ការហាមឃាត់ការទូទាត់តាមការ Bitcoin

ប្រទេសថៃបានសម្រេចហាមឃាត់ការទូទាត់តាមការ Bitcoin និងរូបិយប័ណ្ណគ្រីបតូផ្សេងទៀត ចាប់ពីខែមេសាតទៅ


ប្រទេសថៃបានចេញបម្រាមប្រឆាំងនឹងការទូទាត់ដោយប្រើប្រាស់រូបិយបណ្ណគ្រីបតូ និង ប្រាក់ឌីជីថលផ្សេងទៀត ដែលនឹងត្រូវចូលជាធរមាននៅខែមេសាខាងមុខនេះ ដើម្បីរក្សាស្ថិរភាពក្នុងទីផ្សារហិរញ្ញវត្ថុ។ ការសម្រេចចេញបម្រាមដូច្នេះ គឺបន្ទាប់ពីអាជ្ញាធរថៃសង្កេតឃើញថា ការប្រើប្រាស់រូបិយវត្ថុអេឡិចត្រូនិក ឬរូបិយវត្ថុគ្រីបតូ ដើម្បីទូទាត់នៅក្នុងប្រទេសថៃហាក់មាននិន្នាការកើនឡើង ខណៈដែលរូបិយវត្ថុប្រភេទនេះ គឺមានហានិភ័យខ្ពស់ ដោយសារតែវាមានការប្រែប្រួលតម្លៃលឿន និង ការលាងលុយកខ្វក់ជាដើម។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
ប្រទេសថៃបានសម្រេចហាមឃាត់ការទូទាត់តាមការ Bitcoin និងរូបិយប័ណ្ណគ្រីបតូផ្សេងទៀត ចាប់ពីខែមេសាតទៅ

ការ​សម្រេចចិត្ត​ដោយ​គណៈកម្មការ​មូល​ប​ត្រ​ថៃ​ក្នុង​ការ​ហាមប្រាម​កាក់ Bitcoin និង​រូបិយ​វត្ថុ​ឌី​ជី​ថ​ល​ដទៃ​ទៀត​សម្រាប់​ការ​ទូទាត់​នេះ នឹង​មិន​អនុញ្ញាត​អ្នក​ប្រើប្រាស់​ទិញ​ទំនិញ ឬ ប្រើ​សេវាកម្ម​ដោយ​ប្រើ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​ដូច​ជា​កាក់ Bitcoin ដើម្បី​ទូទាត់​នោះ​ឡើយ ខណៈ​ប្រតិបត្តិ​ករ​ទូទាត់​រូបិយប័ណ្ណ​គ្រីប​តូ​នឹង​ត្រូវ​បាន​ផ្តល់​រយៈពេល​អនុគ្រោះ​រហូត​ដល់​ចុង​ខែមេសា ដើម្បី​បញ្ឈប់​សេវាកម្ម​របស់​ខ្លួន​។ ក៏​ប៉ុន្តែ ការ​ជួញដូរ​រូបិយប័ណ្ណ​គ្រីប​តូ​សម្រាប់​គោលបំណង​វិនិយោគ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​និយ័ត​ករ និង​ច្បាប់​របស់​ថៃ​។

គួរ​កត់​សម្គាល់ថា រូបិយ​បណ្ណ​គ្រីប​តូ ហាក់​កំពុង​មាន​និន្នាការ​ប្រើប្រាស់​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ការ​ប្រើប្រាស់ គឺ កំពុង​រីក​រាលដាល​ក្នុង​ការ​ទូទាត់​ទូ​ទំនិញ និង ការ​ជួញដូ​ផ្សេង​ៗ ខណៈ​មាន​ហាង​ទំនិញ​ខ្លះ​បាន​ទទួលយក​ការ​ទូទាត់​តាម​រូបិយ​បណ្ណ​គ្រីប​តូ​ទាំងនេះ​។ 

ក្នុង​នោះ ក្រុមហ៊ុន The Mall Group ដែល​ជា​ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​របស់​ថៃ គឺ​បាន​ចាប់ផ្តើម​ដំឡើង​ឧបករណ៍​ទូទាត់​រូបិយ​បណ្ណ​គ្រីប​តូ​នៅ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​របស់​ខ្លួន​កាលពី​ខែធ្នូ​ឆ្នាំ​មុន ខណៈ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​យក្ស​របស់​ថៃ CP ក៏​បាន​ដាក់​លក់​ផ្ទះ ដោយ​អនុញ្ញាត​ឲ្យ​មានការ​ទូទាត់​តាម​រូបិយ​វត្ថុ​ឌី​ជី​ថ​ល​ដែរ​។

និន្នាការ​ប្រើប្រាស់​រូបិយ​វត្ថុ​គ្រីប​តូ​សម្រាប់​ការ​ទូទាត់​មាន​និន្នាការ​កើនឡើង​ខ្លាំង​បែប​នេះ​ហើយ ទើប​អាជ្ញាធរ​ថៃ​សម្រេច​ដាក់​ច្បាប់​ហាមប្រាម​ការ​ទូទាត់​តាម​រូបិយ​វត្ថុ​គ្រីប​តូ​នេះ​។

គណៈកម្មការ​មូល​ប​ត្រ​ថៃ បាន​អះអាង​ថា ការ​សម្រេចចិត្ត​គ្រប់គ្រង​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​គ្រីប​តូ បន្ទាប់​ពី​បាន​ពិភាក្សា​អំពី ហានិភ័យ និង​អត្ថប្រយោជន៍ ជាមួយ​ធនាគារកណ្តាល​ថៃ ដោយសារ​ហានិភ័យ​ដែល​បាន​មើលឃើញ​រួម​មានការ​ខាតបង់​ពី​ការ​ប្រែប្រួល​តម្លៃ ការ​លួច​តាម​អ៊ីនធឺណិត និង​ការ​លាងលុយកខ្វក់​។ 

គួរ​ជម្រាប​ថា នៅ​ក្នុង​ប្រទេស​ថៃ មនុស្ស​ប្រមាណ ៣១% ជា​ម្ចាស់​ទ្រព្យសកម្ម​រូបិយប័ណ្ណ​គ្រីប​តូ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ដោយ​ក្រុមហ៊ុន​ស៊ើបការណ៍​ទីផ្សារ​អា​ល្លឺ​ម៉​ង់ Statista ។ ភាគហ៊ុន​រូបិយប័ណ្ណ​គ្រីប​តូ​នៅ​ក្នុង​ប្រទេស​ថៃ គឺ ធំ​ជាងគេ​ទី​ពីរ​ក្នុង​ចំណោម ៥៦ ប្រទេស​បន្ទាប់ ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចក្រភពអង់គ្លេស ផ្ដល់មីស៊ីល៦ពាន់គ្រាប់ដល់អ៊ុយក្រែន ខណៈជប៉ុនផ្ដល់ជំនួយមនុស្សធម៌បន្ថែមដល់អ៊ុយក្រែន

ព័ត៌មាន
អស់ពេលមួយខែនៃសង្គ្រាមនៅអ៊ុយក្រែន រដ្ឋាភិបាលប្រទេសមួយនេះ ទទួលបានជំនួយជាច្រើនពីប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងជំនួយមនុស្សធម៌ និងជំនួយ…

សង្គ្រាមនៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ីស្លាប់មេទ័ពអស់ច្រើនបំផុតមិនធ្លាប់មានតាំងពីសម័យសង្គ្រាមលោកលើកទី២

ព័ត៌មាន
សង្គ្រាមនៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ីស្លាប់មេទ័ពអស់ច្រើនបំផុតមិនធ្លាប់មានតាំងពីសម័យសង្គ្រាមលោកលើកទី២!! មកដល់ពេលនេះ គឺមានមេបញ្ជាការយោធារុស្ស៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ