រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃថា គ្មានបញ្ហាចោទចំពោះលទ្ធភាពសងបំណុលរបស់រដ្ឋនោះឡើយ ទោះបីបំណុលកើនឡើងក្ដី


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានអះអាងថា រាជរដ្ឋាភិបាលថៃ មិនមានបញ្ហានោះទេ ក្នុងការសងបំណុលសាធារណៈ បើទោះបីជា រាជរដ្ឋាភិបាលខ្ចីថែមទៀត នាពេលខាងមុខក៏ដោយ។ ការពោលឡើងដូច្នេះ គឺបន្ទាប់ពី ក្រសួងហិរញ្ញវត្ថុថៃ ស្នើសុំរាជរដ្ឋាភិបាលថៃ តម្លើងពិដានបំណុលធៀបនឹង GDP ពី ៦០% ទៅ ៧០% វិញ ដើម្បីបង្កើនទំហំនៃការអនុញ្ញាតខ្ចីប្រាក់ យកមកសង្គ្រោះសេដ្ឋកិច្ចជាតិដែលកំពុងដុនដាបខ្លាំងដោយសារតែមេរោគរាតត្បាតកូវីដ-១៩។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។
រូបតំណាង៖ លុយបាត របស់ប្រទេសថៃ
ដោយ

លោក អា​ឃុម (Arkhom Termpittayapaisith) រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​បញ្ជាក់​ថា ការ​សម្រេច​របស់ គណៈ​កម្ម​ធិ​ការ​គោលនយោបាយ​រូបិយ​វត្ថុ ការ​តម្លើង​ពិ​ដាន​បំណុល​នេះ នឹង​អនុញ្ញាត​ឲ្យ ថៃ អាច​ខ្ចីប្រាក់​បំណុល​ដល់​ជាង ៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត ដើម្បី​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច ដែល​ញាំញី​ដោយ​វិបត្តិ​មេរោគ​រាតត្បាត​នេះ​។

គណៈកម្មាធិការ​នេះ គឺ​បង្កើត​ឡើង​ដោយ​មាន​តំណាង​មក​ពី ក្រសួង​ហិរញ្ញវត្ថុ ធនាគារកណ្តាល​ថៃ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម និង​ការិយាល័យ​ថវិកាជាតិ​។

លោក អា​ឃុម បន្ត​ថា ទោះ​យ៉ាងណា រាជរដ្ឋាភិបាល​ថៃ នឹង​ពិចារណា​ទៅ​លើ ការ​ខ្ចីប្រាក់ ក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ ហើយ​ការ​តម្លើង​ពិ​ដាន​បំណុល​នេះ ពុំ​មែនមាន​ន័យ​ថា រដ្ឋ មាន​បំណង​ខ្ចីប្រាក់​ឲ្យ​គ្រប់​ទៅ​តាម​បរិមាណ​កំណត់​នោះ​ទេ​។

លើស​ពី​នេះ ក្រសួង​ហិរញ្ញវត្ថុ​ថៃ អះអាង​ថា រាជរដ្ឋាភិបាល​ថៃ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​សងបំណុល ដោយ​អត្រា​បំណុល​សាធារណៈ​របស់​រដ្ឋ ធៀប​នឹង​ប្រាក់​ចំណូល​ប្រចាំឆ្នាំ គឺ​ប្រមាណ ៣២% ទាប​ជាង​ពិ​ដាន​កំណត់​ដែល​មាន​ដល់​ទៅ ៣៥%​។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​ពន្យល់​ទៀត​ថា ច្បាប់​គ្រប់គ្រង​រូបិយ​វត្ថុ និង​សារពើពន្ធ បាន​កំណត់​ឲ្យ ការិយាល័យ​ថវិកាជាតិ​ថៃ បែងចែក ២,៥% ទៅ ៤% នៃ​ចំណាយ​ប្រចាំឆ្នាំ ដើម្បី​សង​ប្រាក់​បំណុល​ជា​ប្រាក់​ដើម ដូច្នេះ​ហើយ សម្រាប់​ឆ្នាំ​សារពើពន្ធ ២០២២ ការិយាល័យ​ថវិកាជាតិ​ថៃ បាន​កំណត់​ទឹកប្រាក់ ៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​សងបំណុល​ជា​ប្រាក់​ដើម និង ៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត សម្រាប់​សង​អត្រា​ការ​ប្រាក់​បំណុល​ទាំងនោះ​។

យ៉ាងណា​ក៏​ដោយ រាជរដ្ឋាភិបាល​ថៃ អាច​នឹង​ចំណាយ​ទឹកប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ឆ្នាំ ២០២១​នេះ ដែល​ដក​ចេញពី ប្រាក់​កម្ចី​សង្គ្រោះ​បន្ទាន់​លើក​ទី​២ ទំហំ ១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ទឹកប្រាក់​ជាង ១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ ២០២២​។

កាលពី​ឆ្នាំ ២០២០​កន្លង​ទៅ រាជរដ្ឋាភិបាល​ថៃ បាន​ដាក់​ចេញ​នូវ​ច្បាប់​អនុញ្ញាត​ប្រាក់​កម្ចី​សង្គ្រោះ​បន្ទាន់ ជា​លើក​ដំបូង ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ចាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង វិបត្តិ​មេរោគ​កូ​វី​ដ​១៩ ហើយ​ចូល​មក​ដល់​ឆ្នាំ ២០២១​នេះ រាជរដ្ឋាភិបាល​ថៃ ក៏​បាន​អនុម័ត​ជា​លើក​ទី ២ ក្នុង​ការ​ខ្ចីប្រាក់​បន្ថែម ១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​។

ដូច្នេះ ប្រាក់​កម្ចី​សង្គ្រោះ​បន្ទាន់​លើក​ទី ១ អាច​នឹង​ធ្វើ​ឲ្យ អត្រា​ទំហំ​បំណុល​សាធារណៈ​ធៀប​នឹង GDP កើនឡើង​ដល់ ៥៩% ក្នុង​ខែកញ្ញា​នេះ ហើយ​បើសិនជា រដ្ឋ​ថៃ ខ្ចីប្រាក់​បន្ថែម​នៅ​ក្នុង ប្រាក់​កម្ចី​សង្គ្រោះ​បន្ទាន់​លើក​ទី​២ វា​នឹង​ជំរុញ​ឲ្យ បំណុល​សាធារណៈ កើនឡើង​លើស ៦០% នៃ​ទំហំ GDP ក្នុង​ឆ្នាំ ២០២២​។

ទោះជា​បែប​នេះ​ក្ដី ធនាគារកណ្តាល​ថៃ ក៏​បាន​បង្ហាញ​ភាព​ជឿជាក់​ដែរ​ថា វា​ចាំបាច់​ណាស់​ក្នុង​ការ តម្លើង​អត្រា​ពិ​ដាន​បំណុល​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប ដើម្បី​បង្កើត​ចន្លោះ​ទំនេរ សម្រាប់​រាជរដ្ឋាភិបាល​ថៃ អាច​គ្រប់គ្រង​ស្ថានការណ៍​កូ​វី​ដ​១៩ និង​ពង្រឹង​សេដ្ឋកិច្ច​ឡើង​វិញ​៕

 អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចព្រមព្រៀង CP TPP កំពុងក្លាយជាសង្វៀនដណ្តើមឥទ្ធិពលនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម?

ព័ត៌មាន
កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា CP TPP កំពុងក្លាយជាសង្វៀនប្រជែងឥទ្ធិពលគ្នាកាន់តែខ្លាំង …

អាមេរិកសន្យាបរិច្ចាគវ៉ាក់សាំងកូវីដ-១៩បន្ថែម ៥០០ លានដូសទៀតដល់ពិភពលោក

ព័ត៌មាន
នៅក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកបានសន្យាថា នឹងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០០ លានបន្ថែមទៀត ដើម្បីបរិច្ចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ