្ងៃ​នេះ នៅ​រាជ​ធានី​ភ្នំពេញ បញ្ហា​កង្វះ​ចំណត​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្តៅ ដែល​មហាជន​កំពុង​ជជែក​គ្នា ខណៈ​ដែល​អាជ្ញាធរ​កំពុង​ចេញ​យុទ្ធនាការ​រៀបចំ​សណ្តាប់​ធ្នាប់​លើ​ដង​ផ្លូវ ដោយ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​យក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន​ទេ។

និស្សិត​ផ្នែក​បច្ចេក​វិទ្យា​ ៤រូប​នេះ បាន​ដាក់​បង្ហាញ​ ប្រព័ន្ធ​ចំណត​រថយន្ត Rotary ដោយ​ប្រើប្រាស់ RFID Card នៅ​ឯ​ពិព័រណ៍​មួយ​នៅភ្នំពេញ។ (រូបភាព៖ សូរ ចាន់ណា)

គម្រោង​ចំណត​របស់​ក្រុម​និស្សិត​ខាង​លើ គឺ​គ្រាន់​តែ​ជា​គំនិត​ផ្តួច​ផ្តើម​ប៉ុណ្ណោះ ប៉ុន្តែ ប្រសិន​បើ​ចំណត​ទំនើប​នេះ ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន​នៅ​ភ្នំពេញ វា​នឹង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​បាន​មួយ​ចំណែក​ធំ។ 

បើ​តាម​លោក សោម សីហា គម្រោង​នេះ​គឺ​ជា​ប្រធានបទ​បញ្ចប់​សារណា​ថ្នាក់​បរិញ្ញាបត្រ ដោយ​បាន​ចំណាយ​ពេល​ស្រាវជ្រាវ​ជាង​១ខែ និង​ចំណាយ​ទឹក​ប្រាក់​អស់​២៣០​ដុល្លារ លើ​ការ​ទិញ​ឧបករណ៍។

បច្ចុប្បន្ន ប្រព័ន្ធ​ចំណត​រថយន្ត Rotary នេះ ស្ថិត​នៅ​ជា​គំនិត​នៅ​ឡើយ ដោយ​មិន​ទាន់​មាន​ក្រុមហ៊ុន ឬ​វិនិយោគិន​ណា យក​គំនិត​របស់​និស្សិត​មួយ​ក្រុម ទៅ​បង្កើត​ជា​ចំណត​រថយន្ត​បែប​នេះ​សម្រាប់​ការ​ចត​រថយន្ត​នៅ​ទីណា​មួយ នៅ​ឡើយ​ទេ៕     

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារ​ស្រូវ​អង្ករ​នឹង​ប្រសើរ​ឡើង បន្ទាប់​ពី​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​៣​កន្លែង​ទៀត​សាង​សង់​រួច

ព័ត៌មាន
មន្ត្រី​ជាន់​ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ អះអាង​ថា ទីផ្សារ​ស្រូវ​អង្ករ​កម្ពុជា​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន នៅ​ឆ្នាំ​ក្រោយ​នេះ ខណៈ​ដែល​…

លោក យក់ ចំរើនប្ញទ្ធិ៖ Forte ត្រៀម២​ជំហាន​រួច​ស្រេច​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ធានា​រ៉ាប់រង

ព័ត៌មាន
ទោះ​បី​ជា​វិស័យ​ធានា​រ៉ាបរង ទើបតែ​មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​កម្ពុជា រយៈពេល​ប្រមាណ​៥​ឆ្នាំ​ក៏​ដោយ ប៉ុន្ដែ​វិស័យ​នេះ​កំពុង​មាន​ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ