បាតុកម្មនៅប្រទេសថៃ

បាតុកម្មទាមទារឲ្យលោកប្រយុទ្ធ ចាន់អូចាចុះចេញពីតំណែង ចាប់ផ្ដើមកម្រើកឡើងវិញទៀតហើយ!


ក្រោយពីបានស្ងប់ស្ងាតរលកបាតុកម្មអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ កំពុងប្រឈមមុខនឹងរលកបោកបក់បាតុកម្មជាថ្មីម្តងទៀតហើយ ក្រោយប្រទេសថៃក្រោមការគ្រប់គ្រងរបស់បុរសខ្លាំងរូបនេះ បានទទួលរងផលប៉ះពាល់យ៉ាងដំណំពីរលកឆ្លងកូវីដ-១៩ផ្ទួនៗ ដែលបានធ្វើឲ្យរង្គោះរង្គើជាដល់សេដ្ឋកិច្ចជាតិ និង ជីវភាពរស់នៅរបស់ប្រជាជនយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកប្រាយុទ្ធអះអាងថា ផលប៉ះពាល់នៃមេរោគកូវីដ-១៩ អាចនឹងបន្តដល់រយៈពេល៩ខែទៀត (រូបភាព៖AFP PHOTO / ROYAL THAI GOVERNMENT)
ដោយ

គ្រាន់តែនៅថ្ងៃព្រហស្បតិ៍មួយថ្ងៃប៉ុណ្ណោះ មានពលរដ្ឋថៃបីក្រុមផ្សេងៗគ្នាបានប្រមូលផ្តុំគ្នាហែក្បួន ទាមទារឲ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង ដែលលោកដណ្តើមបានកាលពីឆ្នាំ២០១៤ តាមរយៈការធ្វើរដ្ឋប្រហារ។

ប៉ុន្តែបើទោះបីជាមានការ បាតុកម្ម តវ៉ាឲ្យលោកប្រាយុទ្ធចុះចេញពីតំណែងក៏ដោយ  ក៏ខាងគណៈបក្សនយោបាយមួយចំនួន  ដែលមានកៅអីនៅរដ្ឋសភា នៅតែមានបំណងចង់កែច្បាប់  ឲ្យ លោកប្រាយុទ្ធបន្ដកាន់តំណែងដដែល។​

គេនៅចាំបានថា កាលពីប៉ុន្មានខែមុន គ្រាដែលថៃកំពុងផ្ទុះរីករាលដាលឆ្លងកូវីដ១៩ម្តងជាពីរដង លោកប្រាយុទ្ធ និង រដ្ឋមន្ត្រីសុខាភិបាលរបស់លោក ត្រូវបានបក្សប្រឆាំង និងសាធារណជនក្នុងប្រទេសថៃ ទាមទារឲ្យចេញពីដំណែងដូចគ្នាដែរ ដោយសារលោកបរាជ័យក្នុងការទប់ស្កាត់កូវីដ-១៩ និងធ្វើឲ្យសេដ្ឋកិច្ចប្រទេសមួយនេះ នៅជាប់ទ្រឹងពិបាកនឹងងើបរួច រួមផ្សំនឹងភាពយឺតយ៉ាវនៃការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ផងដែរ។

យ៉ាងណាក៏ដោយចុះ ភាគីរដ្ឋាភិបាលថៃតាមរយៈអ្នកនាំពាក្យរបស់ខ្លួន លោក អានុឆា បុរាផាចៃស្រ៊ី (Anucha Burapachaisri) បានធ្វើការឆ្លើយតបដោយសន្តិវិធីថា៖ រដ្ឋាភិបាលរីករាយស្តាប់ និង ទទួលយករាល់ការរិះគន់ពីគ្រប់ភាគីទាំងអស់ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅតែមានកាតព្វកិច្ចដើម្បីគ្រប់គ្រងប្រទេសក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ ហើយលោកប្រាយុទ្ធ ធ្វើអ្វីៗក៏ដើម្បីតែផលប្រយោជន៍សាធារណៈតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា បាតុកម្មទាមទារឲ្យលោកប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ ចុះចេញពីដំណែងចុងក្រោយបំផុតនៅប្រទេសថៃ បានកើតឡើងកាលពីថ្ងៃទី២០ខែមីនាកន្លងទៅ ដែលមានបាតុករជាច្រើនរយនាក់បានចូលរួម ភាគច្រើនសុទ្ធសឹងជាយុវជន ដោយពួកគេបានដើរមកប្រមូលផ្តុំគ្នាតវ៉ានៅតំបន់ក្បែរព្រះបរមរាជវាំងថៃ។ គ្រានោះមានបាតុករជាង ៣០នាក់ត្រូវបានចាប់ខ្លួន។

ស្របពេលដែលកម្លាំងក្រុមអ្នកតវ៉ាចាប់ផ្ដើមកម្រើកឡើងវិញនេះដែរ ប្រទេសថៃបច្ចុប្បន្ន ក៏កំពុងប្រឈមនឹងករណីឆ្លងកូវីដ-១៩កាន់តែច្រើនឡើង ហើយថ្មីៗនេះថៃ អាជ្ញាធរថៃក៏បានស្នើឲ្យមានការបិទខ្ទប់ជាថ្មីទៀតសម្រាប់រយៈពេល៧ថ្ងៃ នៅក្នុងទីក្រុងបាងកក។ ប៉ុន្ដែ សំណើនេះ កំពុងស្ថិតនៅក្នុងការពិចារណានៅឡើយ ដ្បិតថា វាអាចធ្វើឲ្យមានការប៉ះពាល់ទៅដល់អាជីវកម្មត្រូវបិទទ្វារផ្អាកដំណើរការ ហើយកម្មករធ្វើការងារ អាចនឹងត្រឡប់ទៅស្រុកកំណើតតាមខេត្តក្នុងចំនួនច្រើន ដែលអាចនឹងបង្កការឆ្លងជំងឺកូវីដ-១៩កាន់តែច្រើនថែមទៀត។

សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅក្នុងប្រទេសថៃនៅតែមានរាប់ពាន់នាក់ក្នុងមួយថ្ងៃ ដោយនៅថ្ងៃទី ២៤ ខែមិថុនា តួលេខបង្ហាញថាអ្នកឆ្លងថ្មីនៅប្រទេសថៃ មានជាង៤ពាន់នាក់ ស្លាប់៣១នាក់។ សរុបចំនួនអ្នកឆ្លងកូវីដ-១៩នៅថៃមកទល់ពេលនេះ កើនដល់ប្រមាណ២៣ម៉ឺននាក់ហើយ ក្នុងនោះ អ្នកស្លាប់សរុបមានជាង១ពាន់៧រយនាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលអាមេរិកផ្តល់ថវិកា ២០ពាន់លានដុល្លារ ជួយអាកាសយាន្តដ្ឋានដោះស្រាយវិបត្តិកូវីដ-១៩

ព័ត៌មាន
ទឹកប្រាក់បន្ថែមប្រមាណ៨ពាន់លានដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលអាមេរិកផ្ដល់ជូនអាកាយានដ្ឋាននានា ដែលនេះជាការផ្ដល់ជូនលើកទី៣ហើយ ខណៈដែលកាលព…

អាមេរិកប្រកាសដាក់ពន្ធលើសម្បកកង់រថយន្ដនាំចូលពីប្រទេសមួយចំនួន ក្រោយរកឃើញថា បានលក់បង្ខូចថ្លៃ

ព័ត៌មាន
គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (ITC) បានបញ្ជាក់ថា ក្រុមហ៊ុនផលិតសម្បកកង់រថយន្ដនៅក្នុងស្រុករបស់ខ្លួន កំពុងតែរងគ្រោះខ្លាំង ដោយសារតែកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ