អាកាសចរណ៍ជាតិថៃ

ទីបំផុត Thai Airways អស់ឋានៈជាសហគ្រាសរដ្ឋហើយ បន្ទាប់ពីលក់ហ៊ុនចេញ ៣,១៧%


រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Saksayam Chidchob បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលត្រូវបានហ៊ុមព័ទដោយបំណុលជុំជិតនោះ នាពេលនេះ លែងមានឋានៈជាសហគ្រាសរដ្ឋតទៅទៀតហើយ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុថៃ ដែលជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុននេះ បានសម្រេចលក់ភាគហ៊ុន ៣,១៧% របស់ខ្លួនចេញពីក្រុមហ៊ុននេះ ទៅឲ្យ Vayupak 1 Fund កាលពីថ្ងៃសុក្រ។ នេះបើតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្ដិ៍។
ទីបំផុត Thai Airways អស់ឋានៈជាសហគ្រារដ្ឋហើយ បន្ទាប់ពីលក់ហ៊ុនចេញ ៣,១៧% (រូបភាព៖https://ecommerceiq.asia)
ដោយ

លោក Saksayam បាន​និយាយ​នៅថ្ងៃអាទិត្យនេះថា ក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​ជូនដំណឹង​មកកាន់​ក្រសួង​ដឹកជញ្ជូន​អំពី​ការលក់ភាគហ៊ុននេះ ដែលបានបើក​​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ចូល​ទៅកាន់​ដំណើរការ​​ស្ដារនីតិសម្បទា​អាជីវកម្ម​ឡើងវិញ ក្រោម​ការគ្រប់គ្រង​ដោយ​ក្រសួង​ហិរញ្ញវត្ថុ ដែលនៅតែ​ជាម្ចាស់​ភាគហ៊ុន​ធំដដែល។

យ៉ាងណា​ក៏ដោយចុះ លោក Saksayam បាន​និយាយទៀតថា ក្រសួង​ដឹកជញ្ជូន​ បាន​ទទូច​សុំថា ប្រសិនបើ​ក្រសួង​ហិរញ្ញវត្ថុ​ចង់​ក្លាយជា​អ្នក​រៀបចំ​ផែនការ​ស្ដារ​នីតិសម្បទា​ក្រុមហ៊ុននេះ វាត្រូវការ​ស្នើ​ទៅកាន់​គណៈរដ្ឋមន្ត្រី​ដើម្បី​ផ្លាស់ប្តូរ​ដំណោះស្រាយ​​ដែលបាន​ដាក់ចេញ​កាលពីថ្ងៃទី​១៩ ខែឧសភា ដែលបាន​ចាត់​ឲ្យ​ក្រសួង​ដឹកជញ្ជូន​មានតួនាទី​រៀបចំផែនការ​ស្ដារនេះ។

តម្លៃភាគហ៊ុន ដែលក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​លក់​ចេញ ៣,១៧%នោះ គឺមានចំនួនភាគហ៊ុន​សរុប ៦៩លាន​ភាគហ៊ុន ខណៈ​តម្លៃមាន​ ៤.០៣ បាត ក្នុងមួយភាគហ៊ុន បើគិតជាតម្លៃ​សរុប គឺមាន​ប្រមាណ ២៧៨ លាន​បាត​ (ជាង ៨,៧លានដុល្លារអាមេរិក​)។ នេះបើតាម​ការអះអាង​របស់ប្រភព​ដែលបាន​ប្រាប់​​កាសែត​បាងកកប៉ុស្ដិ៍។

បន្ទាប់ពីបាន​លក់​ភាគហ៊ុន​រួច បានធ្វើ​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុថៃ នៅមានសិទ្ធិកាន់កាប់​​ភាគហ៊ុន​របស់​ក្រុមហ៊ុន Thai Airways តែ​ ៤៨% ប៉ុណ្ណោះ ដូច្នេះ មានន័យថា រដ្ឋថៃ មិនមែន​ជា​ម្ចាស់ភាគហ៊ុន​ធំ​របស់ក្រុមហ៊ុន​អាកាសចរណ៍​នេះ តទៅទៀតនោះទេ។

ប្រភព​បានបន្ថែមថា កាលពីមុន​ក្រសួង​ហិរញ្ញវត្ថុ និយាយថា ក្រុមហ៊ុន​អាកាសចរណ៍នេះ នឹង​ដាក់ពាក្យសុំ​របស់ខ្លួន​ទៅកាន់​តុលាកា​រ​ក្ស័យធនកណ្ដាល សម្រាប់​ការស្ដារ​នីតិសម្បទា ក្រោម​ច្បាប់​ស្ដីពី​ការក្ស័យធន ជាមួយគ្នានេះ ក្រុមហ៊ុន​បាន​ស្នើសុំ​ខ្លួនឯង​ជាអ្នករៀបចំ​ផែនការ​ស្ដារឡើងវិញ។​ ​

បន្ថែមពីនេះ ប្រសិនបើរាជ​រដ្ឋាភិបាលថៃ ​ចង់​ឲ្យអ្នកតំណាង​របស់ខ្លួន​​ ធ្វើជា​អ្នក​រៀបចំ​ផែនការ នោះពួកគេ​ត្រូវ​មានកៅអី​អង្គុយ​នៅក្នុង​​ក្រុមប្រឹក្សាភិបាល​ជាមុនសិន។ តាមច្បាប់ស្ដីពីការក្ស័យធន មានតែ​សមាជិក​ក្រុមប្រឹក្សាភិបាល​ទេ ដែលអាច​ត្រូវបាន​តែងតាំង​ជា​អ្នកគ្រប់គ្រង​ផែនការ​ ដោយ​កូនបំណុល។ ទោះយ៉ាងណា ម្ចាស់​បំណុល​ អាចជំទាស់​នឹងសំណើរ​របស់កូនបំណុលបាន។

ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ជំពាក់​បំណុល​មិនទាន់សង​សរុប ២០០ ពាន់លាន​បាត​ (ប្រមាណ ៦,៣ ពាន់លាន​ដុល្លារអាមេរិក) ដោយក្នុងនោះ មាន ៣០% ជាបំណុល​ជំពាក់​ក្នុងស្រុក។

សូមបញ្ជាក់ថា បើតាម​ប្រភពពី ក្រុមហ៊ុន​ផ្សារមូលបត្រ​ថៃ បានឲ្យដឹងថា គិត​ត្រឹមថ្ងៃទី ០១ ខែ​មេសា ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways មាន​ម្ចាស់ភាគហ៊ុន​ធំៗចំនួន ៥ រួមមាន៖

១, ក្រសួង​ហិរញ្ញវត្ថុថៃ មាន​កាន់កាប់ភាគហ៊ុន​សរុប ១.១១៣.៩៣១.០៦១ ភាគហ៊ុន ឬស្មើនឹង ៥១.០៣% (កាលពីមិនទាន់លក់)

២, Vayupak Fund 1 ក្រោម​ការគ្រប់គ្រង​ដោយ MFC Asset Management Plc មានកាន់កាប់​ភាគហ៊ុន ១៦៥.០៣៧.៥៨២ ភាគហ៊ុន ឬស្មើនឹង​ ៧,៥៦%

៣, Vayukpak Fund 1 ក្រោមការគ្រប់គ្រង​ដោយ Krungthai Asset Management Plc មានកាន់កាប់​ភាគហ៊ុន ១៦៥.០៣៧.៥៨២ ភាគហ៊ុន ឬស្មើនឹង​ ៧,៥៦%

៤, Thai NVDR Co Ltd, កាន់កាប់ភាគហ៊ុន ៧១.៦៤៥.៥២៨ ភាគហ៊ុន ឬស្មើនឹង ៣,២៨%

៥, ធនាគាររដ្ឋ Government Savings Bank កាន់កាប់ភាគហ៊ុន ៤៦.៤០៩.៨៨៥ ភាគហ៊ុន ឬស្មើនឹង ២,១៣%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទូរគមនាគមន៍កម្ពុជា នឹងដាក់ឲ្យប្រើកម្មវិធីថ្មីមួយ​នៅខែមិថុនា ដើម្បីដោះស្រាយរឿងកាត់លុយទូរស័ព្ទដៃដោយគ្មានមូលហេតុ

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីជម្រាបដល់សាធារណជនថា និយ័តករទូរគមនាគមន៍កម្ពុជាកំពុងសហការជាមួយប្រតិបត្ត…

បន្ទាប់ពីបានរស់នៅកម្ពុជា និងជួយយុវជនកម្ពុជាជាង ២ទសវត្សរ៍ បព្វជិត​ម្នាក់ប្រាប់ពីបំណងប្រាថ្នាតែមួយគឺ «ចង់បានសញ្ជាតិខ្មែរ»

ព័ត៌មាន
លោក Albeiro Rodas ដែលមានឈ្មោះខ្មែរហៅថា លី សំណាង បានចូលមករស់នៅក្នុងទឹកដីកម្ពុជាជាង ២០ឆ្នាំមកហើយ។ ក្នុងជីវិតជាបព្វជិតក្នុងសាសនាកាតូលិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ