ការផលិត​រថយន្ដ

ក្រុមហ៊ុន​រថយន្ដ Subaru បើករោងចក្រផលិតនៅថៃ សម្រាប់លក់នៅទីផ្សារ អាស៊ីអាគ្នេយ៍


ក្រុមហ៊ុនរថយន្ដ ម៉ាក Subaru ដែលជាក្រុមហ៊ុនធំមួយ របស់ជប៉ុន បានបង្កើតរោងចក្រផលិតរថយន្ដនៅក្រៅប្រទេសរបស់ខ្លួន ជាលើកដំបូង នៅក្នុងប្រទេសថៃ សម្រាប់លក់ចេញទៅលើទីផ្សារ តំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានប្រទេសគោលដៅដូចជា កម្ពុជា វៀតណាម និងម៉ាឡេស៊ី។ នេះបើតាម ការបញ្ជាក់ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុន ប្រាប់សារព័ត៌មានបរទេស Channel News Asia។
ក្រុមហ៊ុនឡាន Subaru បើករោងចក្រផលិតនៅថៃ សម្រាប់លក់នៅទីផ្សារ អាស៊ីអាគ្នេយ៍ (រូបភាព៖Tan Chong International Limited)
ដោយ

ប្រភពព័ត៌មាន បាន​ឲ្យដឹងថា ផលិតកម្ម​របស់​រោងចក្រ​ផលិត​រថយន្ដនេះ បាន​ចាប់ផ្ដើម កាលពីខែ​មីនា កន្លងទៅ ដោយ​មានគោលដៅ នឹង​ផលិត​រថយន្ដម៉ាក Subaru ម៉ូដែល Foresters ឲ្យបាន​ជាង ៦ ពាន់គ្រឿង​សម្រាប់​ប្រតិបត្តិការ​នៅឆ្នាំ​ដំបូង​របស់ខ្លួន។

រោងចក្រ​ផលិត​រថយន្ដ Subaru នៅប្រទេសថៃនេះ គឺជាការ​វិនិយោគរួមគ្នា រវាង​ក្រុមហ៊ុន Subaru Corporation និងក្រុមហ៊ុន​ចុះ​បញ្ជីនៅ​ហុងកុង Tan Chong International ដែល​ក្រុមហ៊ុននេះ កាន់កាប់​ភាគហ៊ុន ៧៤,៩%។

ក្នុងការវិនិយោគ​ដំបូង​រោងចក្រ​នេះ ត្រូវបាន​ចំណាយទុន​ប្រមាណ ១៥៦,៣ លាន​ដុល្លារ​អាមេរិក និងគ្រោង​ផលិត​រថយន្ដ ឲ្យបាន​១​ម៉ឺនគ្រឿង​ចាប់ពីឆ្នាំ​២០២០ តទៅ។

បើតាម​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ របស់ក្រុមហ៊ុន​ Subaru បាន​បញ្ជាក់ដែរថា នៅពេលដែល​រោងចក្រនេះ បើកដំណើរ​ការ​ពេញលេញរូបរាង នោះវា​នឹងមានសមត្ថភាព​ផលិត​រថយន្ដទាំង៤ ម៉ូដែល របស់​ក្រុមហ៊ុន Subaru បាន​រហូតដល់ ១០ម៉ឺន គ្រឿង​ឯណោះក្នុងមួយឆ្នាំ។ 

ត្រូវបាន​ស្រង់សម្ដី ដោយសារព័ត៌មាន​បរទេស លោក Glenn Tan អនុប្រធាន និងជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Tan Chong International បានបញ្ជាក់ថា យុទ្ធសាស្ត្រ​រយៈពេលវែងនេះ នឹង​ផ្ដល់ឲ្យក្រុមហ៊ុន អាច​គ្រប់គ្រង​ខ្សែច្រវាក់​ផ្គត់ផ្គង់​បាន​កាន់តែប្រសើរ ពង្រីកវិសាលភាព​ផលិតផលកាន់តែធំ និងការផ្គត់ផ្គង់​ក្នុងតំបន់​ប្រសើរឡើង ដោយកាត់បន្ថយ​ការពឹងផ្អែក​តែការផ្គត់ផ្គង់​មកពីជប៉ុន​តែមួយ។

លោក Tan បាន​ពន្យល់ទៀតថា សេដ្ឋកិច្ច​នៅប្រទេស​តំបន់អាស៊ី​អាគ្នេយ៍​កំពុង​មានកំណើន​ឆ្ពោះទៅមុខ ដែលនេះ​ជា​ឱកាស សម្រាប់​ក្រុមហ៊ុន​លោក ចូលមក​ដើម្បី​ក្ដោបក្ដាប់​កំណើន​ទីផ្សារ​អតិថិជន​ថ្នាក់​កណ្ដាល ស្របពេលដែល​ប្រជាជន​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍ កំពុង​មាននិន្នាការ​ប្តូរពីការ​ប្រើប្រាស់​ម៉ូតូ មកប្រើប្រាស់ឡាន​កាន់តែច្រើនឡើង។ 

នាយក​ក្រុមហ៊ុនផលិត​រថយន្ដ​ Subaru នៅថៃ រូបនេះ បានបញ្ជាក់ទៀតថា អ្នកទិញរថយន្ដ នៅតំបន់អាស៊ីអាគ្នេយ៍ គឺនិយម​ចូលចិត្តទិញ​រថយន្ដ​ប្រភេទ SUVs ដែលវា​ជា​ចំណែកទីផ្សារ​ដ៏ល្អមួយ​សម្រាប់​រថយន្ដ Subaru ម៉ូដែល Forester ទោះបីជា ចំណែកទីផ្សារ​របស់​ Subaru សម្រាប់​ការលក់​រថយន្ដ ប្រភេទ SUVs នៅអាស៊ី​អាគ្នេយ៍​នេះ មានតែ​៣,៥%ក៏ដោយ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាកើនដល់ ៧,៥% ឆ្នាំមុន ដោយសារកំណើននាំចេញទៅអាមេរិក

ព័ត៌មាន
ដោយសារមានការនាំចេញផលិតផលសំលៀកបំពាក់ និងស្បែកជើង កើនឡើងខ្លាំងទៅអាមេរិក ធនាគារពិភពលោកបាននិយាយនៅថ្ងៃពុធនេះថា សេដ្ឋកិច្ចកម្ពុជាទទួលបា…

ចិន នឹងបន្ដទិញអង្ករពីកម្ពុជា ៤០ម៉ឺនតោន ដល់ចុងឆ្នាំ ២០២០

ព័ត៌មាន
តំណាងរដ្ឋាភិបាលកម្ពុជា និងចិន នាពេលថ្មីៗនេះ បានឯកភាពគ្នាបន្ដកិច្ចព្រមព្រៀង លើពាណិជ្ជកម្មនាំចូលអង្ករពីកម្ពុជា ៤០ ម៉ឺនតោន ទៅកាន់ប្រទេសចិន ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ